ប្រភព Postkhmer : ភ្នំពេញៈ សារមន្ទីរលុយលើកដំបូងរបស់កម្ពុជានឹងត្រូវបានបើកដំណើរការនៅ ឆ្នាំ២០១៥ ដែលជាផ្នែកមួយនៃការអភិរក្សរូបិយប័ណ្ណប្រវត្តិសាស្ត្ររបស់កម្ពុជា។
សារមន្ទីរជាលក្ខណៈប្រវត្តិសាស្ត្រនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅជិតនឹងអគារផ្សារហ៊ុនថ្មីដែលកំពុងសាងសង់នៅក្បែរ វត្តភ្នំ។
សារមន្ទីរនេះជាសំណង់អគារសម័យអាណានិគមបារាំង នឹងត្រូវជួសជុលឡើងវិញ។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC) បាននិយាយឲ្យដឹងថា៖ «NBC ចង់ឲ្យមានសារមន្ទីរមួយសម្រាប់ជាអត្ថប្រយោជន៍របស់ជាតិជាពិសេសសម្រាប់ជាអត្ថប្រយោជន៍មនុស្សក្មេងៗដើម្បីរៀនសូត្រនិងយល់ដឹងពីប្រវតិ្តរបស់ប្រាក់ និងពីតួនាទីរបស់ធនាគារកណ្ដាល»។ លោកស្រីបានបន្ថែមថា ធនាគារកណ្ដាលជាច្រើននៅលើពិភពលោកមានសារមន្ទីរប្រភេទនេះ។
សារមន្ទីរនេះនឹងបង្ហាញដល់ភ្ញៀវទេសចរពីប្រវត្តិសាស្រ្តរបស់ប្រាក់រៀលខ្មែរ និងការដាក់បង្ហាញពីរូបិយប័ណ្ណផ្សេងៗមានមកតាំងពីសម័យកាលខុសៗគ្នារបស់ប្រវត្តិសាស្រ្ដកម្ពុជា។
ប្រទេស កាណាដា ចិន អាល្លឺម៉ង់ និងអាមេរិក ស្ថិតក្នុងចំណោមប្រទេសដែលមានសារមន្ទីរនេះដែលជាការឧទ្ទិសដល់ រូបិយប័ណ្ណរបស់ខ្លួន។ ធនាគារសហព័ន្ធរបស់អាមេរិកនៅ Chicago បានដាក់តាំងបង្ហាញរូបិយប័ណ្ណជាប្រវត្តិសាស្ត្ររបស់អាមេរិក រួមទាំងក្រដាស់ប្រាក់ ១០០០ ដុល្លារផងដែរ។
គណនីយករនៅ NBC ដែលមិនបញ្ចេញឈ្មោះបាននិយាយថា៖ «យើងចង់បានសារមន្ទីរនេះដើម្បីរក្សាឯកសារចាស់ៗ និងបង្ហាញដល់ប្រជាជនពីប្រវត្តិសាស្រ្ដរបស់យើងអំពីប្រាក់កាក់ និងក្រដាស់ប្រាក់»។ លោកបាននិយាយថា ធនាគារនេះមិនទាន់រួចស្រេចក្នុងការប្រកាសពីគម្រោងដល់សាធារណជននៅឡើយទេ ប៉ុន្តែព័ត៌មានលម្អិតកាន់តែច្រើននឹងត្រូវបានចេញផ្សាយទាក់ទងនឹងការបញ្ចប់នៃសំណង់នេះ។ លោកបានបន្ថែមថា ការជួសជុលឡើងវិញត្រូវគេរំពឹងថានឹងបញ្ចប់នៅត្រឹម ២០១៥។
សារមន្ទីរដែលមានកម្ពស់ពីរជាន់នេះត្រូវផ្ដល់មូលនិធិទាំងស្រុងដោយធនាគារជាតិនៃកម្ពុជា ប៉ុន្តែលោកមិនអាចបង្ហាញពីតួលេខពិតប្រាកដនោះទេ។ ខណៈដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ជាទូទៅនៅកម្ពុជា វានឹងមិនត្រូវបានដាក់នៅក្នុងសារមន្ទីរនេះទេ។
រូបិយប័ណ្ណជាតិមានប្រជាប្រិយភាពបំផុតនៅចន្លោះឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧៤ ដែលត្រូវបានចេញស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង ហើយបានលុបចោលដោយរបបខ្មែរក្រហម។ សារមន្ទីរលុយអាចជាអ្វីដែលប្រជាជនកម្ពុជាចាំបាច់ទទួលបានទំនុកចិត្តលើប្រាក់រៀលជាថ្មី។
លោក Allan Lim អ្នកនិពន្ធសៀវភៅរូបិយប័ណ្ណកម្ពុជាស្ដីពីប្រវត្តិសាស្រ្ដប្រាក់ បានប្រើប្រាស់នៅកម្ពុជាបានថ្លែងថា៖ «វាអាចជួយបំបាត់ប្រាក់ដុល្លារអាមេរិកពីសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ដុល្លារអាមេរិក»។
លោកបានបន្ថែមថា៖ «មានសារមន្ទីរស្ដីពីប្រាក់កម្ពុជាពិតណាស់អាចជួយដល់ប្រជាជន ក្នុងស្រុកបច្ចុប្បន្នឲ្យយល់កាន់តែច្បាស់ពីរូបិយប័ណ្ណជាតិ»។
លោក Allan Lim ជាអ្នកប្រមូល និងជាអ្នកស្រាវជ្រាវរូបិយប័ណ្ណកម្ពុជាចាប់តាំងពីឆ្នាំ ២០០១ បានពន្យល់ថា កម្ពុជាមានរូបិយប័ណ្ណផ្សេងៗគ្នាក្នុងរយៈកាលប្រាំសតវត្សរ៍កន្លងមក។ លោកបន្តថា ការប្រមូលទុកប្រាក់រៀលរបស់លោកមកដល់បច្ចុប្បន្ននេះទំនងជាការប្រមូលមួយដ៏ធំជាងគេនៅលើពិភពលោក»។
ចាប់តាំងពីការណែនាំជាថ្មីរបស់ខ្លួន ធនាគារជាតិនៃកម្ពុជាបានចេញក្រដាស់ប្រាក់មួយចំនួនរួមទាំងការឲ្យប្រើប្រាស់ក្រដាស់ប្រាក់ ១០០ ០០០ រៀលកាលពីខែ ឧសភាផងដែរ។
ទោះបីជាធម្មតាត្រូវបានជឿថា មិនមានប្រាក់កាក់ ឬក្រដាសប្រាក់ត្រូវបានគេប្រើប្រាស់រហូតដល់សតវត្សរ៍ទី១៥ ក៏ដោយ ប៉ុន្តែការរកឃើញថ្មីៗ និងការស្រាវជ្រាវបានរកឃើញថា កាក់ប្រាក់ និងកាក់មាសមានតាំងពីសម័យនគរភ្នំ មុនសម័យអង្គរ។
សារមន្ទីរនេះអាចបង្ហាញប្រាក់កាក់បានមកពីសតវត្សរ៍ទី១៥ រហូតដល់សតវត្សរ៍ទី១៨ ដែលបានប្រើតាមរបៀបផ្សេងគ្នានៅក្នុងការបង្កើតឡើងជារូបភាព ដូចជា ទន្សាយ ដំរី សេះ ក្តាម ក្ងោក ផ្កាឈូក ហាមសា ដែលជាមន្តអាគមមានរូបប៉ុនកដៃសមគ្នា និង ហ្ការូដា សត្វស្លាបមិនពិតនៅក្នុងសាសនាហិណ្ឌូ និងពុទ្ធសាសនា។
រូបិយប័ណ្ណ បុរាណរបស់កម្ពុជារួមមានកាក់ ទង់ដែង និងកាក់ប្រាក់បានពីការគ្រប់គ្រងនៅសតវត្សរ៍ទី១៩របស់ស្ដេច នរោត្តម និងកាក់ Piastre និងក្រដាសប្រាក់ឥណ្ឌូចិនរបស់បារាំង បានប្រើប្រាស់ទូទាំងកម្ពុជា ឡាវ និង វៀតណាម ក្នុងអំឡុងសម័យអាណានិគមនិយមបារាំងរបស់ប្រទេសនេះ។ លោកបន្តថា៖ «វាអាចផ្ដល់មោទនភាពដល់ប្រទេសជាតិដែលបានបាត់បង់ការទុកចិត្តលើប្រាក់រៀលចាប់តាំងពីទសវត្សរ៍ ៧០ និង ៨០»។
អ្នកនិពន្ធខ្មែរមានដើមកំណើតអូស្រ្ដាលីអាចជាអ្នកផ្ដល់ជំនួយក្នុងពេលអនាគត ដល់ការប្រមូលរបស់សារមន្ទីរនេះ។ អ្នកគ្រប់គ្រងមកពីធនាគារជាតិនៃកម្ពុជាបានទាក់ទងគាត់ កាលពីខែ មីនាស្នើសុំការប្រមូលក្រដាស់ប្រាក់រៀលរបស់គាត់ដាក់ បង្ហាញនេះ។
ក្រុមហ៊ុនម៉ៅការបន្តកំពុងធ្វើការលើគម្រោងនេះបាននិយាយថា ការជួសជុលឡើងវិញរបស់អគារនេះនឹងរក្សាការពារទុកបូរណភាពរបស់ស្ថាបត្យកម្មអាណានិគមនិយមបារាំង។វិស្វករមកពីក្រុមហ៊ុន Alpha Property Construction បានបន្ថែមថា ការសាងសង់នេះបានចាប់ផ្ដើមកាលពីឆ្នាំមុន ហើយថាដំបូល និងបន្ទប់ខាងមុខនឹងត្រូវបញ្ចប់នៅខែក្រោយ។ អគារនេះត្រូវបានសាងសង់តាំងពីឆ្នាំ ១៩២៦ ដែលជាទីតាំងរបស់ភ្នាក់ងារទេសចរណ៍មុនពេលត្រូវបានគេបោះបង់នៅឆ្នាំ ២០០១។
ធនាគារ ជាតិនៃកម្ពុជាបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន សិង្ហបុរី ZaStyle ជាក្រុមហ៊ុនទទួលម៉ៅការសំខាន់ក្នុងការជួសជុលនេះ។ បច្ចេកទេស និងសម្ភារបន្ថែមនឹងត្រូវបាននាំមកពីប្រទេស សិង្ហបុរី ដើម្បី បញ្ចប់ការសាងសង់នេះ។
វិស្វករបានបន្ថែមថា រូបសំណាកមួយឈុតបានយកមកពីខេត្ត កំពង់ធំនឹងដាក់ជំនួសរូបសំណាកខាងមុខដែលមានស្រាប់៕ PB
No comments:
Post a Comment