Thursday, May 30, 2013

កម្ពុជា​នៅ​ខ្វះ​ធនធាន​ខាង​ជំនាញ​វិស្វកម្ម

0 comments
ភ្នំពេញៈ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស ឬ​វិស្វកម្ម ដោយ​សារ​តែ​យុវជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ជំនាញ​នេះ។
លោក អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ដំណើរ​ការ​សិក្សា​លម្អិត​មុខ​ វិជ្ជា​សិក្សា​ទេសចរណ៍​ក្នុង​កម្មវិធី​ថ្នាក់​វិទ្យាល័យ​ទី១១ និង​ទី១២ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «​នៅ​ពេល​នេះ​យើង​មើល​ឃើញ​ថា យុវជន​ភាគ​ច្រើន​សិក្សា​មុខ​វិជ្ជា​ពាណិជ្ជកម្ម ការងារ​ការិយាល័យ និង​ការ​ទំនាក់​ទំនង ប៉ុន្តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​និង​កម្រ​មាន​ការ​ជ្រើសរើស​យក​មុខ​ វិជ្ជា​វិស្វកម្ម និង​ការងារ​បច្ចេកទេស»។
លោក​បន្ត​ថា និស្សិត​សាកល​វិទ្យាល័យ​ភាគ​ច្រើន​ផ្ដោត​លើ​ឧស្សាហកម្ម​គ្មាន​ផ្សែង​គ្មាន​ ការ​បំពុល​ដោយ​សារ​ពួក​គេ​ចូល​ចិត្ត​ផ្នែក​ទំនាក់​ទំនង​ដូចជា​ការ​សរសេរ និង​ការ​និយាយ​ច្រើន​ជាង​។ លោក​ថ្លែង​ថា៖ «​ប៉ុន្តែ​មុខ​វិជ្ជា​ដែល​បម្រើ​ឲ្យ​រោងចក្រ​និង​សហគ្រាស​គេ​មិន​ទៅ​សិក្សា​ ទេ​។ ដូច្នេះ​សព្វ​ថ្ងៃ​យើង​ចាប់​ផ្ដើម​គិត​ពី​បញ្ហា​នេះ»។
លោក តិច សំណាង ទី​ប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​អគ្គ​លេខាធិការ​របស់​គណៈ​កម្មាធិការ​វាយ​តម្លៃ​គុណភាព​អប់រំ​ កម្ពុជា​បាន​យល់​ស្រប​ជាមួយ​លោក អ៊ឹម សិទ្ធី។ លោក​ថ្លែង​ថា និស្សិត​ភាគ​ច្រើន​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​មិន​បាន​ផ្អែក​លើ​គោល​បំណង​ របស់​ពួក​គេ​។ លោក​បាន​បន្ត​ថា៖ ពួក​គេ​មើល​ឃើញ​លុយ​ភ្លាមៗ ហើយ​ពួក​គេ​នាំ​គ្នា​ខ្វែង​ជើង​គ្នា​ទៅ​សិក្សា​មុខ​វិជ្ជា​នោះ។ នៅ​ពេល​ពួកគេ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​ក្រុមហ៊ុន​មួយ​ត្រូវ​ការ​បុគ្គលិក​ ១០​នាក់​ប៉ុន្តែ​អ្នក​ដាក់​ពាក្យ​សុំ​អាច​មាន​ដល់​ពាន់​នាក់​។ តើ​ពួក​គេ​អាច​ជាប់​ដោយ​របៀប​ណា​?»។
លោក លើក​ឡើង​ថា កម្ពុជា​ត្រូវ​ការ​ជំនាញ​វិស្វកម្ម​ច្រើន​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម ខណៈ​យុវជន​កម្ពុជា​ភាគ​ច្រើន​បាន​គិត​ថា ការ​សិក្សា​ខាង​កសិកម្ម​ពួក​គេ​អាច​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​តាម​កសិដ្ឋាន ​វិញ​ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា ពួក​គេ​អាច​ប្រើ​បច្ចេកទេស​ថ្មីៗ​ដើម្បី​ផលិត​ឲ្យ​បាន​ផល​កាន់​តែ​ច្រើន​នោះ ​ទេ។
សម្រាប់​ឆ្នាំ​សិក្សា ២០១១-២០១២​ប្រទេស​កម្ពុជា មាន​សិស្ស​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​សរុប​ប្រមាណ​១១៤ ១១៤​នាក់ ក្នុង​នោះ​មាន​ជាង​៩​ម៉ឺន​នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ។
យោង​តាម​ស្ថិតិ និង សូចនាករ​អប់រំ ២០១១-២០១២ ប្រទេស​កម្ពុជា​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ​និង​ វិទ្យាល័យ​ចំនួន ៥៥៤ ៨២៨​នាក់។
លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បង្រៀន​មុខ​វិជ្ជា​ទាំងអស់​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជកម្ម និយាយ​ថា បច្ចុប្បន្ន​នេះ​មាន​និស្សិត​ប្រមាណ ៨០០០​នាក់​កំពុង​សិក្សា​មុខ​វិជ្ជា​ធុរកិច្ច ជា​ពិសេស ជំនាញ​គណនេយ្យ​។ លោក​បន្ត​ថា ពាណិជ្ជកម្ម​អាច​បំបែក​ទៅ​ជំនាញ​ជា​ច្រើន​ទៀត​រួម​មាន គ្រប់​គ្រង ទីផ្សារ គណនេយ្យ និង ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​និស្សិត​ទទួល​បាន​ការងារ​ក្នុង​អំឡុង​ពេល​សិក្សា ហើយ​សិក្សា​ខ្លះ​រួម​គ្នា​បង្កើន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ដូច​ជា​បើក​ហាង​ជា ​ដើម​។ លោក​បន្ថែម​ថា៖ «កម្ពុជា​ខ្វះ​ធនធាន​មនុស្ស​ក្នុង​ជំនាញ​ជាន់​ខ្ពស់​ដែល​ទើប​តែ​មាន​នៅ​ កម្ពុជា​ដូច​ជា​ជំនាញ​វិភាគ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន ព្រោះ​វា​ទើប​តែ​មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២​ប៉ុណ្ណោះ»។
លោក អ៊ឹម សិទ្ធី បាន​លើក​ឡើង​ថា មន្ត្រី​អប់រំ​ជា​ច្រើន​កំពុង​សិក្សា​ពី​បទ​ពិសោធ​ពី​ទី​កន្លែង​ផ្សេងៗ​ ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ទូទៅ និង​ការងារ​បច្ចេកទេស​ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ក្រសួង​ហើយ ​បង្កើន​ការ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​សិក្សា​ជំនាញ​បច្ចេកទេស​។ លោក​បន្ត​ថា៖ «តំបន់​មួយ​ចំនួន​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្កើត​ឲ្យ​មាន​មុខ​វិជ្ជា ​នេះ​ហើយ​កន្លែង​ខ្លះ​ដែល​ចាំ​បាច់​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ត្រូវ​តែ​មាន ​សាលា​បណ្ដុះ​បណ្ដាល​បច្ចេកទេស​»៕PB ប្រភពពី http://www.postkhmer.com/index.php/business/business/98525-2013-05-29-04-28-26

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន