Friday, February 5, 2010

0 comments

ច្បាប់ល្បើកថ្មី

បទកាកគតិ



ខែចែត្រឆ្នាំច ចត្វាស័កក

ក៏គិតកាព្យថ្មី លើកច្បាប់ប្រដៅ

កូនចៅប្រុសស្រី តួចក្តីធំក្តី

ចូរស្តាប់គ្រប់គ្នា ។

 

ត្បិតមនុស្សឥឡូវ យកខុសជាត្រូវ

យកឆ្កួតធើ្វជា អំពើអាក្រក់

ឡឹកឡក់លីលា ​ ព្រហើនពានពារ

អាងមាសអាងប្រាក់​។


អាងព្រើលអាងប្រាជ្ង អាងកោងអាងកាច

អាងកាប់អាងចាក់ អាងជើងអាងដៃ​

អាងវាយអាងធាក់ អាងគុកច្រវាក់

អាងម៉ាស៊ីនកាត់ក ។

 

អាងសុទ្ធតែខុស កូនអើយចាំចុះ

អាងនោះមិនល្អ អ្នកគិតអោយល្អិត

ត្បិតស្រុកលោកក្រ ប្រមាណដំណ

តទៀតទៅមុខ ។

 

អ្នកជឿពាក្យចាស់ ជឿចាំអោយច្បាស់

កុំធ្វើបំពា អ្នកហ៊ានស្បែកដាច

អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ

កុំយកខ្លួនបៀត ។​​​

 

ឃើញឬកគេល្អ​ ទោះមានឬក្រ

យកគេជាញាតិ គួររាប់អ្នកក្រៅ

ផៅអ្នកឯទៀត​ តាមរើសមារយាទ

សុចរិតត្រឹមត្រួវ ។

 

រៀនបទរៀនបាទ កុំកោងហួសខ្នាត

កុំភ្លាត់ហួសផ្លួវ កុំភើ្លនភ្លេចម៉ែ

កុំប្រែប្រួសឪ​​ ឃើញចាស់សក់ស្កូវ

កុំសូវមើលងាយ ។

 

របស់ឬ​ទ្រព្យ ដែលជាសំអប់​

កុំបាច់សំអាត ទ្រព្យណាចំណេញ

អស់អញឪហាត ចូរចៅសង្វាត

ជួយថែរក្សា ។

 

កុំជិះកុំជាន់ ស្មៅផ្ទីអាមច៏មាន់

ពាក្យចាស់ឧបមា បុរាណហៅផ្ទី

ពីរបីប្រការ កុំស៊ីត្រង់ណា

ជុះដាក់ត្រង់នឹង​ ។


សាច់សារលោហិត​​ កុំផ្តួលផ្តេតផ្តិត

ផ្តួចទោសកើតប្តឹង អាពុកផ្តែផ្តាំ

ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង

នឹងស្បែកខាងក្រៅ ។


សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន

ប្រពន្ធកូនចៅ សរសៃនឹងស្បែក

ចែកជាញាតិផៅ ខ្ញុំស្រខាងក្រៅ

ជាស្មៅអាមច៏មាន់ ។

.............................។


កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ

កុំប្រែក្រលាស ក្រលេកមើលគុណ

ទន់ភ្លន់សំពះ កុំធើ្វអ្នកណាស់

កុំត្មះអ្នកក្រ ៕

  

អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ត

គ្រូសូត្រអក្សរ កុំចាប់ដៃទាញ

គំនាប់ងក់ក កុំជជែកត

ស្មើមិត្រសំលាញ់ ។

 

រាស្ត្ររត់ចូលជ្រក កុំថាគេថោក

កុំអើឯងអញ ពាក្យពុំពិរោះ

គេកើតមួក្នាញ់ គេដៀលផ្ទាល់ផ្ទាញ់

អន្តរាយកេរ្តិ៏ឈ្មោះ ។


កុំឆ្មើងអាងបុណ្យ ស្រដីអោយទន់

ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង

នឹងឡើងស័ក្តយស កុំឆ្លៀតនាំឈ្មោះ

ញុះញង់អ្នកធំ ។

 

កុំស្តាប់អ្នកតួច បើឃើញគ្នាខួច

កូចគិតប្រមុំ ទោសគ្នាតិចតួច

ផ្តួចឡើងជាធំ ផ្សែងពូតជាដុំ

ផ្តុំឆេះជាភ្លើង ។

 

តាំងពីឆ្នាំច ចាំជាដំណ

ទំនិញឡើងថ្លៃ ចងក្បិនអោយតឹង

ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ

កុំអោយក្រខ្សត់ ។

 

បើចង់ស្រាលខ្លួន រៀនសួត្រអោយមួន

អោយមាំអោយស្ទាត់ កុំចេះស្ទាក់ស្ទើរ

ល្ងីល្ងើឥតបទ បើចេះប្រាកដ

ប្រាក់រត់តាមហៅ​។

 

កុំថ្មមកំលាំង កាប់ជីកចូកចាំង

កុំថារងាក្តៅ រៀនអ្វីអោយឆ្អិន

កុំអោយខ្លោចឆៅ កុំដេកតែខ្លៅ

ក្រក្រៅសណ្តាប់ ។


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន