ភ្នំពេញ: ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គ.ជ.ប. លោក អ៊ឹម សួស្តី បានជួបពិភាក្សាការងារជាមួយលោក សុរិយា
ប្រាសាទ ស៊ូប៊ែរឌី
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ប្រចាំកម្ពុជា នៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី២១ ខែឧសភា
ឆ្នាំ២០១៣។
លោក អ៊ឹម សួស្តី បានមានប្រសាសន៍
ប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា នៅក្នុងជំនួបនោះ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
បានលើកឡើងអំពីកង្វល់អ្វីដែលគាត់បានឃើញ
និងអ្វីដែលគេបានប្រាប់គាត់។
លោកក៏បានបកស្រាយទៅវិញអំពីកង្វល់
ថា អ្វីដែល គ.ជ.ប ធ្វើបានតាមផ្លូវច្បាប់
និងអ្វីដែលវាលំបាកខាងផ្លូវច្បាប់ និងអ្វីដែលលំបាកខាងបច្ចេកទេស
គ.ជ.ប ប្រាប់ទាំងអស់ជុំវិញបញ្ហានេះ។
លោកបានបញ្ជាក់ថា
ក្តីកង្វល់ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកឡើងគឺ
អំពីបញ្ជីបោះឆ្នោត ការប្រើមធ្យោបាយរដ្ឋ
និងជុំវិញការជ្រើសរើសមន្ត្រី...
ហើយការលើកឡើងនេះគឺជាការលើកឡើងដដែលៗ។ ការជួបនេះ ក៏ជាឱកាសល្អដែរ
ដែលគជប បានពន្យល់ដល់អ្នករាយការណ៍ពិសេស
ឲ្យយល់ពីសភាពការណ៍នៅស្រុកខ្មែរ អំពីច្បាប់នៅស្រុកខ្មែរ ដែល
គ.ជ.ប បានធ្វើកន្លងមក។
លោកប្រធាន គ.ជ.ប
បានលើកឡើងទៀតថា នៅក្នុងជំនួបនេះ គ.ជ.ប បើកចំហថា អ្នកណាដែលចង់ដឹង
គ.ជ.ប នឹងប្រាប់។ ការជួបគ្នា រវាងរូបលោក នឹងលោក សុរិយា
ស៊ូប៊ែរឌី នេះគឺជាឱកាសមួយ ដែល គ.ជ.ប ចង់ប្រាប់ដល់គាត់ថា
អ្វីដែល គ.ជ.ប បានធ្វើ កំពុងធ្វើ ហើយការលំបាក ដែល គ.ជ.ប
បានជួបប្រទះ។
ចំណែកលោក សុរិយា ស៊ូប៊ែរឌី
បានថ្លែងប្រាប់អ្នកកាសែត ឲ្យដឹងដែរថា នៅក្នុងជំនួបរវាងរូបលោក
ជាមួយនឹងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គឺបានពិភាក្សាអំពីអនុសាសន៍របស់លោក ដែលបានដាក់ឲ្យ គ.ជ.ប
នាពេលកន្លងមក។ គ.ជ.ប បានផ្តល់ការឆ្លើយតបមកឲ្យលោកវិញ
ទាក់ទងអនុសាសន៍របស់លោក។
សូមជម្រាបថា លោក សុរិយា ស៊ូប៊ែរឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ.ស.ប
ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា
មកធ្វើបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាបេសកកម្មលើកទី៩ នៅថ្ងៃទី១៩
ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣។
បេសកកម្មនេះ
នឹងផ្ដោតលើការតាមដានអនុសាសន៍ ដែលលោក ស៊ូប៊ែរឌី បានលើកឡើង
នៅក្នុងរបាយការណ៍របស់លោក កាលពីលើកមុន
ព្រមទាំងកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលសង្គមស៊ីវិល
និងអ្នកពាក់ព័ន្ធផ្សេងទៀត
ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
កិច្ចប្រជុំរវាងលោក អ៊ឹម សួស្តី និងលោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែរឌី
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ
ក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង
រួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើបាតុកម្ម
ដាក់ញត្តិ ទៅកាន់សហភាពអឺរ៉ុប និងលោក ស៊ូរិយា ស៊ូប៊ែរឌី
កាលពីព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០១៣។ ញត្តិនោះ
ស្នើឲ្យមានការកែទម្រង់គ.ជ.ប.
និងកែសំរួលបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាដើម៕ ប្រភព៖ CEN
Wednesday, May 22, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment