Rotha Company
 
Showing posts with label Economic News in Cambodia. Show all posts
Showing posts with label Economic News in Cambodia. Show all posts

Tuesday, June 17, 2014

លោក​ស ខេង នាយករដ្ឋ​មន្ត្រី​ស្តីទី​ប្រគល់​សញ្ញាបត្រ​​ដល់​និស្សិត​វិទ្យា​ស្ថាន​ស៊ីតិក​

0 comments
រាជធានីភ្នំពេញ ៖ ​លោក​ ស​ ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី​ បានអញ្ជើញ​ជា​គណៈ​អធិបតី​ក្នុងពីធី​ប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ថ្នាក់​បរិញ្ញា​បត្រ និងបរិញ្ញា​បត្រជាន់ខ្ពស់​នៃវិទ្យាស្ថាន​សុីតិក​ចំនួន១.៥៧៤នាក់ កាលពីវេលា​ព្រឹកថ្ងៃទី​១៧ ​មិថុនា ​២០១៤ នេះ ​ដែលរៀបចំឡើង​នៅ​​សាល​ប្រជុំវិទ្យាស្ថាន​ជាតិអប់រំ ស្ថិត​ក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ។



នាយក​រដ្ឋមន្ត្រីស្តីទី​ថ្លែង​ក្នុងពិធីនោះថា​ ការ​បញ្ចប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​និងបរិញ្ញាបត្រជាន់ខ្ពស់​ប្រកបដោយ​ជោគជ័យ​របស់​និស្សិត​នៃ​វិទ្យាស្ថាន​សុីតិកនេះ សបញ្ជាក់ឱ្យ​ឃើញ​ថា វិទ្យា​ស្ថាន​សុីតិកសម្រេច​បានស្នាដៃ​ដ៏ធំធេង​ក្នុងការលើក​កម្ពស់គុណ​ភាព​បណ្តុះ​បណ្តាល និងអភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​ប្រទេ​សជាតិ ស្របតាមគោល​នយោបាយ​អប់រំ បណ្តុះបណ្តាល​របស់ក្រសួង​អប់រំ យុវជន និងកីឡា ដែល​រាជរដ្ឋាភិបាលជានិច្ចកាលតែង​តែ​​យកចិត្តទុក្ខដាក់ខ្ពស់​ដល់​ការកសាង​ជំនាន់យុវវ័យសម្រាប់​បន្តវេន ។
តាងនាម​រាជរដ្ឋាភិបាលកម្ពុជា​ តាងនាម​សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​ក្នុង​នាម​លោកផ្ទាល់ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់ដឹកនាំ​សាស្ត្រាចារ្យ​ បុគ្គ​លិកវិទ្យាស្ថាន​សុីតិក ដែលបាន​ប្រឹង​ប្រែង​បំពេញ​ការងារ​តាមតួនាទី និងភារកិច្ចរៀងៗ​ខ្លួន ជាពិសេសសូមថ្លែងនូវក្តីសរ​សើរដោយស្មោះ​ចំពោះក្មួយៗ​និស្សិតជ័យ​លាភីទាំង​អស់​ដែលខិត​ខំរៀនសូត្រ និងគោរព​វិន័យរបស់វិទ្យាស្ថាន​រហូតទទួលបាននូវ​ចំណេះដឹងសមតា​មបំណង​ប្រាថ្នា ។
Read more...

Thursday, December 26, 2013

គ្មាន​ការ​លើក​ឡើង​ពី​បញ្ហា​អង្ករ​កម្ពុជា​នៅ អឺរ៉ុប ទេ

0 comments
អង្ករដែលដាក់​លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ​។ អង្ករកម្ពុជា​ភាគច្រើននាំចេញ​ទៅ​សហភាព​អឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​លើក​ឡើង​ថា អង្ករ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អ៊ឺរ៉ុប​ត្រូវ​បាន​លាយ​ជាមួយ​អង្ករ វៀតណាម នោះ​ទេ។
តំណាង​មួយ​រូប​របស់​សហភាព​អឺរ៉ុប (EU) កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា លោក Karel De Gucht ប្រធាន​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​ប្រាប់​ក្រសួង ពាណិជ្ជកម្ម​កម្ពុជា​ថា អង្ករ​កម្ពុជា​មាន «៣០ ភាគរយ» លាយ​ជាមួយ​អង្ករ​ពី​ប្រទេស វៀតណាម ទេ។
ការ​អះអាង​បែប​នេះ​បន្ទាប់​ពី​មាន​ក្តី​បារម្ភ​ថា កម្ពុជា​អាច​បាត់​បង់​ការ​ទទួល​បាន​ការ​អនុគ្រោះ​ចូល​ក្នុង​ទីផ្សារ​ធំ​ជាង​ គេ​បំផុត​របស់​ខ្លួន​មួយ​នេះ។
លោក John Clancy អ្នក​នាំ​ពាក្យ​ប្រធាន​ពាណិជ្ជកម្ម បាន​បញ្ជាក់​ពី​ការ​ពន្យល់​របស់​លោក Gucht កាល​ពី​ម្សិលមិញ​តាម​អ៊ីមែល​ពី​ទីក្រុង ប៊ែរឡាំង មក​ថា មិន​មាន​តួលេខ​ត្រូវ​បាន​គេ​ធ្លាប់​លើក​ឡើង​ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​ អង្ករ​កម្ពុជា​នោះ​ទេ។
លោក Clancy បាន​ថ្លែង​ថា៖ «ទេ! គាត់​មិន​បាន​ធ្វើ​ទេ។ គាត់​មិន​បាន​និយាយ​ពី​តួលេខ​នេះ​ទេ។ ប៉ុន្តែ​គាត់​ពិត​ជា​បាន​និយាយ​ថា កម្ពុជា​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អ​នូវ​អង្ករ​ដែល​ខ្លួន បាន​នាំ​ចេញ​គឺ​ពិត​ជា​អង្ករ​កម្ពុជា និង​មិន​មក​ពី​ទី​ណា​ផ្សេង​នោះ​ទេ»។
ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ជាង ៣៣២ ០០០ តោន ស្ទើរ​តែ​កើន​ឡើង​ពីរ​ដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល មាន ១៧១ ពាន់​តោន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​ជា​សាធារណៈ​របស់​ ឧស្សាហកម្ម Oryza ដោយ​បាន​ស្រង់​សំដី​ប្រធាន​ពាណិជ្ជកម្ម​សភា​អឺរ៉ុប​ថា កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​កម្មវិធី «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA)» ជាមួយ EU។
កម្ពុជា មិន​ដូចជា វៀតណាម នោះ​ទេ អត្ថ​ប្រយោជន៍​បាន​ពី​កិច្ច​ព្រម​ព្រៀង EBA ជាមួយ EU ដែល​ផ្ដល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវ​ការ​នាំ​ចេញ​ដោយ​មិន​គិត​ពី​កូតា និង​មិន​គិត​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស អឺរ៉ុប។
ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​សហភាព​អឺរ៉ុប​មាន​ជាង ៦០ ភាគរយ ឬ ២០ ម៉ឺន តោន ដូច​គ្នា​នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និង​អាល្លឺម៉ង់ បាន​នាំ​ចូល​ជាង ៤៧ ភាគរយ​នៃ​តួលេខ​សរុប។
លោក Jean-Francois Cautain គណៈ​ប្រតិភូ និង​ជា​អគ្គ​រដ្ឋ​ទូត EU ប្រចាំ​នៅ កម្ពុជា បាន​ថ្លែង​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នឹង​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ដោយ​សារ​ វិស័យ​នេះ​និង​ប្រទេស EU ដែល​កំពុង​ផលិត​អង្ករ​មាន​បញ្ហា​រសើប​ចំពោះ​ការ​បង្កើន​ការ​នាំ​ចូល និង «ការ​រំខាន​ទីផ្សារ​ដ៏​មាន​សក្ដានុពល​នេះ»។ លោក​បន្ត​ថា៖ «ទាក់​ទង​នឹង​ប្រភព​ដើម​នៃ​អង្ករ​កម្ពុជា​គួរ​តែ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​ លេញ។ EU កំពុង​ទាក់​ទង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្ដី​ពី​បញ្ហា​នេះ»។
លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ដោយ​សារ​ ការ​បារម្ភ​ថា ការ​ផ្លាស់​ប្តូរ​ឋានៈ EBA របស់​ប្រទេស​អាច​មាន​ផល​វិបាក។ លោក​បន្ត​ថា៖ «យើង​ចាំ​បាច់​ត្រូវ​រក​ប្រភព​បញ្ហា​រក​ភ័ស្ដុតាង​រឹងមាំ និង​ចាត់​វិធានការ​កែតម្រូវ»។
លោក​លើក​ឡើង​ថា៖ «ការ​លុប​ចោល EBA របស់​ប្រទេស​អាច​មាន​ផល​ប៉ះពាល់​គ្រោះថ្នាក់​លើ​វិស័យ​អង្ករ​ទាំង​មូល​ក្នុង ​ការ​នាំ​ចេញ​ពេល​អនាគត​ទៅ EU។ មោទនភាព​របស់​យើង​ក្នុង​ឋានៈ​ជា​ប្រទេស​នាំ​ចេញ​កំពុង​រីក​ចម្រើន​មួយ ទំនុក​ចិត្ត​របស់​យើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម យីហោ របស់​យើង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ថ្នាក់​ពិភពលោក ហើយ​យើង​ទំនង​ជា​មិន​អាច​សម្រេច​បាន​ទិសដៅ​នាំ​ចេញ​អង្ករ ១ លាន​តោន​នៅ ឆ្នាំ ២០១៥»។
សម្ព័ន្ធ​អ្នក​ផលិត និង​នាំ​ចេញ​អង្ករ​កម្ពុជា (ARPEC) និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា​ទាំងអស់​បាន​ធ្វើ​កំណត់​ត្រា​ពី​ការ​ បារម្ភ​នេះ​ថា នឹង​អាច​ចុះ​ហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​ជាមួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បី​គ្រប់​គ្រង​ការ​នាំ​ចេញ​ដោយ​ខ្លួន​ឯង។
លោក វ៉ាន់ ដេវីត លេខាធិការ​រង​របស់ ARPEC និយាយ​ថា ការ​បារម្ភ​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ Oryza គឺ​ក្រៅ​ផ្លូវ​ការ និង​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​ពាក្យ​ចចាម​អារ៉ាម​នៅ​ក្នុង​រង្វង់ «មជ្ឈដ្ឋាន​របស់ EU»។
លោក​បន្ត​ថា៖ «យើង​នៅ​តែ​រង់ចាំ​មើល ដល់​មាន​ភ័ស្ដុតាង​ច្បាស់​លាស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ EU យើង​ពិត​ជា​មិន​អភ័យទោស​ដល់​ការ​អះអាង​របស់​ពួកគេ​នោះ​ទេ»។ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បង្ហាញ​ថា អង្ករ​កម្ពុជា​មួយ​ចំនួន​អាច​ត្រូវ​បាន​លាយ​ក្នុង​អំឡុង​ឆ្លង​កាត់​រោង​ ម៉ាស៊ីន​កិន​ស្រូវ វៀតណាម លោក វ៉ាន់ បាន​និយាយ​ថា​ការ​កែច្នៃ​ខាង​ក្រៅ​ប្រទេស​មិន​មាន​ន័យ​ថា អង្ករ​ដើម​ពីរ​ប្រភេទ​ត្រូវ​បាន​គេ​លាយ​គ្នា​នោះ​ទេ លោក បន្ថែម​ថា ការ​ផ្គត់​ផ្គង់​រយៈ​ពេល​ខ្លី​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ កម្ពុជា បាន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ បញ្ជូន​ស្រូវ​របស់​ពួកគេ​ទៅ​ប្រទេស វៀតណាម សម្រាប់​កិន។
លោក​បញ្ជាក់​ថា៖ «កម្ពុជា​មិន​មាន​ទុន​ដើម្បី​បង្កើត​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​ ចាំបាច់​ក្នុង​ការ​រក្សា​បាន​នឹង​សមត្ថភាព​នោះ​ទេ។ ប៉ុន្តែ​ការ​ដាំ​ដុះ​ស្រូវ ការ​ប្រមូលផល ការ​កិន​ស្រូវ និង​ការ​នាំ​ចេញ​នៅ​ក្នុង​ប្រទេស កម្ពុជា គឺ ១០០ ភាគរយ​ជា​ផលិតផល​របស់​យើង»៕PB
Read more...

Thursday, December 19, 2013

ជំរុញ​ឲ្យ SME ពង្រឹង​ខ្លួន​សម្រាប់ ២០១៥

0 comments
ប្រភពពី Postkhmer.com : ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត​បាន​អំពាវនាវ​ឲ្យ​សហគ្រាស​ ក្នុង​ស្រុក​ពង្រឹង​គុណភាព និង​បង្កើន​ផលិតភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លំហូរ​ផលិតផល​ក្រៅ​ស្រុក​ពេល​សមាហរណកម្ម​ សេដ្ឋកិច្ច​អាស៊ាន​ដែល​ចូល​មក​ដល់​នៅ​ឆ្នាំ ២០១៥។
ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តី​ពី​ប្រព័ន្ធ​គ្រប់​គ្រង សុវត្ថិភាព ម្ហូប​អាហារ​បែប​ទំនើប​កាល​ពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ។
ការ​ចូល​មក​ដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥ មាន​ន័យ​ថា ទំនិញ​ក្នុង​ប្រទេស​អាស៊ាន​ទាំង ១០ និង​ត្រូវ​ចរាចរ​កាត់​ព្រំដែន​ដោយ​មិន​ជាប់​ពន្ធ។
រដ្ឋ​មន្ត្រី​ក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល លោក ចម ប្រសិទ្ធ យល់​ថា វា​ជា​ឱកាស ប៉ុន្តែ​បាន​ចោទ​សួរ​ថា តើ​ទំនិញ​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ការ​បញ្ជូន​ទៅ​ក្រៅ​ស្រុក​ហើយ ឬ​នៅ ខណៈ​ចង្វាក់​ផលិតកម្ម​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាំង​គុណភាព និង​ស្តង់ដារ​នៅ​ឡើយ​នោះ។
លោក​ថ្លែង​ថា៖ «កិច្ចការ​ដែល​យើង​ត្រូវ​ប្រឹង​ប្រែង​គឺ​សហគ្រាស​របស់​យើង​ត្រូវ​ចាប់ផ្តើម​ ពង្រឹង​ខ្លួន​យើង​ពី​ឥឡូវ​ទៅ​បង្កើន​ផលិតភាព​របស់​យើង បង្កើន​ភាព​ប្រកួត​ប្រជែង ពី​ឥឡូវ​ទៅ​ទើប​បាន»។ លោក​បាន​បង្ហាញ សុទិដ្ឋិនិយម​ថា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ទំនិញ​កម្ពុជា​អាច​ពង្រឹង​ខ្លួន​ដើម្បី​ទៅ​ប្រកួត​ប្រជែង​បើ​សហគ្រាស​ក្នុង​ ស្រុក​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ និង​ការ​ផលិត​របស់​ខ្លួន។
យោង​តាម​លោក ចម ប្រសិទ្ធ សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ ៩៩ ភាគរយ​នៃ​ចំនួន​សហគ្រាស និង​ឧស្សាហកម្ម​ទូទាំង​ប្រទេស ដែល​ភាគ​ច្រើន​នៅ​មាន​កម្រិត​ក្នុង​សមត្ថភាព​ផលិត​នៅ​ឡើយ។
លោក ហ៊ឹម ផានិត មន្រ្តី​ជំនាញ​នៅ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​កម្ពុជា (NPCC) បាន​ឲ្យ​ដឹង​ថា នៅ​មាន​ឧបសគ្គ​ច្រើន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា។ លោក​បន្ត​ថា មាន​ក្រុមហ៊ុន​ច្រើន​ដែល​ចង់​ទទួល​វិញ្ញាបនបត្រ HACCP និង ISO 22000 ប៉ុន្តែ​មាន​កត្តា​បី​ដែល​រារាំង​អ្នក​ផលិត​ក្នុង​ការ​ទទួល​បាន​ វិញ្ញាបនបត្រ និង​អនុវត្ត​ឲ្យ​សមស្រប​តាម​ស្តង់ដារ។
លោក​បន្ថែម​ថា៖ «បញ្ហា​ទី​មួយ​គឺ​ធនធាន​មនុស្ស​ដោយ​សារ​សហគ្រាស​ភាគ​ច្រើន​អនុវត្ត​ជា​ គ្រួសារ​។ ទីពីរ គឺ​ទុន​វិនិយោគ​សម្រាប់​កែលម្អ​ស្ថានភាព​បច្ចុប្បន្ន​ស្រប​តាម​ស្តង់ដារ​មាន ​ដូចជា ការ​កែលម្អ ការ​សង់​អគារ​ឡើង​វិញ ការ​បាំង​បន្ទប់​ការ​ដាក់​កញ្ចក់ និង​ដំឡើង​សម្ភារ​មួយ​ចំនួន។ វា​តម្រូវ​ឲ្យ​មាន​ទុន​វិនិយោគ និង​ជា​ចុង​ក្រោយ គឺ​កង្វះ​អ្នក​ផ្គត់​ផ្គង់​ជំនាញ​ទៅ​ដល់​ក្រុមហ៊ុន​ដោយ​សារ​អ្នក​ជំនាញ​មាន​ តិច​ជាង​ចំនួន​សហគ្រាស»។
ដើម្បី​នាំ​ផលិត​ផល​ម្ហូប​អាហារ​ចេញ​ទៅ​ក្រៅ​ស្រុក​បាន​សហគ្រាស​ឬ​ ក្រុមហ៊ុន​ផលិត​ត្រូវ​ការ​វិញ្ញាបនបត្រ​បញ្ជាក់​ថា ទំនិញ​ដែល​នាំ​ចេញ​នោះ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ​ ឡើយ។
Ly Ly Food Industry គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បី​នៅ​ក្នុង​ឧស្សាហកម្ម អាហារ​ដែល​ទទួល​វិញ្ញាបនបត្រ HACCP ដែល​ទទួល​ជំនួយ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​កម្ពុជា (NPCC) និង​អង្គការ​ផលិតភាព​អាស៊ី (APO)។ លោក​ស្រី កែវ មុំ ជា​អគ្គ​នាយក​របស់​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា ដើម្បី​បាន​វិញ្ញាបនបត្រ HACCP នេះ គឺ​វា​ទាមទារ​ពេល​វេលា និង​ទុន​វិនិយោគ។
លោក ចម ប្រសិទ្ធ ថ្លែង​ថា សហគ្រិន​ក្នុង​ស្រុក​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ឈរ​ជើង ឲ្យ​ជាប់​ក្នុង​ទីផ្សារ​រួម​របស់​អាស៊ាន។ លោក​បាន​បន្ត​ថា៖ «ក្នុង​ការ​ប្រកួត​ប្រជែង​សកល​មាន​តែ​អ្នក​ខ្លាំង​អ្នក​ពូកែ​ប៉ុណ្ណោះ​ដែល​ នឹង​រស់»។
នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​សរុប​ចំនួន ៥០៥ ១៣៤៕ PB
Read more...

Thursday, November 28, 2013

មន្ត្រី​បារម្ភ​ពី​ផល​ប៉ះពាល់​ទេសចរណ៍

0 comments
ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនាប្រាសាទអង្គរវត្តនា​ពេលកន្លងមក​ ។ ខែក្រោយ​បក្សប្រឆាំង​ គ្រោង​នឹង​ធ្វើបាតុកម្ម​នៅ​តំបន់មុខ​អង្គរវត្ត​​។ រូបថត ហេង ជីវ័ន
ប្រភពពី Postkhmer.com : ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ផល​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស ​នៅ​ខែ​ក្រោយ​នៅ​ខេត្ត សៀមរាប។
រដ្ឋ​មន្ត្រី​ក្រសួង ទេសចរណ៍ លោក ថោង ខុន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ ១០ ធ្នូ អាច​នឹង​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អ្នក​ជំនួញ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត សៀមរាប បើ​បាតុកម្ម​នោះ​មិន​ដំណើរការ​តាម​អ្វី​ដែល​បាន​ចែង​ក្នុង​ច្បាប់។
លោក​ថ្លែង​ថា៖ «មាន​គេ​ប្រាប់​ខ្ញុំ​ដែរ​ថា មាន Tour ទេសចរណ៍​ខ្លះ ត្រូវ​លុប​ការ​ធ្វើ​ដំណើរ​វិញ ជា​ពិសេស​ខាង វៀតណាម គេ​អត់​មក​ទេ។ នៅ​ទូទាំង​ប្រទេស ភ្ញៀវ​វៀតណាម​មាន​ចំនួន​ច្រើន​ទី​មួយ​មក​ទស្សនា​កម្ពុជា»។
គណៈបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ភ្លាមៗ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​បាន​រៀបចំ​កាល​ពី​ ថ្ងៃ ទី២៨ កក្កដា ដោយ​លើក​ហេតុផល​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ហើយ​ស្នើ​សុំ​ឲ្យ​ មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស្វែង​រក​ការ​ពិត​ចេញ​ពី​ភាព​មិន ​ប្រក្រតី​ទាំង​នោះ។ ចាប់​ពី​ពេល​នោះ​មក​គណៈបក្ស​ប្រឆំាង​មួយ​នេះ​ក៏​បាន​រៀបចំ​ធ្វើ​បាតុកម្ម​ ជាច្រើន​ដង​នៅ​រាជធានី​ភ្នំពេញ​កន្លង​មក។
ឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​ថា ការ​ធ្វើ​បាតុកម្ម​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ភ័យ​ខា្លច​មិន​ហ៊ាន​ចូល ទស្សនា​ប្រទេស​កម្ពុជា​នោះ លោក​ស្រី កែ សុវណ្ណរតន៍ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត សៀមរាប និយាយ​ថា មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អហិង្សា។
លោក​ស្រី​បន្ត​ថា៖ «វា​អាច​បង្ក​ទៅ​ជា​ហិង្សា​ឬ​អត់​គឺ​អាស្រ័យ​លើ​នគរបាល​និង​អាជ្ញាធរ។ ប្រសិន​បើ អាជ្ញាធរ​និង​នគរបាល​មិន​បង្ហាញ​អំពើ​ហិង្សា​ឬ​សាច់​ដុំ​ដាក់​ប្រជា​ពលរដ្ឋ និង​ក្រុម​បាតុករ​នោះ ការ​ប្រមូល​ផ្ដុំ​តវ៉ា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ហិង្សា​អ្វី​ទាំង ​អស់»។ លោក​ស្រី​លើក​ឡើង​ថា ការ​បង្ហាញ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ ដែល​ជា​មូលហេតុ​បំភ័យ​ភ្ញៀវ​ទេសចរ​នោះ។
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​លើក​ឡើង​ថា វិស័យ​ឯកជន​កំពុង​ព្រួយ​បារម្ភ​ទាក់​ទង​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​រៀបចំ​ បាតុកម្ម​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ទំហំ​ប៉ះពាល់​ជាក់​ស្តែង​ថា នឹង​មាន​កម្រិត​ប៉ុន​ណា​នៅ​ឡើយ​ទេ លុះ​ត្រា​ដឹង​ច្បាស់​ពី​ទីតាំង​ជាក់​លាក់​ដែល​នឹង​រៀបចំ​ពី​ព្រឹត្តិការណ៍​ នេះ​ជា​មុន​សិន​។
លោក​បន្ត​ថា៖ «នៅ​ពេល​ដែល​មាន​បញ្ហា​គ្រប់ៗ​គ្នា​គួរ​តែ​អង្គុយ​ជាមួយ​គ្នា​ហើយ​ស្វែង​រក​ ដំណោះស្រាយ​រួម​មួយ​ដើម្បី​ឈ្នះៗ​សម្រាប់​ទាំង​អស់​គ្នា»។ លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​មក​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ នយោបាយ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ពាល់​អវិជ្ជមាន​ណា​មួយ​ដល់​បរិយាកាស​ ពាណិជ្ជកម្ម។
សៀមរាប​គឺជា​ទិសដៅ​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា​ដែល​កំពុង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ភ្ញៀវ​ទេសចរ​មក​កាន់​សៀមរាប​បាន​កើន​ឡើង​ដល់ ១,៧ លាន​នាក់​នៅ​ក្នុង​រយៈ​ពេល ១០ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។ មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​កំណត់​ទី​តាំង​ធ្វើ​ បាតុកម្ម​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​លោក ថោង ខុន ការ​ប្រមូល​ផ្តុំ​ទំនង​ជា​ត្រូវ​រៀបចំ​នៅ​តំបន់​មុខ​ប្រាសាទ អង្គរ​វត្ត៕ PB


Read more...

Wednesday, November 20, 2013

ទេសចរ​សម្រុក​ទៅ​បណ្តា​ខេត្ត​ខណៈ​នៅ ភ្នំពេញ ស្ងប់​ស្ងាត់

0 comments
ប្រភពពី Postkhmer.com : ភ្នំពេញៈ ខណៈ​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​លុប​ចោល​ជា​លើក​ទី​បី​នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន ខេត្ត​នានា។
តាម​តំបន់​ឆ្នេរ និង​តំបន់​ប្រវត្តិសាស្រ្ត​នានា​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ឈប់​សម្រាក​បី​ ថ្ងៃ​គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​ទៅ​កម្សាន្ត។
មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​សុទ្ធ​តែ​មាន​ ភ្ញៀវ​ស្នាក់​នៅ​ពេញ​។ ចំណែក​តម្លៃ​ម្ហូប​អាហារ​នៅ​តំបន់​ឆ្នេរ​វិញ​បាន​ឡើង​ថ្លៃ​ប្រហែល ១០ ទៅ ២០ ភាគរយ។
លោក ឆឺយ ឆន ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត សៀមរាប បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​បី​ថ្ងៃ​នេះ​ខេត្ត សៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សរុប ៦៣ ០១៦ នាក់ កើន​ឡើង​ជិត ១៧ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។
លោក​បាន​បន្ថែម​ថា ដើម្បី​អបអរ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ សហគមន៍ ចុងឃ្នៀស ភូមិ​បណ្តែត​ទឹក​នៅ​ខេត្ត សៀមរាប បាន​រៀបចំ​ការ​ប្រណាំង​ទូក​នេសាទ ១៥ គូ​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ​មិន​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ច្រើន​នោះ​ទេ​។ លោក​ថា៖ «អ្នក​ទេសចរ​ចូល​មក​ខេត្ត សៀមរាប ដើម្បី​ទស្សនា​គឺ​ប្រាសាទ​អង្គរវត្ត បាយ័ន តាព្រហ្ម និង​មក​កម្សាន្ត​នៅ​តំបន់​ផាប់ស្ទ្រីត​នៅ​ពេល​យប់»។
ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ប្រាសាទ​ព្រះ​វិហារ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ដែរ។ តាម​តួលេខ​បាន​មក​ពី​លោក យូ សុវណ្ណ អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះវិហារ បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ ព្រះ​វិហារ កើន​ឡើង​ដល់ ៤០០ នាក់​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​បី​ថ្ងៃ​នេះ ដែល​នៅ​ថ្ងៃ​ធម្មតា​ភ្ញៀវ​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​មាន​ត្រឹម​តែ ១០០ នាក់​ប៉ុណ្ណោះ។
លោក​បន្ត​ថា៖ «តំបន់​ប្រវត្តិសាស្ត្រ​នេះ​ទាក់​ទាញ​ភ្ញៀវ​ខ្មែរ​ច្រើន​ឯ​ភ្ញៀវ​អន្តរជាតិ​ មាន​តែ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ភ្ញៀវ ៤០០ នាក់»។ លោក​បាន​បន្ត​ថា នៅ​ខេត្ត ព្រះវិហារ មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ប្រហែល ៤០០ បន្ទប់ ហើយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ បន្ទប់​ត្រូវ​បាន​ជួល​អស់​ប្រហែល ៨០ ភាគរយ។
សម្រាប់​ខេត្ត ព្រះសីហនុ នៅ​តែ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ រយៈ​ពេល​សម្រាក​បី​ថ្ងៃ​នេះ ខេត្ត ព្រះ​សីហនុ បាន​ស្វាគមន៍​ភ្ញៀវ​សរុប​ចំនួន ៧១ ៥១៧ នាក់​កើន​ឡើង ២៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ការ​ប្រគំ​តន្ត្រី​ធ្វើ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​បន្ថែម​ភាព​អ៊ូអរ​ដល់​តំបន់​ឆ្នេរ​មួយ​នេះ។
លោក សេង ខា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះ​សីហនុ បាន​ពន្យល់​មូលហេតុ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ថា គឺ​មក​ពី​ស្ថានភាព​ល្អ​នៃ​ផ្លូវ​ទៅ​កាន់​ខេត្ត ព្រះ​សីហនុ រួម​ទាំង​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​សេវាកម្ម​ស្នាក់នៅ​ដែល​មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ខេត្ត។ លោក​ថ្លែង​ថា៖ « បើ​ទោះ​បី​ជា តម្លៃ​ស្នាក់នៅ និង​ម្ហូប​អាហារ​នៅ​ពេល​បី​ថ្ងៃ​នេះ​បាន​កើន​ឡើង​ច្រើន​បន្តិច​មែន តែ​ភ្ញៀវ​សប្បាយ​ចិត្ត​នឹង​ការ​មក​លេង​នៅ​ខេត្ត ព្រះ​សីហនុ»។
ខេត្ត កំពត បាន​ក្លាយ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​មួយ​កន្លែង​ទៀត​ផង​ដែរ​។ ខេត្ត​ដែល​សម្បូរ​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​ចំនួន ២៨ ៩០០ នាក់។ ភ្នំ បូកគោ បាន​ស្រូប​យក​ភ្ញៀវ ១៩ ៥០០ នាក់ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​។ ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរ​បាន​ចេញ​ទៅ​ទិសដៅ​ទេសចរណ៍​ផ្សេង​ទៀត​ដែល​មាន​ក្នុង ​ខេត្ត។
លោក សយ កាណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កំពត ឲ្យ​ដឹង​ថា ខេត្ត កំពត មិន​មាន​រៀបចំ​កម្មវិធី​អ្វី​ធំ​ដុំ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​អុំទូក​ រយៈ​ពេល​បី​ថ្ងៃ​នេះ​ទេ តែ​ខាង​មន្ទីរ​បាន​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បាន​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ក្នុង​ចំណោម​អ្នក​លក់ និង​អ្នក​ផ្តល់​សេវា​ទេសចរណ៍។ លោក​បន្ត​ថា៖ «ជា​រួម​ស្ថានភាព​ទេសចរ​នៅ​ខេត្ត​ទាំង​មូល​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ្វីៗ​ដំណើរការ​ដោយ​រលូន​»៕
Read more...

Friday, November 8, 2013

សម្តេចតេជោ ហ៊ុន សែន អំពាវនាវម្តងទៀត ឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ រក្សាភាពស្ងប់ស្ងៀម និងអត់ធ្មត់ខ្ពស់ ដើម្បីសន្តិភាពតាមព្រំដែន (មានវីដេអូ)

0 comments
ប្រភព ដើមអម្ពិល
ភ្នំពេញ៖ គ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ (ICJ) នឹងប្រកាសលទ្ធផល នៃការបកស្រាយឡើងវិញ សាលដីកាឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធការពារព្រំដែន បន្តរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សន្តិភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
តាមរយៈវីដេអូរយៈពេល ១១ និង៣០នាទីពីក្នុងលំនៅដ្ឋាន ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ នា យប់ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឡើងអំពីសារបាន នៃការ ឈ្លានពានរបស់កងទ័ពសៀមចូលកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរនៅឆ្នាំ១៩៥៤។
សម្តេចក៏បានលើកឡើងពីប្រវត្តិ នៃដំណើរការតស៊ូមតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈយន្តការតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ រហូតតុលាការបានសម្រេចឲ្យខ្មែរក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និង តំបន់ជុំវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ក្រោយការឈ្លានពានជាញឹកញយពីកងទ័ពសៀម រហូតដល់មានការផ្ទុះអាវុធបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និងតួប្រាសាទយ៉ាងធ្ងន់ធ្ងរនោះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កម្ពុជាបាន ជ្រើសយកយន្តការតស៊ូមតិទៅតុលាការអន្តរជាតិឡាអេ ដោយបានស្នើឲ្យតុលាការអន្តរជាតិមួយបកស្រាយឡើង វិញ នូវសាលដីកាឡាអេឆ្នាំ១៩៦២ ដើម្បីបញ្ចៀសការផ្ទុះអាវុធដាក់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីកាឆ្នាំ១៩៦២នេះ គឺមិនមែន ដើម្បីដុតបំពកបន្ថែមនូវជម្លោះ ឬមហិច្ឆិតាដណ្តើមទឹកដី ពី ប្រទេសជិតខាងនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលយល់ថា ចំណាត់ការនេះ ជាមធ្យោបាយមួយ ប្រកបដោយ ប្រសិទ្ធភាព និងចាំបាច់បំផុត ដើម្បីភាគីទាំងពីរអាចឈានទៅបញ្ចប់បញ្ហានេះ បានដោយសន្តិវិធី ក្នុងស្មារតីគោរព ច្បាប់អន្តរជាតិ ការគោរអធិបតេយ្យជាតិ បរណភាពទឹកដីទៅវិញទៅមក និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ»។
សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការខិតខំកសាងនូវខ្សែបន្ទាត់ ព្រំដែនមួយច្បាស់លាស់ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ។
ពាក់ព័ន្ធលើបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា សម្តេច និងលោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានជំហរ ស្របគ្នា ក្នុងការរក្សាសន្តិភាពតាមបន្ទាត់ព្រំដែន ទោះបីសាលក្រមរបស់ ICJ នៅថ្ងៃទី១១ ខែវិច្ឆិកា ចេញមកយ៉ាង ណាក៏ដោយនោះ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះ «បើទោះបីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំរក្សា ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព នៅតាមបណ្តោយព្រំដែន»។
សម្តេចនាយករដ្ឋមន្រ្តី បានទទូចដល់កងកម្លាំងប្រដាប់អាវុធថា «ក្នុងន័យនេះ ខ្ញុំ ព្រះករុណាខ្ញុំ សូមអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សុំរក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការ អត់ធ្មត់ និងជៀសវាងសកម្មភាពទាំងឡាយណា ដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នាជាយថាហេតុ»។
សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ឲ្យបន្តរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស ក៏ដូចជាបន្តរក្សា និងលើកកម្ពស់ស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាព ភាពសុខដុមរមនា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ដើម្បីប្រយោជន៍រួម នៃប្រជាជាតិទាំងសងខាង។
សូមបញ្ជាក់ថា ការចេញមកអំពាវនាវម្តងហើយម្តងទៀត របស់សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋ និងកង កម្លាំងប្រដាប់អាវុធរក្សាភាពស្ងប់ស្ងាត់នេះ បានធ្វើឡើងនៅក្រោយពេលដែលបញ្ហាសំណុំរឿងប្រាសាទព្រះវិហារ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងភាគីកម្ពុជា និងភាគី គ្រាដែលលទ្ធផល នៃការបកស្រាយសាល ក្រមឡាអេឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សប្តាហ៍ ក្រោយនេះ៕






Read more...

ចំណូល​កាស៊ីណូ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ

0 comments
ប្រភព៖ postkhmer
ភ្នំពេញៈ ក្រុមហ៊ុន Entertainment Gaming Asia Inc ដែល​បើក​ដំណើរការ​កាស៊ីណូ​នៅ ប៉ោយប៉ែត និង ប៉ៃលិន ព្រម ទាំង​ការ​ផ្គត់​ផ្គង់​ម៉ាស៊ីន​លេង​ហ្គេម​ស្លុត​ឲ្យ​កាស៊ីណូ ណាហ្គាវើល បាន​រាយការណ៍​ពី​ការ​ខាត​បង់ ៣០៩ ០០០ ដុល្លារ​នៅ​ត្រី​មាស​ទីបី​ដោយ​សារ​តែ​ការ​ជាប់​គាំង​នយោបាយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ ហ៊ុន NASDAQ ពី​ថ្ងៃ ទី៥ វិច្ឆិកា។
បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ការ​ខាត​បង់​មាន​ចំនួន ១០៣ ០០០ ដុល្លារ ដែល​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ដោយ​សារ​តែ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។
លោក Clarence Chung ប្រធាន និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន Entertainment Gaming Asia និយាយ​ថា៖ «នៅ ណាហ្គាវើល យើង​បាន​សង្កេត​ឃើញ​កម្រិត​អ្នក​លេង​ល្បែង​កាន់​តែ​ចុះ​ទាប​ដោយ​សារ​ ព្រឹត្តិការណ៍​ទាក់ទង​ជាមួយ​នឹង​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៣»។
គណបក្ស​ប្រឆាំង​បន្ត​ធ្វើ​ពហិការ​ចូល​រួម​សភា​ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ពី​ខែ កក្កដា ហើយ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។
កាស៊ីណូ ណាហ្គា វើល បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ កាល​ពី​ម្សិលមិញ​ស្ដីពី​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​លេង​ល្បែង​នៅ​ត្រីមាស​ទី​បី។
ប៉ុន្តែ​លោក Michael Ting អ្នក​វិភាគ​ការ​លេង​ល្បែង CIMB បាន​និយាយ​ថា នៅ​ត្រី​មាស​ទី​បី​អ្នក​លេង​ល្បែង​មាន​ការ​ធ្លាក់​ចុះ​បន្តិច សម្រាប់ ណាហ្គា ហើយ​អាច​បណ្ដាល​មក​ពី​ភាព​តាន​តឹង​នៅ​ក្រោយ​ពេល​បោះឆ្នោត។
អាជីវកម្ម​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ហាក់​នៅ​ទ្រឹង ហើយ​ទំនុក​ចិត្ត​អាជីវកម្ម​ក្នុង​អំឡុង​ពេល​នេះ​ក៏​ធ្លាក់​ចុះ​ផង​ដែរ។
ប្រាក់​បញ្ញើ​នៅ​ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​របស់​កម្ពុជា​ក្នុង​ត្រី​មាស ទី៣ បាន​ធ្លាក់​ចុះ​ជិត ២០០ លាន​ដុល្លារ​ដោយសារ​អតិថិជន​ភ័យ​ខ្លាច​ចំពោះ​សន្តិសុខ​ប្រាក់​សន្សំ​របស់​ ពួក​គេ៕ PB

Read more...

Sunday, August 25, 2013

សេវាកម្ម​វេច​ខ្ចប់​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ

0 comments

អ្នកស្រី កែម សម្ផស្ស ម្ចាស់​សហគ្រាសវេចខ្ចប់ក្នុងស្រុកមួយ​​​។ រូបថត ហុង មិនា
 ប្រភព Postkher.com : ប្រភភ្នំពេញៈ ការ​វេច​ខ្ចប់​អាច​ធ្វើ​ឲ្យ​ផលិត​ផល​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ហើយ​រក្សា​គុណភាព​បាន​រយៈពេល​យូរ។ ផលិត​ផល​កម្ពុជា​ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​វេច​ខ្ចប់​ដែល​ធ្វើ​ឲ្យ មាន​ការ​ចាប់​អារម្មណ៍​តិច​តួច។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​សហគ្រិន​ស្រ្ដី​វ័យ​ក្មេង​អ្នក​ស្រី កែម សម្ផស្ស ដែល​បង្កើត​អាជីវកម្ម​សេវា​វេច​ខ្ចប់​ហៅថា សហគ្រាស​វេច​​ខ្ចប់​កម្ពុជា ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​តម្លៃ​បន្ថែម​របស់​ផលិត​ផល សម្រាប់​ការ​នាំ​ចូល​ទីផ្សារ​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប។
តើ​សហគ្រាស​អ្នក​ស្រីមាន​ផលិត​ផល​អ្វី​ខ្លះ?
យើង​បាន​ផលិត​ឧបករណ៍​វេចខ្ចប់​ជា​ច្រើន​ប្រភេទ ហើយ​យើង​បាន​វេច​ខ្ចប់​ស្ករស ស្ករត្នោត​ដែល​បាន​នាំ​ចូល​ពី​ខាង​ក្រៅ ហើយ​ស្ករ​ត្នោត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ដោយ​អង្គការ Geres។ កញ្ចប់​របស់​យើង​ភាគ​ច្រើន​ជា​ផលិត​ផល​ជីវសាស្ដ្រ​ដែល​គេ​បោះ​ចោល ដែល​មាន​ដូចជា កញ្ចប់​អាហារ ឬកែវ​ទឹក​ជាដើម។
ហេតុ​អ្វី​អ្នក​ស្រី​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​សហគ្រាស​បែប​នេះ?
បើនិយាយ​ពី​បញ្ហា​នោះ​ខ្ញុំ​សូម​ងាក​ទៅ​ឆ្នាំ​២០០២​-២០០៣ ​ខ្ញុំ​បាន​ឃើញ​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដូច​នោះ​ នៅ​ពេល​ខ្ញុំ​បម្រើ​ការ​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ​នៅ​ទីក្រុង​ភ្នំពេញ។ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ស្ទើរ​តែ​ការ​វេច​ខ្ចប់​ទាំង​អស់​ធ្វើ​ពី​ស្បោង ប្លាស្ទិក។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​អនាគត​យើង​ត្រូវ​លុប​បំបាត់​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក។ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ ស្ករស​ត្រូវ​បាន​ប្រើតាម​តម្រូវ​ការ​នៅ ​តាម​ភោជនីយ​ដ្ឋាន​ដែល​គេបាន​ចាក់​ស្ករ​ចូល​ក្នុង​កែវ ហើយ​អ្នក​បរិភោគ​ដែល​បាន​ទៅ​ញាំមី​ ពួកគេ​បាន​ដាក់​ស្ករស​ពីរ​ ឬបី​ស្លាបព្រា។ ដូច្នេះ ​វា​មាន​ការ​ខាត​បង់។ ខ្ញុំ​គិត​ថា ស្ករស​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​ជាង​ ៣០០០ ​រៀល ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​វេច​ខ្ចប់ ១,២ ​គីឡូ​ក្រាម​រួម​មាន​កញ្ចប់​តូច​ៗ​ចំនួន​ ២៥០ ហើយ​ពួកគេ​ត្រូវ​បាន​ប្រើ​ប្រាស់​បាន​ ២៥០ កែវ​កាហ្វេ។ បន្ទាប់​ពី ខ្ញុំ​ខ្ចប់​វា ខ្ញុំ​បាន​ឃើញ​ថា​ ទទួល​ជោគ​ជ័យ។ ខ្ញុំ​បាន​ជួប​ប្រទះ​ហាង​កាហ្វេ​និង​ភោជនីយ​ដ្ឋាន​និង​សណ្ឋាគារ​គាំទ្រ​ដល់​ពួក​យើង។
តើ​​អ្នកស្រី​បាន​ចាប់​ផ្ដើម​​សហ​គ្រាស​​នេះ​ពី​ពេល​ណា​មក?
កាលពីឆ្នាំ​ ២០០៨ នៅ​ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ហើយ​ខ្ញុំ​នៅ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នៅ​ឡើយ។ ឆ្នាំ​២០០៥ ខ្ញុំ​បាន​គ្រោង​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ នៅ​គ្រាដំបូង​ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​វេច​ខ្ចប់​ស្ករស។ មក​ពេល​នេះ​ យើង​មាន​​ផលិត​ផល​ប្រហែល​ ៥០ ​មុខ​វេចខ្ចប់​ដោយ​ខ្លួន​ឯង។
តើ​អ្នក​ស្រី​យល់​ថា​ ការ​វេចខ្ចប់​មាន​ប្រយោជន៍​សម្រាប់​ផលិតផល​នេះ​យ៉ាង​ណា?
ការវេចខ្ចប់​គឺ​ពិត​ជា​សំខាន់​ដោយ​សារ​តែ​វា​ដូច​ជា​មុខ​មាត់​របស់​មនុស្ស ហើយ​ផលិតផល​នីមួយៗ​ចាំ​បាច់​ត្រូវ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ ដើម្បី​គេច​ផុត​ពី​ការ​ឆ្លង​រោគ និង​ងាយ​ស្រួល​ក្នុង​ការ​បំផ្លាញ​ចោល។ ដូច្នេះ​ ការ​វេចខ្ចប់​គឺជា ​វត្ថុ​ដំបូង​គេ​ក្នុង​ការ​មើល​ដល់​ផលិត​ផល​នេះ។ ប្រសិន​បើ​វា​មើល​ទៅ​មាន​ការ​ទាក់​ទាញ វា​គឺជា​ការ​លក់​ដាច់​បំផុត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទំនិញ​មាន​គុណ​ភាព និងមាន​រសជាតិ ប៉ុន្តែ​ការ​វេចខ្ចប់​របស់​ខ្លួន​គឺ​នៅ​អន់ វា​មាន​ការ​ពិបាក​​ក្នុង​ការ​លក់​ដូរ។
តើ​អ្នកស្រី​អាច​ប្រាប់​អំពី​ស្ថានភាព​សហគ្រាស​អ្នក​ស្រី​មាន​លក្ខណៈ​ដូច​ម្ដេចខ្លះ?
នៅគ្រានោះ​ ខ្ញុំ​នៅ​ជា​បុគ្គលិក​នៅ​ឡើយ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​វា​នៅ​ពេល​យប់ ហើយ​ពេល​ថ្ងៃ​យើង​បាន​ធ្វើ​ការ​ឲ្យ​គេ។ នៅ​គ្រា​នោះ យើង​វេចខ្ចប់​ផលិតផល ហើយ​យើង​បាន​ព្យាយាម​រក​ទីផ្សារ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ណែ​នាំ ការ​ផលិត​របស់​យើង​ដល់​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។ កាលពី​ឆ្នាំ ២០១០ ខ្ញុំ​បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ ហើយ​ខ្ញុំ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីវកម្ម​ផ្ទាល់​របស់ ខ្ញុំ​ដោយ​មាន​​ការ​បញ្ជា​ទិញ​ដុំ​ពីដៃ​គូ​យើង​រួម​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប ផ្សារ​ម៉ាត ជាដើម​ ។ល។
តើ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​សេវា​វេច​ខ្ចប់​នេះ​ឬទេ?
បើយើង​និយាយ​ពី​មនុស្ស​ជាតិ​នៅ​ពេល​នេះ​ពួកគេ​ត្រូវ​ការ​អ្វី​ៗ​ដែល​មើល​ទៅ​ស្រស់ ហើយ​ទាន់​សម័យ។ នៅពេល​ខ្ញុំ​បាន​​បង្ហាញ​ផលិត​ផល​របស់​ខ្ញុំ​នៅ​លើក​ដំបូង​ដល់ អតិថិជន ពួកគេ​រអ៊ូរទាំ​ថា ផលិតផល​របស់​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​ប៉ុន្តែ​ពេល នេះ​គ្មាន​បញ្ហា​ទេ។
ការធ្វើ​ការងារ​បម្រើ​អ្នក​ដទៃ ​និង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ​តើ​មួយ​ណា​ល្អ​សម្រាប់​អ្នក?
សម្រាប់​ការងារ​ផ្ទាល់​ខ្លួន​វិញ ​ខ្ញុំ​មាន​ក្តី​បារម្ភ​ក្នុង​ចិត្ត​ខ្លះៗ។ ហេតុអ្វី? ព្រោះ​ពេលនេះ ខ្ញុំ​ក្លាយ​ជា​ដើម​ឈ។ យើង​គិត​អំពី​ការ​រីក​ចម្រើន អំពី​ហានិភ័យ និង​អំពី​ការ​ប្រកួត​ប្រជែង៕PB

Read more...

Thursday, August 22, 2013

ស្នងការ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​នគរបាល ចុះជួយ​ច្រូតស្រូវ ប្រឈម​ទឹកជំនន់​

0 comments
ប្រភព CEN : ខេត្តបន្ទាយមានជ័យ​: ​ស្នងការ ស្នងការរង​ខេត្ត​បន្ទាយ​មន​ជ័យ ដឹកនាំ​កម្លាំង​វរៈ​ការពារ​ព្រំដែន​៨៩១ និង​៩១១ និង​កម្លាំង​អធិការ​ស្រុក​អូរជ្រៅ ចំនួន ៣០០ នាក់ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ចុះជួយ​ច្រូតស្រូវ​បង្កើន​រដូវ​របស់​កសិក​រ ដែល​ប្រឈម​នឹង​ទឹកជំនន់​លិច​។​


មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ អះអាងថា ផលប៉ះពាល់ និង​ខូចខាត​ស្រូវ​ពី​ទឹកជំនន់ មកទល់​ឥឡូវនេះ បាន​ថយចុះ ព្រោះ​ទឹកជំនន់​បាន​ស្រក​ពីលើ​ផ្នែក​ខាង​ប្រទេស​ថៃ​។​
​    ​
​លោក ខេង ស៊ុម ស្នងការ​នគរបាល មានប្រសាសន៍​ថ្ងៃទី​២២ សីហា​ថា ចូលរួម​ដឹកនាំ​កម្លាំង​វរៈ​ការពារ​ព្រំដែន​ចំនួន​២ និង​អធិការ​មួយក្រុម ចុះជួយ​ច្រូតស្រូវ​បង្កើន​រដូវ (​ស្រូវប្រាំង​) របស់​កសិករ​នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ការ​ច្រូត​អាច​កើន ៧ ហិច​តា​ទៀត​។​

កសិករ​ម្ចាស់​ស្រែ​ម្នាក់ ដែល​ត្រូវបាន​អន្តរាគមន៍​ជួយ​ច្រូតស្រូវ អោយដឹងថា ពួកខ្លួន​បង្កើន​ផ្ទៃដី​ធ្វើ​ស្រូវ​បង្កើន​រដូវ (​ស្រូវប្រាំង​) ពូជ​សែន​ពិដោរ​, ពូជ ៨៥, ពូជ​អ៊ុយ​បុ​ង​... លើ​ស្រែ ព្រោះ​មាន​មហិច្ឆតា​ចង់បាន​ផល​បង្កើន​ជីវភាព ប៉ុន្តែ​បែរជា​ជួបនឹង​គ្រោះទឹកជំនន់​។ តែ​ពេលនេះ ពួកខ្លួន​និង​កសិករ​ខ្លះទៀត អរគុណ​ដល់ កម្លាំង​ប៉ូលិស​ទាំងអស់ ដែល​បាន​ចុះជួយ​ច្រូត​សង្គ្រោះ​ស្រូវ ត្រូវ​ទឹកជំនន់​ទឹកភ្លៀង​លិចលង់​ជ្រៅ​។ នេះ​បង្ហាញ​នូវ​មនោសញ្ចេតនា​ផ្សារភ្ជាប់​សុខទុក្ខ ជីវភាព​ប្រជាជន ដូចដែល​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ និង​បាន​ណែនាំ​មន្ត្រី​សម្ដេច​អោយធ្វើ​។ ប៉ុន្តែ​ទឹកជំនន់​នៅ​បន្ត​លិច​ចំណុច​ខ្លះ ក្នុង​ក្រុង​សី​រី​សោភ័ណ និង​មង្គល​បូរី ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​និង ដំណាំ​រួមផ្សំ​ផ្សេងទៀត​។​

ចំណែក​ប្រធាន​សមាគម​ស្រែប្រាំង​កម្ពុជា សាខា​ខេត្តបន្ទាយមានជ័យ និយាយថា កង្វល់​កសិករ​ធ្វើស្រែ​ប្រាំង (​ស្រូវ​បង្កើន​រដូវ​) នេះ ធំ​ជាង​ទឹកជំនន់​លិច គឺ​ស្រូវ​សើម​គ្មាន​ទីផ្សារ និង​តម្លៃ​យ៉ាង​ថោក​។ សមាគម​ទទួល​នូវ​ការអំពាវនាវ​ពី​អាជ្ញាធរខេត្ត និង​ជំនាញ អោយជួយ​ទម្លាក់​ទុនទិញ​ស្រូវប្រាំង​កសិករ ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​៕​





Read more...

សុទិដ្ឋិនិយម​ក្នុង​វិបត្តិ​នយោបាយ​កម្ពុជា​​ខណៈ​មាន​បាតុកម្ម​តវ៉ា

0 comments

Read more...

ចិន​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់ ​និង​ជួយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស

0 comments

Read more...

លោក ហោ ណាំហុង នឹង​​ទៅ​​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន និង​ចិន នៅ​ប៉េកាំង រយៈពេល​ពីរ​ថ្ងៃ នៅ​ចុងខែ​សីហា​នេះ​

0 comments

ប្រភព​ CEN :  ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​-​ចិន នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០ នៃ​ភាព​ជា​ដៃគូយុទ្ធសាស្ត្រ អាស៊ាន​-​ចិន​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៣ បង្ហាញថា ដំណើរ​ទៅកាន់​តុ​ប្រជុំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើឡើង តប​តាម​ការអញ្ជើញ​របស់​លោក វ៉ាង យី ( Wang Yi ) រដ្ឋមន្ត្រីការបរទេស​ចិន​។ លោក វ៉ាង យី ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៣​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើង​ថា ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ចិន រយៈពេល ២ ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ទៅលើ​បញ្ហា​ជាច្រើន ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​បណ្តា​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដទៃទៀត នឹង​ជួប​សំដែង​ការគួរសម​ជាមួយ​លោក លី ខឺ​ឈាង ( Li Keqiang ) នាយករដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​រដ្ឋ ចិន និង​លោក យ៉ាង ជាឈី ( Yang Jiechi ) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន​។​

​សូម​រម្លឹកថា ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ប្រទេស​ចិន កំពុង​មាន​ទំនាស់​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​មួយចំនួន រួមមាន​៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយណេ​។

​រាល់​កិច្ចប្រជុំ​អាស៊ាន​ម្តងៗ បញ្ហា​ជម្លោះ​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ជា​របៀបវារៈ​ដ៏​រសើប និង​ប្រទាំ​ង​ប្រទើស ដោយ​សមាជិក​អាស៊ាន​ខ្លះ ចង់​ឲ្យ​ចិន ដោះស្រាយ​ជម្លោះ​ដែនទឹក​នោះ ជាមួយនឹង​អាស៊ាន​ជារួម​។ ប៉ុន្តែ​មាន​សមាជិក​អាស៊ាន​មួយចំនួន ចង់​ឲ្យ​ចិនដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​សា​មី​ប្រទេស ដែល​មាន​ជម្លោះ ដូចគ្នា​នឹង​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕​
Read more...

ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ

0 comments
ប្រភព CEN : ភ្នំពេញ: លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក (Facebook)​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ក្របខ័ណ្ឌ​ដែល​គេ​ហៅថា ក្រមសីលធម៌​។


លោក ងី ច័​ន្ទ្រ​ផល បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​។ បើ​យើង​ចេះ​ប្រើ​វា​ត្រឹមត្រូវ វា​ជា​ប្រយោជន៍​របស់​យើង​។ យើង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​យើង​មិនចេះ​ប្រើ​វា វា​សម្លាប់​យើង ដោយ​ឥត​ដឹងខ្លួន​។ “ នេះហើយ​ជា​ឃាតកម្ម ធ្វើអត្តឃាត​ខ្លួន​”​។

​លោក ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ជា​ចំ​ណុន​ដែល​សំខាន់​ដែល​យើង​ត្រូវ​ពង្រឹង​ឡើងវិញ នៃ​ការរៀបចំ ចូលរួម​ទាំងអស់គ្នា​ជំរុញ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ទៅមុខ ជាពិសេស​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សក្តា​ដា​នុព​ល​ច្រើនណាស់ ប៉ុន្តែ​កម្រិត​នៃ​ការយល់ដឹង​របស់គាត់​នៅ​ទាប ទាំង​មន្ត្រីរាជការ ទាំង​សង្គម​ស៊ីវិល ដូច្នេះ​ត្រូវតែ​ខិតខំ​ពង្រឹង​កិច្ចការ​នេះ​បន្តិច​ម្តងៗ​។​យើង​មិន​អាចធ្វើ​ទាំងអស់​បានទេ យើង​មាន​ថវិកា​ប៉ុណ្ណា​យើង​ធ្វើ​ប៉ុណ្ណឹង​ប៉ុន្តែ​កំណែទម្រង់​នៅតែ​ទៅមុខ​អត់​មាន​ថយក្រោយ​ទេ គឺ​កាន់តែខ្លាំង​ជាង​មុខ ជាពិសេស​គឺ​នៅ​ថ្នាក់ក្រោម​ជាតិ​តែម្តង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្រោម​ប្រធានបទ "​ការទំនាក់ទំនង ដើម្បី​គណនេយ្យភាព​" ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​៕​
Read more...

ក្រុមហ៊ុន អង្គរថ្មពេជ្រ រីសស កំពុងជីករករ៉ែ ទាំងហួសអាជ្ញាប័ណ្ណ បំផ្លាញផលដំណាំ ប្រជាពលរដ្ឋ

0 comments

-ក្រុមហ៊ុន បំពានលិខិត ឱ្យផ្អាកសកម្មភាព រុករករ៉ែ របស់អាជ្ញាធរ ខេត្ដប៉ៃលិន
ប្រភព dap-news : ប៉ៃលិន ៖ ប្រជាពលរដ្ឋ រស់នៅ ចំណុច ១៧ចាស់ ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បានចោទប្រកាន់ ក្រុមហ៊ុន អង្គរថ្មពេជ្រ រីសស (Angkor ThmorPich Resources Co.; Ltd) ថា បាននិងកំពុងធ្វើសកម្មភាព រុករករ៉ែ លោហៈ ដោយ ប្រើគ្រឿងចក្រជា ច្រើនគ្រឿង ទាំងហួស សុពលភាពអាជ្ញាប័ណ្ណ ធ្វើឱ្យប៉ះ ពាល់ និងបំផ្លាញ ផលដំណាំដីចំការ របស់ពួក គាត់ជាច្រើន ថែមទាំងមិន អនុញ្ញតឱ្យពួក គាត់ជាម្ចាស់ដីស្របច្បាប់ ចូលទៅតំបន់នោះទៀតផង ។
ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយ ក្រុមហ៊ុន រុករករ៉ែលោហៈ មួយនេះបាននិយាយ ទៀតថា បើទោះបីអភិបាល ខេត្ដប៉ៃលិន លោក អ៊ី ឈាន បានចេញលិខិត ឱ្យក្រុមហ៊ុន ផ្អាកសកម្មភាព របស់ខ្លួនក៏ដោយ ប៉ុន្ដែ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដែលត្រូវ ផុតសុពលភាព អាជ្ញាប័ណ្ណ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនោះ នៅបន្ដជីករករ៉ែខ្លាំង ឡើង និងខុសពីតំបន់ ដែលត្រូវបានកំណត់ ដោយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ទៀតផង ។
អ្នកស្រី សុខ ឌីណា និងលោក សឿន សុខន ជាប្ដី បច្ចុប្បន្នរស់នៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលផលដំណាំ ដីចំការរបស់គាត់ រងផល ប៉ះពាល់ដោយ ក្រុមហ៊ុន មួយនេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ បានដាក់ពាក្យ បណ្ដឹងទៅអភិបាល ខេត្ដប៉ៃលិន ដោយរៀបរាប់ពីបញ្ហា និងស្នើឱ្យអាជ្ញាធរខេត្ដ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះសកម្មភាព ក្រុមហ៊ុនមួយ នេះ ។ ម្ចាស់ដីទាំង ២នាក់ ប្ដី-ប្រពន្ធ បានរៀប រាប់នៅក្នុងពាក្យបណ្ដឹងថា លោក សូ យាង ប្រធានក្រុមហ៊ុន អង្គរថ្មពេជ្ររីសស បាន និងកំពុងប្រើគ្រឿងចក្រ ជាច្រើនគ្រឿង បំផ្លាញផល ដំណាំការដាំដុះ និងដីចំការរបស់ គាត់ដែលកាន់កាប់តាំងពី ឆ្នាំ១៩៩៦ មកនោះ ។
ក្នុងពាក្យបណ្ដឹង បានបន្ដថា “នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ លោក សូ យាង ប្រធានក្រុមហ៊ុន មករុករ៉ែលោហៈ ដោយប្រើអេស្កាវ៉ាទ័រ ១ គ្រឿង និងម៉ាស៊ីន ធ្វើរ៉ែចំនួន ៦គ្រឿង បាន បំផ្លាញផលដំណាំ និងដីចំការ របស់យើងខ្ញុំ ជាច្រើន ដែលដីនេះយើងខ្ញុំ បានកាន់កាប់ តាំងពីមុន សមាហរណកម្មមកម្ល៉េះ ហើយ ទោះបីសាលា ខេត្ដប៉ៃលិន បានឱ្យផ្អាកសកម្ម ភាពជាបន្ទាន់ ។ យ៉ាងណាក៏ដោយ ក៏លោក សូ យាង នៅបន្ដសកម្មភាព បញ្ជាគ្រឿងចក្រ ជីកគាស់ កកាយបំផ្លាញ ផលដំណាំ និងដីចំការ របស់យើងខ្ញុំយ៉ាងគឃ្លើន ”។
លោក សែត ខ្នូន អាយុ ៣៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលអះអាងថា ដីដំណាំ របស់គាត់ ៣,៥ ហិកតា បានរងផលប៉ះពាល់ ដោយសារ ក្រុមហ៊ុន មួយនេះក៏បាននិយាយថា ក្រុមហ៊ុន មិនត្រឹម តែបំផ្លាញផលដំណាំ របស់គាត់ឡើយ ប៉ុន្ដែ ថែមទាំងរារាំង គាត់ចូលទៅកាន់ដី ទៀតផង ដោយប្រធាន ក្រុមហ៊ុនរូបនេះ ដែលលោកអះអាងថា ជាទាហាននៅក្រសួង ការពារជាតិ ផងនោះ បានដាក់ប៉ុស្ដិ៍ត្រួត ពិនិត្យ និងគំរាមកំហែង ចាប់ដាក់គុក បើសិនហ៊ានប្ដឹងនឹងចុះផ្សាយព័ត៌មាន។
មន្ដ្រីសាលា ខេត្ដប៉ៃលិនមួយរូប ដែល ដឹងរឿងរ៉ាវ ខាងលើនេះ សូមមិនបញ្ចេញ ឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែសីហា ថា ក្រុមហ៊ុនរបស់លោក សូ យាង បានអស់សុពលភាព កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្ដែ នៅបន្ដសកម្មភាព ខ្លាំងឡើង ថែមទៀត ធ្វើឱ្យប៉ះពាល់ផល ដំណាំ និងដីចំការ របស់ប្រជាពលរដ្ឋ បើទោះ បីអាជ្ញាធរខេត្ដ បានបញ្ជាឱ្យផ្អាកសកម្មភាព នេះជាបន្ទាន់ក៏ដោយ ។
មន្ដ្រីសាលាខេត្ដរូបនេះ បានបន្ដទៀត ថា សកម្មភាព របស់ក្រុមហ៊ុនបាន ធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ព្រៃឈើ និងដំណាំប្រជា ពលរដ្ឋ យ៉ាងខ្លាំង ហើយមិនបានស្ដាប់ការ ណែនាំរបស់ អាជ្ញាធរខេត្តនោះឡើយ ។ ជុំវិញករណី ខាងលើនេះ អភិបាលខេត្ដ ប៉ៃលិន លោ អ៊ី ឈាន បានថ្លែងឱ្យដឹងថា លោកបានសរសេរ លិខិតជូនទៅ ក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល រួចហើយ ពីបញ្ហានេះ ថែមទាំង បញ្ជាក់ថា ក្រុមហ៊ុន អស់សុពលភាព ក្នុងការធ្វើសកម្មភាពរុករក រ៉ែលោហៈ នៅតំបន់ដែល ត្រូវបានអនុញ្ញាតឱ្យធ្វើនោះ ។
លោក អ៊ី ឈាន បានបញ្ជាក់ថា ចំពោះ បញ្ហានេះ អាជ្ញាធរខេត្ដ នឹងធ្វើឱ្យហ្មត់ចត់ ហើយសិក្សា តាមផ្លូវច្បាប់ ក៏ដូចជា ផលប៉ះ ពាល់ខាងផ្នែក អនាម័យ និងបរិស្ថាន ។ ជាមួយគ្នានេះ លោកអភិបាលខេត្ដក៏ បានបញ្ជាក់ថា អាជ្ញាធរខេត្ដបាន ឱ្យ ក្រុមហ៊ុនផ្អាក ពេលហួសសុពលភាព អាជ្ញាប័ណ្ណ និងប្រាប់ឱ្យ ក្រុមហ៊ុន ជៀសវាងការប៉ះពាល់ ដល់ផលដំណាំ របស់ប្រជាពលរដ្ឋ ។
យោងតាម អាជ្ញាប័ណ្ណ ស្វែងរុករករ៉ែ លោហៈ របស់រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលលោក ស៊ុយ សែម ដែល បានអនុញ្ញាតឱ្យ ក្រុមហ៊ុនមួយនេះ ធ្វើការ សិក្សាស្រាវជ្រាវ រ៉ែលោហៈ នៅតំបន់ភ្នំកៃ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន លោកទំហំផ្ទៃដី ៣៤គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល២ឆ្នាំ ពោលចាប់ពីថ្ងៃចុះហត្ថលេខា គឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១ ដូច្នេះរហូតមកដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ មានន័យថា សុពលភាពអាជ្ញាប័ណ្ណ ស្វែងរុករករ៉ែ លោហៈ របស់ក្រុមហ៊ុនត្រូវហួសហើយ ប៉ុន្ដែក្រុមហ៊ុនមួយនេះ នៅបន្ដសកម្មភាព ដដែល ។
ឆ្លើយតបនឹងលិខិត របស់លោក ស៊ុយ សែម អភិបាលខេត្ដប៉ៃលិន លោក អ៊ី ឈាន បានចំណារនៅលើលិខិតថា “ឯកភាពតាម សេចក្ដីសម្រេច របស់ក្រសួង តែធ្វើយ៉ាង ណា កុំឱ្យប៉ះពាល់ដល់ដំណាំ និងដីចំការ របស់ប្រជាពលរដ្ឋ ហើយត្រូវទំនាក់ទំនង ជាមួយអាជ្ញាធរសាធារណៈ ជៀសវាងកុំ ប៉ះពាល់ប្រជាជន ”។ ជនរងគ្រោះខាងលើ ក៏បានចោទខាង ភាគីក្រុមហ៊ុនថា ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ត្រឹមតែអនុញ្ញាតឱ្យធ្វើការសិក្សា ស្រាវជ្រាវរ៉ែលោហៈ ប៉ុន្ដែ ធាតុពិតក្រុមហ៊ុន មិនត្រឹមតែសិក្សានោះទេ ថែមទាំង កែច្នៃទៀតផង គឺខុសនឹងលិខិតរបស់ ក្រសួង ។
ជាមួយគ្នានេះ ជនរងគ្រោះសូមអំពាវ នាវ ដល់ប្រមុខនៃរាជរដ្ឋាភិបាលគឺសម្ដេច តេជោ ហ៊ុន សែន និងក្រសួងពាក់ព័ន្ធព្រម ទាំងអាជ្ញាធរខេត្ដ មេត្ដាចាត់វិធានការតាម ផ្លូវច្បាប់ ពីព្រោះផលដំណាំរបស់ពួកគាត់ ដូចជា ដើមខ្លឹមច័ន្ទគ្រឹះស្នា ដូង ស្វាយ និង ដំណាំផ្សេងៗទៀត ត្រូវបានភាគីក្រុមហ៊ុន ប្រើគ្រឿងចក្រ ជីកកកាយខូចខាតអស់ ហើយ ព្រមទាំងមិនអនុញ្ញាតឱ្យម្ចាស់ដីពិត ប្រាកដ ចូលទៅក្នុងតំបន់នោះទៀតផង ។
ជុំវិញការចោទប្រកាន់ ខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់ អាចស្វែងរក ការបកស្រាយណាមួយពី លោក សូ យាង ប្រធានក្រុមហ៊ុន អង្គរថ្មព្រេជរីសស បាននៅឡើយទេ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣៕





Read more...

Wednesday, August 21, 2013

រដ្ឋមន្ត្រីការបរទេស​ចិន ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី​

0 comments

ប្រភព CEN : ភ្នំពេញ: នៅក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា  លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ២១​ខែ​សីហា​នេះ​។ រដ្ឋមន្ត្រីការបរទេស​ចិន បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី តាមរយៈ​កិច្ចពិភាក្សា​។​
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក វ៉ាង យី ដោយ​សម្តេច​បាន​ចាត់ទុក​ថា ដំណើរ​ទស្សនៈកិច្ច​នេះ នឹង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​
      ​
​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ផងដែរ​។​
     ​
​ដោយឡែក​លោក វ៉ាង យី បាន​ជំរាបជូន​សម្តេច​តេជោ ហ៊ុន សែន អំពី​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ជាពិសេស​លោក​ប្រធានាធិបតី​ចិន  ស៊ី ជី​ង​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ជ័ង ចំពោះ​សម្តេច ហើយ​ថ្នាក់ដឹកនាំ​ចិន បាន​សម្តែង​នូវ​ការអបអរសាទរ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះឆ្នោត និង​ទទួលបាន​អសនៈភាគច្រើន​របស់​សភា​។​

លោក វ៉ាង យី បាន​សម្តែង​នូវ​ការកោតសរសើរ​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ការដឹកនាំ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ​ន៍​និង​សម្រេច​បាន​សមទ្ធិ​ផល​ជាច្រើន​។ 

​លោក វ៉ាង យី បាន​អះអាង​ថា ប្រទេស​ទាំង​ពីរ​គឺជា​មិត្តភ័​ក្រ​ល្អ ជា​ប្រទេស​ជិតខាង​ល្អ ហើយ​ក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​អោយ​មានកា​រ​អភិវឌ្ឍន៍ និង​ទំនាក់ទំនង ដែល​មាន​លក្ខណៈ​ពិសេស ព្រមទាំង​ពង្រឹង​នូវ​ការទុកចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។​

​លោក វ៉ាង យី បាន​បន្តថា ក្រោម​ស្មារតី​នេះ ហើយ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន បាន​បញ្ជា​អោយ​រូប លោក​ដឹកនាំ​គណៈប្រតិភូ​ចិន មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំង​ពីរ និង​ម្យ៉ាងទៀត ដើម្បី​បញ្ជាក់​ថា ប្រទេស​ចិន យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង ជា មួយ​ប្រទេស​កម្ពុជា​ដោយ​ប្រទេស​ចិន​គាំទ្រ និង​ខិតខំ​រក្សា​ការពារ​អោយបាន​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​
     ​
​លោក ប្រាក់ សុខុន ក៏​បាន​បន្តថា សម្តេច​តេជោ ហ៊ុន សែន និង​លោក វ៉ាង យី ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ព័ត៌មាន អំពី​សភាពការណ៍ នៅ​ប្រទេស​កម្ពុជា និង​សភាពការណ៍​នៅ​ប្រទេស​ចិន​។​
     ​
​លោក វ៉ាង យី បាន​ជំរាប​សម្តេច​តេ​ជោថា លោក​នាយករដ្ឋមន្ត្រី​ចិន នឹង​រង់ចាំ​សម្តេច ដើម្បី​ពិភាក្សា​អំពី​សហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅឯ​ខេត្ត​ណា​នី​ង ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍ នា​ដើម​ខែ​ក្រោយ​នេះ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​នឹង​អញ្ជើញ​ទៅ ណា​នី​ង ប្រទេស​ចិន ដើម្បី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ចិន​។​    ​    ​    
​    ​
​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា នៅក្នុង​ជំនួប​ជា​ង ២ ម៉ោង ចាប់ពី​ម៉ោង ៩ ព្រឹក​នេះ រវាង​សម្តេច​ហ៊ុន​សែន និង​ចិន​រដ្ឋមន្ត្រីការបរទេស​ចិន ក៏​ត្រូវបាន​លោក ប្រាក់ សុខុន បាន​បញ្ជាក់​ទៅ​កាន់​អ្នកកាសែត​ថា ចិន​បាន​សាទរ​នូវ​ការបោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​កៅអី​ភាគច្រើន នៅក្នុង​រដ្ឋសភា​។ ក្នុងនោះ ចិន​មើលឃើញ​ពី​ការប្រសើរ​លើ​សភាពការណ៍​បោះឆ្នោត ហើយ​ចិន​បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត ដោយ​សន្តិវិធី តាមរយៈ​ការជជែក​ចរចា រក​ច្រក​ចេញពី​វិបត្តិ​ក្រោយ​ការបោះឆ្នោត​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុន​សែន ក៏​បាន​បញ្ជាក់​ជំហរ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ នោះ​គឺ​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង ក្រោយ​ការបោះឆ្នោត​យ៉ាងយូរ ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៣ និង​ការបង្កើត​រដ្ឋាភិបាល នឹង​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក ដោយ​គ្មាន​ការជាប់គាំង​នយោបាយ​អ្វី​ឡើយ​។​

​សូម​រម្លឹកថា បន្ទាប់ពី​ជួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ក៏​បាន​ជួប​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅក្នុង​ជំនួប​អាហារ​ថ្ងៃត្រង់ នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់​។ ជា​កិច្ចប្រជុំ ដែ​លោក ប្រាក់ សុខុន បានបញ្ជាក់​ថា ដើម្បី​ជជែក​ពិស្តារ ពី​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ប្រទេស​កម្ពុជា និង​ចិន មុន​នឹង​ប្រមុខ​ការទូត​ទាំងពីរ ចេញ​សេចក្តីថ្លែងការណ៍​រួម​៕​

Read more...

អាជីវកម្ម​ម្រេច​ដែល​ផ្តើម​ចេញ​ពី​លក្ខណៈ​គ្រួសារ

0 comments

ហ៊ីម ​អាណា នាយិកា​​​ក្រុម​ហ៊ុន Starling ​Farm ​Kampot​ Pepper​​។ វីរៈ
ប្រភព Postkhmer : ភ្នំពេញៈ ៧ ឆ្នាំ​មុន ដី​ព្រៃ​ប្រហែល​កន្លះ​ហិកតា​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ចម្ការ​ម្រេច ដែល​មាន​ជន្លង់​១ ៥០០ ប៉ុណ្ណោះ​សម្រាប់​របរ​ជា​លក្ខណៈ​គ្រួសារ​ប៉ុន្តែ​ទិន្នផល​ល្អ​នៃ​ម្រេច​កំពត​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​បាន​អភិវឌ្ឍ​កសិកម្ម​នេះ​ឆ្ពោះ​ទៅ​រក​ពាណិជ្ជកម្ម។
បី​ឆ្នាំ​ក្រោយ​ម្រេច​ដែល​បាន​ដាំដុះ​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា​នោះ​បាន​ផ្តល់​ផល ប្រមាណ ១,៥ តោន​នៅ​ឆ្នាំ ២០០៩​។ រហូត​ដល់​ពេល​នេះ​ទំហំ​ដី​ត្រូវ​បាន​ពង្រីក​រហូត​ដល់ ៥ ហិកតា។
អ្នក​ស្រី ហ៊ីម អាណា អាយុ ៣៤ ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន Starling Farm Kampot Pepper និយាយ​ថា គំនិត​ដំបូង​ក្នុង​ការ​ដាំដុះ​ម្រេច​នេះ​គឺ​បន្ទាប់​ពី​ស្វាមី​អ្នក​ស្រី​បាន​សួរ​រក​ផលិតផល​ពិសេស​របស់​កម្ពុជា​ដែល​មាន​ភាព​ល្បី​ល្បាញ​ជាប់​ទាក់​ទង​នឹង​វប្បធម៌​។ អ្នក​ស្រី​បន្ត​ថា៖ «ប្ដី​របស់​ខ្ញុំ​សួរ​ខ្ញុំ​ថា​តើ​មាន​ផលិតផល​ជា​ពិសេស​ណា​មួយ​ទេ ហើយ​ជា​ផលិតផល​ដែល​មាន​គេ​ដឹង​យ៉ាង​ច្បាស់​នៅ​កម្ពុជា​ទាក់​ទង​ជាមួយ​នឹង​វប្បធម៌​របស់​យើង​? នៅ​ពេល​នោះ​ខ្ញុំ​គិត​មើល​បន្តិច ហើយ​គិត​ថា ម្រេច​កំពត​គឺ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ជាង​គេ»។
ការ​ប្រមូលផល​ក្នុង​ឆ្នាំ​ទី​មួយ​នោះ​មាន​ចំនួន​ច្រើន​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ក្នុង​គ្រួសារ និង​ចែក​ចាយ​ឲ្យ​មិត្តភក្តិ​មិន​អស់ អ្នក​ស្រី​ក៏​ចាប់​ផ្តើម​បែក​គំនិត​បង្កើត​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច ឈ្មោះ​ថា Bright Starling Holding ចាប់​ពី​ឆ្នាំ ២០១០​សម្រាប់​ការ​នាំ​ចេញ​ម្រេច​កំពត​មាន​គុណភាព​ឆ្ពោះ​ទៅ រក​ទីផ្សារ​អន្តរជាតិ។
មក​ដល់​ឆ្នាំ​នេះ​អ្នក​ស្រី​បាន​ពង្រីក ផ្ទៃ​ដី​ដល់ ៥ ហិកតា ប៉ុន្តែ​មាន​តែ ៣ ហិកតា​ប៉ុណ្ណោះ​ដែល​ផ្ដល់​ផល​ខណៈ​ដី​ពីរ​ហិកតា​ទៀត​ត្រូវ​ការ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ទៀត។
អ្នក​ស្រី អាណា កើត​នៅ​ឃុំ ព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ហើយ​បាន​រៀបការ​ជាមួយ​ជន​បរទេស​ឈ្មោះ Mark Hanna មក​ពី​ប្រទេស ហូឡង់ និង​មាន​កូន​បី​នាក់​។ អ្នក​ស្រី​និយាយ​ថា៖ «យើង​មិន​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ដាំ​ម្រេច​នោះ​ទេ ប៉ុន្តែ​យើង​មាន​សំណាង​ដែល​មាន​ឪពុក​មា​ម្នាក់​ដែល​ចូល​ចិត្ត​អាជីព​ក្នុង​វិស័យ​កសិកម្ម។ ខ្ញុំ​មិន​ដែល​គិត​ថា យើង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ម្រេច​ទេ វា​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​យើង»។
ការ​បង្កើត​ក្រុមហ៊ុន​បាន​ដំណើរការ​ឡើង ក្រោយ​ពេល​អ្នក​ស្រី​មិន​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​បាន​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ លើក​លែង​តែ​ក្រុមហ៊ុន farm link ltd នៅ​ខេត្ត កំពត​មួយ​ប៉ុណ្ណោះ​។ អ្នក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​រយៈ​ពេល ៣ ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​របស់​យើង​ទទួល​បាន​ជោគជ័យ​ដោយ​សារ​តែ​យើង​អាច​ដាំ​ម្រេច ច្រើន ហើយ​តម្លៃ​ម្រេច​កើន​ឡើង​ផង​ដែរ»។
តម្លៃ​ពី​សមាគម​កសិករ លើក​កម្ពស់​ម្រេច​កំពត (KPFA) ត្រឹម ១១ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​មិន​ថ្លៃ​នោះ​ទេ ដោយ​សារ​ម្រេច​ទាំង​នោះ​មាន​គុណភាព​ខ្ពស់។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​អ្នក​ស្រី​បាន​លក់​ក្នុង​តម្លៃ ៣៥ ដុល្លារ​ក្នុង​មួយ គីឡូក្រាម​សម្រាប់​ម្រេច​ខ្មៅ​។ អ្នក​ស្រី​និយាយ​ថា៖ «ពេល​នេះ KFPA មាន​ក្ដី​សប្បាយ​រីករាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ការ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ខ្លួន ប៉ុន្តែ​ពួកគេ​មិន​សប្បាយ​ចិត្ត​ដោយសារ​ពួកគេ​មិន​មាន​ម្រេច​គ្រប់​គ្រាន់​ដើម្បី​លក់។ ឆ្នាំ​ក្រោយ ខ្ញុំ​គ្រោង​នឹង​ទិញ​ពី​ពួកគេ​ប្រហែល ១០ តោន។ ខ្ញុំ​ជឿ​ថា កសិផល​ម្រេច​ខេត្ត កំពត​នឹង​ទទួល​ជោគជ័យ​ដោយ​សារ​តែ​ខ្ញុំ​អាច មើល​ឃើញ​ថា​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆមាស​នោះ​ទេ ខ្ញុំ​មិន​មាន​កសិផល​ម្រេច​សម្រាប់​ការ​លក់​តាម​ការ​បញ្ជា​ទិញ​ពី​បរទេស​នោះ​ទេ»។
ភាគ​ច្រើន​នៃ​ម្រេច​របស់​ក្រុមហ៊ុន​អ្នក​ស្រី ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និង អូស្ដ្រាលី ដែល​មាន​ចំនួន​ប្រហែល​ពី ៧ ទៅ​ដល់ ៨ តោន​។
ថ្មីៗ​នេះ ហ៊ីម អាណា បាន​ដំណើរការ​ហាង​ចំនួន ៣ នៅ​ទីក្រុង ភ្នំពេញ សៀមរាប និង កំពត ក្នុង​ការ​ដាក់​បង្ហាញ​ផលិតផល​កសិកម្ម ភាគ​ច្រើន​ក្នុង​ចំណោម​ផលិតផល​ទាំង​នោះ​គឺ​ម្រេច​កំពត។ អ្នក​ស្រី​ក៏​បាន​ផ្តល់​ការងារ​ចំនួន​ប្រហែល ៤០ នាក់ ក្នុង​នោះ ២៥ នាក់​ធ្វើ​ការ​នៅ​ចម្ការ​ម្រេច និង ១៥ នាក់​ធ្វើ​ការងារ​ផ្នែក​វេច​ខ្ចប់​នៅ​ភ្នំពេញ។ កម្មករ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ៧៥ ដុល្លារ​ដល់ ១៧០ ដុល្លារ។ អ្នក​ស្រី​បន្ត​ថា៖ «យើង​មាន​ជំនឿ​ចិត្ត និង​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​ម្រេច​យើង។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ម្រេច​យើង ហើយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ជន​បរទេស»៕
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន