ប្រភព Postkhmer.com : ភ្នំពេញៈ យ៉ាងហោចណាស់ ក៏មានក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង១២ក្រុមហ៊ុន និងក្រុមឈ្មួញឈើឱកាសនិយមជាច្រើននាក់ បានកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើប្រណីត យ៉ាងអនាធិបតេយ្យដោយចំហ នៅក្នុងខេត្តចំនួន ៩ ដោយគ្មានការទប់ស្កាត់ ពីសំណាក់សមត្ថកិច្ច នៅក្នុងអំឡុងមុនពេល និងក្រោយពេលបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមសកម្មជនការពារព្រៃឈើចេញផ្សាយកាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមសកម្មជន ការពារព្រៃឈើ មានសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបណ្តាញយុវជនកម្ពុជា បានរកឃើញថា ភាគីដែលពាក់ព័ន្ធ នឹងការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេលមុន និងក្រោយបោះឆ្នោតនោះ គឺជាក្រុមហ៊ុន ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នាពេលកន្លងមក មានដូចជា ក្រុមហ៊ុនរបស់ឧកញ៉ា ទី្រ ភាព ក្រុមហ៊ុន វៀតណាម CRCK នៅខេត្តកំពង់ធំ ដែលពង្រីកការកាប់ឈើនៅក្នុងតំបន់ព្រៃឡង់។ ក្រុមហ៊ុនហ៊ងអានម៉ាងយ៉ាងខេបានកាប់បំផ្លាញព្រៃឈើ នៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
ក្រុមហ៊ុន First Biotech Co., Ltd កំពុងកាប់និងឈូសឆាយព្រៃឡង់នៅខេត្តក្រចេះ។ ក្រុមហ៊ុន Ang and Associate Lawyer កំពុងកាប់ឈើនៅអាងទន្លេសេសានរបស់គំរោង វារីអគ្គិសនី Lower Sesan II។ ក្រុមហ៊ុន Timber Green Co.,Ltd កំពុងកាប់ឈើនៅអាងវារីអគ្គិសនីខេត្តកោះកុង។ ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា នៅរតនគិរី ដែលមានមេការ ឈ្មោះ សាន ចយ កំពុងដឹកឈើយ៉ាងគគ្រឹកគគ្រេង។
ក្រុមហ៊ុន TTY កំពុងកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារជីវចម្រុះស្នួល។ ក្រុមហ៊ុន Binh Phuoc Rubber I, Binh Phuoc Rubber II និង Astern Rubber Cambodia កំពុងកាប់បំផ្លាញព្រៃឈើ នៅស្រុកស្នួល។
នៅក្នុងសេចក្តីថ្លែងការណ៍បន្តថា ក្រុមហ៊ុនទាំងនោះមានឧកញ៉ា ជាថៅកែក្រុមហ៊ុន មន្ត្រីទាហាន មន្ត្រីប៉េអឹម ក្រុមឈ្មួញឈើជនជាតិខ្មែរ និងវៀតណាម ថៅកែសិប្បកម្មកែច្នៃឈើ និងមន្ត្រីរដ្ឋបាលព្រៃឈើជាដើម ជាពិសេសសកម្មភាពស្វែងរកនិងដឹកជញ្ជូនឈើគ្រញូង ក៏បានកក្រើកឡើង ក្នុងអំឡុងពេលនេះ ដោយមិនមានការញញើតអ្វីទាំងអស់។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា៖«យើងខ្ញុំមានការព្រួយបារម្ភណ៍ថា ព្រៃឈើនឹងឈានទៅរកការបាត់បង់ វិនាសហិនហោចទាំងស្រុង ក្នុងរយៈពេលខ្លីខាងមុខនេះ ដោយសារការមិនយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលកំពុងមមាញឹកនឹងការងារនយោបាយជាប់គាំង»។
ការដឹកជញ្ជូនឈើចេញតាមច្រកអន្តរជាតិសំខាន់ៗ មានដូចជា ច្រកអូរយ៉ាដាវ ច្រកអន្លង់ជ្រៃ ច្រកថ្មដា ច្រកកំពង់សោម ច្រកដូងប្រាំពីរដើម ច្រកកំពង់ជ្រៃ តាមផ្លូវទន្លេ និងសមុទ្រជាដើម។ សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា វិនាសកម្មព្រៃឈើ ឃើញមាននៅតំបន់ព្រៃការពារ តំបន់អភិរក្សសត្វព្រៃ និងជីវចម្រុះ តំបន់ឧទ្យានជាតិ ក្រៅពីតំបន់នោះ ក៏ឃើញមានការលួចចូលកាប់ឈើគ្រញូង នៅក្នុងសាលារៀន (ខេត្តកំពង់ឆ្នាំង) និង តំបន់ឧទ្យានជាតិអង្គរវត្ត ដែលការពារដោយអាជ្ញាធរអប្សរាថែមទៀតផង។
សេចក្តីថ្លែងការណ៍បន្តថា៖«មូលហេតុចម្បងៗ ចំនួនបី ដែលធ្វើឲ្យវិនាសកម្មដល់ព្រៃឈើខ្លាំងជាងគេ គឺការផ្តល់សម្បទានដី និងព្រៃដល់ក្រុមហ៊ុនឯកជន ដែលមានទំហំសរុប ៩ លានហិកតា ក្នុងនោះសម្បទានព្រៃឈើចំនួន ១៦ ក្រុមហ៊ុន មានទំហំសរុប ៣ ៣៧៤ ៣២៨ ហិកតា។ ការកាប់ទន្ទ្រានរបស់ក្រុមឈ្មួញ ក្រុមហ៊ុនសម្បទានព្រៃឈើកន្លងមក និងក្រុមឈ្មួញរកស៊ីឈើ ដែលល្បីឈ្មោះ ដូចជាក្រុមហ៊ុនរបស់ឧកញ៉ាទី្រ ភាពជាដើម»។
ក្រុមហ៊ុនរបស់ឧកញ៉ា ទី្រ ភាព បានសាងសង់រោងចក្រស្តុកឈើ នៅវាលវែង នៅថ្មដានៅតំបន់បឹងពែរ ទន្លេម្រេច (ស្រុករវាង ខេត្តព្រះវិហារ) នៅខេត្តរតនគិរី (តំបន់សេដ្ឋកិច្ចពិសេស) នៅស្ទឹងត្រែងអន្លង់ភេ និងកន្លែងស្តុកឈើមួយកន្លែងទៀត នៅត្មាតពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងមានសកម្មភាពដឹកជញ្ជូនឈើបន្តទៅកាន់ប្រទេសវៀតណាម និងថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖«ក្រុមហ៊ុនមួយនេះ បានធ្វើអាជីវកម្មឈើជាច្រើនឆ្នាំមកហើយ ដោយមិនមានការបង្ក្រាប និងមានកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលជួយការពារថែមទៀតផង»។
លោក គឹម សាន អ្នកមើលការខុសត្រូវចម្ការកៅស៊ូ និងម្រេចរបស់ក្រុមហ៊ុនលោក ឧកញ៉ាទ្រីភាព នៅស្រុករវៀង ខេត្តព្រះវិហារបានច្រានចោល ចំពោះព័ត៌មានទាំងនេះ ដោយថា ជាការលាបពណ៌ខុសពីការពិត។
លោកថ្លែងថា៖«ក្រុមហ៊ុនទទួលបានដីសម្ប-ទានពីរដ្ឋាភិបាល ហើយយើងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។ នៅថ្ងៃណាមួយ ខ្ញុំនឹងអញ្ជើញមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ទៅមើលការអនុវត្តរបស់ក្រុមហ៊ុនខ្ញុំម្តង កុំឲ្យចេះតែលាភពណ៌»។
លោកឧកញ៉ា ណា ម៉ារឌី អគ្គនាយកក្រុមហ៊ុន TTY លោក ហេង សារ៉ាត់ អគ្គនាយករងក្រុមហ៊ុន TTY អ្នកស្រី ខៀវ សស៊ីលាភ ម្ចាស់ភាគហ៊ុនធំ នៃក្រុមហ៊ុន Timber Green និងតំណាងក្រុមហ៊ុន Binh Phuoc Rubber I, Binh Phuoc Rubber II មិនអាចទាក់ទង ដើម្បីសុំធ្វើការអត្ថាធិប្បាយបានទេ។
លោក ថេង សាវឿន អ្នកសម្របសម្រួលលេខាធិការដ្ឋាន សម័្ពន្ធសហគមន៍កសិករកម្ពុជាដែលចូលរួមចេញសេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា តាមការរកឃើញ សកម្មភាពកាប់ព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ គឺកើនឡើងយ៉ាងខ្លាំងនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងក្រោយការបោះឆ្នោត ដោយសមត្ថកិច្ច មិនត្រឹមតែមិនបានធ្វើការទប់ស្កាត់នោះទេ ថែមទាំង ចូលដៃ ដើម្បីទទួលបានផលប្រយោជន៍ថែមទៀត។
លោកនិយាយថា៖«រដ្ឋាភិបាល ត្រូវតែជំរុញមន្ត្រីរបស់ខ្លួន ចុះទប់ស្កាត់ឲ្យបានទាន់ពេលវេលា ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ មិនត្រូវឃុបឃិតជាមួយឈ្មួញឈើ ដើម្បីទទួលលាភសក្ការៈនោះទេ។ អ្វីដែលយើងលើកឡើងនោះ គឺពុំមែនចោទប្រកាន់ក្រុមហ៊ុន ឬក៏អាជ្ញាធរទេ តែយើងមានភ័ស្តុតាងគ្រប់គ្រាន់ ដូចជារូបភាពនៃការបំផ្លាញព្រៃឈើជាដើម»។
លោក សរ ចំរុង អភិបាលខេត្តក្រចេះ បានបដិសេធសេចក្តីរាយការណ៍នេះថាជាការមិនពិត។ ប៉ុន្តែលោកនិយាយថា៖«អាឈើគេដឹកអាណាមានច្បាប់គេដឹកទៅ អាណាអត់ច្បាប់គេបង្ក្រាបទៅ កន្លងមកយើងធ្វើតែអ៊ីចឹងតើ»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថាបទល្មើសនៃវិនាសកម្មព្រៃឈើនេះវាបានកើតឡើងខ្លាំងឡើងៗ។ «បច្ចុប្បន្នយើងឃើញមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កំពុងផ្តោតទៅលើឧកញ៉ាមួយចំនួន ដែលឆ្លៀតយករថយន្តកងកម្លាំង ទៅដឹកឈើ ហើយពួកគេទៅកាប់ឈើនៅក្នុងតំបន់ហាមឃាត់»។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជា ០២ បប ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុកនិងការនាំឈើគ្រញូងចេញ ដោយសម្រេចលើ ៩ ចំណុច ដែលនៅក្នុងចំណុចទី ១ ក្នុងកថាខណ្ឌទី ២ បានលើកឡើងថា ករណីមានការដឹកឈើឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រឈរជើងរបស់អង្គភាពសមត្ថកិច្ចណាមួយ មេបញ្ជាការអង្គភាពនោះ ត្រូវមានការទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល៕
No comments:
Post a Comment