ភ្នំពេញៈ វិស័យឯកជនបានស្នើឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់សារពើពន្ធដ៏ចំណាស់របស់កម្ពុជាដើម្បីដើរឲ្យទាន់សភាពការណ៍ដែលពួកគេជឿថានឹងជួយការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែងមុននឹងសហគមន៍សេដ្ឋកិច្ចអាស៊ានឈានមកដល់នៅឆ្នាំ ២០១៥។
ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបដ៏កម្រមួយកាលពីថ្ងៃម្សិលមិញ ដែលមានអ្នកជំនួញជាង ១០០ នាក់មកពីវិស័យឯកជនដឹកនាំដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាជាមួយលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គិត ម៉េង បានហៅច្បាប់ស្តីពីសារពើពន្ធនោះថា បានអនុម័តជាង ១០ ឆ្នាំកន្លងមកនៅកម្ពុជា ហើយវាមិនស៊ីគ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះទេ។
លោកថ្លែងថា៖ «សូមឲ្យខ្ញុំប្រាប់ឯកឧត្តមថា ច្បាប់នេះបានបង្កើតឡើង ១៥ ឆ្នាំកន្លងមកហើយតាមដែលខ្ញុំដឹង ហើយច្បាប់នេះធ្វើឡើងតម្រូវទៅនឹងស្ថានភាពពេលនោះ។ តែនេះ គឺឆ្នាំ ២០១៣ យើងនៅតែប្រើច្បាប់នេះដើម្បីអនុវត្តដដែលៗ!»។ លោកបន្តថា រយៈពេលនៅសល់តែមួយឆ្នាំកន្លះទៀតប៉ុណ្ណោះ កម្ពុជាកំពុងត្រៀមខ្លួនឈានជើងចូលក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន ដូចនេះ អ្នកវិនិយោគត្រូវការធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានភាពប្រកួតប្រជែងដោយធ្វើឲ្យតម្លៃប្រតិបត្តិការចុះថោក។
សភា ពាណិជ្ជកម្មកម្ពុជាក៏បានស្នើឲ្យបន្ទាបអាករលើតម្លៃបន្ថែម (VAT) ពី ១០ ភាគរយ មកនៅត្រឹម ៧ ភាគរយដូចនៅប្រទេសសមាជិកអាស៊ានផ្សេងទៀតមានថៃជាដើម។
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពីសារពើពន្ធកាលពី ១៩៩៧ ។ តែ លោក គង់ វិបុល លើកឡើងថា ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មម្តងនៅឆ្នាំ ២០០៣។
ប៉ុន្តែ លោកថ្លែងថា នឹងលើកគំនិតនេះឡើងទៅមន្រ្តីថ្នាក់ខ្ពស់ដើម្បីធ្វើការសម្រេចចិត្តក្នុងការធ្វើកំណែទម្រង់។លោកបន្តថា៖ «ខ្ញុំនឹងយកសំណើនេះជូនទៅថ្នាក់លើដែលសហគមន៍ពាណិជ្ជកម្មបានស្នើឡើងក្នុងពេលនេះ»។
VAT ជាពន្ធដែលអតិថិជនបង់ទៅឲ្យរដ្ឋាភិបាលតាមរយៈការប្រើប្រាស់ ឬទទួលសេវាពីក្រុមហ៊ុន។
លោក គង់ វិបុល បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវប្រមូលពន្ធឲ្យមានប្រសិទ្ធភាពពឹងលើកំណើនសេដ្ឋកិច្ច ដូច្នេះវាអាចមានការពិបាកក្នុងការបញ្ចុះឲ្យទាបក្នុងអំឡុងកំណើនសេដ្ឋកិច្ចកម្ពុជា។
ទោះបីយ៉ាងនេះក្តី លោក គិត ម៉េង បានលើកឧទាហរណ៍នៅ ហុងកុង ដែលរដ្ឋាភិបាលយកពន្ធតិច តែការប្រមូលពន្ធមានប្រសិទ្ធភាព។ លោកបន្តថា៖ «ពេលយកពន្ធតិច [រាជរដ្ឋាភិបាល] ប្រមូលបានច្រើនតែបើយកពន្ធច្រើន [ឈ្មួញ] គេចមិនបង់ពន្ធច្រើន»៕ ប្រភពចេញពី Postkhmer.com
No comments:
Post a Comment