ប្រភព Postkher.com : ប្រភភ្នំពេញៈ ការវេចខ្ចប់អាចធ្វើឲ្យផលិតផលមានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយរក្សាគុណភាពបានរយៈពេលយូរ។ ផលិតផលកម្ពុជាភាគច្រើនប្រឈមនឹងបញ្ហាវេចខ្ចប់ដែលធ្វើឲ្យ មានការចាប់អារម្មណ៍តិចតួច។ អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានជួបជាមួយសហគ្រិនស្រ្ដីវ័យក្មេងអ្នកស្រី កែម សម្ផស្ស ដែលបង្កើតអាជីវកម្មសេវាវេចខ្ចប់ហៅថា សហគ្រាសវេចខ្ចប់កម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងដល់តម្លៃបន្ថែមរបស់ផលិតផល សម្រាប់ការនាំចូលទីផ្សារជាពិសេសនៅតាមផ្សារទំនើប។
តើសហគ្រាសអ្នកស្រីមានផលិតផលអ្វីខ្លះ?
យើងបានផលិតឧបករណ៍វេចខ្ចប់ជាច្រើនប្រភេទ ហើយយើងបានវេចខ្ចប់ស្ករស ស្ករត្នោតដែលបាននាំចូលពីខាងក្រៅ ហើយស្ករត្នោតដែលបានផលិតនៅកម្ពុជាដោយអង្គការ Geres។ កញ្ចប់របស់យើងភាគច្រើនជាផលិតផលជីវសាស្ដ្រដែលគេបោះចោល ដែលមានដូចជា កញ្ចប់អាហារ ឬកែវទឹកជាដើម។
ហេតុអ្វីអ្នកស្រីចាប់អារម្មណ៍ក្នុងការបង្កើតសហគ្រាសបែបនេះ?
បើនិយាយពីបញ្ហានោះខ្ញុំសូមងាកទៅឆ្នាំ២០០២-២០០៣ ខ្ញុំបានឃើញការពិបាកក្នុងការស្វែងរកផលិតផលដូចនោះ នៅពេលខ្ញុំបម្រើការជាបុគ្គលិកនៅសណ្ឋាគារថ្នាក់ផ្កាយ ៥ នៅទីក្រុងភ្នំពេញ។ ពេលនោះ ខ្ញុំបានឃើញស្ទើរតែការវេចខ្ចប់ទាំងអស់ធ្វើពីស្បោង ប្លាស្ទិក។ ខ្ញុំគិតថា នៅថ្ងៃអនាគតយើងត្រូវលុបបំបាត់វត្ថុធ្វើពីប្លាស្ទិក។ ខ្ញុំក៏បានកត់សម្គាល់ផងដែរ ស្ករសត្រូវបានប្រើតាមតម្រូវការនៅ តាមភោជនីយដ្ឋានដែលគេបានចាក់ស្ករចូលក្នុងកែវ ហើយអ្នកបរិភោគដែលបានទៅញាំមី ពួកគេបានដាក់ស្ករសពីរ ឬបីស្លាបព្រា។ ដូច្នេះ វាមានការខាតបង់។ ខ្ញុំគិតថា ស្ករសមួយគីឡូក្រាមមានតម្លៃជាង ៣០០០ រៀល ហើយបន្ទាប់ពីខ្ញុំបានវេចខ្ចប់ ១,២ គីឡូក្រាមរួមមានកញ្ចប់តូចៗចំនួន ២៥០ ហើយពួកគេត្រូវបានប្រើប្រាស់បាន ២៥០ កែវកាហ្វេ។ បន្ទាប់ពី ខ្ញុំខ្ចប់វា ខ្ញុំបានឃើញថា ទទួលជោគជ័យ។ ខ្ញុំបានជួបប្រទះហាងកាហ្វេនិងភោជនីយដ្ឋាននិងសណ្ឋាគារគាំទ្រដល់ពួកយើង។
តើអ្នកស្រីបានចាប់ផ្ដើមសហគ្រាសនេះពីពេលណាមក?
កាលពីឆ្នាំ ២០០៨ នៅពេលនោះខ្ញុំនៅក្មេងហើយខ្ញុំនៅធ្វើការនៅសណ្ឋាគារនៅឡើយ។ ឆ្នាំ២០០៥ ខ្ញុំបានគ្រោងសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ។ នៅគ្រាដំបូងខ្ញុំចាប់ផ្ដើមជាមួយនឹងការវេចខ្ចប់ស្ករស។ មកពេលនេះ យើងមានផលិតផលប្រហែល ៥០ មុខវេចខ្ចប់ដោយខ្លួនឯង។
តើអ្នកស្រីយល់ថា ការវេចខ្ចប់មានប្រយោជន៍សម្រាប់ផលិតផលនេះយ៉ាងណា?
ការវេចខ្ចប់គឺពិតជាសំខាន់ដោយសារតែវាដូចជាមុខមាត់របស់មនុស្ស ហើយផលិតផលនីមួយៗចាំបាច់ត្រូវការវេចខ្ចប់ឲ្យបានល្អ ដើម្បីគេចផុតពីការឆ្លងរោគ និងងាយស្រួលក្នុងការបំផ្លាញចោល។ ដូច្នេះ ការវេចខ្ចប់គឺជា វត្ថុដំបូងគេក្នុងការមើលដល់ផលិតផលនេះ។ ប្រសិនបើវាមើលទៅមានការទាក់ទាញ វាគឺជាការលក់ដាច់បំផុត។ ផ្ទុយទៅវិញ ប្រសិនបើទំនិញមានគុណភាព និងមានរសជាតិ ប៉ុន្តែការវេចខ្ចប់របស់ខ្លួនគឺនៅអន់ វាមានការពិបាកក្នុងការលក់ដូរ។
តើអ្នកស្រីអាចប្រាប់អំពីស្ថានភាពសហគ្រាសអ្នកស្រីមានលក្ខណៈដូចម្ដេចខ្លះ?
នៅគ្រានោះ ខ្ញុំនៅជាបុគ្គលិកនៅឡើយ ហើយខ្ញុំបានចាប់ផ្ដើមជាមួយបងប្រុសរបស់ខ្ញុំ។ ខ្ញុំបានធ្វើវានៅពេលយប់ ហើយពេលថ្ងៃយើងបានធ្វើការឲ្យគេ។ នៅគ្រានោះ យើងវេចខ្ចប់ផលិតផល ហើយយើងបានព្យាយាមរកទីផ្សារដោយខ្លួនឯងតាមរយៈការណែនាំ ការផលិតរបស់យើងដល់ម្ចាស់អាជីវកម្មផ្សេងទៀត។ កាលពីឆ្នាំ ២០១០ ខ្ញុំបានឈប់ធ្វើការឲ្យគេ ហើយខ្ញុំបានផ្ដោតការយកចិត្តទុកដាក់លើអាជីវកម្មផ្ទាល់របស់ ខ្ញុំដោយមានការបញ្ជាទិញដុំពីដៃគូយើងរួមមានភោជនីយដ្ឋាន ផ្សារទំនើប ផ្សារម៉ាត ជាដើម ។ល។
តើនឹងធ្វើឲ្យកាន់តែល្អប្រសើរសម្រាប់សេវាវេចខ្ចប់នេះឬទេ?
បើយើងនិយាយពីមនុស្សជាតិនៅពេលនេះពួកគេត្រូវការអ្វីៗដែលមើលទៅស្រស់ ហើយទាន់សម័យ។ នៅពេលខ្ញុំបានបង្ហាញផលិតផលរបស់ខ្ញុំនៅលើកដំបូងដល់ អតិថិជន ពួកគេរអ៊ូរទាំថា ផលិតផលរបស់ខ្ញុំមានតម្លៃថ្លៃប៉ុន្តែពេល នេះគ្មានបញ្ហាទេ។
ការធ្វើការងារបម្រើអ្នកដទៃ និងការបើកអាជីវកម្មដោយខ្លួនឯង តើមួយណាល្អសម្រាប់អ្នក?
សម្រាប់ការងារផ្ទាល់ខ្លួនវិញ ខ្ញុំមានក្តីបារម្ភក្នុងចិត្តខ្លះៗ។ ហេតុអ្វី? ព្រោះពេលនេះ ខ្ញុំក្លាយជាដើមឈ។ យើងគិតអំពីការរីកចម្រើន អំពីហានិភ័យ និងអំពីការប្រកួតប្រជែង៕PB
No comments:
Post a Comment