Thursday, August 22, 2013

ក្រសួង​សុខាភិបាល និង​អង្គការ WHO៖ ជំងឺ​ផ្តាសាយ​បក្សី កើតឡើង​លើ​កុមារា អាយុ ៦​ឆ្នាំ ម្នាក់ទៀត នៅ​ខេត្ត​កណ្តាល

0 comments

ប្រភព CEN : ភ្នំពេញ: ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក WHO បាន​ប្រកាស​ព័ត៌មាន​រួមគ្នា កាលពី​ថ្ងៃ​ពុធ ទី​២១ ខែ​សីហា ឆ្នាំ​២០១៣ ថា កុមារា​ម្នាក់ទៀត អាយុ ៦​ឆ្នាំ នៅ​ខេត្ត​កណ្តាល បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី H5N1​។ កុមារ​នោះ ត្រូវ​បាន​បញ្ជាក់ថា មាន​ផ្ទុក​មេរោគ​ជំងឺ​ផ្តាសាយ​បក្សី ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

​សេចក្តីប្រកាស​បង្ហាញថា កុមារា អាយុ ៦​ឆ្នាំ នៅ​ខេត្ត​កណ្តាល ដែល​បាន​ឆ្លង​ជំងឺផ្តាសាយបក្សី គឺជា​ករណី​ទី​១៧ ក្នុង​ឆ្នាំ​២០១៣​។ កុមារា​រងគ្រោះ រស់​នៅក្នុង​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បានចាប់ផ្តើម​ឈឺ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​មាន​ជំងឺ​គ្រុ​នក្តៅ ឈឺក្បាល ក្អួតចង្អោរ ឈឺ​ចុកចាប់​រាងកាយ​។ កុមារា​នោះ បាន​ប៉ះពាល់​នឹង​ប​សុ​បក្សី មាន់ និង​ទា ដែល​ឈឺ​។​

​កាលពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៣ វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏​បាន​រកឃើញ​ជំងឺ​ផ្តាសាយ​បក្សី កើត​លើ​កុមារី​ម្នាក់ អាយុ ៥ ឆ្នាំ មក​ពី​ស្រុង​ស្អាង ខេត្ត​កណ្តាល និង​កុមារា​ម្នាក់ អាយុ ៩​ឆ្នាំ មកពី​ខេត្ត​បាត់ដំបង​។ តែ​កុមារា អាយុ ៩ ឆ្នាំ ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ នៅ​ខេត្ត​សៀមរាប បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៣​។ រីឯ​កុមារី អាយុ ៥ ឆ្នាំ បាន​ធូរស្បើយ​ជា​បណ្តើរៗ​ហើយ​។​
 
​គិត​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់ពេលនេះ នៅ​កម្ពុជា កើត​មាន​ជំងឺផ្តាសាយបក្សី H5N1 ចំនួន ៣៨ ករណី​។ ក្នុងនោះ មាន​អ្នកស្លាប់​យ៉ាងហោចណាស់ ២៨ នាក់​។ បើ​គិត​ត្រឹមតែ​ដើមឆ្នាំ​២០១៣ មកដល់​ថ្ងៃ​ទី​២២ ខែ​សីហា​នេះ ជំងឺ​ផ្តាសាយ​បក្សី នៅ​កម្ពុជា កើតមាន ១៧ ករណី និង​បាន​សម្លាប់​មនុស្ស ១០ នាក់​។ អ្នកជំងឺ​ស្ទើរតែ​ទាំងអស់ ជា​កុមារ​៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន