Rotha Company
 
Showing posts with label គំនិត. Show all posts
Showing posts with label គំនិត. Show all posts

Friday, March 8, 2013

មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

0 comments

chicken-and-eggs

សំណួរ​នេះ​មើល​ទៅគឺពិត​ជា​សំណួរ​មួយ​ដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាក​នឹង​ផ្តល់​ចម្លើយមួយ​ឲ្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ​ណាស់។ ប្រសិនបើយើង​យក​សំណួរ​នេះ​ទៅ​សួរ​ ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួនគិត​ថា យើង​មិន​គ្រប់​ទឹក​ផង​ក៏​មិនដឹង។ ប៉ុន្តែ សំណួរ​ “មាន់ និងស៊ុត​មាន់​មួយណាកើត​មុន” គឺជា​សំណួរ​មួយ​ ដែលអ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាមធ្វើការ​​ឆ្លើយ​ជាយូរណាស់​មកហើយ។ ដូចនេះ គេហទំព័រ​«គំនិត»​សូម​លើកយក​ប្រធាន​បទ​នេះ​មក​ចែក​រំលែក​មិត្ត​អ្នកអាន អំពី​ការ​រក​ឃើញចុង​ក្រោយ​បំផុត​ពីបញ្ហា​នេះ​របស់​អ្នកវិទ្យាសាស្ត្រ។
សំណួរ​ទាក់​ទង​នឹង​មាន់ និង​ស៊ុត​មាន់ គឺមាន​លើក​ឡើង​តាំង​ពី​ជំនាន់​មុនគ្រឹស្គ​សករាជ​មក​ម្ល៉េះ​ដោយ​ អ្នកទស្សនវិទូ​ដ៏ល្បីល្បាញ​ម្នាក់​ឈ្មោះ​អារីស្តូតដែលគាត់​បាន​លើកឡើង​ថា “វាគួរតែមាន​បក្សី​មួយ​ដែល​ផ្តល់​កំណើត​ដល់ស៊ុត​សម្រាប់​បក្សីណា​ដែល​ មានកំណើត​ចេញពី​ស៊ុត”។ មិនត្រឹមតែ​ទស្សនវិទូ​អារីស្តូត​នោះទេ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ធ្វើការ​ឆ្លើយ​សំណួរ​នេះ តួរយ៉ាង​​អ្នក​រូប​វិទូ​ដ៏ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ន​​បណ្ឌិត ’Stephen William Hawking ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយនូវ​សំណួរ​ខាង​លើ​ផងដែរ។ លោក​បាន​លើក​ឡើង​ថាស៊ុត​មាន់​គឺមាន​កំណើត​មុន។ ចំណែក​ឯ​ទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរ​ថា ស៊ុតត្រូវ​តែមាន​កំណើត​មុន តែ​ទ្រឹស្តី​ក៏បាន​បញ្ចាក់ថា​ ស៊ុត​នោះគឺជា​ស៊ុត​ទូទៅ​មិនមែន​ជា​ស៊ុត​ដែល​ភ្ញាស់​ចេញ​ជា​មាន់​នោះ​ទេ។ សម្រាប់​ទ្រឹស្តី​ដែលចេញ​ពីសាសនា​វិញ​ដូចជា​សាសនា​ព្រះពុទ្ធ និង​សាសនា​ហិណ្ឌូ​ដែលជឿលើ​ការ​ចាប់​ជាតិ​ជាថ្មីនោះ បានកំណត់ថា មាន់ និង​ស៊ុត​មាន់គ្មាន​មួយណា​ដែល​កើត​មុន​នោះទេ។
ទ្រឹស្តី​នៃការវិវដ្តន៍​បានបញ្ចាក់ថា ភាវរស់​គឺមាន​បម្លាស់ប្តូរ​តាម​រយៈពេលវេលាដោយ​ដំណើរ​លាស់​ថ្មី និងការ​បន្ត​ពូជ។ ដោយសារ​តែ​DNA​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​តែ​នៅ​មុន​នឹង​ការ​ចាប់កំណើត ដំណើរ​លាស់ថ្មីនៃ​ភាវរស់​ត្រូវបាន​បង្កើតឡើង​ដោយ​ភាវរស់មួយប្រភេទ​ដែល​ ស្រដៀង​នឹង​សត្វមាន់ ប៉ុន្តែ​មិនមែន​សត្វមាន់នោះទេ ដែលជាអ្នក​បង្កើត​ស៊ុត​មាន់។ ស៊ុតមាន់ទាំងនេះ​ហើយ​ដែល​ជា​អ្នក​បង្កើត​សត្វ​មាន់​ដែលមាន​វត្តមាន​មក​ ទល់នឹង​សព្វ​ថ្ងៃ​នេះ​ដោយ​ឆ្លង​តាម​ការ​វិវដ្ដន៍ជាច្រើន​ដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាម​ការ​បន្ត​ពូជ និង​ការវិវដ្តន៍ជា​​បន្តបន្ទាប់​ធ្វើ​ឲ្យ​យើង​ទទួលបាន​ស៊ុត​ដែល​ក្នុង​នោះ​ មាន​ផ្ទុក​អំប្រ៊ីយ៉ូ (ទារក​)នៃ​សត្វ​មាន់​ដំបូង​បង្អស់។ ដូច្នេះ ស៊ុតមាន់​ត្រូវ​តែ​មាន​កំណើត​មុន​សត្វមាន់។
ផ្ទុយ​ទៅវិញ នៅឆ្នាំ​២០១០អ្នកវិទ្យាសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ដែលបាន​អះអាង​ពីភាព​ ជោគជ័យ​នៃ​ការ​​បំបែក​ប្រស្នា​ស្តី​ពី មាន់​និង​ស៊ុតមាន់​នោះបាន​បញ្ចាក់ថា សត្វ​មាន់​មានកំណើត​មុន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យាល័យ​ Sheffield និងWarwick​។
អ្នកវិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរខាងលើ​បាន​រកឃើញ​ថា ប្រូតេអ៊ីនដែល​រកឃើញ​នៅក្នុង​អូវ៉ែរ​របស់សត្វមាន់គឺមាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​កកើតឡើង​នៃ​ស៊ុតមាន់ ហេតុនេះ​ហើយ​អ្នកវិទ្យាសាស្ត្រ​ខាង​លើបាន​អះអាង​ថា ស៊ុតមាន់​មាន​វត្តមាន​លុះត្រាណាតែមាន​វត្តមាន​សត្វមាន់​ជាមុនសិន។
ប្រូតេអ៊ីន​នោះគឺជា​ភ្នាក់ងារ​បង្កើន​ល្បឿន​ការវិវដ្តន៍​របស់សំបកស៊ុត​​ ដែលជា​ភ្នាក់​ងារ​ដ៏មានសារៈសំខាន់​សម្រាប់​ការពារពង​ក្រហម និង​អង្គធាតុ​រាវ​ដែល​នៅខាងក្នុង​ស៊ុត​ខណៈពេលដែល​កូន​មាន់កំពុង​តែ​មាន​ការ​ វិវដ្តន៍​នៅក្នុង​សំបក។
ឆ្លងតាមការ​លើក​ឡើង​របស់​អ្នកវិទ្យាសាស្ត្រ​នានា យើង​ពិបាក​នឹង​ធ្វើការ​សន្មត​ឲ្យ​បាន​ត្រឹមត្រូវ​១០០%ណាស់ថា​តើ​សត្វ​មាន់ ឬក៏ស៊ុតមាន់​មានកំណើត​មុន។ ប៉ុន្តែ ការលើក​ឡើង​របស់​ទ្រឹស្តី​នៃការ​វិវដ្តន៍​ហាក់​ដូចជា​មាន​ភាព​សមហេតុផល​ ច្រើនជាង។ចុះ​ចំណែក​អ្នកវិញ អ្នក​យល់​យ៉ាងណា?
http://kumnit.com
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/
Read more...

Thursday, January 17, 2013

មីមួយចានពីអ្នកដ៏ទៃ!

0 comments


តើឪពុកម្តាយ​របស់អ្នក​ ​មាន​ដែល​ស្តី​បន្ទោស​អ្នកដែរ​ឬទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេលគាត់​ស្តី​បន្ទោស​ដូច្នេះ? សារជាតិ​ធម្មជាតិ​របស់លោកទាំងពីរ​គឺតែងតែ​ស្រឡាញ់ បារម្ភ និង​ចង់​ឲ្យ​កូន​ៗ​របស់គាត់ល្អជានិច្ច។ ថ្ងៃ​នេះ​គេហទំព័រ​«គំនិត»​សូម​ចែករំលែក​រឿង​មួយ​ គឺ”មីមួយចានពីអ្នកដ៏ទៃ”។ តើ​រឿងនេះ​មាន​អត្ថន័យ​យ៉ាងណាដែរ? សូម​អញ្ចើញ​ទៅ​តាមដាន​ទាំងអស់​គ្នា!
មាន​យប់​មួយ នីកា​បាន​ឈ្លោះប្រកែក​ជាមួយ​នឹង​ម្តាយ​របស់នាង។ ដោយសារ​តែ​ខឹង​នឹង​ម្តាយ​នាង​ខ្លាំ​ពេក​នាង​ក៏​រត់​ចេញពីផ្ទះហើយចេញ​ក្រៅទាំង​យប់។ នៅពេលកំពុង​ដើរ​នៅតាម​ផ្លូវ ទើប​នាង​ដឹង​ខ្លួន​ថា នាងមិនបាន​ជាប់​យក​លុយ​មកជាមួយ​សម្បី​តែ​មួយរៀល។
រំពេច​នោះ នាង​ក៏បាន​ដើរកាត់​ហាង​មីមួយនៅ​តាម​ដង​ផ្លូវ។ ដោយសារ​តែ​ក្លិន​ដ៏ឆ្ងុយ​ដែល​ភាយ​ចេញ​ពី​ហាង​មីនោះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ឃ្លាន​ជា​ខ្លាំង។ នាង​ចង់​ចូលទៅ​ញ៉ាំ​ខ្លាំង​ណាស់ ប៉ុន្តែ​ជា​អកុសល​នាង​មិនមាន​លុយ​ជាប់​នឹង​ខ្លួន​នាង​ឡើយ។
ថៅកែហាង​មី​នោះ បាន​ឃើញ​សភាព​ស្ទាក់​ស្ទើរ​របស់​នាង​ ក៏បាន​បន្លឺ​សួរ​ទៅកាន់​នាង​ថា៖
-ក្មួយស្រី! តើ​ក្មួយ​ចង់​ញ៉ាំ​មី​មែនទេ?
- ប៉ុន្តែ…ខ្ញុំ​មិនបាន​ជាប់​លុយ​មកជាមួយ​នោះទេ​ពូ! នាង​ឆ្លើយ​ទាំង​មាន​ការ​ខ្មាសអៀន។
- មិនអីទេ! ពូ​មិន​យក​លុយ​ក្មួយ​ទេ! ​ចូល​មកក្នុង​មក ពូ​នឹង​ទៅចម្អិន​មី​ឲ្យ​ក្មួយ​ញ៉ាំ។
ប៉ុន្មាន​នាទី​ក្រោយ​មក​ថៅកែហាង​ក៏​យក​មីមួយចាន​ដែល​ទើប​នឹង​ចម្អិន​ហើយ​មក​ឲ្យ​នាង។ ញ៉ាំ​បាន​ប៉ុន្មាន​ម៉ាត់​ នីកា​ក៏យំ។
-តើ​មាន​រឿង​អ្វី​ហ្នឹង? ហេតុ​អ្វី​ទើប​ក្មួយ​យំ? ថៅកែហាង​បា​ន​ចោទសួរ
- គ្មាន​រឿង​អី​ទេ​ពូ។ ខ្ញុំ​គ្រាន់​តែ​រំជួល​ចិត្ត​នូវ​ទង្វើ​ដ៏ល្អ​របស់​ពូ​តែប៉ុណ្ណោះ។ នីកា​និយាយ​ទាំង​អួល​ដើមក៏ ព្រមជាមួយ​នឹង​កាយវិការ​ជូត​ទឹកភ្នែក។
- សូម្បី​តែមនុស្ស​ដែលមិនដែលស្គាល់​គ្នា​ផង​បាន​ឲ្យ​មី​ខ្ញុំ​មួយ​ចាន។ ប៉ុន្តែ​ម្តាយ​ខ្ញុំ​វិញ គ្រាន់​តែ​ទាស់​សម្តី​នឹង​គាត់​បន្តិច​បន្តួច គាត់​បាន​បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ។ គាត់ពិតជា​អាក្រក់​ណាស់!!!
ថៅកែហាង​ដក​ដង្ហើមធំហើយ​និយាយ​ថា៖
-ក្មួយស្រី ហេតុអ្វី​បាន​ជាក្មួយ​គិត​ដូច្នេះ? ក្មួយ​សាកគិត​ម្តង​ទៀត​ទៅ​មើល! ពូ​គ្រាន់​តែ​ឲ្យ​មីក្មួយ​មួយចានប៉ុណ្ណោះ ធ្វើ​ឲ្យ​ក្មួយ​មាន​អារម្មណ៍បែបនេះ។ ម្តាយ​របស់ក្មួយ​វិញ​បាន​ចិញ្ចឹម​បីបាច់​ក្មួយ​តាំង​តែ​ពី​ក្មួយ​នៅ​ជា​ទារិកា ហេតុអ្វីបាន​ជាក្មួយ​មិនដឹង​គុណ​ម្តាយ ហើយ​មិនស្តាប់​សម្តី​គាត់​អញ្ចឹង?
នីកា​មាន​អារម្មណ៍ភ្ញាក់ខ្លួន​បន្ទាប់​ពីបាន​ឮ​សម្តី​របស់​ម្ចាស់​ហាង​មី។
“ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​គិត​ដល់​រឿង​ហ្នឹង​ដូច្នេះ? មីមួយចាន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជំពាក់​គុណ។ រីឯម្តាយ​របស់ខ្ញុំ​វិញ​គាត់​ខិតខំបីបាច់​ចិញ្ចឹមខ្ញុំតាំងពីតូច ខ្ញុំ​មិនមាន​អារម្មណ៍បែបនេះសូម្បី​តែបន្តិច!”
នៅតាម​ផ្លូវ​ទៅផ្ទះ​វិញ នីកាបាន​សញ្ចឹង​គិត​ថា​តើ​គួរ​និយាយ​អ្វី​នៅពេល​ដែលនាង​ទៅដល់​ផ្ទះ​វិញ៖ “ម៉ាក់! ឲ្យ​កូន​សុំទោស។ កូនដឹងខុសហើយ លើកលែង​ទោស​ឲ្យ​កូន​ម្តងទៅ…”
នៅពេលដែល​នីកា​ឈាន​ចូល​ទៅក្នុង​ផ្ទះ នាង​បាន​ឃើញ​ម្តាយ​របស់នាង​កំពុង​តែមាន​សភាពភ័យ​ព្រួយ និងបារម្ភ​ពីនាងជាខ្លាំង។ គាត់មើល​ទៅ​ហាក់​អស់កម្លាំង​ជា​ខ្លាំង​ដោយសារ​តែ​ខិត​ខំ​ដើររកនីកា។ នៅពេលដែលគាត់​បាន​ឃើញ​នីកា​មកវិញ គាត់បាននិយាយ​ដោយសម្តី​ស្រទន់ថា “នីកា ចូលមកកូន​សម្លាញ់។ កូន​ប្រាកដ​ជា​ឃ្លាន​ខ្លាំង​ហើយ​មែនទេ? ម៉ាក់​បាន​រៀបចំបាយ​ទឹកឲ្យ​កូន​រួចហើយ តោះទៅញ៉ាំទៅកូន ទាន់នៅក្តៅៗ…!”
នីកា​ទប់អារម្មណ៍​មិនបាន នាង​ក៏​យំរួច​ក៏រត់ទៅឱប​ម្តាយ​របស់នាង។
នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ពេលខ្លះ​យើងមានការ​ដឹង​គុណ និង​រីករាយ​ចំពោះទង្វើ​បន្តិចបន្តួច​របស់​អ្នកនៅជុំវិញ​ខ្លួន​យើង។ ប៉ុន្តែ​សម្រាប់​សាច់ញាតិ ជាពិសេស​ឪពុកម្តាយ​របស់យើង​វិញ យើង​គិត​ថា​ការ​លះបង់​របស់​ពូកគាត់​គឺជា​កាតព្វកិច្ច​ដែល​ធម្មជាតិ​តម្រូវ​ឲ្យ​ធ្វើ……
ក្តីស្រឡាញ់​របស់​ឪពុកម្តាយ និង​ការ​ព្រួយ​បារម្ភ​របស់ពួកគាត់​ចំពោះ​កូនៗគឺជា​វត្ថុ​ដ៏មាន​តម្លៃ​ មិន​អាច​កាត់​ថ្លៃបាន​ដែល​យើងរាល់​គ្នាមាន​សំណាង​ទទួលបាន​តាំង​ពីយើងកើត​មក។
ឪពុក​ម្តាយ​របស់យើង​ទាំង​អស់​គ្នា មិនរំពឹង​ថា​យើង​នឹង​តប​ស្នង​នូវ​អ្វីៗដែលគាត់​បាន​ធ្វើ​ចំពោះយើងនោះទេ… ប៉ុន្តែ​តើ​យើង​មាន​ដែល​ឲ្យ​តម្លៃ និង​ដឹងគុណ​ចំពោះ​ការ​លះ​បង់ដោយ​ឥត​លក្ខខណ្ឌ​នេះដែរឬទេ? ប្រភពមកពី គំនិត
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន