Friday, May 10, 2013
អ្នកចម្រៀង ឈិន សុធារី បំភ្លឺករណីជម្លោះចូលបន្ទប់ទឹក នៅស្ថានីយប្រេងសាំង
ភ្នំពេញ: កញ្ញា ឈិន សុធារី អ្នកចម្រៀង ដែលមានជម្លោះក្នុងរឿងចូលបន្ទប់ទឹក នៅស្ថានីយប្រេងសាំង កាល់តិច នៅស្តុបពេទ្យចិន កាលយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ បានបំភ្លឺថា កញ្ញាមិនបានហៅបក្ខពួក ឲ្យមកយកកាំភ្លើង ភ្ជង់គូជម្លោះ ដើម្បីឲ្យពួកគេ លុតជង្គង់ សុំទោសឡើយ។ កញ្ញា ឈិន សុធារី ក៏បានអះអាងថា ខ្លួន រួមជាមួយប្អូនប្រុស គឺជាជនរងគ្រោះ ក្នុងជម្លោះចូលបន្ទប់ទឹកនោះ។
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ កញ្ញា ឈិន សុធារី បានប្រាប់ CEN ថា ជម្លោះកាលពីយប់មិញ ( យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ) បង្កឡើងដោយប្តីប្រពន្ធពីរនាក់ ដែលស្រវឹងស្រា ក្នុងរឿងចូលបន្ទប់ទឹក នៅស្ថានីយប្រេងសាំង កាល់តិច នៅពេទ្យចិន។ ប្តីប្រពន្ធនោះ បានចូលបន្ទប់ទឹកយូរពេក ហើយប្អូនប្រុសកញ្ញាសុធារី បានទៅបើកទ្វារ ក៏ត្រូវប្តីប្រពន្ធនោះ រករឿង និងវាយលើប្អូនប្រុស និងនាងថែមទៀត។
កញ្ញា សុធារី ក៏បានបដិសេធថា ខ្លួនមិនបានទូរស័ព្ទហៅបក្ខពួក ឬប្រុសស្នេហ៍ ឲ្យមកអន្តរាគមន៍ និងដកកាំភ្លើង គំរាមលើប្តីប្រពន្ធនោះ ឲ្យលុតជង្គង់ សុំទោសឡើយ។ អ្នកជួយអន្តរាគមន៍នោះ គឺជាអ្នកដំណើរប៉ុណ្ណោះ។
កញ្ញា ឈិន សុធារី ក៏បានអះអាងថា ដោយសារតែខ្លួន និងក្រុមគ្រួសារ មិនចង់មានរឿងវែងឆ្ងាយ ទើបនាងសម្រេចចិត្ត មិនប្តឹងផ្តល់លើប្តីប្រពន្ធពីរនាក់ ដែលបានវាយនាងឲ្យរបួសដៃ និងប្អូនប្រុស ត្រូវរបួសមុខឡើយ។
សូមរម្លឹកថា ហេតុការណ៍ជម្លោះដណ្តើមគ្នា ចូលបន្ទប់ទឹក បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥ នាទី យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ នៅការ៉ាស់សាំងកាល់តិច ស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សាក្សីបានឲ្យដឹងថា ដំបូងឡើយ មានពីរនាក់ប្តីប្រពន្ធជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឌុបគ្នា ចូលចាក់សាំង នៅក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច។ បុរសនោះ ឈ្មោះ នី ឌីយ៉ាវុធ និងប្រពន្ធឈ្មោះ ឆាម សុផាន់ណារ័ត្ន បានចូលបន្ទប់ទឹក បត់ជើងតូច ខណៈនោះ ក៏បានទាស់សម្តីគ្នាបន្តិចបន្តួច ជាមួយស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ឈិន សុធារី។
ភាគីពីរនាក់ប្តីប្រពន្ធ បានចោទទៅខាងតារាចម្រៀងនោះថា បានទូរស័ព្ទហៅគ្នា មកជួយអន្តរាគមន៍ និងបានដកកាំភ្លើងភ្ជង់ពួកគេ ឲ្យលុតជង្គង់សុំទោសទៀតផង។
ប្តីប្រពន្ធនោះ បន្តថា ក្រោយពីដកកាំភ្លើងគំរាមហើយ បុរសម្នាក់នោះ បានឡើងជិះរថយន្តរត់គេចខ្លួនបាត់។
ភ្លាមៗនោះ ប៉ូលិសប៉ុស្តិ៍ បាននាំប្តីប្រពន្ធ និងអ្នកចម្រៀងកញ្ញា ឈិន សុធារី ទៅសម្របសម្រួល ហើយត្រូវរ៉ូវគ្នា ដោយមិនមានធ្វើកំណត់ហេតុ ឬប្តឹងផ្តល់អ្វី វែងឆ្ងាយទេ៕ Cen.com.kh
Subscribe to:
Post Comments (Atom)
No comments:
Post a Comment