Wednesday, May 22, 2013

លោក ស៊ូប៊ែឌី ជួប គ.ជ.ប លើក​ឡើងពី​​បញ្ហា​បោះឆ្នោតជាតិ នៅខែ​កក្កដា

0 comments
នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១​ឧសភា​នេះ លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ចាត់​ទុក​កិច្ចប្រជុំ​ជាង ២ ម៉ោង​នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​. បាន​ពន្យល់​ដល់​លោក ស៊ូ​ប៊ែ​ឌី អំពី​កង្វល់ ដែល​អ្នករាយការណ៍​ពិសេស បានឃើញ និង​បានឮ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ ដូចជា បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ជាដើម​។ ប៉ុន្តែ​លោក អ៊ឹម សួស្តី បាន​អះអាង​ថា អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ មិន​ត្រូវបាន​អ្នករាយការណ៍​ពិសេស​លើកឡើង​ទេ។​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. និង​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​ដាក់ជូន​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​របស់​បក្ស​ប្រឆាំង បាន​ស្នើ​ឲ្យមាន​ការកែទ​ម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​

បន្ទាប់ពី​ កិច្ចប្រជុំ នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា លោក​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​កង្វល់ ដែល​គាត់​បាន​ឃើញ និង​គាត់​បាន​ឮ តាមរយៈ​ដែល​គេ​ប្រាប់​គាត់​។ គ​.​ជ​.​ប​. ក៏​បាន​បកស្រាយ​ទៅវិញ​ពី​កង្វល់​នោះ នូវ​អ្វី​ដែល​គ​.​ជ​.​ប​. អាច​ធ្វើបាន​តាម​ផ្លូវច្បាប់ និង​អ្វី​ដែល​លំបាក​តាម​ផ្លូវច្បាប់ ព្រមទាំង​ផ្លូវ​បច្ចេកទេស​។ កង្វល់​របស់​លោក​ស៊ូ​ប៊ែ​ឌី ជុំវិញ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ ត្រូវបាន​លោក អ៊ឹម សួស្តី លើក​ឡើងថា ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ការប្រើប្រាស់​មធ្យោបាយរ​ដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​ជា​បញ្ហា​ដដែលៗ។

លោក អ៊ឹម សួស្តី បានចាត់ទុក​កិច្ចប្រជុំ​រវាង​រូប​លោក និង​លោក ស៊ូ​ប៊ែ​ឌី នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​.​បាន​ពន្យល់​លោក ស៊ូ​ប៊ែ​ឌី អំពី​សភាពការណ៍​ស្រុក​ខ្មែរ និង​អំពី​ច្បាប់​ស្រុក​ខ្មែរ ព្រមទាំង​បទពិសោធន៍ ដែល​គ​.​ជ​.​ប​. ធ្លាប់​ធ្វើ​កន្លងមក​។ លោក​ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ទៀត​ថា នៅក្នុង​ជំនួប​នោះ គ​.​ជ​.​ប បើក​ចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប​.​នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូប​លោក នឹង​លោក ស៊ូ​ប៊ែ​ឌី គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ និង​កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែ​ឌី មិន​បាន​លើកឡើង​ពី​អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​ឡើយ​។ ចំណែក​អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែ​ឌី បាន​ប្រាប់​អ្នកកាសែត​នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ​ថា លោក និង​ប្រធាន​គ​.​ជ​.​ប​. បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់​លោក ដែល​បាន​ដាក់ឲ្យ គ​.​ជ​.​ប នា​ពេលកន្លងមក ជុំវិញ​កំណែទម្រង់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី ដែល​មក​បំពេញបេសកកម្ម នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក៏​បាន​អះអាង​ថា លោក​នៅតែ​បារម្ភ​ពី​នីតិវិធី​រៀបចំ​ការបោះឆ្នោត នាពេលខាងមុខ រួម​ទាំង​ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ដូច​អ្វី​ដែល​សង្គម​ស៊ីវិល និង​បក្សប្រឆាំង បានលើកឡើង ជាដើម​៕ ប្រភព៖ RFI

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន