Thursday, August 22, 2013

ក្រុមហ៊ុន អង្គរថ្មពេជ្រ រីសស កំពុងជីករករ៉ែ ទាំងហួសអាជ្ញាប័ណ្ណ បំផ្លាញផលដំណាំ ប្រជាពលរដ្ឋ

0 comments

-ក្រុមហ៊ុន បំពានលិខិត ឱ្យផ្អាកសកម្មភាព រុករករ៉ែ របស់អាជ្ញាធរ ខេត្ដប៉ៃលិន
ប្រភព dap-news : ប៉ៃលិន ៖ ប្រជាពលរដ្ឋ រស់នៅ ចំណុច ១៧ចាស់ ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បានចោទប្រកាន់ ក្រុមហ៊ុន អង្គរថ្មពេជ្រ រីសស (Angkor ThmorPich Resources Co.; Ltd) ថា បាននិងកំពុងធ្វើសកម្មភាព រុករករ៉ែ លោហៈ ដោយ ប្រើគ្រឿងចក្រជា ច្រើនគ្រឿង ទាំងហួស សុពលភាពអាជ្ញាប័ណ្ណ ធ្វើឱ្យប៉ះ ពាល់ និងបំផ្លាញ ផលដំណាំដីចំការ របស់ពួក គាត់ជាច្រើន ថែមទាំងមិន អនុញ្ញតឱ្យពួក គាត់ជាម្ចាស់ដីស្របច្បាប់ ចូលទៅតំបន់នោះទៀតផង ។
ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយ ក្រុមហ៊ុន រុករករ៉ែលោហៈ មួយនេះបាននិយាយ ទៀតថា បើទោះបីអភិបាល ខេត្ដប៉ៃលិន លោក អ៊ី ឈាន បានចេញលិខិត ឱ្យក្រុមហ៊ុន ផ្អាកសកម្មភាព របស់ខ្លួនក៏ដោយ ប៉ុន្ដែ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដែលត្រូវ ផុតសុពលភាព អាជ្ញាប័ណ្ណ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនោះ នៅបន្ដជីករករ៉ែខ្លាំង ឡើង និងខុសពីតំបន់ ដែលត្រូវបានកំណត់ ដោយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ទៀតផង ។
អ្នកស្រី សុខ ឌីណា និងលោក សឿន សុខន ជាប្ដី បច្ចុប្បន្នរស់នៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលផលដំណាំ ដីចំការរបស់គាត់ រងផល ប៉ះពាល់ដោយ ក្រុមហ៊ុន មួយនេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ បានដាក់ពាក្យ បណ្ដឹងទៅអភិបាល ខេត្ដប៉ៃលិន ដោយរៀបរាប់ពីបញ្ហា និងស្នើឱ្យអាជ្ញាធរខេត្ដ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះសកម្មភាព ក្រុមហ៊ុនមួយ នេះ ។ ម្ចាស់ដីទាំង ២នាក់ ប្ដី-ប្រពន្ធ បានរៀប រាប់នៅក្នុងពាក្យបណ្ដឹងថា លោក សូ យាង ប្រធានក្រុមហ៊ុន អង្គរថ្មពេជ្ររីសស បាន និងកំពុងប្រើគ្រឿងចក្រ ជាច្រើនគ្រឿង បំផ្លាញផល ដំណាំការដាំដុះ និងដីចំការរបស់ គាត់ដែលកាន់កាប់តាំងពី ឆ្នាំ១៩៩៦ មកនោះ ។
ក្នុងពាក្យបណ្ដឹង បានបន្ដថា “នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ លោក សូ យាង ប្រធានក្រុមហ៊ុន មករុករ៉ែលោហៈ ដោយប្រើអេស្កាវ៉ាទ័រ ១ គ្រឿង និងម៉ាស៊ីន ធ្វើរ៉ែចំនួន ៦គ្រឿង បាន បំផ្លាញផលដំណាំ និងដីចំការ របស់យើងខ្ញុំ ជាច្រើន ដែលដីនេះយើងខ្ញុំ បានកាន់កាប់ តាំងពីមុន សមាហរណកម្មមកម្ល៉េះ ហើយ ទោះបីសាលា ខេត្ដប៉ៃលិន បានឱ្យផ្អាកសកម្ម ភាពជាបន្ទាន់ ។ យ៉ាងណាក៏ដោយ ក៏លោក សូ យាង នៅបន្ដសកម្មភាព បញ្ជាគ្រឿងចក្រ ជីកគាស់ កកាយបំផ្លាញ ផលដំណាំ និងដីចំការ របស់យើងខ្ញុំយ៉ាងគឃ្លើន ”។
លោក សែត ខ្នូន អាយុ ៣៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលអះអាងថា ដីដំណាំ របស់គាត់ ៣,៥ ហិកតា បានរងផលប៉ះពាល់ ដោយសារ ក្រុមហ៊ុន មួយនេះក៏បាននិយាយថា ក្រុមហ៊ុន មិនត្រឹម តែបំផ្លាញផលដំណាំ របស់គាត់ឡើយ ប៉ុន្ដែ ថែមទាំងរារាំង គាត់ចូលទៅកាន់ដី ទៀតផង ដោយប្រធាន ក្រុមហ៊ុនរូបនេះ ដែលលោកអះអាងថា ជាទាហាននៅក្រសួង ការពារជាតិ ផងនោះ បានដាក់ប៉ុស្ដិ៍ត្រួត ពិនិត្យ និងគំរាមកំហែង ចាប់ដាក់គុក បើសិនហ៊ានប្ដឹងនឹងចុះផ្សាយព័ត៌មាន។
មន្ដ្រីសាលា ខេត្ដប៉ៃលិនមួយរូប ដែល ដឹងរឿងរ៉ាវ ខាងលើនេះ សូមមិនបញ្ចេញ ឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែសីហា ថា ក្រុមហ៊ុនរបស់លោក សូ យាង បានអស់សុពលភាព កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្ដែ នៅបន្ដសកម្មភាព ខ្លាំងឡើង ថែមទៀត ធ្វើឱ្យប៉ះពាល់ផល ដំណាំ និងដីចំការ របស់ប្រជាពលរដ្ឋ បើទោះ បីអាជ្ញាធរខេត្ដ បានបញ្ជាឱ្យផ្អាកសកម្មភាព នេះជាបន្ទាន់ក៏ដោយ ។
មន្ដ្រីសាលាខេត្ដរូបនេះ បានបន្ដទៀត ថា សកម្មភាព របស់ក្រុមហ៊ុនបាន ធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ព្រៃឈើ និងដំណាំប្រជា ពលរដ្ឋ យ៉ាងខ្លាំង ហើយមិនបានស្ដាប់ការ ណែនាំរបស់ អាជ្ញាធរខេត្តនោះឡើយ ។ ជុំវិញករណី ខាងលើនេះ អភិបាលខេត្ដ ប៉ៃលិន លោ អ៊ី ឈាន បានថ្លែងឱ្យដឹងថា លោកបានសរសេរ លិខិតជូនទៅ ក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល រួចហើយ ពីបញ្ហានេះ ថែមទាំង បញ្ជាក់ថា ក្រុមហ៊ុន អស់សុពលភាព ក្នុងការធ្វើសកម្មភាពរុករក រ៉ែលោហៈ នៅតំបន់ដែល ត្រូវបានអនុញ្ញាតឱ្យធ្វើនោះ ។
លោក អ៊ី ឈាន បានបញ្ជាក់ថា ចំពោះ បញ្ហានេះ អាជ្ញាធរខេត្ដ នឹងធ្វើឱ្យហ្មត់ចត់ ហើយសិក្សា តាមផ្លូវច្បាប់ ក៏ដូចជា ផលប៉ះ ពាល់ខាងផ្នែក អនាម័យ និងបរិស្ថាន ។ ជាមួយគ្នានេះ លោកអភិបាលខេត្ដក៏ បានបញ្ជាក់ថា អាជ្ញាធរខេត្ដបាន ឱ្យ ក្រុមហ៊ុនផ្អាក ពេលហួសសុពលភាព អាជ្ញាប័ណ្ណ និងប្រាប់ឱ្យ ក្រុមហ៊ុន ជៀសវាងការប៉ះពាល់ ដល់ផលដំណាំ របស់ប្រជាពលរដ្ឋ ។
យោងតាម អាជ្ញាប័ណ្ណ ស្វែងរុករករ៉ែ លោហៈ របស់រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលលោក ស៊ុយ សែម ដែល បានអនុញ្ញាតឱ្យ ក្រុមហ៊ុនមួយនេះ ធ្វើការ សិក្សាស្រាវជ្រាវ រ៉ែលោហៈ នៅតំបន់ភ្នំកៃ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន លោកទំហំផ្ទៃដី ៣៤គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល២ឆ្នាំ ពោលចាប់ពីថ្ងៃចុះហត្ថលេខា គឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១១ ដូច្នេះរហូតមកដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ មានន័យថា សុពលភាពអាជ្ញាប័ណ្ណ ស្វែងរុករករ៉ែ លោហៈ របស់ក្រុមហ៊ុនត្រូវហួសហើយ ប៉ុន្ដែក្រុមហ៊ុនមួយនេះ នៅបន្ដសកម្មភាព ដដែល ។
ឆ្លើយតបនឹងលិខិត របស់លោក ស៊ុយ សែម អភិបាលខេត្ដប៉ៃលិន លោក អ៊ី ឈាន បានចំណារនៅលើលិខិតថា “ឯកភាពតាម សេចក្ដីសម្រេច របស់ក្រសួង តែធ្វើយ៉ាង ណា កុំឱ្យប៉ះពាល់ដល់ដំណាំ និងដីចំការ របស់ប្រជាពលរដ្ឋ ហើយត្រូវទំនាក់ទំនង ជាមួយអាជ្ញាធរសាធារណៈ ជៀសវាងកុំ ប៉ះពាល់ប្រជាជន ”។ ជនរងគ្រោះខាងលើ ក៏បានចោទខាង ភាគីក្រុមហ៊ុនថា ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ត្រឹមតែអនុញ្ញាតឱ្យធ្វើការសិក្សា ស្រាវជ្រាវរ៉ែលោហៈ ប៉ុន្ដែ ធាតុពិតក្រុមហ៊ុន មិនត្រឹមតែសិក្សានោះទេ ថែមទាំង កែច្នៃទៀតផង គឺខុសនឹងលិខិតរបស់ ក្រសួង ។
ជាមួយគ្នានេះ ជនរងគ្រោះសូមអំពាវ នាវ ដល់ប្រមុខនៃរាជរដ្ឋាភិបាលគឺសម្ដេច តេជោ ហ៊ុន សែន និងក្រសួងពាក់ព័ន្ធព្រម ទាំងអាជ្ញាធរខេត្ដ មេត្ដាចាត់វិធានការតាម ផ្លូវច្បាប់ ពីព្រោះផលដំណាំរបស់ពួកគាត់ ដូចជា ដើមខ្លឹមច័ន្ទគ្រឹះស្នា ដូង ស្វាយ និង ដំណាំផ្សេងៗទៀត ត្រូវបានភាគីក្រុមហ៊ុន ប្រើគ្រឿងចក្រ ជីកកកាយខូចខាតអស់ ហើយ ព្រមទាំងមិនអនុញ្ញាតឱ្យម្ចាស់ដីពិត ប្រាកដ ចូលទៅក្នុងតំបន់នោះទៀតផង ។
ជុំវិញការចោទប្រកាន់ ខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់ អាចស្វែងរក ការបកស្រាយណាមួយពី លោក សូ យាង ប្រធានក្រុមហ៊ុន អង្គរថ្មព្រេជរីសស បាននៅឡើយទេ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣៕





No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន