Thursday, August 22, 2013
លោក ហោ ណាំហុង នឹងទៅប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នៅប៉េកាំង រយៈពេលពីរថ្ងៃ នៅចុងខែសីហានេះ
ប្រភព CEN : ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសប្រារព្ធខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស។
សេចក្តីជូនព័ត៌មាន ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ បង្ហាញថា ដំណើរទៅកាន់តុប្រជុំរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើង តបតាមការអញ្ជើញរបស់លោក វ៉ាង យី ( Wang Yi ) រដ្ឋមន្ត្រីការបរទេសចិន។ លោក វ៉ាង យី ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣។
សេចក្តីជូនព័ត៌មានដដែល លើកឡើងថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន រយៈពេល ២ ថ្ងៃ នៅទីក្រុងប៉េកាំង នឹងផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាជាច្រើន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងបណ្តាប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ាន និងប្រទេសចិន។
សេចក្តីជូនព័ត៌មានដដែល លើកឡើងថា ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត នឹងជួបសំដែងការគួរសមជាមួយលោក លី ខឺឈាង ( Li Keqiang ) នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ ចិន និងលោក យ៉ាង ជាឈី ( Yang Jiechi ) សមាជិកក្រុមប្រឹក្សារដ្ឋចិន។
សូមរម្លឹកថា ជាយូរឆ្នាំណាស់មកហើយ ប្រទេសចិន កំពុងមានទំនាស់ដែនទឹក នៅសមុទ្រចិនខាងត្បូង ជាមួយនឹងបណ្តាសមាជិកអាស៊ានមួយចំនួន រួមមាន៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងព្រុយណេ។
រាល់កិច្ចប្រជុំអាស៊ានម្តងៗ បញ្ហាជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូង តែងតែជារបៀបវារៈដ៏រសើប និងប្រទាំងប្រទើស ដោយសមាជិកអាស៊ានខ្លះ ចង់ឲ្យចិន ដោះស្រាយជម្លោះដែនទឹកនោះ ជាមួយនឹងអាស៊ានជារួម។ ប៉ុន្តែមានសមាជិកអាស៊ានមួយចំនួន ចង់ឲ្យចិនដោះស្រាយដោយផ្ទាល់ជាមួយសាមីប្រទេស ដែលមានជម្លោះ ដូចគ្នានឹងគោលជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment