Tuesday, August 20, 2013

ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ លើបណ្តឹងតវ៉ា របស់គណបក្សប្រឆាំង

0 comments
ប្រភព CEN : ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើកសវនាការ​លើ​បណ្តឹង ដែល​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ ដែលជា​បណ្តឹង​របស់​ក​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ពេញ​ចិត្តនឹង​ការដោះស្រាយ​បណ្តឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ចុងក្រោយ ដោះស្រាយ​បណ្តឹង ការបោះឆ្នោត​នេះ បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន ៣៣ បាន​ដោះស្រាយ​រួចរាល់​ចំនួន ១៤ ពាក្យបណ្ដឹង​។ 

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញ កំពុង​ដោះស្រាយ​ពាក្យបណ្តឹង​ចំនួន ១៩ ដែល​នៅ​ក្នុងនោះ មាន​បណ្តឹង​បដិសេធ​សេចក្តីសម្រេច​របស់រប​ស់​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត លើ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ចំនួន ៩ ពាក្យបណ្តឹង ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​០១៣​នេះ​។​

​ថ្មីៗ​នេះ គ​.​ជ​.​ប បាន​បដិសេធ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព "​ក​" ដើម្បី​ផ្ទៀងផ្ទាត់​លើ​ទម្រង់ ១១០៨ និង ១១០២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា មាន​ទិន្ន័យ​ខុសពី​ឯកសារ​ដើម ទើប​ប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឲ្យ​ជួយ​រក​យុត្តិធម៌​ចុងក្រោយ​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ចំនួន ៩ រូប ដែល​ដឹកនាំ​ដោយ​លោក ឯក សុំ​អុល ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន​កំពូល​៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន