Tuesday, August 20, 2013

រថយន្តដឹក​សំរាម​បុក​រ៉ឺម៉ក​ម៉ូតូ​រុញ​កៀប​ ជាប់​រនាំង​ដែក​ស្ថានីយ​បូម​ទឹក​

0 comments
ប្រភព កោះសន្តិភាព : រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តដឹកសំរាម និងរ៉ឺម៉កម៉ូតូបុកគ្នានៅចំណុច ភូមិត្នោតជ្រំទី៤ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា បណ្តាលឱ្យរថយន្តនិងរ៉ឺម៉កម៉ូតូកៀបជាប់គ្នា នឹងរនាំងដែកស្ថានីយបូមទឹក ។ តែសំណាងល្អហេតុការណ៍នេះមិនបណ្តាល ឱ្យនរណាម្នាក់រងរបួសធ្ងន់ឡើយ។
តាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះជាអ្នក បើកបររ៉ឺម៉កម៉ូតូឈ្មោះ ភោក សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាលចំកជើងខាងឆ្វេង ។ ចំណែកអ្នកបើករថយន្តដឹកសំរាមឈ្មោះ ប៉ាវ សុខ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុរ៉ឺម៉កម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នាតាមបណ្តោយផ្លូវលេខ៣៧១ ។ លុះមកដល់ចំណុចកើតហេតុរថយន្ត ដឹកសំរាមបានជាន់ហ្វ្រាំង ប៉ុន្តែហ្វ្រាំងមិនស៊ីក៏ជ្រុលល្បឿនទៅបុករ៉ឺម៉កម៉ូតូរុញទៅកៀប ជាប់នឹងរនាំងដែករបស់ស្ថានីយបូមទឹក រាជ ធានីភ្នំពេញ បណ្តាលឱ្យរ៉ឺម៉កម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់រ៉ឺម៉ករងរបួសស្រាល ។បន្ទាប់ពីកើតហេតុ ដោយមានការអន្តរាគមន៍ពីមន្ត្រីមូលដ្ឋាន និងនគរបាលចរាចរ ភាគីខាងរថយន្តដឹកសំរាមបានចេញសងថ្លៃខូចខាតឱ្យភាគីរ៉ឺម៉កម៉ូតូ ៕




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន