Monday, August 19, 2013

ទាហានស័ក្ដិ ៤ និងបក្ខពួក ដែលចែកចាយថ្នាំញៀន បញ្ជួនទៅតុលាការបាត់ដំបង

0 comments
ប្រភព CEN : បាត់ដំបង: មេទាហាន​ស័ក្ដិ ៤ ម្នាក់​បើក​ទីតាំង​ផ្ទះ​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន ព្រមទាំង​បក្ខពួក ៦ នាក់​ទៀត និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ទម្ងន់ ៧,៨៧ ក្រាម​រថយន្ត ២ គ្រឿង និង​អាវុធ​វែង​ម៉ាក M16 កាត់​ស្វាយ​មួយ​ដើម អាវុធ​ខ្លីម៉ាក CZ75 មួយ​ដើម​គ្រាប់ ៣០ គ្រាប់​បង់ ២ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ២ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៣​។​
​លោក​អនុសេនីយ៍ទោ អេង ហុង នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៧ នាក់​ដែល​ឃាត់ខ្លួន​នោះ ទី​១ ឈ្មោះ ថាច់ បូរិទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​យោធា​ពាក់​ស័ក្ដិ​៤ នៅ​អង្គភាព​ចារកម្ម​។ ទី​២ ឈ្មោះ លី ស្រី​ស្រស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ទី​៣ ឈ្មោះ ជឺ ឈាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ ទី​៤ ឈ្មោះ ជឺ ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ ទី​៥ ឈ្មោះ អ៊ុន ចំ​រ៉ើ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៦ ឈ្មោះ វ៉ាន់ និ​ត ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កៀន​កេះ​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៧ ឈ្មោះ ថង ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។​
​    ​
​លោក អេង ហុង បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ដំបូង គឺ​កម្លាំង​បាន​បាប់​ឃាត់ខ្លួន​ឈ្មោះ ថង ឌី និង​រឹបអូស​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​មួយកញ្ចប់​តូច ពេល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក់ឯង នៅតាម​ផ្លូវលំ​វាលស្រែ ១០០០ ស្ថិត​ក្នុងភូមិ​ចម្ការ​សំរោង​២ សង្កាត់​ចម្ការ​សំរោង នាំយកមក​សាកសួរ​ហើយ​ឈានទៅ​ឆែកឆេរ​ផ្ទះ​មេក្លោង​គ្រឿងញៀន​ឈ្មោះ ថាច់ បូរិទ្ធ ជា​ទាហាន​ពាក់​ស័ក្ដិ​៤​នៅ​បម្រើរ​ការងារ​ក្នុង​អង្គភាព​ចារកម្ម​នោះ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក នួន សាន ព្រះរាជអាជ្ញារ​អម​សាលាដំបូង និង​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញារង លោក សួស រិទ្ធី ក្រឡាបញ្ជី និង​កម្លាំង​អា​វុ​ហត្ថ​ខេត្ត​ព្រមទាំង​អាជ្ញាធរ​មួលដ្ឋាន​ផងដែរ​។​
ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះ​របស់​មេ​យោធា​ម្នាក់នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​កាំភ្លើង​ធុន M16 មួយ​ដើម កាំភ្លើង​ខ្លីម៉ាក CZ 75 មួយ​ដើម​រថយន្ត ២ គ្រឿង (​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​ស្ករ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​សៀមរាប 2A-4320 និង​មួយគ្រឿង​ទៀត​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2.6962 ដែលជា​ឡាន​របស់​ឈ្មោះ ថាច់ បូរិទ្ធ ទាហាន​ពាក់​ស័ក្តិ​៤)​។ មាន​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ២ ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ ចំណែក​ថ្នាំញៀន​ដែល​នៅក្នុង​ផ្ទះ​ទំនងជា​ម្ចាស់​​ផ្ទះ​បំផ្លាញ​ចាក់​ចូលក្នុង​បង្គន់​រលាយ​អស់ ខណៈដែល​ម្ចាស់ផ្ទះ​ពន្យារពេល​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​សមត្ថកិច្ច ចូលទៅ​ក្នុងផ្ទះ​ឆែកឆេរ​រយៈពេល​ជិត ២ ម៉ោង​។ ក្រោយពី​សាកសួរ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា កម្លាំង​បាន​នាំ​ឈ្មោះ ជឺ ឆាយ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នា ៦ នាក់​នៅក្នុង​ផ្ទះ​ដែល​ឆែកឆេរ​ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់ទុក​ថ្នាំញៀន រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ២ កញ្ចប់​ទៀត​។​
​    ​
​លោក អេង ហុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៧ នាក់ កម្លាំង​កំពុង​កសាង​សំណុំរឿង និង​បន្ត​តាម​នីតិវិធី បើ​គ្មាន​ព័ត៌មាន​ផ្សេងទៀត​ទេ និង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៩ ខែសីហា ២០១៣​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែសីហា លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង នាំ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ចុះបង្ក្រាប​ឆែកឆេរ​សំបុក​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​មួយកន្លែង បាន​ឃាត់ខ្លួន​មនុស្ស ៦ នាក់ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ ចាប់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ម៉ា​ទឹកកក​មួយកញ្ចប់ កាលពី​វេលា​ម៉ោង ១០ ព្រឹក ហើយ​ឈានទៅ​ឆែកឆេរ​ផ្ទះ​ទាហាន​ស័ក្ដិ​៤​ម្នាក់ បម្រើ​ការងារ​ក្នុង​អង្គភាព​ចារកម្ម​តែម្ដង​៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន