Wednesday, May 29, 2013

ថត​រូប​​ដាក់​ Facebook ព្រោះ​ចង់ល្បី?

0 comments
នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​មិន​ថា ​ពួក​គេ​ទៅ​ដល់​ទីណា នៅ​ឯណា ពេល​ណា ឬ​​កំពុង​ធ្វើអ្វី​​ទេ​ តែងតែ​ឆ្លៀត​ឱកាស​ថតរូប​ដោយ​បញ្ចេញ​ស្ទើរ​គ្រប់​ស្តាយ​ទាំង​អស់ ​ដើម្បី​បាន​រូបថត​ដាក់​​តាម​បណ្ដាញ​សង្គម Facebook ​។ តើ​ពួកគេ​ថតរូប​ដើម្បី​អ្វី​? តើ​​សកម្មភាព​របស់​យុវវ័យ​ទាំង​នេះ ​កំពុង​តែចង់​ល្បី​មែន​ទេ​?

ខាង​ក្រោម​ជា​មតិ​របស់​យុវជន​៤​នាក់​ ដែល​ខ្លះ​ថា ជា​ការ​ពិត ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​លេង​ Facebook ​ ហើយ ​អ្នក​ខ្លះ​ទៀត​ថា វា​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ កែ​អផ្សុក​បែប​ថ្មី​តែ​ប៉ុណ្ណោះ​។
យុវជន ធី ដារ៉ូ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ពិត​ណាស់​ ព្រោះ​ទូរសព្ទ​ងាយ​ស្រួល ​ថត​ភ្លាម​ បង្ហោះ​បាន​ភ្លាម ហើយ​ពិសេស​យុវវ័យ​ដែល​មាន​រូប​សម្ផស្ស​ស្អាត​ៗ ឧស្សាហ៍​ថត​ទុក ព្រោះ​ចង់​បង្ហាញ​នូវ​អ្វី​ដែល​គេ​មាន​ ទៅ​កាន់​អ្នក​ដទៃ​។ ដារ៉ូ បាន​បន្ថែម​ថា “ឲ្យ​តែ​ជួបជុំ​គ្នា​ ពួក​គេ​លើក​ទូរសព្ទ​គ្រប់​ដៃ​មក​ថត​ ហើយ​ខំ​បញ្ចេញ​គ្រប់​កាយវិការ​​ ធ្វើ​យ៉ាង​ណា ឲ្យ​រូប​ចេញ​មក​កាលីប​” ។
យុវជន សាការី និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មាន​វិទ្យា នៅ​សាកលវិទ្យាល័យ​អាយអាយស៊ី​នៃ​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ស្រដៀង​​គ្នា​​នឹង​ដារ៉ូ​ដែរថា​ ​​​​អ្នក​ខ្លះ​យល់​ថា   ​មក​ពី​ពួកគេ​បង្ហោះ​រូប​ទាំង​នោះ​ តាម​ Facebook ​ទៅ​ ចេះ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ ដូចជា​ Like ឬ Comment សរសើរ​ ទើប​ចេះ​តែ​ថត ​រហូត​បែប​នេះ។
​សាការី​ បាន​​និយាយ​យ៉ាង​នេះ​ថា “មែន​បង ភាគ​ច្រើន​ ទៅ​ណា​ក៏​ខ្ញុំ​ឃើញ​ ពិសេស​ស្រី​ៗ​ថត​ទុក​រហូត​ បើ​តាម​ខ្ញុំ​ដឹង ​គឺ​ចង់​ល្បី​ ចង់​ឲ្យ​គេ​សរសើរ​ ទើប​ម្នាក់​​ៗ​​មាន​​អី​បន្តិច​​ក៏​ថត​ ហើយ​ដាក់​តាម​Facebook មិន​ចេះ​ឆ្អែត​​”។
កញ្ញា ស្រីល័ក្ខ និស្សិត​នៅ​សាកលវិទ្យាល័យ ធនធាន​មនុស្ស ដែល​ជា​អ្នក​ចូល​ចិត្ត​ ថតរូប​នោះ ​​បាន​ឲ្យ​ដឹង​ថា កញ្ញា​ចូល​​ចិត្ត​​ខ្លាំង​ណាស់​ ព្រោះ​សម័យ​អ៊ីនធឺណិត​ហើយ​ អ្នក​ដែល​អាច​ប្រើ​ទូរសព្ទ​ថតរូប​បាន​នោះ​ ក៏​មាន​ច្រើន ដូច្នេះ​អ្នក​ណា​ក៏​ចង់​បង្ហាញ​ពី​សម្រស់​របស់​ខ្លួន​ដែរ​។
​កញ្ញា​រូប​នេះ​បាន​បន្ថែម​ថា “ជាក់ស្ដែង​ខ្ញុំ​និង​មិត្តភ័ក្កិ​ ពេល​ទៅ​ណា​មក​ណា តែងតែ​ធ្វើ​ស្តាយ​ Cute Cute ប្លែក​ៗ ថត​ដាក់​តាម ​Facebook ដើម្បី​បង្កើត​មិត្តភាព​ ពិសេស​រូប​ដែល​​បាន​ប្រើ​កម្មវិធី​ កែសម្រួល​ហើយ​ ​សូម្បី​តែ​​ខ្ញូំ​ខ្លួន​ឯង​​ក៏​ស្រឡាញ់​ដែរ​ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​ថត​លេង​ជា​បន្ត​បន្ទាប់។ ខ្ញុំ​ជឿជាក់​ថា គ្រប់​មនុស្ស​ស្រី​តែងតែ​ចង់​បាន​ ឲ្យ​គេ​សរសើរ​ពី​​រូប​សម្រស់​របស់​ខ្លួន”។
កញ្ញា ឡុង ជីជី អាយុ​១៩​ឆ្នាំ​ ដែល​ជា​អ្នក​ប្រើប្រាស់ ​Facebook ហើយ​ឧស្សាហ៍​ថតរូប​​បង្ហោះ​​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា ការ​ថតរូប​ជា​ការ​កម្សាន្ត កែ​អផ្សុក​ និង​ទុក​ជា​អនុស្សាវរីយ​មិន​មែន​​ចង់​ល្បី ឬ​ចង់​បាន​ការ​សរសើរ​​ពី​អ្នក​ដទៃ ទើប​ថត​រូប​នោះ​ទេ។ ជីជី បាន​និយាយ​យ៉ាង​នេះ​ថា “ខ្ញុំ​ចូលចិត្ត​ថត​ ព្រោះ​ថតរូប​អាច​ជួយ​កែ​អផ្សុក​ អាច​មើល​ឃើញ​សម្រស់​ខ្លួន​ឯង​ ជំនួស​ការ​ឆ្លុះកញ្ចក់​ ប៉ុន្តែ​មិន​មាន​បំណង​ចង់​ល្បី​ ឬ​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​សរសើរ​នោះ​ទេ”។
ចុះ​អ្នក​វិញ ចូល​ចិត្ត​ថតរូប​ដើម្បី​អ្វី​ដែរ​?  http://news.sabay.com.kh/articles/425916


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន