Tuesday, February 9, 2010

0 comments

ច្បាប់កេរកាលថ្មី



     
នេះបទព្រហ្មប្រាជ្ងប្រាយ​ ខ្ញុំអធិប្បាយលើកល្បត់ល្បង

ប្រដៅកូនចៅផង ចងជាច្បាប់ខុសនិងត្រូវ ។

កត្តិកខ្នើតគ្នេរគ្នាន់ ក្នុងវស្សន្តរដួវ

ទឹកស្រែជន់លេចស្រូវ នៅសំណល់សំណាបខ្ជី ។

កេរកាលពីព្រេងព្រឹទ្ធ ដើមគំនិតគិតលកលៃ

ខ្ញុំលើកកេរកាលថ្មី ចែងសេចក្តីជាបរមត្ត ។

ក្នុងថ្ងៃពេញបូណ៏មី ​ ម៉ោង៨ព្រលបើស្ងាត់

ឆ្នាំចចក្វាក្សត្រ ផាត់សករាជកន្លងឆ្ងាយ​​ ។

សាសនាព្រះសមណ បាន ២៤០០ បា្លត

៦៥ចាំចាយ ចាត់អធិប្បាយពីខុសត្រូវ ។

កូនអើយពាក្យឪពុក ជាទំនុកទំនើបថ្មី

អភិប្រាយរាយបាលី ឪពុកស្តីអោយកូនស្តាប់​​ ។

គួរស្តាយកេរ្តិ៏ម៉ែឪ កិរិយាត្រួវអោយខំត្រាប់

កិរិយាណាខុសច្បាប់ គួរក្រលាប់ក្រលាស់ចោល ។

ម្តាយឪពុកនឹងកូន បីដួចខ្លួននិងស្រមោល

ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ ។

ល្ងង់ខ្លៅត្រូវតែសួរ ពាក្យអោយគួរកុំអោយស៊ុន

យកពាក្យផ្អែមជាមុខ ទន់លំទោនអោនប្រណិប័តន៏ ។

ទោះម៉ែឪស្លួតកាច គួរតែខ្លាចត្រួវប្រតិប័តន៏

ម្តាយជេរពីរបីមាត់ គួរតែស្ងាត់ស្ងៀមអោយឈឹង ។

ប្រដៅត្រូវតែស្តាប់ យកតំរាប់កុំទទឹង

ម្នោម្នះចចេសរឹង នឹងហើយហៅកូនសេសកម្ម ។

............ ............ ។
​​ជាតិមនុស្សទោះខ្ពស់ទាប មិនចោលភាពពីម៉ែឪ

ពាក្យមនុស្សវែងជាផ្លួវ ស្រូវច្រើនខូបខូចអង្ករ ។

របស់ទ្រព្យថោកថ្លៃ ទុកសំចៃលៃអោយល្អ

អងអាងពាងក្រឡ ត្រដរទិញកុំអោយខ្វះ ។

កើតមកខ្លួនជារាស្រ្ត ក្រប្រាក់មាសអោយមានខ្ញាស

សារពើគ្រឿងប្រើប្រាស់ អោយមានចាស់អោយមានថ្មី ។

ពូថៅដឹងកាំបិត ពន្លាកខ្វិតចបវែងខ្លី

ខ្សែសេះគោក្របី ឬស្សីផ្តៅកាច់សង្រែក ។

ការងាយកុំអោយក្រ អាក្រក់ល្អមានដោយឡែក

ថ្ងៃនេះរបេះបាក់បែក ស្អែកខំរើធើ្វអោយឆាប់ ។

ឈ្មោះការប្រើលើដី កុំចាំស្រីតឿប្រើប្រាប់

អោយមានគ្រប់ប្រដាប់ សម្រាប់រាល់អោយសល់ប្រើ​​​​ ៕
កុំខ្ជិលល្ងង់ខ្លៅពេក អោយចេះដេកអោយចេះដើរ

ចេញសព្វគ្រប់ប្រសើរ កុំចង់ហើរហួសភាពខ្លួន ។

ចង់ក្តីអោយរៀនច្បាប់ រស់នឹងស្លាប់អោយចេះក្បួន

ចេះអ្វីចេះអោយមួន កុំបន្លំផ្សំនឹងគេ ។

កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ

ខំរកកុំទំនេរ រេរៀនរិះចេះអោយគ្រប់ ។

ជាតិមនុស្សទោះប្រុសស្រី រាស្រ្តមន្រ្តីជាធម្មតា

ពេលព្រឹកតែងឧស្សាហ៏ ថ្ងៃក្តៅល្អាខ្ជិលល្អិតឆ្អឹង ។

ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង

ការអ្វីអោយចេះថ្លឹង កុំប្រឹងជុះតាមដំរី ។

សំលឹងមើលអោយសព្វ បើនឹងស្អប់កុំអាលបាញ់

ក្តីឈ្នះគេចុះចាញ់ កុំក្នាញ់តាមផ្តនា្ទទៀត ។

បើខឹងកុំរំលោភ បើនឹងលោ្មភអោយល្មមមាត់

កុំរមាស់ក្រែងភ្លាត់ស្នៀត វាតហួសវង់ផុតគំនិត ។

ដាំដូងអោយខំថែ ចង់បានផ្លែអោយដុតគល់

បើជួនសំណាងដល់ រវល់តែឆ្ងាញ់ពិសា ។

ប្រាជ្ងប្រិតប្រៀនប្រដៅ ចូរញាតិមិត្តពិចារណា

រំពឹងក្នុងប្រាជា្ញ ស្រាយបញ្ហានេះអោយដឹង ។

នេះច្បាប់កេរកាលថ្មី អស់សេចក្តីតែប៉ុណ្ណឹង

កូនប្រុសអ្នកខំប្រឹង សំលឹងចាំតទៅមុខ ៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន