Thursday, May 16, 2013

Starbucks គ្រោង​ពង្រីក​ខ្លួន​ក្នុង​ប្រទេស​និយម​តែ

0 comments

ក្រុង​បាងកកៈ ក្រុមហ៊ុន​ប្រតិបត្តិ​ការ​ហាង​កាហ្វេ Starbucks Corp បាន​កំណត់​ចក្ខុវិស័យ​ខ្លួន​លើ​ការ​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ ដែល​និយម​ពិសា​តែ​មួយ​ចំនួន ដូច​ជា​ប្រទេស​ឥណ្ឌា និង​ចិន​ជា​ដើម ដែល​ក្នុង​ប្រទេស​ទាំង​នោះ​ការ​បរិភោគ​កាហ្វេ​នៅ​មាន​បរិមាណ​ទាប​តែ​មាន​ សក្ដានុពល​កំណើន​លក់​ខ្លាំង។
ក្រុមហ៊ុន Starbucks គ្រោង​នឹង​បង្កើន​ចំនួន​ហាង​លក់​កាហ្វេ Starbucks នៅ​ប្រទេស​ចិន​រហូត​ដល់​១ ៥០០​កន្លែង​នៅ​ត្រឹម​ឆ្នាំ​២០១៥ ដោយ​កើន​ឡើង​ពី​ចំនួន ៨៥០​កន្លែង​នៅ​ក្នុង​ទីក្រុង​ចំនួន ៧០ នា​ពេល​បច្ចុប្បន្ន​។ រហូត​មក​ដល់​ពេល​នេះ Starbucks បាន​ចូល​វិនិយោគ​ក្នុង​ប្រទេស​ចិន​អស់​រយៈ​ពេល​១៣​ឆ្នាំ។
ក្រុមហ៊ុន Starbucks ក៏​មាន​បំណង​បើក​សាខា​បន្ថែម​ទៀត​នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ ដែល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ​មាន​ហាង​លក់​កាហ្វេ​តែ​១២​កន្លែង​ប៉ុណ្ណោះ។
ក្រុមហ៊ុន​លក់​កាហ្វេ​អាមេរិក​មួយ​ក៏​គ្រោង​នឹង​បើក​សាខា​ដំបូង​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ដែរ។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​ដើម្បី​ប្រារព្ធ​រំឭក​ខួប​លើក​ទី១៥ ឆ្នាំ​នៃ​ការ​វិនិយោគ​នៅ​ទីនោះ អគ្គ​នាយក​ក្រុមហ៊ុន Starbucks លោក Howard Schultz បាន​ថ្លែង​ថា ខណៈ​ហាង​កាហ្វេ​Starbucks បាន​បន្ត​កំណើន​នៅ​អាស៊ី​អាគ្នេយ៍​នោះ ប្រទេស​ថៃ​នឹង​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Starbucks។
ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ពង្រីក​សាខា​ឲ្យ​បាន​ទ្វេ​ដង​នៅ​ក្នុង​ព្រះ​ រាជា​ណាចក្រ​ថៃ​ឲ្យ​ដល់​ចំនួន ៣២០​សាខា​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។
ហាង​កាហ្វេ​សហគមន៍​ទីបួន​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Starbucks ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ពី​ថ្ងៃ​ម្សិល​មិញ​ដែល​ហាង ​សហគមន៍​បី​ផ្សេង​ទៀត​មាន​នៅ​ក្នុង​ទីក្រុង Los Angeles ក្រុង​ញូវយ៉ក​និង​រដ្ឋ Texas។
ហាង​សហគមន៍​នៅ​អាស៊ី​ទី​មួយ​នេះ​មាន​ទីតាំង​នៅ​ជិត​ផ្សារ​សហគមន៍ Portico នៅ​ក្នុង​តំបន់​ផ្លូវ​ឡាង​សួន​ក្រុង​បាងកក​។ ហាង​កាហ្វេ Starbucks នឹង​បរិច្ចាគ​ប្រាក់​១០​បាត​ពី​គ្រប់​មុខ​ភេសជ្ជៈ​ដែល​លក់​នៅ​ទីនោះ​ដើម្បី​ ជួយ​ដល់​ការ​បង្ក​បង្កើន​ផល​របស់​ប្រជា​សហគមន៍​នៅ​ខេត្ត​ភាគ​ខាង​ជើង​របស់​ ប្រទេស​ថៃ​។
លោក Schultz បាន​ថ្លែង​ថា៖ «​ខ្ញុំ​ត្រូវ​និយាយ​ថា ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​អត្ថន័យ​របស់​ហាង​សហគមន៍​នេះ​។ វា​ពិត​ជា​ការ​ចែក​រំលែក​តម្លៃ​នៃ​អ្វី​ដែល​ហាង​កាហ្វេ Starbucks បាន​ធ្វើ​នៅ​ជុំវិញ​ពិភពលោក»។
ក្រមហ៊ុន Starbucks មាន​ហាង​កាហ្វេ​ចំនួន​១៩ ០០០​នៅ​ក្នុង​ប្រទេស​ចំនួន​៦២​ជុំវិញ​ពិភពលោក។
លោក Schultz បាន​មាន​ប្រសាសន៍​ថា៖ «​យើង​មិន​ដែល​សុបិន​ថា ហាង Starbucks នេះ​នឹង​ក្លាយ​ជា​ហាង​កាហ្វេ​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅ​ទូទាំង​ពិភពលោក​នោះ​ ទេ»។
អាជីវកម្ម​របស់​ក្រុមហ៊ុន Starbucks ទទួល​បាន​លទ្ធផល​នៅ​គ្រប់​ប្រទេស​ទាំង​អស់ សូម្បី​តែ​នៅ​ប្រទេស​ចិន​ដែល​ធ្លាប់​និយម​ពិសា​តែ​ក្ដី៕ PN​ ប្រភពពី Postkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន