Thursday, May 2, 2013

សកម្មជន ​២៨៦​ នាក់ ​ត្រូវ​គេ​គំរាម

0 comments
ភ្នំពេញៈ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​សម្តែង​ ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​នៅ​តែ​បន្ត​កើត​មាន ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​និង​អ្នក​ការពារ​សិទ្ធិ​ មនុស្ស ដែល​មាន​ចំនួន ២៣៨ នាក់ នៅ​ក្នុង​ឆ្នាំ ២០១២ និង​នៅ​ក្នុង​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន ៤៨ នាក់​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​និង​ប្តឹង​ចោទ​ប្រកាន់​។
សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា បណ្តឹង​ដែល​បាន​ប្តឹង​សកម្មជន​ការពារ​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដោយ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន ក្រុមហ៊ុន​មាន​អំណាច​ដែល​រំលោភ​ទៅ​លើ​ច្បាប់​ជាតិ​និង​អន្តរជាតិ។ អង្គការ​អាដហុក បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​កាល​ពី​ម្សិល​មិញ​ថា ៖ «ភាព​គ្រោះថា្នក់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​ដោយ​សារ​ការ​ចូល​រួម​ ចំណែក ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ដែល​ទទួល​រង​នូវ​ការ​បំពាន​ពី ​អ្នក​មាន​អំណាច​និង​ក្រុមហ៊ុន​ទៅ​លើ​អ្នក​ទន់​ខ្សោយ​ដោយ​មិន​បាន​អនុវត្ត​ ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់​»។

លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​ថា​នៅ​ដើម​ឆ្នាំ​២០១៣​ នេះ មាន​ការ​កើន​ឡើង​នូវ​ការ​គំរាម​កំហែង សម្លុត​ប្តឹង​ប្តល់​ទៅ​លើ​តំណាង​សហគមន៍​ជន​រងគ្រោះ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ពេល​ចុះ​ជួយ​ផ្តល់​ប្រឹក្សា​ដល់​ពលរដ្ឋ។ អាជ្ញាធរ​តែង​តែ​ចោទ​សកម្មជន​សិទ្ធិ​មនុស្ស​ថា បាន «ញុះ​ញង់» ដល់​ពលរដ្ឋ​ឲ្យ​ធ្វើ​ការ​តវ៉ា​។

លោក​និយាយ​ថា៖«​អាជ្ញាធរ​ចង់​ឲ្យ​ ពលរដ្ឋ​ទទួល​យក​អ្វី​ដែល​គេ​ដោះស្រាយ​។ ចំពោះ​អ្នក​ណា​ដែល​មិន​យល់​ស្រប​ទៅ​នឹង​អ្វី​ដែល​អាជ្ញាធរ​បាន​សម្រេច​គេ​ថា ​ជា​អ្នក​ញុះ​ញង់​»។ លោក​ធន សារាយ បាន​ពន្យល់​ថា​៖ «ការ​ពិត​ច្បាប់​ព្រហ្មទណ្ឌ​របស់​យើង​ចែង​ថា បើ​ញុះ​ញង់ លុះ​ណា​តែ​អ្នក​នោះ​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើ​ហិង្សា​បំផ្លិច​បំផ្លាញ​ទ្រព្យ​ សមូហភាព​ឬ​ឯកជន ប៉ះពាល់​ដល់​សន្តិសុខ​បុគ្គល​ឬ​សហគមន៍ ទើប​ជា​ការ​ញុះ​ញង់​។ តែ​ពេល​យើង​ពន្យល់​ផ្នែក​ច្បាប់​ឲ្យ​គាត់​ចេះ​តវ៉ា​ធ្វើ​បាតុកម្ម​ដោយ​ អហិង្សា​បែ​រជា​ថា​ញុះ​ញង់​ទៅ​វិញ​»។

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា លោក​មិន​ធ្វើ​ការ​វិនិច្ឆ័យ​ខុស ឬ​ត្រូវ​ទៅ​លើ​អ្វី​ដែល​អង្គការ​អាដហុក បាន​លើក​ឡើង​នោះ​ឡើយ​។ លោក​ស៊ី​ផាន​បន្ត​ថា​៖«ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​និង​ខាង​អង្គការ​ សង្គម​ស៊ីវិល​ត្រូវ​ប្រើ​ប្រាស់​បណ្តាញ​ផ្លូវ​ច្បាប់​ស្វែង​រក​យុត្តិធម៌។ ខ្ញុំ​យល់​ថា អាដហុក ឬ​សង្គម​ស៊ីវិល រាប់​ទាំង​មន្ត្រី​រាជការ​និង​ពលរដ្ឋ​ស្ថិត​ក្រោម​ច្បាប់​»។ លោក​គូស​បញ្ជាក់​ទៀត​ថា មិន​មែន​បាន​សេចក្តី​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​បុគ្គល​ក្នុង​រដ្ឋាភិបាល​មិន​អាច​ប៉ះ​ពាល់​បាន​នោះ​ទេ​។ លោក​ផៃ ស៊ីផាន​ថ្លែង​ទៀត​ថា៖ «ការ​ដោះស្រាយ​វិវាទ គឺ​នៅ​ក្រោម​ច្បាប់។ ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ​»។

ក្នុង ​សន្និសីទ​កាសែត​នៅ​សមាគម​អាដហុក​កាល​ពី​ម្សិល​មិញ មាន​ការ​ចូល​រួម​ពី​តំណាង​សហគមន៍​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី សហគមន៍​ការពារ​ព្រៃឈើ និង​បរិស្ថាន​មក​ពី​ខេត្ត​ក្រចេះ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និង​រតនគិរី ប្រមាណ ២០ នាក់​។

អ្នក​ស្រី មុំ សុខគីន មក​ពី​ខេត្ត​ក្រចេះ បាន​លើក​ឡើង​នូវ​ករណី​ដែល​អ្នក​ស្រី និង​សកម្មជន​ម្នាក់​ទៀត បាន​រត់​គេច​ខ្លួន​មក​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​២​សប្តាហ៍ ដោយ​សារ​រង​ការ​គំរាម​កំហែង​ក្រោយ​ពី​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​បាន​ដុត​ បំផ្លាញ​ឈើ​ខុស​ច្បាប់​ជាង​៧ ម៉ែត្រ​គុប ដែល​ជា​របស់​អ្នក​មាន​អំណាច​នៅ​ខេត្ត​ក្រចេះ​ខណៈ​ដើរ​ល្បាត​ព្រៃ កាល​ពី​ថ្ងៃទី៤ ខែ​មេសា។ ស្ត្រី​រូប​នេះ បាន​ថ្លែង​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ឃុំ​ឃ្សឹម​ម្នាក់ បាន​សម្លុត​អ្នក​ស្រី និង​គំរាម​ថា​នឹង​ប្តឹង​អ្នក​ដឹក​នាំ​ពលរដ្ឋ​ដើរ​ល្បាត​ព្រៃ បើ​មិន​ព្រម​ប្រាប់​អ្នក​ដុត​ឈើ​ដែល​គេ​បាន​កាប់​ទេ​នោះ​។ អ្នក​ស្រី​និយាយ​ថា៖ «គេ​សួរ​ថា អ្នក​ណា​ឲ្យ​ដុត យើង​ឆ្លើយ​ថា យើង​ស្រុះ​ស្រួល​គ្នា​ដុត​ចោល ព្រោះ​អស់​លោក​ជា​សមត្ថកិច្ច​មិន​ព្រម​មក​រឹប​អូស​ឈើ​ទាំង​នេះ​យើង​ក៏​អស់​ ជម្រើស​មាន​តែ​ដុត​ចោល»។

លោក សន ស៊ីយ៉ាន សកម្មជន​ព្រៃឈើ​មក​ពី​ខេត្ត​ក្រចេះ​ម្នាក់​ទៀត និយាយ​ថា​លោក​ត្រូវ​បាន​នគរបាល​ជា​អធិការ​ស្រុក​ចិត្របុរី លោក យ៉ាន់ ហៀង គំរាម​ក្រោយ​ពី​ការ​ដុត​បំផ្លាញ​ឈើ​ដែល​គេ​កាប់​គរ​ទុក​នៅ​ក្នុង​ព្រៃ ព្រោះ​មន្ត្រី​រូប​នោះ រក​ស៊ី​ដឹក​ឈើ​ខាង​លើ​។ លោក​ស៊ីយ៉ាន​ថ្លែង​ថា៖«ខ្ញុំ​ខ្លាច​គេ​បាញ់​ក៏​រត់​មក​ភ្នំពេញ​សិន​មក​រក​ ប្រឹក្សា​ផ្លូវ​ច្បាប់​និង​រាយការណ៍​ដល់​អង្គការ​សិទ្ធិ​មនុស្ស​ក្រែង​យើង​ មាន​បញ្ហា​គេ​នឹង​ដឹង​ហើយ​ជួយ​ការពារ​យើង​តាម​ផ្លូវ​ច្បាប់»។

មិន​ អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក សន ស៊ីយ៉ាន​បាន​ទេ។ ប៉ុន្តែ​អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ចោទ​ថា ប្រជា​ពលរដ្ឋ​ទាំង​ពីរ​នាក់​នេះ មិន​មែន​មាន​ចិត្ត​ការពារ​ព្រៃឈើ​ពិត​ប្រាកដ​ឡើយ និង​ថា គ្មាន​មន្ត្រី​ណា​ម្នាក់​គំរាម​កំហែង​ឬ​សម្លុត​ពួក​គាត់​ឡើយ​។ លោក​និយាយ​ថា​៖ «គាត់​ដើរ​ធ្វើ​ការ​អនាធិបតេយ្យ​ដើរ​ទារ​លុយ​គេ​ពេល​បង្ក្រាប​ឈើ បើ​ទារ​លុយ​អត់​បាន​គាត់​ក៏​ចោទ​គេ»។

លោក គឹមនី ព្រមាន​ថា​៖ «ករណី​ដុត​ឈើ គាត់​មិន​មែន​ជំនាញ​មិន​មែន​នគរបាល​យុត្តិធម៌​ទេ។ គាត់​ធ្វើ​ខុស​ច្បាប់​ហើយ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្តី​សហគមន៍​ក្តី ធ្វើ​អ្វី​ត្រូវ​សហការ​គ្នា​តែ​សូម​កុំ​ជ្រុល​ពេក»។

អាដហុក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បន្ត​នូវ​កិច្ច​សហការ​ដើម្បី​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ព្រម​ទាំង ​បញ្ឈប់​នូវ​រាល់​ការ​គំរាម​កំហែង​បំភិត​បំភ័យ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​ការ​ពារ​ធនធាន​ធម្មជាតិ នៅ​តាម​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន