Rotha Company
 
Showing posts with label Cambodia News. Show all posts
Showing posts with label Cambodia News. Show all posts

Tuesday, June 17, 2014

លោក​ស ខេង នាយករដ្ឋ​មន្ត្រី​ស្តីទី​ប្រគល់​សញ្ញាបត្រ​​ដល់​និស្សិត​វិទ្យា​ស្ថាន​ស៊ីតិក​

0 comments
រាជធានីភ្នំពេញ ៖ ​លោក​ ស​ ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី​ បានអញ្ជើញ​ជា​គណៈ​អធិបតី​ក្នុងពីធី​ប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ថ្នាក់​បរិញ្ញា​បត្រ និងបរិញ្ញា​បត្រជាន់ខ្ពស់​នៃវិទ្យាស្ថាន​សុីតិក​ចំនួន១.៥៧៤នាក់ កាលពីវេលា​ព្រឹកថ្ងៃទី​១៧ ​មិថុនា ​២០១៤ នេះ ​ដែលរៀបចំឡើង​នៅ​​សាល​ប្រជុំវិទ្យាស្ថាន​ជាតិអប់រំ ស្ថិត​ក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ។



នាយក​រដ្ឋមន្ត្រីស្តីទី​ថ្លែង​ក្នុងពិធីនោះថា​ ការ​បញ្ចប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​និងបរិញ្ញាបត្រជាន់ខ្ពស់​ប្រកបដោយ​ជោគជ័យ​របស់​និស្សិត​នៃ​វិទ្យាស្ថាន​សុីតិកនេះ សបញ្ជាក់ឱ្យ​ឃើញ​ថា វិទ្យា​ស្ថាន​សុីតិកសម្រេច​បានស្នាដៃ​ដ៏ធំធេង​ក្នុងការលើក​កម្ពស់គុណ​ភាព​បណ្តុះ​បណ្តាល និងអភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​ប្រទេ​សជាតិ ស្របតាមគោល​នយោបាយ​អប់រំ បណ្តុះបណ្តាល​របស់ក្រសួង​អប់រំ យុវជន និងកីឡា ដែល​រាជរដ្ឋាភិបាលជានិច្ចកាលតែង​តែ​​យកចិត្តទុក្ខដាក់ខ្ពស់​ដល់​ការកសាង​ជំនាន់យុវវ័យសម្រាប់​បន្តវេន ។
តាងនាម​រាជរដ្ឋាភិបាលកម្ពុជា​ តាងនាម​សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​ក្នុង​នាម​លោកផ្ទាល់ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ​ បុគ្គ​លិកវិទ្យាស្ថាន​សុីតិក ដែលបាន​ប្រឹង​ប្រែង​បំពេញ​ការងារ​តាមតួនាទី និងភារកិច្ចរៀងៗ​ខ្លួន ជាពិសេសសូមថ្លែងនូវក្តីសរ​សើរដោយស្មោះ​ចំពោះក្មួយៗ​និស្សិតជ័យ​លាភីទាំង​អស់​ដែលខិត​ខំរៀនសូត្រ និងគោរព​វិន័យរបស់វិទ្យាស្ថាន​រហូតទទួលបាននូវ​ចំណេះដឹងសមតា​មបំណង​ប្រាថ្នា ។
Read more...

Friday, June 6, 2014

សត្វ​ជ្រូក​ក្រហម​ និង​សត្វ​ទារស់​ត្រូវ​គេ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​រាល់​ថ្ងៃ​ មិន​រំខាន​សមត្ថ​កិច្ច​

0 comments
ខេត្ត​តាកែវ​ ៖​ ចាប់​តាំង​ពី​ខែ​ឧសភា ២០១៤ រហូត​ដល់​ថ្ងៃ​នេះ​សត្វ​ជ្រូក​​ក្រហម​របស់​វៀត​ណាម​ត្រូវ​បាន​អាជ្ញា​ធរ និង​ជំនាញ​ពាក់​ព័ន្ធ​​កំពុង​ឃុប​ឃិត​គ្នា​នាំ​ចូល​មក​រាប់​រយ​ក្បាល​ក្នុង​មួយ​ថ្ងៃៗ​ រួច​គេ​យក​លេស​ថា ជា​ជ្រូក​ក្រុម​ហ៊ុន​ ហើយ​សកម្ម​ភាព​ក្នុង​ការ​នាំ​សត្វ​ជ្រូក​ក្រហម​មក​ពី​ប្រទេស​វៀត​ណាម​នេះ​ត្រូវ​បាន​ឈ្មួញ​ដឹក​ចែក​ចាយ​ទៅ​កាប់​សាច់​នៅ​តាម​ទី​សត្វ​ឃាត​នានា​ក្នុង​ខេត្ត និង​មួយចំនួន​ទៀត​ដឹក​យក​ទៅ​កាប់​សាច់​នៅ​ភ្នំពេញ​។
មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​បាន​ឱ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​​កំពុង​តែ​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀត​ណាម​​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​នៅ​ក្នុង​លិខិត​អនុញ្ញាត​នោះ​ឱ្យ​នាំ​ចូល​សត្វជ្រូក​ក្រហម​ពី​ស្រុក​យួន​១​ថ្ងៃ​៥០​ក្បាល​សម្រាប់​ក្នុង​ខេត្ត​ និង​ដឹក​ទៅ​ភ្នំ​ពេញ​១០​ក្បាល​ តែតាម​ពិត​គេ​បាន​នាំ​ចូល​មក​រាប់​រយ​ក្បាល​ឯណោះ​ក្នុង​១​ថ្ងៃ​។
ទន្ទឹម​នឹង​ការ​នាំ​ជ្រូក​រស់​ជ្រក​ក្រោម​ស្លាក​ក្រុម​ហ៊ុន​នោះ​មាន​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះធួក កំពុង​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​យ៉ាង​អនាធិបតេយ្យ​បំផុត​ ហើយ​ការ​ដែល​ឈ្មួញ​ម្នាក់​នេះ​អាច​នាំ​សត្វ​ជ្រូក​ក្រហម​ពី​វៀត​ណាម​ចូល​មក​បាន​ដោយ​សារ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ខេត្ត​ មិន​តែ​ប៉ុណ្ណោះ​គេ​នាំ​សត្វ​ទា​រស់​ចូល​មក​ពី​ប្រទេស​វៀត​ណាម​តាម​ស្រុក​អង្គរបុរី និង​ស្រុក​បុរី​ជល​សា​ផង​ដែរ​៕


Read more...

ហាយឡិនឌ័រ​ផ្ទុះ​កង់​មុខរេចង្កូត​ទៅបុក​រថយន្តយីឌុប​ខ្ទេច​មួយ​ចំហៀង​

0 comments
ខេត្ត​កំពង់ឆ្នាំង ៖ ​រថ​យន្តហាយ​ឡិន​ឌ័រ​មួយគ្រឿងបាន​បែកកង់​មុខ​ខាង​ឆ្វេង ហើយក៏រេចង្កូត​ទៅបុក​ជាមួយរថយន្ត​យីឌុបមួយ​គ្រឿង​ទៀត​ បណ្តាលឱ្យ​ខ្ទេច​ខ្លួន​មួយ​ចំហៀង កាលពី​វេលា​ម៉ោង​៦ និង៣០នាទីព្រឹក​ថ្ងៃទី​០៦ ​មិថុនា ២០១៤ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិអូរំ​ចេក ឃុំចក ស្រុកបរិបូណ៏ ​។ ទោះជាយ៉ាងណា អ្នកបើកបររថយន្តហាយ​ឡិនឌ័រ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។​
ប្រភព​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ ​គេរថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ក ​ធ្វើដំណើរ​ពីត្បូង ទៅ​​ជើង លុះមក​ដល់កន្លែង​កើតហេតុ ស្រាប់តែបែកកង់ខាងមុខ ធ្វើឱ្យរថយន្ត​រេចង្កូតទៅខាងឆ្វេងដៃ ស្របពេលជាមួយគ្នា​នោះ មានរថយន្តយីឌុប មួយគ្រឿង​ទៀត​បើក​មកបញ្ច្រាសទិសគ្នា ឃើញ​ដូច្នោះ​អ្នកបើកបរយីឌុប​បានព្យាយាម​គេច​ចេញម​ក​ស្តាំដៃ​ដែរ ​តែមិនផុត​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​កៀរ​គ្នាយ៉ាងខ្លាំង​តែម្តង ។ ​


Read more...

Thursday, May 22, 2014

គយខេត្តព្រះសីហនុ បើកសន្និសីទ បង្ហាញពីប្រតិបត្តិការ ចាប់ភ្លុកដំរី

0 comments
ព្រះសីហនុ៖ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ  បានបើកសន្និសីទកាសែតមួយនៅក្នុងសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការចាប់ភ្លុកដំរី ជាង ៣ពាន់គីឡូក្រាម កាលពីដើមខែឧសភា។
លោក គិន លី បានថ្លែងនៅក្នុងសន្និសីតកាសែតនោះថា ភ្លុកដំរី ដែលមានចំនួនរហូតទៅដល់ ៣.០០៨គីឡូក្រាម  ដែលមានប្រភពចេញមកពីប្រទេសកេនយ៉ា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកកម្ពុជា ក្នុងគោលដៅបន្ដទៅប្រទេសទី៤  ទៀតនោះ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុ។
សូមជំរាបថា ភ្លុកដំរីខុសច្បាប់នេះ ត្រូវបានកម្លាំងគយចាប់បាន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ដោយលួច បង្កប់នៅក្នុងកុងតឺន័រដឹកសណ្ដែក៕

Read more...

ចាន់ កែវនិមល មិន​ចង់​រស់ ឱប​ទ្រព្យក្ដៅ​ក្រហាយ

0 comments
ប្រភពី Khmerload.com 
ភ្នំពេញ៖ អស់រយៈពេលបី សប្ដាហ៍មកហើយ ការប្រគំតន្រ្តី វីខនសឺត បានដំណើរការ តាមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ក្នុងនោះ រួមមានខេត្ត កំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង មានព្រឹត្តិការណ៍ប្លែកៗ ជាច្រើនបានកើតឡើង ក្នុងការប្រគំតន្រ្តី ដូចជា តារាចម្រៀងល្បីៗ មកច្រៀងក្នុងបទចម្រៀងតែមួយ មានការំឭកឡើងវិញ នូវបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងទាំងនោះ ជាដើម។ ក្នុងនោះគេក៏សង្កេតឃើញ វត្តមានពីធីការិនីមួយរូប ដែលមានសំនួន វោហាស័ព្ទ មិនចេះរីងស្ងួត ខណៈទស្សនិកជនជាច្រើន មិនទាន់ស្គាល់ថា ជានរណា មកពីណា? ហេតុអ្វី ក៏មានវត្តមាន លើកញ្ចក់ទូរទស្សន៍ ហង្សមាស ទៅវិញ ។
ពិធីការិនីសម្បូរសំនួន វោហាស័ព្ទ និងរូបសម្រស់ស្រស់ សោភាម្នាក់នេះ មានឈ្មោះថា ចាន់ កែវនិមល មិនមែនទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីទេ គឺនាងបានប្រឡូក ក្នុងសិល្បៈ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែកាលនោះ នាងជាពិធីការិនីមួយរូប នៅស្ថានីយទូរទស្សន៍ អប្សរា ។ ក្រោយមកក៏បានធ្វើតេស្ត ជាប់នៅទូរទស្សន៍ ហង្សមាស ខណៈកម្មវិធីដំបូងរបស់នាង គឺ "តន្រ្តីពិសេស" និងជាកម្មវិធីប្រគំតន្ត្រី ដំបូងបំផុត របស់ទូរទស្សន៍ ហង្សមាស ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង ក៏ព្រោះតែពិធីការិនីវ័យក្មេងនេះ មិនមែនជាស្ត្រីនៅលីវទេ គឹនាងមានប្ដី និង កូនធំជិតទន្ទឹមខ្លួនទៅហើយ ប៉ុន្តែបើក្រឡេកមើលរូបរាង របស់អ្នកនាងវិញ គឺស្អាតជាងក្រមុំទៅទៀត ។ ទស្សនិកជនខ្លះ រឹតតែមិនជឿថា ចាន់ កែវនិមល មានគ្រួសារហើយ ពោលស្មានតែអ្នកនាងកុហក ។ កន្លងមក ក៏មានបុរស សម្បូរដុំដុល្លារ ចូលចែចង់អ្នកនាងដែរ ព្រោះមិនបានដឹងថា មានគ្រួសារ ស្រាប់តែអ្នកនាង និមល តបតវិញយ៉ាង សមរម្យថា អ្នកនាងមានប្ដីហើយ ។
នាង ចាន់ កែវនិមល បាននិយាយប្រាប់ LookingTODAY ថា នាងមិនខ្លាចនឹងប្រាប់គេថា អ្នកនាងមានកូន និងប្ដីនោះទេ ព្រោះសិល្បៈគឺ និយាយពីសមត្ថភាព មិនមែនរឿងអ្វីផ្សេង ព្រោះមនុស្សម្នាក់ៗ សុទ្ធតែមានជីវិតឯកជនរៀងៗខ្លួន ។ ចាន់ កែវនិមល បន្តថា ធ្វើការងារ សិល្បៈព្រោះតែស្រឡាញ់ មិនមែនដើម្បីលាភសក្ការៈ នាងជាមនុស្សស្រឡាញ់សេចក្ដីថ្លៃថ្នូរ ។ រាល់ថ្ងៃពិតជា មានសុភមង្គល ជាមួយ ក្រុមគ្រួសារ ពិសេសស្វាមីអ្នកនាង បានផ្គល់ភាពកក់ក្ដៅ ដល់ក្រុមគ្រួសារមួយនេះ នឹងកូនស្រីដ៏គួរឲ្យស្រឡាញ់ ជាចំណែកមួយ នៃសុភមង្គល ដ៏ពិតប្រាកដ ។ ចាន់ កែវនិមល មិនត្រូវការអ្វីផ្សេងទៀតទេ ព្រោះជាទ្រព្យក្ដៅក្រហាយ មិនសប្បាយចិត្ត នឹងប្រើប្រាស់ ទ្រព្យអ្នកដទៃឡើយ ។
អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែជាពិធីការិនី សម្បូរសំនួន វោហាស័ព្ទទេ នាងក៏ជាអតីតនិស្សិតម្នាក់ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ន័រតុន ផ្នែកគូរប្លង់ ។ ចាន់ កែវនិមល ក៏មានមុខជំនួញនាំចូល គ្រឿងសំអាង គឺអាមេរិកផ្ទាល់ មកស្រុកខ្មែរ ។ ពិសេសអ្នកនាងកំពុងតែ រស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ នៅស្ទឹងមានជ័យ ដែលមើលទៅ នាងជាពិធីការិនីម្នាក់ មានសុភមង្គលខ្លាំងណាស់ ។ ផ្ទុយពីពិធីការិនីខ្លះ រស់នៅជាមួយភាពហ៊ឺហារ ប៉ុន្តែក្នុងចិត្តបង្កប់ ដោយរឿងភ័យខ្លាច ៕








Read more...

Friday, November 29, 2013

តុលាការ​សម្រេច​ប្រកាស​សាល​ក្រម​ ចន​ ច័ន្ទលក្ខិណា​ លែង​លះ​ស្វាមី ​ជា​ផ្លូវការ​

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ ក្រោយពីពាក្យបណ្ដឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីរបស់នាង បានដាក់ចូលទៅ កាន់តុលាការ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីលែងលះស្វាមី លោក យុត្ថា រ៉ាឆានី និងក្រោយពីអ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ រួចមក ទីបំផុត នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការហើយ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ពោលគឺត្រូវចែកផ្លូវគ្នា ទៅតាមច្បាប់ ចាប់ពីថ្ងៃនេះតទៅ។
ប្រភពព័ត៌មាន ទម្លាយចេញពីសំណាក់ មន្ត្រីតុលាការ ដែលបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា តុលាការបានសម្រេច ប្រកាសសាលក្រម លើបណ្ដឹងលែងលះនេះ ជាផ្លូវការ នៅចំពោះមុខ មេធាវី អ្នកនាង ចន ចន្ទ័លក្ខិណា ហើយសាលក្រមមាន៣ចំណុច ធំៗ គឺទី១ កូនស្រីម្នាក់ ដែលជាចំណងដៃ មង្គលការ រយៈពេលជិត២០ ឆ្នាំ ត្រូវបានទៅលើលោក យុត្ថា រ៉ាឆានី ជាអ្នកបីបាច់ថែរក្សាបន្ត។ ទី២តម្រូវឲ្យបែកចែក ទ្រព្យសម្បត្តិរកស៊ីរួមគ្នា ជាពីរចំណែក ស្មើៗគ្នា និងទី៣ តម្រូវឲ្យអ្នកទាំងពីរ អនុវត្តន៍ សាលក្រមលែងលះ ចាប់ពីថ្ងៃនេះតទៅ។
ពាក់ព័ន្ធនឹងការ ប្រកាសសាលក្រម លែងលះនេះ លោក យុត្ថា រ៉ាឆានី បានថ្លែងទាំងភ្ញាក់ផ្អើលថា លោកមិនបានដឹងរឿងអ្វីទាល់តែសោះ ពីសាលក្រម លែងលះនេះ ហើយបើអ្នកកាសែត ដឹងជាងលោក សូមឲ្យគេចុះផ្សាយ យ៉ាងម៉េចក៏ ចុះផ្សាយចុះ។ លោក យុត្ថា រ៉ាឆានី និយាយទាំងសម្ដីញាប់ៗ បែបភ្ញាក់ផ្អើលថា "សាលដីកាអីទៀតហើយ...! ខ្ញុំអត់ដឹងទេ ខ្ញុំកំពុងតែជាប់រវល់ បើគេដឹងជាងខ្ញុំ ឲ្យគេចុះទៅណា ខ្ញុំសុំបន្តិច..!ខ្ញុំកំពុងជាប់រៀបចំឆាក...!"។
ដោយឡែក អ្នកនាង ចន ចន្ទ័លក្ខិណា ដែលជាដើមបណ្ដឹងក្នុង សំណុំរឿងលែងលះប្ដី រហូតប្រកាស សាលក្រម ជាស្ថាពរនៅពេលនេះ មិនអាចទាក់ទងសុំការ បំភ្លឺបានទេ នៅរសៀលថ្ងៃនេះ ខណៈទូរស័ព្ទចូល តែគ្មានអ្នកទទួល ៕




Read more...

ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​១៨២​ក្បាល និង​អ្នកលក់​៣​នាក់ យកមក​អប់រំ​

0 comments
ប្រភពពី cen.com.kh : ខេត្តបាត់ដំបង: អង្គការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត (Wild Aid) និង​មេព្រៃ ចុះបង្ក្រាប​ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន​មាន់ទឹក -​ដុំ​ដោ -​កុក​ស្របក​ត្រពាំង -​ថ្លុំ -​ថ្វាង ១៨២​ក្បាល ដាក់លក់​នៅតាម​ផ្សា​ចំនួន​ពីរ​ក្នុង​ក្រុង​បាត់ដំបង​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឃាត់ខ្លួន មនុស្ស​៣​នាក់​ជា​អ្នកលក់​យកមក​អប់រំ​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ទិញ ឬ លក់​បន្តទៀត កាលពី​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ផ្សា​របឹង​ឈូក និង​ផ្សារ​១៣​មករា (​ហៅ​ផ្សារ​ថ្មី​) ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​មន្ត្រី​អង្គការ Wild Aid បានអោយដឹងថា​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​ដែល​រឹបអូស​ពី​អ្នកលក់​មាន​ទី​១​ឈ្មោះ ម៉ុ​ន ស្រីរ័ត្ន ហៅ សោ ណា​រី អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ផ្សា​របឹង​ឈូក បាន​ចំនួន​១១៩ ក្បាល មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ សោម ធឿន​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​១២​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​អូស​ទូក​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ ឈួ​ង ហ៊ួ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​៥១​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​គំ​ពត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន មាន់ទឹក​-​ដុំ​ដោ​-​កុក​ស្របក​ត្រពាំង​-​ថ្លុំ​-​ថ្វាង សរុប​ចំនួន​១៨២​ក្បាល​។​

​អ្នកលក់​សត្វព្រៃ​ទាំង​៣​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួកគាត់​ទើបតែ​លក់​សត្វព្រៃ​បាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ទិញ​បន្ត​ពី​គេ​យកមក​លក់​យក ចំណេញ​ប៉ុណ្ណោះ​។​

​មន្ត្រី​អង្គការ WildAid បាន​ឲ្យ​ដឹងថា​ដឹងថា​សត្វ​ស្លាប​ព្រៃ​ដែល​រឹបអូស​បាន​សរុប​ចំនួន​១៨២​ក្បាល​នេះ​ត្រូ​យកទៅ​ជីករណ្តៅ​កប់​ចោល​។ ចំណែក​អ្នកលក់ សត្វព្រៃ ទាំង​៣​នាក់​ឲ្យ​គាត់​ធ្វើ កិច្ចសន្យា​ឈប់​ទិញ​ឬ​លក់​បន្តទៀត​និង​ធ្វើការ​អប់រំ​រួច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕​



Read more...

Monday, November 11, 2013

ជិះម៉ូតូសង់កូរ៉េ ទៅលួចកាច់កញ្ចក់ រថយន្ដលុច្សស៊ីស ៥៧០ ម្ចាស់រថយន្ត ដេញចាប់ វាយទ្រោមខ្លួន

0 comments
ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ចោរលួចកាច់កញ្ចក់រថយន្ដ ម្នាក់ បានភ្លាត់ស្នៀតត្រូវបានម្ចាស់រថយន្ដ មានតួនាទីជាអង្គរក្ស បានដេញចាប់ជាមួយ ក្រុមម៉ូតូឌុប ហើយវាយមួយដៃមួយជើង ម្នាក់ ស្ទើរសល់ដង្ហើមចង្រិត ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើតហេតុបានឱ្យដឹងថា ករណីម្ចាស់ រថយន្ដ និងក្រុមរត់ម៉ូតូឌុបដេញចាប់ចោរ លួចកាច់កញ្ចក់រថយន្ដបានម្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ មខផ្ទះលេខ ៦៥អឺសូន្យ ផ្លូវលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជន សង្ស័យក្នុងចំណោមបក្ខពួក ៣នាក់ ដែល ត្រូវបានចាប់ខ្លួនខាងលើនេះ ឈ្មោះ ទូច រតនា អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែល បក្ខពួក ២នាក់ទៀត បាត់រត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានក្រោយពីសួរជនរង គ្រោះរួចមក បានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុខាងលើ ម្ចាស់រថយន្ដឈ្មោះ លី ឈាងម៉េង អាយុ ៤៤ឆ្នាំ មុខរបរអង្គរក្ស រស់នៅផ្ទះលេខ ៤៦ ផ្លូវលេខ ១៩០ ភូមិទី ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានបើក រថយន្ដលុច្សស៊ីស ៥៧០ ស៊េរីឆ្នាំ២០១២ របស់ខ្លួន មកឈប់នៅកន្លែងកើតហេតុ ដើម្បីចូលទៅហូបលតឆា ។ ពេលនោះជន សង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម១ គ្រឿង មកឈប់ក្បែរហើយ ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ដ ប៉ុន្ដែ ត្រូវបានជនរងគ្រោះឃើញទៅន់ ក៏ដេញចាប់ ពួកគេ ប៉ុន្ដែ ត្រូវពួកគេទាំង ៣នាក់ ព្រួត វាយមកវិញ ។ដោយសារតែមានការភ្ញាក់ ផ្អើល និងជនរងគ្រោះស្រែកឆោឡោនោះ បានធ្វើឱ្យក្រុមរត់ម៉ូតូឌុប នៅក្បែរនោះចេញ មកជួយអន្ដរាគមន៍ដេញចាប់ក្រុមចោរទាំងនេះ បានម្នាក់ ហើយចាប់វាយមួយដៃមួយ ជើង ស្ទើរសល់ដង្ហើមចង្រិតរីឯបក្ខពួក ២ នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។ ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំង សមត្ថកិច្ច បានដកហូតកញ្ចប់រថយន្ដលុច្ស ស៊ីស មកវិញប្រគល់ឱ្យជនរងគ្រោះ និងដក ហូតម៉ូតូសង់កូរ៉េ១គ្រឿង ដែលពួកវាជិះធ្វើ សកម្មភាព ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕

Read more...

Friday, November 8, 2013

បាញ់​ ១គ្រាប់ ស្មានតែជ្រូកព្រៃ ពេលទៅមើល ត្រូវប្អូនឯងស្លាប់

0 comments
ប្រភព ដើមអម្ពិល
កោះកុង ៖ ព្រានព្រៃ ៣នាក់ ដើររកសត្វព្រៃ តែចៃដន្យមិនបានបាញ់សត្វព្រៃ បែរទៅបាញ់ប្អូនឯងស្លាប់ទៅវិញស្មានតែជ្រូកព្រៃ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០,១០នាទីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៣ ដែលស្ថិតនៅ ឃុំជ្រោយប្រស ស្រុកកោះកុង ខេត្ដកោះកុង។
ហេតុការណ៍នេះ បានបង្កឡើងដោយសង្ស័យ មានឈ្មោះ លាង  អូន ភេទប្រុស អាយុ ៥០ឆ្នា មានទីលំនៅភូមិដី ទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។ ចំណែកជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ ម៉ាន់ សាវី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។
ប្រភពពីលោក ស៊ុន ឃាម អធិការស្រុកកោះកុង បានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹង នៅថ្ងៃទី៧ ខែតុលា នេះថា មុនពេលកើតហេតុ ក្រុមព្រានព្រៃនេះមានគ្នា ៣នាក់ បានចេញដំណើរទៅបាញ់សត្វ ដោយមានកាំភ្លើង កាប៉ីន ១ដើម បានចេញដំណើរដេកព្រៃ១យប់ ហើយដល់ព្រឹកឡើង បាននាំគ្នាដើរដាក់អន្ទាក់ ក្រែងជាប់ សត្វព្រៃ។ ពេលនោះឈ្មោះ លាង អូន ជាជនដៃដល់ បានកាន់កាំភ្លើងដើរទៅមុន ហើយជនរងគ្រោះ ទៅតាម ក្រោយ ដោយជនរងគ្រោះ បានឃើញគល់ឈើងាប់មួយក៏ទៅជីក ស្រាប់តែឈ្មោះ លាង អូន បានឮដូចសំឡេង ជ្រូកព្រៃ ហើយអង្គើរព្រៃ ក៏បាញ់១គ្រាប់ ហើយទៅមើលឃើញឈ្មោះ ម៉ាន់ សាវី ស្លាប់បាត់ទៅហើយ។
លោក អធិការ ស៊ុន ឃាម បានបន្ដថា ក្រោយពីជនដៃដល់ បាញ់ជនរងគ្រោះស្លាប់ហើយ ជនដៃដល់ក៏បានសែង ជនរងគ្រោះមកផ្ទះ ជាមួយឈ្មោះ លាង យុទ្ធ ដែលទៅជាមួយគ្នា។
លោកបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ពីសាច់ញាតិជនរងគ្រោះភ្លាម លោកក៏ចាត់កម្លាំង ចុះទៅស្រាវជ្រាវដើម្បីរកការពិត តែមុនដំបូងជនដៃដល់មិនសារភាពទេ ដោយចោទថា មានគេលួចបាញ់ ពីក្រោយខ្នង តែដោយនេះជាជំនាញរបស់លោក ធ្វើឱ្យជនដៃដល់បានសារភាពចេញទាំងអស់ ថាខ្លួនបាញ់ ច្រឡំថាជ្រូកព្រៃ បានបាញ់១គ្រាប់ពីក្រោយខ្នង ដែលមានចម្ងាយប្រហែល ១០ម៉ែត្រ ដល់ពេលទៅមើល ទើបដឹងថាត្រូវប្អូនឯងទៅវិញ ធ្វើឱ្យខ្លួនឯងមានវិប្បដិសារីអស់មួយជីវិត។
លោកបានឱ្យដឹងទៀតថា ការចេញទៅបរបាញ់សត្វព្រៃ របស់ជនទាំង៣ នាក់ មានចម្ងាយ ៣០គីឡូម៉ែត្រ ពីភូមិ ហើយនៅពេលនេះ លោកបានកសាងសំណុំរឿង និងវត្ថុតាង បញ្ជូនទៅស្នងការខេត្ដ ដើម្បីចាត់ការបន្ដទៅតាម នីតិវិធីច្បាប់។
ជាចុងក្រោយ លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំដើរប្រមាញ់សត្វព្រៃឱ្យសោះ ពីព្រោះសត្វព្រៃ មានផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រទេសកម្ពុជាយើង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលចូលមកកម្សាន្តប្រទេសយើង ហើយកុំប្រើប្រាស់អាវុធនាំឱ្យខុសច្បាប់ ត្រូវតែយកឱ្យសមត្ថកិច្ចវិញល្អជាង៕




Read more...

Thursday, November 7, 2013

ចាប់​ខ្លួន​ចោរ​លួច​ឡានពី​ខេត្ត​ព្រះ​សី​ហនុ​ រួច​បើក​គេ​ច​ខ្លួន​​ទៅ​ខេត្ត​កំពត

0 comments
ប្រភពពី khmerload.com : ខេត្តព្រះសីហនុ ៖ ជនសង្ស័យចោរលួចឡាន ពីខេត្តព្រះសីហនុ រួចបើកគេចខ្លួនទៅខេត្តកំពត ត្រូវនគរបាលព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី០៧ វិច្ឆិកា ២០១៣ ។
ជនសង្ស័យខាងលើ ត្រូវបានគេស្គាល់ឈ្មោះ សាន់ សុខមាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ ជននេះបានធ្វើសកម្មភាព លួចរថយន្តម៉ាក CADILL AC.SPS ពីខេត្តព្រះសីហនុ ហើយបើករត់គេចខ្លួនទៅខេត្តកំពត ។
ដោយឡែកម្ចាស់រថយន្តឈ្មោះ ភូ ឆាយ ភេទប្រុស ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។



Read more...

Wednesday, November 6, 2013

ជុំ លីណូ ធ្វើឲ្យ​មហាជន​ផ្ទុះ​សំណើច​ ពេល​លេងស្ទីល​ ទិន ហ្វី​

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ តារាចម្រៀងប្រុស ពូកែខាងរាំរែកតាម តារាចម្រៀង ប៉ុបពិភពលោក ម៉ៃឃើលជែកសុន លោក ជុំ លីណូ ហាក់កំពុងតែ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ខ្លាំងឡើងៗ ខណៈបានក្លាយជា តារាសម្ដែងក្នុងខ្សែ ភាពយន្តរបស់ ផលិតកម្មសាន់ដេ ជាបន្តបន្ទាប់ ។ ក្នុងឱកាសនៃ ការបង្ហាញវត្តមាន ក្នុងថ្ងៃសន្និសីទ ស្ដីពីការ ប្រកាសបញ្ចាំង ខ្សែភាពយន្តរឿង "ព្រាយក្បាល៨" លោក ជុំ លីណូ បានតុបតែងខ្លួន យ៉ាងស្រស់សង្ហា ប្រៀបបាននឹង តារាចម្រៀងកូរ៉េ ដែលស្លៀកពាក់ យ៉ាងសមសួន ពេលមានកម្មវិធីធំៗណាមួយ។
ពេលនោះ ជុំ លីណូ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់លោក រួមនឹងតារាចម្រៀងដទៃទៀត ភ្ញាក់ផ្អើលមិនតិចទេ ដោយសារលោក បានលេងស្ទីល ក្នុងការនិយាយស្ដី បែបបញ្ចូលសំឡេង ក្នុងខ្សែភាពយន្តចិន នាំឲ្យទស្សនិកជនជាច្រើននាក់ បង្វែការចាប់អារម្មណ៍ ទៅលើលោកជាខ្លាំង ។ ជុំ លីណូ កន្លងមកគេ ធ្លាប់ភ្ញាក់ផ្អើល ម្ដងរួចមកហើយ តាមរយៈការបង្ហាញ ក្បាច់រាំរបស់លោកតាម ស្ថានីយទូរទស្សន៍ មួយចំនួន លោករាំ បានល្អដូចស្ទើរ តែទាំងស្រុង ទៅនឹង តារាចម្រៀងល្បី របស់ពិភពលោក លោក ម៉ៃឃើលជែកសុន ។
ថ្លៃងទៅកាន់ ទស្សនិកជន ក្នុងឱកាសនោះ ជុំ លីណូ បាននិយាយថា ក្នុងខ្សែភាពយន្តនេះ លោកបានចំណាយ កំលាំងកាយចិត្តជាច្រើន ដើម្បីឲ្យខ្សែភាពយន្តនេះ បានល្អអ្វីដេលសំខាន់ លោកបានលេង ជាតួក្បាលខូច ស័ក្ដិសមទៅនឹង ចរិករបស់លោក ក្នុងភាពយន្តនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ជុំ លីណូ ថែមទាំងនិយាយ ជាស្ទីល របស់តារាសម្ដែង បែបកំប្លែងដ៏ល្បីល្បាញ របស់ចិន លោក ទិនហ្វី នាំឲ្យទស្សនិកជន ផ្ទុះសំណើច និងនាំគ្នាទះដៃប្រាវតែម្ដង ព្រោះមើលទៅលោក និយាយ និងសម្ដែងសមខ្លាំងណាស់ ប្រៀបដូចជាតារាកំប្លែង ពិតៗតែម្ដង ។
ដោយសារ ជុំ លីណូ ហាក់មានទេពកោសល្យខ្ពស់ ពិធីករ លោក មូល សុវណ្ណគិរី បានសួរសំណួរ ទៅកាន់លោកថា ចង់ក្លាយជាតារាកំប្លែងទៀតទេ ? លោកឆ្លើយថា "អត់ទេ គ្រាន់តែជាការនិយាយ លេងសើចប៉ុណ្ណោះ ព្រោះមិនអាចឈានដល់ កំពូលដូចតារា កំប្លែងរៀមច្បងទេ..." ៕




Read more...

Thursday, October 17, 2013

សាលាក្រុង នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨​តុលា​

0 comments
ប្រភពមកពី CEN.com.kh : ភ្នំពេញ: លោក ឃួ​ង ស្រេង ​អភិបាលរង សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ស្តីពី​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​។ នៅ​ថ្ងៃ​ទី​១៨ ខែតុលា លោក​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ខាង​គណបក្ស សង្គ្រោះ​ជាតិ អំពី​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​តែ​ក្រោម ២០០ នាក់​ទេ​។ បើ​លើស​ពី ២០០ នាក់ ត្រូវ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ទាក់ទង​ការធ្វើ​បាតុកម្ម​នេះ បើ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក គឺ​ចំពោះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល គឺ​បាន​សម្រេច​អស់ហើយ ហើយ​គាត់​នៅ​តវ៉ា​អំពី​បញ្ហា​អ្វី​ទៀត សាលា​រាជធានី​ភ្នំពេញ និង​ពិនិត្យមើល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប​បញ្ហា​នេះ​។

​លោក​អភិបាលរង បន្តថា គួរតែ​គណបក្សប្រឆាំង បង្វែរ​ការធ្វើ​បាតុកម្ម​ទៅ​ពិនិត្យ​មើល​ប្រជាជន ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ល្អ​ជាង​។​

​សូម​រម្លឹកថា អ្នកដឹកនាំ​បាតុកម្ម នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូនដំណឹង ស្តីពី ការធ្វើ​មហា​បាតុកម្ម​អហិង្សា និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣.២៤.២៥ ខែតុលា ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​ឲ្យបាន​ពេញលេញ​តាម​កិច្ចព្រមព្រៀ​ង​ទីក្រុង​ប៉ារីស​៕​
Read more...

Monday, August 26, 2013

នាយ ពែកមី និងខ្ញុង សប្បាយឲ្យអស់ដៃ នៅទឹកដីអូស្ត្រាលី

0 comments

ប្រភព Lookingtoday : ភ្នំពេញៈ រយៈពេលជាង១សប្តាហ៍ហើយ ដែលតារាកំប្លែង នាយ ពែកមី ដឹកដៃ អ្នកនាង ខ្ញុង ឡើងយន្តទៅសម្តែង និងសួរសុខទុក្ខបងប្អូន នៅអូស្ត្រាលី ។ រហូតមកដល់ពេលនេះ តារាកំប្លែងមួយគូនេះកំពុងតែមមាញឹកចេញទៅសម្តែងពីរដ្ឋមួយទៅរដ្ឋមួយ និងក៏មានឱកាសបានទៅដើរលេងជាច្រើនកន្លែង នៅលើទឹកដីនោះផងដែរ ។
តារាកំប្លែង មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពែកមី បានរៀបចំខោអាវដាក់វ៉ាលី ដឹកដៃ កញ្ញា ខ្ញុង និងកុមារី នីឡា ទៅសម្តែងនៅអូស្ត្រាលី រយៈពេល២សប្តាហ៍ ដោយក្រៅពីការចេញទៅសម្តែង ពួកគេទាំង៣នាក់ក៏ត្រូវបានអ្នក Sponsor នាំដើរកម្សាន្តផងដែរ ។
បើតាមរយៈការបង្ហោះរូបថត ក៏ដូចជាឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាយ ពែកមី ហាក់ដូចជាឃើញមាន ភាពលេចធ្លោជោគជ័យខ្លាំង នៅអូស្ត្រាលី ។ ក្រៅពីការងារសម្តែងក្រុមកំប្លែង នាយ ពែកមី ក៏ត្រូវបានគេនាំដើរកម្សាន្តនៅកន្លែងមួយចំនួន នៅអូស្ត្រាលីផងដែរ។
ជាមួយគ្នានោះ នាយ ពែកមី និង នាង ខ្ញុង ក៏បានរំលេចឃ្លីបវីដេអូបង្ហាញ មហាជនពីភាពសប្បាយរីករាយរបស់ពួកគេ នៅលើទឹកកក ដោយមានលាយឡំជាមួយ សំឡេងសើចក្អាកក្អាយ រួមជាមួយ និងភាពជោគជ័យពីការសម្តែងនោះផងដែរ ៕



Read more...

Friday, August 23, 2013

ក្រុម​ហ៊ុន​ដី​សម្ប​ទា​ន​សម្រុក​កា​ប់​ឈើ

0 comments

ប្រភព Postkhmer.com : ភ្នំពេញៈ យ៉ាង​ហោច​ណាស់​ ក៏​មាន​ក្រុម​ហ៊ុន​ដែល​​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ជាង​១២ក្រុម​ហ៊ុន និងក្រុម​ឈ្មួ​ញ​ឈើ​ឱកាស​និយម​ជា​ច្រើន​នាក់​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនា​ធិប​តេយ្យ​ដោយ​ចំហ នៅ​ក្នុង​ខេត្ត​ចំនួន​ ៩​ ដោយ​គ្មាន​ការ​​ទប់​ស្កាត់ ​ពីសំណាក់​សមត្ថ​កិច្ច​ នៅ​ក្នុង​អំឡុង​មុន​ពេល ​និង​ក្រោយ​ពេល​បោះ​ឆ្នោត​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍រួម​មួយ​​របស់​ក្រុម​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។
សេចក្តី​ថ្លែង​ការ​ណ៍រួមរបស់​ក្រុម​សកម្ម​ជន ​ការ​ពារ​ព្រៃ​ឈើ មាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា និង​បណ្តាញ​យុវ​​ជន​កម្ពុជា បាន​រក​ឃើញ​ថា ភាគី​ដែល​ពាក់​ព័ន្ធ នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​រយៈពេល​មុន និង​ក្រោយ​បោះ​ឆ្នោត​នោះ​ គឺ​ជា​ក្រុម​ហ៊ុន ដែល​​បាន​ទទួល​ដីសម្បទាន​សេដ្ឋ​កិច្ច​ ពី​រដ្ឋា​ភិបាល​ នា​ពេល​កន្លង​មក​ មាន​ដូច​ជា ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព​ ក្រុម​ហ៊ុន ​វៀត​ណាម CRCK នៅ​ខេត្ត​កំពង់​ធំ​ ដែល​ពង្រីក​ការ​កាប់​ឈើ​​​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។​ ក្រុម​ហ៊ុន​ហ៊ង​អាន​ម៉ាង​យ៉ាង​ខេបាន​កាប់​បំផ្លា​ញ​ព្រៃ​ឈើ នៅ​ស្រុក​វ៉ឺន​សៃ​ ខេត្ត​រតនគិរី​។
ក្រុម​ហ៊ុន​ First Biotech Co., Ltd​ កំពុង​កាប់​និង​ឈូស​ឆាយ​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ។ ក្រុមហ៊ុន​ Ang and Associate Lawyer កំពុង​កាប់​ឈើ​នៅ​អាង​ទន្លេ​សេ​សានរបស់​គំរោង វារី​អគ្គិសនី Lower Sesan II។ ក្រុម​ហ៊ុន​ Timber​ Green Co.,Ltd កំពុង​កាប់​ឈើ​នៅ​អាង​វារី​អគ្គិសនី​ខេត្ត​កោះ​កុង។ ក្រុម​ហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា​ នៅ​រតនគិ​រី ដែ​ល​មាន​មេ​ការ ឈ្មោះ​ សាន​ ចយ​ កំពុង​ដឹក​ឈើ​យ៉ាង​គគ្រឹក​គគ្រេង។
ក្រុម​ហ៊ុន​ TTY ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ការ​ពារ​ជីវ​ចម្រុះ​ស្នួល។ ក្រុម​ហ៊ុន​ Binh Phuoc Rubber I, Binh Phuoc Rubber I​I​ និង​​ Astern Rubber Cambodia កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ស្រុក​ស្នួល។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ក្រុម​ហ៊ុន​ទាំង​នោះមាន​ឧកញ៉ា ជា​ថៅ​កែ​ក្រុម​ហ៊ុន មន្ត្រី​ទា​ហាន មន្ត្រី​ប៉េអឹម ក្រុម​ឈ្មួញ​​ឈើ​ជនជាតិ​ខ្មែរ និង​វៀត​ណាម ថៅ​កែ​សិប្ប​កម្ម​កែ​ច្នៃ​ឈើ និង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​ដើម ជា​ពិសេស​សកម្ម​ភាព​ស្វែង​រក​និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង ក៏បាន​កក្រើ​ក​ឡើង ក្នុង​អំឡុង​ពេល​នេះ ដោយ​មិន​មាន​ការ​ញញើត​អ្វី​ទាំង​អស់។
សេចក្តី​ថ្លែង​ការណ៍​ បាន​​ឲ្យ​ដឹង​ទៀត​ថា​៖«យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភណ៍​ថា ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ការ​បាត់​បង់ វិនាស​ហិន​ហោច​ទាំង​ស្រុង​ ក្នុង​រយៈពេល​ខ្លី​ខា​ង​មុខ​នេះ ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​កំពុង​មមា​ញឹក​នឹង​ការ​ងារ​នយោ​បាយ​ជាប់​គាំង​»។
កា​រ​ដឹក​ជញ្ជូន​ឈើ​ចេញ​តាម​ច្រក​អន្តរជាតិ​សំខាន់ៗ មាន​ដូច​ជា ច្រក​អូរ​យ៉ា​ដាវ ច្រក​អន្លង់​ជ្រៃ ច្រក​ថ្ម​ដា ច្រក​កំពង់​សោម ច្រក​ដូង​ប្រាំ​ពីរ​ដើម ច្រក​កំពង់​ជ្រៃ តាម​ផ្លូវ​ទន្លេ និង​សមុទ្រ​ជា​ដើម​។ សេច​ក្តី​ថ្លែង​ការណ៍​​គូស​បញ្ជាក់​ថា វិនា​ស​កម្ម​ព្រៃ​ឈើ ឃើញ​មាន​នៅ​តំបន់​ព្រៃ​ការ​ពារ តំបន់​អភិរក្ស​សត្វព្រៃ និង​ជីវ​ចម្រុះ តំបន់​ឧទ្យាន​ជាតិ ក្រៅ​ពី​តំបន់​នោះ ក៏​ឃើញ​មាន​ការ​លួច​ចូល​កាប់​ឈើ​គ្រញូង នៅ​ក្នុង​សាលា​រៀន​ (ខេត្ត​កំពង់​ឆ្នាំង) និង​ តំប​ន់​ឧទ្យាន​ជាតិ​អង្គរវត្ត​ ដែល​ការ​ពារ​ដោយ​អាជ្ញាធរ​អប្សរា​ថែម​ទៀត​ផង។
សេចក្តី​ថ្លែង​ការណ៍​​បន្ត​​ថា​​៖​«មូល​ហេតុ​ចម្បងៗ ​ចំនួន​បី ដែល​ធ្វើ​ឲ្យ​វិនាស​កម្ម​ដល់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ គឺ​ការ​ផ្តល់​សម្បទាន​ដី និ​ង​ព្រៃ​ដល់​ក្រុម​ហ៊ុន​ឯក​ជន ដែល​មាន​​ទំហំ​សរុប ៩ លាន​ហិក​តា ក្នុង​នោះ​សម្ប​ទាន​ព្រៃ​ឈើ​ចំនួន ១៦​ ក្រុម​ហ៊ុន មាន​ទំហំសរុប ៣ ៣៧៤ ៣២៨ ​ហិក​តា​។ ការ​កាប់​ទន្ទ្រាន​របស់​ក្រុម​ឈ្មួញ ក្រុម​ហ៊ុន​សម្ប​ទាន​ព្រៃ​ឈើ​កន្លង​មក និងក្រុម​​ឈ្មួញ​រក​ស៊ី​ឈើ ដែល​ល្បី​ឈ្មោះ​ ដូច​ជា​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា​ទី្រ​ ភាព​ជា​ដើម»។​
ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព បាន​សាងសង់​រោង​ចក្រ​ស្តុក​ឈើ នៅ​វាល​វែង​ នៅ​ថ្ម​ដា​នៅ​តំបន់​បឹង​ពែរ ទន្លេ​ម្រេច  (ស្រុក​រវាង ខេត្ត​ព្រះ​វិហារ) នៅ​ខេត្ត​រតន​គិរី (តំប​ន់​សេដ្ឋ​កិច្ច​ពិសេស)​ នៅ​ស្ទឹង​ត្រែង​អន្លង់​ភេ និង​កន្លែង​ស្តុក​ឈើ​មួយ​កន្លែង​ទៀត នៅ​ត្មាត​ពង ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បន្ត​ទៅ​កាន់​ប្រទេស​វៀត​ណាម និង​ថៃ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«​ក្រុម​ហ៊ុន​មួយ​នេះ បាន​ធ្វើ​អាជី​វកម្ម​ឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​ការ​បង្ក្រាប និង​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិ​បាល​ជួយ​ការ​ពារ​ថែម​ទៀត​ផង​»។
លោក គឹម សាន អ្នកមើលការ​ខុស​ត្រូវ​ចម្ការកៅ​ស៊ូ និង​ម្រេច​របស់​​ក្រុម​ហ៊ុន​លោក ឧក​ញ៉ាទ្រី​ភាព​ នៅ​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​​បាន​ច្រាន​ចោល​ ចំពោះ​ព័ត៌​មាន​ទាំង​នេះ ដោយ​ថា ជា​ការ​លាប​ពណ៌​ខុស​ពី​ការ​ពិត​។
លោក​​​ថ្លែង​ថា​៖​«​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្ប-​ទាន​ពីរដ្ឋា​ភិបាល​ ហើយ​យើង​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​។ នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​អញ្ជើញ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ទៅ​មើលការ​អនុវត្ត​របស់​ក្រុម​​ហ៊ុន​ខ្ញុំ​ម្តង កុំ​ឲ្យ​ចេះ​តែ​លាភ​ពណ៌»។
លោកឧកញ៉ា ណា ម៉ារឌី អគ្គនា​យក​ក្រុម​ហ៊ុន TTY លោក ហេង សារ៉ាត់​ អគ្គ​នាយក​រង​ក្រុម​ហ៊ុន TTY ​​អ្នក​ស្រី ខៀវ សស៊ី​លា​ភ​ ម្ចាស់​ភាគ​ហ៊ុន​ធំ នៃ​ក្រុម​ហ៊ុន Timber Green និង​តំណាង​ក្រុម​ហ៊ុន​ Binh Phuoc  Rubber I, Binh Phuoc  Rubber II ​មិន​អាច​​ទាក់​ទង​ ដើម្បី​សុំធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​។
លោក ថេង សាវឿន អ្នកសម្រប​សម្រួល​លេខា​ធិកា​រដ្ឋាន​ សម័្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​​ដែល​ចូល​រួម​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នេះ បាន​​ឲ្យ​ដឹង​ថា​ ​តាម​ការរក​ឃើញ​ សកម្ម​ភាព​កាប់​ព្រៃឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ គឺ​កើន​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុង​អំឡុង​​ពេល​​យុទ្ធនាការ​​ឃោស​នា និង​ក្រោយ​ការ​បោះ​ឆ្នោត​ ដោយ​សមត្ថកិច្ច មិន​​ត្រឹម​តែ​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​នោះ​ទេ ថែម​ទាំង​ ចូល​ដៃ ដើម្បី​ទទួល​បាន​ផល​ប្រយោ​ជន៍​ថែម​ទៀត។
លោក​​និយាយ​ថា​​៖«​រដ្ឋា​ភិបាល ​ត្រូវ​​តែ​ជំរុញ​​មន្ត្រី​របស់​ខ្លួន ​ចុះ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់ពេល​វេលា​ ​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​ មិន​ត្រូវ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​ឈើ​ ដើម្បី​ទទួល​លាភ​សក្ការៈនោះ​ទេ។ អ្វី​ដែល​យើង​លើក​ឡើង​នោះ គឺ​ពុំ​មែន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន ​ឬក៏​អាជ្ញាធរ​ទេ​ តែ​យើង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ដូ​ច​ជា​រូប​ភាព​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើជា​ដើម​»។
លោក សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​បដិសេធ​សេច​ក្តី​រាយការណ៍នេះ​ថា​ជា​ការ​មិន​ពិត។ ​ប៉ុន្តែ​លោក​និយាយ​ថា​៖«អា​ឈើ​គេ​ដឹក​អាណា​មាន​ច្បាប់​គេ​ដឹក​ទៅ​ អាណា​អត់​ច្បាប់​គេ​បង្ក្រាប​ទៅ​ កន្លង​មក​យើង​ធ្វើ​តែ​អ៊ីចឹង​​តើ​»។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ សមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ថ្លែង​ថា​បទ​ល្មើស​នៃ​វិនាស​កម្មព្រៃ​ឈើ​នេះ​វា​បាន​កើត​ឡើង​ខ្លាំង​ឡើងៗ​។ ​«​បច្ចុប្បន្ន​​យើង​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន ​កំពុង​ផ្តោត​ទៅ​លើ​ឧកញ៉ា​មួយ​ចំនួន ​ដែល​​​ឆ្លៀត​យក​រថ​យន្ត​កង​កម្លាំង​ ទៅ​ដឹក​ឈើ​​ ហើយពួក​គេ​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ហាម​ឃាត់»។
កាល​ពីថ្ងៃ​ទី​ ២២​ ខែ​កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា ០២ បប ស្តី​ពី​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ និង​បង្រ្កាប​ការ​កាប់​ ការ​ដឹក​ជញ្ជូន​ ការ​ប្រមូល​ ការ​​ស្តុក​ទុក​និង​ការ​នាំ​ឈើ​គ្រញូង​ចេញ​ ដោយ​សម្រេច​លើ​ ៩ ចំណុច​ ដែល​នៅ​ក្នុង​ចំណុច​ទី​ ១ ក្នុង​កថា​ខណ្ឌទី​ ២​ បាន​លើក​ឡើង​ថា​ ករណី​មាន​ការ​ដឹក​ឈើ​​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​​សមត្ថ​កិច្ច​ណា​មួយ​ មេបញ្ជាការ​អង្គភាព​នោះ ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រា​ជ​រដ្ឋា​ភិបាល​៕

Read more...

កម្មករឡឥដ្ឋអាយុ១៣ឆ្នាំម្នាក់ស្លាប់ និងក្មេង៣នាក់ទៀត រងរបួស ព្រោះឡានដឹកឥដ្ឋក្រឡាប់សង្កត់

0 comments
ប្រភព CEN : ប៉ៃលិន:  ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ក្មេងប្រុស​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ព្រោះ​ឡាន​ដឹក​ឥដ្ឋ​កែច្នៃ​មួយគ្រឿង បើក​គេច​ឡាន​គេ​ធ្លាក់​ប្រឡាយ​ក្រឡាប់​សង្កត់ ខណៈ​ដែលមាន​រថយន្ត​ដឹក​ពោត​មួយគ្រឿង​ទៀត បើក​ចេញពី​ផ្លូវលំ​បម្រុង​ឡើង​មកលើ​ថ្នល់ជាតិ ពីមុខ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​រងគ្រោះ ស្លន់​បួង​ចង្កូត​ជ្រុល​ធ្លាក់​ប្រឡាយ ក្រឡាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​១៣​និង​១៥ នាទី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​។​

​លោក ស៊ុំ សុខ នាយ​បុ​ស្តិ៍​ប៉ូលិស​ឃុំ​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទាំង​៤​នាក់ ទី​១-​ឈ្មោះ ផន ញ៉​ត់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទី​ពេទ្យ​ខេត្ត​ប៉ៃលិន​។ ទី​២-​ឈ្មោះ រុំ រី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​រងរបួស​ធ្ងន់​។ ទី​៣-​ឈ្មោះ សង គីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រងរបួស​ស្រាល​។ ទាំងបី​នាក់​នេះ​ជា​កម្មករ​លើកដាក់​ឥដ្ឋ និង​ធ្វើការ​នៅ​កន្លែង​ឡឥដ្ឋ មក​ស្នាក់នៅ​កន្លែង​ឡ​ដុត​ឥដ្ឋ​ស្ថិតក្នុង​ភូមិ​ទំ​នប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ទី​៤-​ឈ្មោះ សៅ បូរ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រងរបួស​ស្រាល ជា​អ្នកបើកបរ​រថយន្ត​កែច្នៃ​ដឹក​ឥដ្ឋ​រងគ្រោះ​នោះ​។ ចំណែក​អ្នកបើកបរ​រថយន្ត​កែច្នៃ​ដឹក​ពោត​មួយគ្រឿង បម្រុង​បើក​ឡើង​ពី​ផ្លូវលំ​ឈ្មោះ​ឈន សុខ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​    ​
​ប៉ូលិស​បាន​ស្រង់​សំដី​សាក្សី​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កែច្នៃ​ដឹក​ឥដ្ឋ ដែល​រងគ្រោះ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង (​ពី​ប៉ៃលិន​ទៅ​ស្រុក​សាលា​ក្រៅ​) ខណៈពេលដែល​រថយន្ត​ដឹក​ឥដ្ឋ​នេះ បាន​ត្រឡប់​ពី​ដាក់​ឥដ្ឋ​ឲ្យ​គេ​អស់​នៅឯ​ខេត្ត​ប៉ៃលិន​មកវិញ​។ ពេល​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កែច្នៃ​ដឹក​ពោត​ពេញ​មួយគ្រឿង​ទៀត បាន​បើកបរ​ចេញពី​ផ្លូវលំ បម្រុង​ឡើងមក​លើផ្លូវ​ជាតិ​ពីមុខ​។ ពេល​វាក់​គ្នា​នោះ អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ស្លន់ មិនបាន​ជាន់​ហ្វាំ​ង​ទេ ស្រាប់តែ​បួង​ចង្កូត​គេច​រថយន្ត​ដឹក​ពោត ជ្រុល​ទៅ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​សង្កត់​កម្ម​ករបី​នាក់​ជិះ​ក្នុង​ឡាន​។ ក្រោយពី​ឃើញ​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​មើល និង​ជួយសង្គ្រោះ បានឃើញ​រថយន្ត​សង្កត់ពីលើ​ក្មេងៗ​អាយុប្រមាណ​ជាង​១០​ឆ្នាំ ៣ ទៅ ៤ នាក់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​តែម្ដង​។​


​លោកនាយ​បុ​ស្តិ៍​បាន​បញ្ជាក់ថា "ករណីនេះ​គឺ​បណ្តា​លពី​អ្នកបើកបរ​រថយន្ត​កែច្នៃ​ដឹក​ពោត ដែល​បើកបរ​មិន​មើលមុខមើលក្រោយ មុន​និង​បើករថយន្ត​ចេញពី​ផ្លូវលំ បម្រុង​ឡើងមក​លើផ្លូវ​ជាតិ​។ ម្យ៉ាង​ទៀ​​ត​រថយន្ត​ដែល​កែច្នៃ​ក្នុងស្រុក ទាំង​រថយន្ត​របស់​ជ​ន​រងគ្រោះ​បើកបរ​លឿន​ពេក ដោយសារ​អ្នកបើកបរ​នៅ​ក្មេង​ទៀតផង ទើប​ជួបប្រទះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​មកដល់​ភ្លាមៗ​បែបនេះ ស្លន់ស្លោរ​គ្រប់គ្រង​បញ្ជា​យានយន្ត​មិនបាន កាច់​ច​ង្កូ​ច​គេច​ធ្លាក់​ប្រឡាយ​ខ្លួនឯង​តែម្ដង​"។​
​    ​
​ករណីនេះ​គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំមាន​វិធានការ​ណាមួយ​ទៅលើ​ម្ចាស់​ឡឥដ្ឋ ដែល​ប្រើ​ក្មេង​ជា​អនីតិជន​ដែល​ច្បាប់​ការពារ​នៅឡើយ​ទេ​។ ប៉ុន្តែ​ប៉ូលិស​ខេត្ត​ប៉ៃលិន បានចាត់ទុក​ករណីនេះ ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ហើយ ឃាត់​ទាំង​រថយន្ត​ដឹក​ពោត ចោទថា ជា​អ្នក​បង្កហេតុ​ទៀតផង​។ ពាក់ព័ន្ធ​ករណីនេះ អ្នកយកព័ត៌មាន​មិនអាច​ទំនាក់ទំនង​ម្ចាស់​ឡឥដ្ឋ តើ​មាន​ភាព​ទទួលខុសត្រូវ​បែបណា ចំពោះ​ការប្រើ​អនីតិជន​ក្នុង​ឡឥដ្ឋ​របស់គាត់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​វិធានការ​បែបណា​ទៅលើ​ម្ចាស់​ឡឥដ្ឋ​ទៅតាម​ផ្លូ​ច្បាប់​៕



Read more...

Thursday, August 22, 2013

ស្នងការ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​នគរបាល ចុះជួយ​ច្រូតស្រូវ ប្រឈម​ទឹកជំនន់​

0 comments
ប្រភព CEN : ខេត្តបន្ទាយមានជ័យ​: ​ស្នងការ ស្នងការរង​ខេត្ត​បន្ទាយ​មន​ជ័យ ដឹកនាំ​កម្លាំង​វរៈ​ការពារ​ព្រំដែន​៨៩១ និង​៩១១ និង​កម្លាំង​អធិការ​ស្រុក​អូរជ្រៅ ចំនួន ៣០០ នាក់ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ចុះជួយ​ច្រូតស្រូវ​បង្កើន​រដូវ​របស់​កសិក​រ ដែល​ប្រឈម​នឹង​ទឹកជំនន់​លិច​។​


មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ អះអាងថា ផលប៉ះពាល់ និង​ខូចខាត​ស្រូវ​ពី​ទឹកជំនន់ មកទល់​ឥឡូវនេះ បាន​ថយចុះ ព្រោះ​ទឹកជំនន់​បាន​ស្រក​ពីលើ​ផ្នែក​ខាង​ប្រទេស​ថៃ​។​
​    ​
​លោក ខេង ស៊ុម ស្នងការ​នគរបាល មានប្រសាសន៍​ថ្ងៃទី​២២ សីហា​ថា ចូលរួម​ដឹកនាំ​កម្លាំង​វរៈ​ការពារ​ព្រំដែន​ចំនួន​២ និង​អធិការ​មួយក្រុម ចុះជួយ​ច្រូតស្រូវ​បង្កើន​រដូវ (​ស្រូវប្រាំង​) របស់​កសិករ​នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ការ​ច្រូត​អាច​កើន ៧ ហិច​តា​ទៀត​។​

កសិករ​ម្ចាស់​ស្រែ​ម្នាក់ ដែល​ត្រូវបាន​អន្តរាគមន៍​ជួយ​ច្រូតស្រូវ អោយដឹងថា ពួកខ្លួន​បង្កើន​ផ្ទៃដី​ធ្វើ​ស្រូវ​បង្កើន​រដូវ (​ស្រូវប្រាំង​) ពូជ​សែន​ពិដោរ​, ពូជ ៨៥, ពូជ​អ៊ុយ​បុ​ង​... លើ​ស្រែ ព្រោះ​មាន​មហិច្ឆតា​ចង់បាន​ផល​បង្កើន​ជីវភាព ប៉ុន្តែ​បែរជា​ជួបនឹង​គ្រោះទឹកជំនន់​។ តែ​ពេលនេះ ពួកខ្លួន​និង​កសិករ​ខ្លះទៀត អរគុណ​ដល់ កម្លាំង​ប៉ូលិស​ទាំងអស់ ដែល​បាន​ចុះជួយ​ច្រូត​សង្គ្រោះ​ស្រូវ ត្រូវ​ទឹកជំនន់​ទឹកភ្លៀង​លិចលង់​ជ្រៅ​។ នេះ​បង្ហាញ​នូវ​មនោសញ្ចេតនា​ផ្សារភ្ជាប់​សុខទុក្ខ ជីវភាព​ប្រជាជន ដូចដែល​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ និង​បាន​ណែនាំ​មន្ត្រី​សម្ដេច​អោយធ្វើ​។ ប៉ុន្តែ​ទឹកជំនន់​នៅ​បន្ត​លិច​ចំណុច​ខ្លះ ក្នុង​ក្រុង​សី​រី​សោភ័ណ និង​មង្គល​បូរី ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​និង ដំណាំ​រួមផ្សំ​ផ្សេងទៀត​។​

ចំណែក​ប្រធាន​សមាគម​ស្រែប្រាំង​កម្ពុជា សាខា​ខេត្តបន្ទាយមានជ័យ និយាយថា កង្វល់​កសិករ​ធ្វើស្រែ​ប្រាំង (​ស្រូវ​បង្កើន​រដូវ​) នេះ ធំ​ជាង​ទឹកជំនន់​លិច គឺ​ស្រូវ​សើម​គ្មាន​ទីផ្សារ និង​តម្លៃ​យ៉ាង​ថោក​។ សមាគម​ទទួល​នូវ​ការអំពាវនាវ​ពី​អាជ្ញាធរខេត្ត និង​ជំនាញ អោយជួយ​ទម្លាក់​ទុនទិញ​ស្រូវប្រាំង​កសិករ ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​៕​





Read more...

មាន​ដឹង​ទេ​ថា​ឈុត ព្រីម លីហ្សា ស្លៀក​ទៅ​ទទួល​ពាន អា​ណា​ចក្រ​តា​រា មាន​តម្លៃ​ប៉ុន្មាន?

0 comments

ប្រភព Lookingtoday.com : ភ្នំពេញៈ ជាធម្មតាកញ្ញា ព្រីម លីហ្សា តែងតែសម្ញែងបង្អួតសម្លៀកបំពាក់ តម្លៃជិតខ្ទង់ម៉ឺន
ដុល្លារ ក្នុងការស្លៀកទៅចូលរួមកម្មវិធី នៅក្នុងសង្គមសិល្បៈដូចជា កម្មវិធីខួបកំណើត 
សម្ពោធហាងរបស់មិត្តសិល្បៈករជាដើម តែដោយឡែកឈុតខ្លី ដែលនាងស្លៀកទៅចូល
រួម ក្នុងកម្មវិធី “អាណាចក្រតារា” កាលពីពេលកន្លងទៅថ្មីៗនោះ គេមិនទាន់ដឹងថាមានតម្លៃ
ថ្លៃ ដល់កម្រិតណាហើយមានការច្នៃម៉ូដ និងទិញពីប្រទេសណានោះទេ ។
កញ្ញា ព្រីម លីហ្សា គឺជាតារាស្រីមួយរូបដែល មានភាពលេចធ្លោខ្លាំងទៅលើ ការប្រើប្រាស់
សម្ភារៈ និយមតម្លៃថ្លៃ ជាមួយសំលៀកបំពាក់ម៉ាកល្បីៗ ហើយកាលពីកម្មវិធី “អាណាចក្រ
តារា” ឆ្នាំមុន នាងបានគ្រងជាមួយរ៉ូបវែងឆែកត្រឹមភ្លៅ ពណ៌ស្លាបកំភេន ចំណាយលុយជិត
ខ្ទង់១ម៉ឺនដុល្លារ ក្នុងការស្លៀកពាក់តុបតែងខ្លួន ឲ្យមានភាពលេចធ្លោក្នុងកម្មវិធី រហូតធ្វើឲ្យ
តារាជាច្រើនរយនាក់ មានការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ថានាង ជាតារាមួយ
រូបដែលហ៊ានចំណាយធំ លើការស្លៀកពាក់ហ៊ឺហារដូចតារាបរទេស ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Looking TODAY កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ ស្រីស្អាត
វ័យក្មេងសិចស៊ី កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងថា ឈុតដែលនាងស្លៀកទៅចូលរួមកម្ម
វិធី “អាណាចក្រតារា” ឆ្នាំនេះ មិនបានកាត់និងច្នៃម៉ូដដូចរ៉ូបមុនៗទេ គឺនាងទិញស្រាប់ពីក្រៅ
ប្រទេស មកតែម្តងព្រោះនាងគិតថាឈុតនេះ ស្អាតទាក់ទាញប្លែកភ្នែក ដោយសារឆ្នាំមុននាង
ស្លៀកឈុត វែងដល់ឆ្នាំនេះផ្លាស់មកស្លៀកឈុតខ្លីប្លែកភ្នែកខ្លះដែរ ។
តារាស្រីស៊ីវិល័យ កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងទៀតថា “ ឈុតខ្ញុំស្លៀកទៅចូលរួមកម្ម
វិធីនោះ មានតម្លៃមិនសូវថ្លៃដូចឆ្នាំមុនទេ ឈុតខ្លីខ្ញុំស្លៀកចូលរួមកម្មវិធី កាលពីថ្ងៃទី១៥ ខែ
សីហា នោះតម្លៃត្រឹមតែ ៤៥០០ដុល្លារ ហើយសម្រាប់ស្បែកជើងម៉ាកល្បី ដែលខ្ញុំពាក់ទៅចូល
រួមនោះ មានតម្លៃជិត២ពាន់ដុល្លារ ចំណែករឿងខ្សែដៃកាបូប និងគ្រឿងតុបតែងខ្លួនមួយចំនួន
ទៀត ខ្ញុំសុំមិននិយាយទេ ព្រោះខ្លាចគេថាខ្ញុំអួត ” ។
ជាមួយគ្នានោះដែរ កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងផងដែរថា សម្រាប់ឈុតនាងស្លៀក
ចូលរួមកម្មវិធីនេះនាងគិតថាជាឈុតសាមញ្ញធម្មតាៗ នាងមិនចង់និយាយពីតម្លៃ ឈុតស្លៀក
ពាក់ទេ ព្រោះថាជារឿយៗតែងតែត្រូវគេសរសេរ វាយប្រហារនាងថាចូលចិត្ត អួតរឿងស្លៀក
ពាក់ ។
ប៉ុន្តែនាងមិនខ្វល់ទេហើយពេលនេះនាងកំពុង តែចាប់ផ្តើមមមាញឹកជាមួយការងារ ក្នុងពេល
ឆាប់ៗខាងមុខនេះ នាងក៏ត្រៀមថតរឿងថ្មីមួយ ឲ្យផលិតកម្មក្នុងស្រុក ហើយនាងក៏ទើបតែ
ថតបញ្ចប់ ជាមួយបទចម្រៀងកាយវិការខារ៉ាអូខេ ឲ្យផលិតកម្មសាន់ដេ ទើបតែចប់ ៕





Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន