Rotha Company
 
Showing posts with label ​គណបក្ស​នយោបាយ​. Show all posts
Showing posts with label ​គណបក្ស​នយោបាយ​. Show all posts

Monday, June 24, 2013

ទំនាក់ទំនង​រវាង​ការ​បោះ​ឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យ

0 comments
កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បាន​តម្រូវ​​ឱ្យ​​​​កម្ពុជា រៀបចំ​ការ​​បោះ​ឆ្នោត​ជា​​សកល​ ដោយ​សេរី​ និង​​​យុត្តិធម៌​ ដើម្បី​បញ្ចប់​​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែុំ​ បញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​បង្កើត​ស្ថាប័ន​​គ្រប់​​គ្រង​​ប្រទេស និង​កសាង​​នីតិរដ្ឋ។
ក្រោម​​កិច្ច​រៀបចំ​​របស់​អាជ្ញាធរ​​ បណ្តោះអាសន្ន នៃ​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​​​នៅ​​​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ការ​​បោះឆ្នោត​​ជា​​សកល​​លើក​​​ដំបូង​នៅ​កម្ពុជា បាន​​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ក្នុង​ខែ​ឧសភា ឆ្នាំ​​១៩៩៣ តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ចាប់​តាំង​ពី​ពេល​នោះ​មក កម្ពុជា​តែង​រៀបចំ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​ជា​រៀងរាល់ ៥​ឆ្នាំ​ម្ដង ទៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ។
ការ​បោះ​ឆ្នោត​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​អភិបាលកិច្ច​តាម​បែប​ ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ក្នុង​នាម​ជា​មនុស្ស​ជាតិ។
គោលការណ៍​ចម្បង​នៃ​ការ​បោះ​ឆ្នោត គឺ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជ្រើសរើស​តំណាង​របស់​ ខ្លួន ជ្រើសរើស​អ្នក​ដឹក​នាំ​ស្រុកទេស​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន ដោយ​មិន​ផ្អែក​លើ​សែស្រឡាយ ឬ​ក៏​ដោយសារ​តែ​បុគ្គល ឬ​ក្រុម​បក្ស​ណា​មួយ​ដែល​យល់​ឃើញ​ថា ពួកគេ​ស័ក្ដិសម​នឹង​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ឡើយ។
ទន្ទឹម​គ្នា​នឹង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជាតិ​ហើយ​នោះ ការ​បោះ​ឆ្នោត​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ពលរដ្ឋ​អាច​ចាប់​តំណាងរាស្ត្រ និង​អ្នក​ដឹកនាំ​ប្រទេស​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ ឬ​សកម្មភាព​ទាំង​ឡាយ​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​សង្គម​ជាតិ។
ទាក់ទង​នឹង​ចំណុច​នេះ អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គឹម ឈន បញ្ជាក់​ថា ពលរដ្ឋ​អាច​ពិនិត្យ​សកម្មភាព​របស់​អ្នក​តំណាង​ដែល​ខ្លួន​បាន​បោះ​ឆ្នោត​ឱ្យ​ ហើយ​នោះ ថា​តើ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ដែរ​ឬ​ទេ?
លោក គឹម ឈន៖ «តំណាង បើ​និយាយ​ពី​តំណាងរាស្ត្រ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ច្បាប់ និង​អនុម័ត​ច្បាប់ និង​ឃ្លាំមើល​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែល​បាន​អនុម័ត។ ការ​ទទួល​ខុស​ត្រូវ គឺ​បង្កើត​ច្បាប់​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ការពារ​ប្រជាពលរដ្ឋ កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ដោយសារ​ការ​ធ្វើ​ច្បាប់​ដែល​មិន​ត្រឹមត្រូវ ឬ​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ដោយ​រដ្ឋាភិបាល ហើយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កើត​មាន ដោយ​រៀបចំ​ឱ្យ​មាន​បែប​ផែន​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ច្បាប់»
ក្នុង​ករណី​ដែល​តំណាងរាស្ត្រ ឬ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ពុំ​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ ក្បត់​ការ​សន្យា និង​សេចក្ដី​ទុកចិត្ត​របស់​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឱ្យ​នោះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​មាន​មធ្យោបាយ​ចម្បង​ពីរ ដើម្បី​ចាប់​អ្នក​តំណាង និង​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។
លោក សួន ប៊ុនស័ក្តិ៖ «ទី​១ គឺ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ញត្តិ​យ៉ាង​ទូលំទូលាយ​មួយ ហើយ​បញ្ជាក់​ក្នុង​ញត្តិ​នោះ​ថា កាល​ពី​ឃោសនា​បោះ​ឆ្នោត​បាន​សន្យា​ជា​សាធារណៈ​ថា​យ៉ាង​ដូច្នេះ យ៉ាង​ដូច្នោះ ហើយ​អាច​យក​ញត្តិ​ហ្នឹង​ទៅ​ដាក់​ឱ្យ​រដ្ឋ​សភា ដាក់​ឱ្យ​រដ្ឋាភិបាល ដើម្បី​ឱ្យ​គេ​ពិចារណា​ឡើង​វិញ រំលឹក​ឡើង​វិញ។ ទី​២ បើ​សិន​ជា​អ្នក​នយោបាយ យើង​និយាយ​ជា​រួម​ថា អ្នក​នយោបាយ​ដែល​បាន​សន្យា​ថា នឹង​បម្រើ​ជូន​ប្រជាពលរដ្ឋ ហើយ​មិន​បាន​ធ្វើ​តាម​កិច្ចសន្យា ប្រជាពលរដ្ឋ​អាច​ពិចារណា​បោះ​ឆ្នោត​ផ្លាស់ប្ដូរ​អ្នក​នយោបាយ​នោះ​ចេញ​នៅ​ អាណត្តិ​ក្រោយ»
ប៉ុន្តែ​វិធី​នេះ​នឹង​ពុំ​មាន​ប្រសិទ្ធភាព ​អ្វី​ឡើយ​ក្នុង​ករណី​ដែល​ គណបក្ស​មួយ​មាន​អំណាច ឬ​ឥទ្ធិពល​គ្រប​ដណ្ដប់​យ៉ាង​ខ្លាំង​រហូត​ដល់​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្មាន​ជម្រើស​ អ្វី​ផ្សេង​ក្រៅ​តែ​ពី​បោះ​ឆ្នោត​ឱ្យ ទោះ​បី​ជា​មិន​ពេញ​ចិត្ត​ក៏ដោយ។
ទោះ​បី​ជា​យ៉ាង​ណា​ក្តី ចំពោះ​ការ​ដែល​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​បញ្ចេញ​មតិ និង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់ប្ដូរ​តំណាង និង​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​យ៉ាង​ទៀង​ទាត់​នោះ គឺ​ជួយ​ដោះស្រាយ​ដំណើរ​ការ​ផ្ទេរ​រចនាសម្ព័ន្ធ និង​សមាសភាព​រដ្ឋាភិបាល​ដោយ​សន្តិវិធី។ ប្រការ​នេះ​នឹង​ចូល​រួម​ចំណែក​គាំទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ព្រោះ​ថា គោលការណ៍​សំខាន់ និង​ចម្បង​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​អំណាច​របស់​ពលរដ្ឋ ការ​យក​ពលរដ្ឋ​ជា​ធំ ជា​ពិសេស​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នយោបាយ​ក្នុង​ការ​ជ្រើសរើស​ មេដឹកនាំ។
លោក សួន ប៊ុនស័ក្តិ បញ្ជាក់​បន្ថែម​អំពី​គោល​ចម្បង​មួយ​នៃ​ទំនាក់ទំនង​រវាង​ការ​បោះ​ឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​ដែល​មិន​អាច​ខ្វះ​បាន៖ «បើ​សិន​ជា​រដ្ឋ​ហ្នឹង​ អះអាង​ប្រកាន់​គោលនយោបាយ​ថា ខ្លួន​ដឹក​នាំ​រដ្ឋ​ដោយ​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​មិន​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ ជ្រើសតាំង​តំណាងរាស្រ្ត ជ្រើសតាំង​អ្នក​នយោបាយ​របស់​ខ្លួន​នោះ​ទេ ក៏​មិន​អាច​ថា រដ្ឋ​នោះ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែរ។ ដូច្នេះ​ការ​ដែល​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត គឺ​វា​ជួយ​បំពេញ​បង្គ្រប់​ខ្លឹមសារ​នៃ​របប​លទ្ធិប្រជាធិបតេយ្យ រី​ឯ​ការ​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ គឺ​វា​ជួយ​បង្ក​លក្ខណៈ​ឱ្យ​មាន​ការ​បោះ​ឆ្នោត គឺ​វា​បំពេញ​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច្នេះ​ឯង»
ត្រង់​ប្រការ​នេះ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក គិត ទូច គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​ជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មុន​គេ​បង្អស់​ដែល​នឹង​ជួយ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង ​សង្គម​ជាតិ​មួយ​ឲ្យ​កាន់​តែ​មាន​ភាព​សុក្រឹត ហើយ​ដែល​កត្តា​នេះ​ក៏​នឹង​ជួយ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​សេរី និង​យុត្តិធម៌​វិញ​ដែរ។
លោក គិត ទូច៖ «បើ​សិន​ការ​បោះ​ឆ្នោត​ មិន​មាន​យុត្តិធម៌​ទេ ឆន្ទៈ​សង្គម ក្រុម​ដែល​មាន​និន្នាការ​នៅ​ក្នុង​សង្គម ជា​ពិសេស​អ្នក​ដែល​មាន​ទំនោរ​ចង់​ផ្លាស់ប្ដូរ​សង្គម គាត់​មិន​នៅ​សុខ គាត់​បង្កើត​ជា​ចលនា ជា​កម្លាំង​អ្វី​ផ្សងៗ។ ស្ថានភាព​ខ្លះ​ទៀត រហូត​ដល់​បង្កើត​ជា​ក្រុម​ប្រដាប់អាវុធ ក្រុម​ឧទ្ទាមកម្ម​ទៀត ធ្វើ​ឲ្យ​សង្គម​អត់​មាន​លំនឹង​ទេ។ បើ​សិន​ជា​បោះ​ឆ្នោត​មាន​យុត្តិធម៌ ធ្វើ​ឲ្យ​បណ្ដុះ​បាន​នូវ​វប្បធម៌​គោរព​សំឡេង​ប្រជាពលរដ្ឋ ហើយ​យើង​អាច​មាន​គំរូ​របប​ដឹកនាំ​កាន់​តែ​ល្អ​ទៅ កាន់​តែ​សុក្រឹត​ទៅ»
ចំពោះ​ទំនាក់ទំនង​គ្នា​រវាង​ការ​បោះ​ឆ្នោត ហើយ​និង​ប្រជាធិបតេយ្យ​នេះ​ដែរ អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ សេរី និង​យុត្តិធម៌​នៅ​កម្ពុជា គឺ​លោក គឹម ឈន បញ្ជាក់​បន្ថែម​ទៅ​លើ​គោល​សំខាន់​មួយ គឺ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដែល​ទាមទារ​ឱ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រកប​ដោយ​ភាព​ឯករាជ្យ តម្លាភាព គ្មាន​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ។
លោក គឹម ឈន៖ «អ៊ីចឹង​វា​ចាំបាច់​ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​មិន​មែន​គ្រាន់​តែ​ជា​និមិត្តរូប​ទេ គឺ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ យុត្តិធម៌ សម្ងាត់ និង​ទៀង​ទាត់។ នេះ​ជា​ចំណុច​ស្នូល​នៃ​ប្រជាធិបតេយ្យ ហើយ​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ឱ្យ​ប្រជាធិបតេយ្យ​សមស្រប ហើយ​ការ​បោះ​ឆ្នោត គឺ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត។ មាន​ន័យ​ថា បើ​គ្មាន​ការ​បោះ​ឆ្នោត​ទេ វា​ក៏​គ្មាន​ប្រជាធិបតេយ្យ​ដែរ ហើយ​បើ​មាន​ការ​បោះ​ឆ្នោត​ដែរ តែ​ការ​បោះ​ឆ្នោត​ហ្នឹង​វា​អត់​ត្រឹមត្រូវ អត់​សេរី អត់​យុត្តិធម៌ អត់​ទៀងទាត់​ទេ អា​ហ្នឹង​ក៏​អត់​ប្រជាធិបតេយ្យ​ដែរ»។
ទន្ទឹម​គ្នា​នេះ ការ​ចូល​រួម​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ដោយ​ស្វែង​យល់​ពី​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្លួន គឺ​ជា​កត្តា​សំខាន់ និង​ចាំបាច់​បំផុត ដែល​ញ៉ាំង​ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ចំរើន​ជឿនលឿន និង​រីក​លូតលាស់​ទៅ​មុខ​បាន។
រដ្ឋ​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា ដែល​សភា​បាន​អនុម័ត​នៅ​​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ បាន​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​បោះ​ឆ្នោត ៤​ប្រភេទ គឺ​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​ ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ/សង្កាត់ ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា៕ ប្រភពព័ត៌មាន ៖ RFA
Read more...

Wednesday, June 19, 2013

វិភាគ​: រឿងរ៉ាវ​របស់​កឹម​សុខា​និង​មេរៀន​សម្រាប់​អ្នកនយោបាយ​វ័យក្មេង

0 comments
ភ្នំពេញ: ​ការវិវត្តន៍​នយោបាយ​ចុងក្រោយ​បាន​ជំរុញ​អោយ​ក្រុម​នយោបាយ​ប្រឆាំង​វិលក្បុង ​ហើយ​សឹងតែ​បោះបង់​ការប្រកួត​មុនពេលដែល​វា​បានចាប់ផ្តើម​។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​កោះប្រជុំ​ថា​តើ ​ត្រូវ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​ខែកក្កដា​ឬទេ​។ ខណៈគ្មាន​ច្បាប់ ដែល​អនុញ្ញាតអោយ​ពួកគេ​ដកខ្លួន​ចេញ​នោះ លោក សម រង្ស៊ី បានប្រកាស​ចុងក្រោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម ប៉ុន្តែ​នឹងមិន​ទទួលស្គាល់ លទ្ធផល នៃ​ការបោះឆ្នោត​ឡើយ​។​
សេចក្តីថ្លែងការណ៍ ​សាធារណៈ​បែបនេះ​របស់លោក សម រង្ស៊ី​ ជំរុញអោយមាន​ការគិត​ថា របត់​នយោបាយ​ចុងក្រោយ​នេះ​កំពុងតែ​បំផ្លាញ​ប្រជាប្រិយភាព​និង​ឱ​កាស​របស់​ របស់​គណបក្ស​ប្រឆាំង​ដើម្បី​ទាក់ទាញ​ការគាំទ្រ​។ ខណៈ​ដែល​លោក សម រង្ស៊ី​មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​ចុះ​ជួប​ប្រជាជន​តាម​មូលដ្ឋាន ដោយសារតែ​គាត់​មិនអាច​ចូល​ប្រទេស​បាន​នោះ កិច្ចការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយជា​អ​ម្រែ​ក​របស់លោក​កឹម​សុខា ​ដែលជា​ប្រធានស្តីទី​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ​គឺជា​ ការរារាំង​ដល់​គណបក្សប្រឆាំង​នៅក្នុង​ការធ្វើសកម្មភាព​នយោបាយ​រក​ សម្លេងគាំទ្រ​។​

​រឿងរ៉ាវ​បាន​ផ្ទុះឡើង​ចេញពី​សម្តី​របស់លោក កឹម​សុខា ​ដែល​និយាយថា​ គុក​ទួលស្លែង​ជា​គុក​សប្ប​និម្មិត​។ លោក កឹម​សុខា​ បាន​បដិសេធថា ​លោកមិនបាន​និយាយ​ដូច្នេះ​ទេ​ហើយ​លោក​ក៏​មិន​ធ្វើការ​សុំទោស​ដែរ​។ លោក ខកខាន​នៅក្នុង​ការប្រើប្រាស់​ប្រ​ព័​ន្ធ ច្បាប់​ ដើម្បី​លាង​សម្អាត​ឈ្មោះ​របស់លោក​ពី​ការចោទប្រកាន់​នេះ​។ បើសិនជា​រឿងនេះ​មិន​ពិត លោក​ត្រូវ​ប្តឹងទៅ​តុលាការ​ដើម្បី​រក​ខុសត្រូវ​ឬក៏​ធ្វើ​យុទ្ធនាការ​ ច្បាស់លាស់​ជាង​នេះ​ដោយមាន​ការចាក់​ការថត​សម្លេង​ទាំងស្រុង​អំពី​អ្វី​ដែ​ លោក​បាន​និយាយ​នៅក្នុង​វេទិកាសាធារណៈ​។​

​នៅពេលដែល​លោក​មិនអាច​ទាន់​ ដោះខ្លួន​រួច​ពី​ភាព​ជំពាក់ជំពិន​មួយ​នេះ​ដែលនាំអោយ លោក ជុំ​ ម៉ី ​ប្តឹង​ពីបទ​បរិហា​កេ​រ្ត៍ ស្នេហា​ត្រីកោណ​ បាន​ក្លាយជា​រឿងអាស្រូវ​មួយទៀត​ដែល​ធ្វើអោយ​លោក ឈឺក្បាល​។ ស្ត្រី​ម្នាក់​ឈ្មោះ កែវ សុ​ផា​ណា​រី ​បាន​ចេញមក​ប្រកាសថា ​លោកស្រី​ជា​ប្រព​ន្ធ​ឥត​ខាន់ស្លា​របស់លោក កឹម សុខា​។​

​ ដំបូងឡើយគេគិតថា ការចេញមុខរបស់ស្ត្រីម្នាក់ ដែលអះអាងថា ជាប្រពន្ធលួចលាក់ របស់លោក កឹម សុខា នឹងធ្វើអោយត្រឹមតែប៉ះពាល់ដល់សីលធម៌ របស់មេដឹកនាំ ប្រឆាំងរូបនេះតែប៉ុណ្ណោះ ។ ប៉ុន្តែស្ថានភាពថ្ងៃនេះបានធ្វើអោយលោកកាន់តែផុងខ្លួន រងទុក្ខនៅក្នុងស្នេហាត្រីកោណនៅពេលដែលម្តាយរបស់ស្ត្រីនោះត្រូវបានវាយអោយ សន្លប់ដោយអង្គរក្សរបស់លោក កឹម សុខា ។

​ការបង្ករបួសស្នាម គឺជាទោសមួយដែលអាចនាំដល់ការជាប់ពន្ធនាគារ ។ បើសិនជា ស្ត្រីដែលអះអាងថា ប្រពន្ធចុងរបស់លោក កឹម សុខា សម្រេចចិត្តប្តឹងពីបទ អំពើហិង្សា ឬ ការបង្ករបួសស្នាម ហើយតុលាការរកឃើញថា លោក កឹម សុខា មានកំហុសនោះ គាត់នឹងត្រូវជាប់ពន្ធនាគារ ហើយជីវិតនយោបាយរបស់លោក នឹងត្រូវចប់ដោយ ទុកអោយកូនចៅរបស់លោកនៅរងារគ្មានមេដឹកនាំ។

​ រឿងរ៉ាងដ៏អាក្រក់នេះបានកើតមានចំពោះលោកកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា នៅពេលដែលលោកបានចូលរួមវេទិកាមួយនៅខេត្តព្រៃវែង ។ លោកត្រូវបានតាម រំខានដោយស្ត្រីម្នាក់ដែលអះអាងថា ជាប្រពន្ធចុងរបស់លោក និង ស្ត្រីជាម្តាយ។ ពេលនោះស្ត្រីជាម្តាយរបស់ស្ត្រីប្រពន្ធចុង របស់លោក កឹម សុខា ត្រូវបានអង្គរក្ស លោក កឹម សុខា វ៉ៃឲ្យសន្លប់​។​

​ហេតុការណ៍​ទាំងពីរ​ នេះ​កំពុង​រុញ​ប្រជាប្រិយភាព​របស់​គណបក្ស សង្គ្រោះ​ជាតិ ​អោយ​ធ្លាក់​ចំណោតដោយ​បណ្តាលអោយ​លោក សម រង្ស៊ី ​ប្រកាស​ជាមុន​ថា​នឹងមិន​ទទួលស្គាល់​ល​ទ្ធ​ផល​បោះឆ្នោត​ឡើយ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ក្តី​។ សេចក្តីថ្លែងការណ៍​នេះ​ហាក់ដូចជា​បង្កប់ន័យ​ថា ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​គិតទុក​ជាមុន​ថា​គណបក្សប្រឆាំង​នឹងមិន​អាច​ ទទួលជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨ ​ខែកក្កដា ​ខាងមុខ​ឡើយ​។ នៅក្នុង​កម្រិតណា​នោះ បរាជ័យ​នៅពេល​អនាគត​នោះ​អាច​បណ្តាលមកពី​កា​រំខាន​ចុងក្រោយ​ដែល​កើតចេញពី​រឿង ​ការនិយាយ​ថា​ គុក​ទួលស្លែង​ជា​គុក​សប្ប​និម្មិត​និង​រឿងអាស្រូវ​ស្នេហា​របស់លោក​កឹម​សុខា​ ។​

​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​ទម្លាក់​ការទទួលខុសត្រូវ​ ទៅលើ​គណបក្សកាន់អំណាច​ថា​បាន​នៅ​ពីក្រោយ​ការរំខាន​ទាំងនោះ រឿងរ៉ាវ​ទាំងនេះ​នឹង​ក្លាយជា​មេរៀន​សម្រាប់​អ្នកនយោបាយ​គ្រប់រូប​ដែល​ត្រូវ​ សិក្សា​ស្វែងយល់​និង​បញ្ចៀស​បញ្ហា​ទាំងនេះ​។ សម្តី​ទាក់ទង​នឹង​គុក​ទួលស្លែង​បាន​ខ្សិ​ប​ប្រាប់​អ្នកនយោបាយ​ថា​ពួកគេ​ គួរតែ​ប្រយ័ត្ន​នូវ​អ្វីដែល​ពួកគេ​និយាយ​ដោយ​ពិចារណា​ទំហំ​នៃ​ផលប៉ះពាល់​ដែល ​នឹង​បង្កឡើង​ដោយសារតែ​សម្តី​ទាំងនោះ​។ មនុស្សម្នា​ជាច្រើន​ដោយ​រួមទាំង​អ្នកនយោបាយ​ជា​គូប្រកួត​ផង​នឹង​តាមដាន​និង​ ចាប់កំហុស​នូវ​អ្វីដែល​ពួកគេ​និយាយ​។ ការធ្វើ​សេចក្តីថ្លែងការណ៍​សាធារណៈត្រូវតែ​មានការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង ​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ហើយ​ត្រូវ​ថត​ទុកជា​ឯកសារ។ ចំពោះ​រឿងអាស្រូវ​ស្នេហា អ្នកនយោបាយ​គប្បី​ត្រូវ​ដឹងថា​ពួកគេ​មាន​តួនាទី​មួយ​ជាប់​នឹង​ខ្លួន​ គឺ​គំរូ​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​នាម​ជា​ឥស្សរជន​សាធារណៈ​ម្នាក់​។ អ្នក​ដែល​នឹង​ចង់​ធ្វើ​នយោបាយ​ត្រូវតែមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ហើយ​ត្រូវ​អប់រំ​ខ្លួន​អោយបាន​ល្អ​មុន​ពេលដែល​ពួកគេ​ចូល​នយោបាយ​ទៅទៀត​។

​ គេ​ត្រូវតែ​កសាង​ខ្លួន​ជា​បុគ្គលិក​ដ៏​ស្អាតស្អំ​ម្នាក់​ ដែលមាន​សីលធម៌​ ដើម្បី​បន្ថែម​ទៅលើ​ចំណេះដឹង ​និង​ជំហរ​នយោបាយ​ដ៏​ច្បាស់លាស់​ដែល​ត្រូវប្រកាន់យក​។​

​រឿងអាស្រូវ​ ស្នេហា​របស់លោក កឹម​ សុខា អាច​នឹង​កើតមាន​ចំពោះ​អ្នកនយោបាយ​ផ្សេងទៀត​។ វា​នឹងមិន​ចម្លែក​នោះទេ បើសិន​ជាមាន​អ្នកនយោបាយ​ជា​គូប្រជែង​តាម​ចាប់កំហុស​និង​រក​ចំណុចខ្សោយ​របស់​ សត្រូវ​នយោបាយ​។ អ្វីដែល​អ្នកនយោបាយ​អាចធ្វើ​បាន​មិនមែនជា​ការខឹង​សម្បារ​នឹង​សត្រូ​វ​ដែល​ តាម​ចាប់កំហុស​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវតែ​កសាង​ខ្លួន​ជា​បុគ្គលិក​គំរូ​ និង​ផូរផង់​ម្នាក់​តាម​ដែល​អាចធ្វើ​ទៅបាន​។

​នៅពេលដែល​អ្នកនយោបាយ​ ប្រណាំងប្រជែង​គ្នា ​ដើម្បី​ភាព​ផូរផង់​និង​ការបម្រើ​សង្គម​កាន់តែ​មាន​ប្រ​សិទ្ធ​ភាព​នោះ សង្គមជាតិ​នឹង​អាចធ្វើ​ដំណើរ​ទៅមុខ​ជាមួយនឹង​ភាពជឿនលឿន​ និង​កាន់តែ​សម្បូរ​សប្បាយ​។​

​នេះ​ជា​អ្វីដែល​អ្នកនយោបាយ​វ័យក្មេង​ ត្រូវ​រៀនសូត្រ​។ ពួកគេ​ត្រូវតែ​ធ្វើខ្លួន​អោយ​ល្អ​ហើយ​ប្រកួតប្រជែង​គ្នា​នៅក្នុង​ ការអភិវឌ្ឍន៍​៕ ប្រភពព័ត៌មាន ៖ CEN
Read more...

Tuesday, June 18, 2013

កម្តៅ​បាយ​កក

0 comments
«ពង​មាន់ ដែល​ស្ងោរ​ជិត​ឆ្អិន​ទៅ​ហើយ បែរ​ជា​ដុះ​ស្លាប​ហើរ​ទៅ​បាត់! ឈឺ​ចិត្ត​ណាស់! ឈឺ​ចិត្ត​ណាស់...» នេះ​ជា​ពាក្យ​សម្ដី ឆាវ ឆាវ ក្នុង​ពេល​ដេញ​សម្លាប់ លាវ​ប៉ី ធ្វើ​ដំណើរ​ដឹក​នាំ​ប្រជារាស្រ្ត គ្រាហ៍​ចាស់ៗ ដឹក​ដៃ​ក្មេងៗ ចេញ​ពី​ជិញចូវ​ទៅ​ស៊ីយាគ​។ គឺ​ដូច​រាស្រ្ត​ខ្មែរ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​គេ​យក​បាយ​មក​បញ្ចុក​ដល់​មាត់​ទៅ​ហើយ​បែរ​ជា​គេ​មក​ឆក់​យក​ចេញ​ទៅ​បាត់​ ។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល​? តើ​ឈឺ​ចិត្ត​ប៉ុន​ណា ពេល​ហ្នឹង​? បើ​ចំណី​មក​ដល់​មាត់​ទៅ​ហើយ បែរ​ជា​មក​ខ្វេះ​យក​ទៅ​បាត់​អ៊ីចឹង។
កាល​ពី​ឆ្នាំ​១៩៩៣ ប្រជារាស្រ្ត​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ទទួល​បាន​ពន្លឺ​លទ្ធិ​ប្រជាធិបតេយ្យ អាច​ជ្រើស​រើស​តំណាង​ដឹក​នាំ​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​បោះឆ្នោត​ចប់​សព្វ​គ្រប់ ក៏​មាន​រឿង​រកាំ​រកូស រហូត​ដល់​មាន​នាយក​រដ្ឋ​មន្រ្តី​២ ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ឆ្នាំ ១៩៩៧ ក៏​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​បែង​ចែក ស​និង​ខ្មៅ ខ្លា​ខាំ​គ្នា ធ្លាក់​ពី​លើ​ភ្នំ រហូត​ដល់​បោះឆ្នោត​ឆ្នាំ​១៩៩៨ ខ្លា​ស ចាញ់ ទន់​ដៃ​ទន់​ជើង ហើយ នៅ​ឆ្នាំ​២០០៣ ក៏​បោះឆ្នោត​ម្តង​ទៀត ក៏​កាន់​តែ​ទន់​ដៃ​ទន់​ជើង ប្រជារាស្រ្ត​ក៏​លែង​មាន​ទឹក​ចិត្ត​លែង​ចង់​ទៅ​បោះឆ្នោត ចង់​អ្នក​ណា​ឡើង​កាន់​អំណាច ក៏​មិន​ខ្ចី​ខ្វល់​ចាប់​ផ្តើម​យក​ប្រាស​អាយ៉ូស​រៀងៗ​ខ្លួន ប្រែ​ក្លាយ​សង្គម​មួយ​ដែល​ពី​ដូន​តា​មក ខ្មែរ​ធ្លាប់​តែ​ជា​សង្គម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចេះ​អត់​ឱន ចេះ​ចែក​គ្នា​រស់ អ្នក​មាន​ជួយ​អ្នក​ក្រ អ្នក​ល្អ​ជួយ​អ្នក​អាក្រក់ អ្នក​ចេះ​បង្រៀន​អ្នក​ល្ងង់ អ្នក​ខ្លាំង​ជួយ​អ្នក​ខ្សោយ រហូត​កសាង​អង្គរវត្ត​ទុក​ជា​កេរ​ដំណែល ដែល​មាន​តម្លៃ​មហាសាល មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ជា​សង្គម​មួយ ដែល​ដណ្តើម​គ្នា​រស់ អ្នក​មាន​ប្លន់​អ្នក​ក្រ អ្នក​ល្អ​បម្រើ​អ្នក​អាក្រក់ អ្នក​ខ្លាំង ជាន់​អ្នក​ខ្សោយ​អ្នក​ចេះ​កៀប​អ្នក​ល្ងង់ សង្គម​ច្របូក​ច្របល់ ស​ទៅ​ជា​ខ្មៅ ល្អ​ទៅ​ជា​អាក្រក់​ចិត្ត​រាស្រ្ត​អាណោច​អាធ័ម ហួស​នឹង​ធ្វើ​ការ​ពណ៌នា។
នៅ​ឆ្នាំ ២០០៨ មាន​គណបក្ស​ប្រឆាំង​ដល់​ទៅ ២។ គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​(ហ៊្វុន​ស៊ិន​ប៉ិច​)​ក៏​បែក​ខ្ញែក ចេញ​ជា​ពីរ ទ័ព​អស់​កម្លាំង អស់​ស្បៀង អាវុធ​ច្រែះ​ចាប់ អ្នក​ប្រាជ្ញ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​ទៅ​ចិញ្ចឹម​មាន់​ទា នៅ​ព្រៃ​ភ្នំ អស់​សង្ឃឹម ដេក​ចាំ​ឲ្យ​ព្រហ្មលិខិត​ចាត់​ចែង​ជោគ​វាសនា​ជីវិត​របស់​ខ្លួន​។ ប្រជារាស្រ្ត​ស្រេក​ឃ្លាន បាយ​មួយ​ឆ្នាំង​នេះ តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម​បាន​ត្រូវ​ផ្តួល​រលំ នៅ​ឆ្នាំ​១៩៧០ មក ឆ្លង​កាត់​សង្រ្គាម​បង្ហូរ​ឈាម វាល​ពិឃាត រាស្រ្ត​រង​ទុក្ខ ស្លាប់​ជិត​ផុត​ពូជ​ហើយ​សង្ឃឹម​ថា បាន​ភ្លក្ស​បាន​ឆ្ងាញ់​មាត់​ឆ្នាំង​ថ្មី នៅ​ឆ្នាំ ១៩៩៣​នេះ​។ ពេល​នោះ​បាយ​មួយ​ឆ្នាំង ដែល​ដាំ​មិន​ទាន់​ទាំង​បាន​ហូប​ស្រួល​បួល​ផង គេ​ក៏​ប្លន់​យក​ទៅ​វិញ​បាត់ អស់​ទាំង​អង្ករ អស់​ទាំង​ឆ្នាំង អស់​ទាំង​ជង្រុក​។
តាំង​ពី​ពេល​នោះ​មក បាយ​ក្តៅ​ក៏​ក្លាយ​ជា​បាយ​កក ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាយ​កក ក៏​សឹង​ក្លាយ​ជា​បាយ​ផ្អូម​ទៅ​ហើយ​។ ប្រជារាស្រ្ត អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ទឹក​ភ្នែក​ទឹក​សំបោរ អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ អ្នក​ល្អ​កាន់​តែ​ខ្សោះ អ្នក​អាក្រក់​កាន់​តែ​កើន។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​នយោបាយ​តាំង​ពី​បាយ​ក្តៅ​រហូត​ក្លាយ​ជា​បាយ​កក ចង់​ក្លាយ​ជា​បាយ​ផ្អូម បក្ស​ប្រឆាំង​នៅ​តែ​ប្រឆាំង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្មាន​បាន​ការ ចេះ​តែ​ស្រែក គ្មាន​ដំណោះស្រាយ រាស្រ្ត​នៅ​តែ រង​ទុក្ខ​។ ដឹង​ថា គេ​លេង​ល្បិច ដឹង​ថា​គេ​បោក ដឹង​ថា​គេ​បន្លំ តែ​គ្មាន​វិធី​ទប់​ទល់ គ្មាន​វិធី​ពន្យល់​រាស្រ្ត រស់​នៅ​តែ​ទីក្រុង ពេល​ជិត​បោះឆ្នោត បាន​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​។ បើ​ធ្វើ​តែ​យ៉ាង​នេះ​ប្រឆាំង​ដល់​គាស់​ដូន​តា​មក​ទៀត ក៏​នៅ​គ្មាន​បាន​ការ​អី​ដែរ។
មិត្ត​យល់​ចិត្ត​ម្នាក់​នៅ​លើ Facebook បាន​និយាយ​ថា «សមុទ្រ​ប្រៃ តែ​ចង់​ផឹក​ទឹក​សាប​? អ៊ីចឹង​ត្រូវ​មើល​ថា អ្នក​ឯង​មាន​សមត្ថភាព ធ្វើ​ទឹក​ប្រៃ​ឲ្យ​ទៅ​ជា​ទឹក​សាប​បាន​ដោយ​របៀប​ម៉េច? មិន​មែន​បន្ទោស​ថា មក​ពី​សមុទ្រ​ប្រៃ​នោះ​ទេ​? អង្គុយ​បន្ទោស​ដល់​គាស់​ដូន​តា​អស់​លោក​មក​ទៀត ក៏​សមុទ្រ​មិន​ខ្ចី​ឈឺ​ក្បាល វា​នៅ​តែ​ប្រៃ​ដដែល​។ មាន​តែ​មនុស្ស​នៅលើ​ទូក​ដែល​ស្រេក​ទឹក​ស្លាប់​បណ្តើរៗ»
ឆ្នាំ ២០១៣​នេះ​គ្រាន់​តែ​ឃើញ គណបក្ស​ប្រឆាំង​ពីរ រួប​រួម​គ្នា​មក​តែ​មួយ អ្នក​ដឹក​នាំ​ទាំង​ពីរ​ព្រម​សហការ​គ្នា ចែក​មុខ​ងារ​គ្នា ម្នាក់​កាន់​ដាវ ម្នាក់​កាន់​លំពែង រាស្រ្ត​លើក​ដៃ​គាំទ្រ ទូង​ស្គរ​ទាំង​ក្នុង​ទាំង​ក្រៅ ទាំង​ចាស់​ទាំង​ក្មេង សង្ឃឹម​បាន​បាយ​ឆ្ងាញ់ ក្នុង​ឆ្នាំ ២០១៣​នេះ ទោះ​បី​មិន​ឆ្អែត ក៏​បំបាត់​ការ​ស្រេក​ឃ្លាន​ខ្លះ​ដែល​មាន​តាំង​ពី ឆ្នាំ ១៩៩៣​មក​ដែរ​។ ធ្វើ​នយោបាយ​ត្រូវ​តែ​យក​ចិត្ត​រាស្រ្ត លេង​អុក​ត្រូវ​តែ​ប្រើ​ល្បិច​។ តែ​ក្រឡា​អស់​លោក​ដើរ​នេះ គឺ​គេ​ហៅ​ថា ក្រឡា​រួញ​។ កូន​អុក​ពេញ​ក្តារ​ដើរ​តែ​កូន​ត្រី​ពីរ​បី។ វិធីសាស្រ្ត​ដដែលៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន វ៉ៃ​បក មិន​អាច​ត​ដៃ​បាន​។ ដឹង​ខ្លួន​ហើយ ថា​យើង​គ្មាន​ចំណុច​ខ្សោយ​អី ក្រៅ​ពី​រឿង​បុគ្គល​ទេ នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ទៀត​។ មើល​ចុះ គោល សេះ នាង ទូក​នៅ​ពេញ​ក្តារ​អុក ប្រើ​តែ​ត្រី​បក​ពីរ​បី បញ្ឆោត​ចុះ​ឡើង​គេ​ស៊ី​បាត់​ដូច​ជា​ករណី​រឿង​គុក​ទួលស្លែង​អ៊ីចឹង​។ ចង់​មិន​ចង់​ចំណេញ​អស់​ត្រី​បក​មួយ។
ក្នុង​ល្បែង​អុក គឺ​ត្រូវ​តែ​ដើរ​មិន​អាច​ទុក​យូរ​ទេ​។ តែ​ត្រង់​ថា តើ​ត្រូវ​ដើរ​ទៅ​មុខ ឬ ថយ​ក្រោយ​? វាយ​លុក ឬ​ការពារ? កូន​ណា​វាយ​លុក កូន​ណា​បញ្ឆោត កូន​ណា​ការពារ សុទ្ធ​តែ​ត្រូវ​គិត​គ្រប់​ជំហាន។
អស់​លោក​ដឹង​ទេ​ថា រាស្រ្ត​ប្រហោង​ពោះ​ខ្លាំង​ណាស់ បើ​ដើរ​ដូច​អស់​លោក​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​តែ​វាយ​រុល​ទៅ​មុខ ទុក​ប្រហោង​ខាង​ក្នុង​យ៉ាង​នេះ​បាយ​មួយ​ឆ្នាំង​ដែល​រាស្រ្ត​ទាំង​នគរ កំពុង​រង់​ចាំ​ច្បាស់​ជា​ផ្អូម​គ្មាន​រសជាតិ​មិន​ខាន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​តាំង​ពី​ចង​សម្ព័ន្ធភាព​មក​ចំណុច​ខ្សោយ​មាន​កាន់​តែ ​ច្រើន​តាំង​ពី​ថ្នាក់​កំពូល​(ថ្នាក់​ជាតិ)​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ថ្វី​ ដ្បិត​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​យុទ្ធសាស្រ្ត​ជា​ច្រើន​មែន​ ជា​ពិសេស គឺ​ភាព​ផុយ​ស្រួយ​លើ​សម្ព័ន្ធភាព និង​ការ​បញ្ជា​ទ័ព​។ ជាក់​ស្តែង​ឯក​ឧត្តម កឹម សុខា ស្រវា​តែ​ប្រជាប្រិយ​ភាព​ខ្លួន​ឯង ពេល​ចុះ​ជួប​ប្រជារាស្រ្ត​មិន​សូវ​ដែល​លើក​និយាយ​ពី​ឯកឧត្តម​សម រង្ស៊ី​ប៉ុន្មាន​ទេ​។​ចង់​មិន​ចង់ ខ្សែ​ខាង​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មិន​ខាន ទោះ​តិច ឬ ច្រើន​ក្តី​។ ដូច្នេះ​ហើយ គឺ​ខាង​កូន​ចៅ ឯកឧត្តម សម រង្ស៊ី ខំ​រក​វិធី​យ៉ាង​ណា ឲ្យ​មេ​របស់​ពួក​គេ​បាន​ចូល​ស្រុក ដើម្បី​កុំ​ឲ្យ​ឯកឧត្តម កឹម សុខា អួត​ក្អេង​ក្អាង​ពេក។ បើ​សិន ជា​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក ក្នុង​ពេល​មុន​បោះឆ្នោត​នេះ គឺ​ល្បិច សប់​ប៉េង​ប៉ោង​ឲ្យ​តឹង​ហើយ​ចាក់​បំបែក​ពិត​ជា​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង ចង់​ឈ្នះ តែ​មិន​ចង់​ទន់​ភ្លន់​។ និយាយ​ស្តី បង្កើត​ចំណុច​ខ្សោយ​ឲ្យ​គេ​ចាប់​បាន​។ ហ៊ាន​ស៊ី​តែ​មិន​ហ៊ាន​សង។ រឿង​ដែល​ត្រូវ​និយាយ​មិន​និយាយ បែរ​ជា​ទៅ​និយាយ​រឿង​ចង​ក្រឡា​ខ្លួន​ឯង។ ដូច​ជា​ករណី​គុក​ទួលស្លែង​។ តើ​វា​ចំណេញ​អី​ទៅ ដែល​និយាយ​រឿង​ហ្នឹង​? ជា​ល្បិច​ជន​ណា​មួយ​មិន​សំខាន់​ទេ តែ​ការ​កាប់​សម្លាប់​ពិត​ជា​មាន​មែន​ហើយ​ប្រជារាស្រ្ត ក៏​មិន​បាន​ផ្តោត​អារម្មណ៍​រឿង​ហ្នឹង​ខ្លាំង​ដែរ​។ មួយ​ថ្ងៃៗ គ្នា​គិត​តែ​ធ្វើ​ម៉េច ឲ្យ​បាន​បាយ​ហូប កូន​បាន​រៀន​សូត្រ បាន​ការងារ​ធ្វើ បារម្មណ៍​ខ្លាច​គេ​មក​យក​ដីធ្លី​ផ្ទះ​សម្បែង​ខ្លាច​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ ដែល​សុទ្ធ​តែ​មាន​ចែង​ក្នុង​គោល​នយោបាយ​គណបក្ស ហើយ​ជា​រឿង​ដែល​ត្រូវ​និយាយ​ប្រាប់​ប្រជារាស្រ្ត​ឲ្យ​ដឹង​។ បើ​ដឹង​ថា ចំណុច​ខ្លាំង របស់​គណបក្ស​ប្រជាជន គឺ​ថ្ងៃ ៧ មករា ដែល​ជា​ចម្រៀង រត់​មាត់​របស់​ប្រជាជន​ទៅ​ហើយ នៅ​តែ​លើក​មក​និយាយ​ទៀត។
ឆាវ ឆាវ ក្នុង​រឿង​សាមកុក​និយាយ​ថា «កើត​មក​ជា​មនុស្ស គឺ​ច្បាស់​ជា​ត្រូវ​គេ​ជេរ ហើយ​ក៏​ត្រូវ​ចេះ​ជេរ​គេ​វិញ​ដែរ តែ​សំខាន់ គឺ​ថា អ្នក​ណា​ជេរ​ពីរោះ​ជាង អ្នក​ណា​ជេរ​សម​ជាង​នរណា​»។ ខាង​គណបក្ស​ប្រជាជន គេ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​គេ​មាន​តួ​អង្គ​សម្រាប់​ជេរ​តាម​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃ​។ តែ​ការ​ជេរ​នេះ គឺ​មិន​ចំណេញ​ទេ ព្រោះ​ជេរ​មិន​មែន​សម្រាប់​ប្រជារាស្រ្ត​។ បើ​ជេរ​ដើម្បី​រាស្រ្ត គឺ​រាស្រ្ត​ច្បាស់​ជា​គាំទ្រ ទេវតា ក៏​ជួយ​ជេរ​ដែរ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​គោល​នយោបាយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ តែ​ពេល​ផ្តើម​ធ្វើ ពឹង​លើ​ប្រជាប្រិយ​ភាព​របស់​បុគ្គល ដែល​មិន​ខុស​ពី​គណបក្ស​ប្រជាជន​ឡើយ​។ គ្រប់​ទីកន្លែង គឺ​លើក​សរសើរ​តែ​បុគ្គល គឺ​ឯកឧត្តម កឹម សុខា ដែល​គួរ​តែ​បង្ហាញ​សមាសភាព​ថ្នាក់​ដឹក​នាំ និង​សមត្ថភាព​បេក្ខជន​តំណាង​រាស្រ្ត និង រដ្ឋ​មន្រ្តី​ឲ្យ​គេ​ចុះ​ជួប​ប្រជា​ពលរដ្ឋ បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង ឧត្តមគតិ។ ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បុគ្គល អ្នក​តំណាង​រាស្រ្ត​ដែល​គេ​ពេញ​ចិត្ត ជា​ជាង​បោះឆ្នោត​ឲ្យ​គណបក្ស​។ នេះ​គេ​ហៅ​ថា «បើ​ចង់​ឈរ​រឹង​មាំ គឺ​ត្រូវ​បណ្តុះ​ឈើ​មួយ​ដើម ឲ្យ​ទៅ​ជា​ព្រៃ ទើប​អាច​ទប់​ទល់​ខ្យល់​ព្យុះ​គ្រប់​ទិស​ទី​បាន​»។ ខ្វះ​អី​អ្នក​មាន​សមត្ថភាព ដូច​ជា​ឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ លោក​តា វណ្ណ ម៉ូលីវណ្ណ​។ល។​និង ។ល។ ហើយ ក៏​ត្រូវ​ប្រាប់​ប្រជារាស្រ្ត​ដែរ​ថា តើ​អ្នក​ណា​កាន់​ក្រសួង​ណា មាន​សមត្ថភាព​អី ហើយ​មាន​វិធីសាស្រ្ត​អី​ដែរ ប្រើ​រយៈ​ពេល​ប៉ុន្មាន​។ គោល​នយោបាយ គឺ​សំខាន់ សម្រាប់​គណបក្ស តែ​អ្នក​អនុវត្ត​គោល​នយោបាយ​គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ មិន​ខុស​អី​ពី​គណបក្ស​ប្រជាជន ដែល​មាន​គោល​នយោបាយ​ល្អ តែ​មិន​អនុវត្ត? ឬ​អនុវត្ត​ដែរ តែ​មាន​ប្រសិទ្ធភាព​តិច​តួច​នោះ​?
មិត្ត​យល់​ចិត្ត​នៅ​លើ Facebook ម្នាក់​ទៀត នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​កម្ដៅ​បាយ​កក​មួយ​ឆ្នាំង​នេះ​យ៉ាង​ម៉េច គាត់​ឲ្យ​យោបល់​ថា «....ត្រូវ​យក​បាយ​មួយ​កូន​ចាន​ចង្កិះ​នោះ​រក​ចុងភៅ​ពូកែ​ម្នាក់ ចម្អិន​បាយ​កក​ឲ្យ​ក្លាយ​ជា​បាយ​ឆ្ងាញ់​មួយ​ចាន... តែ​បាយ​ឆ្ងាញ់​មួយ​ចាន​នេះ​មិន​ឲ្យ​ធ្វើ​ហើយ​ចែក​អ្នក​ក្រ​ទេ ត្រូវ​ចែក​សេដ្ឋី​ណា​ម្នាក់ ដើម្បី​ដូរ​យក​ស្បៀង​មួយ​ជង្រុក​។ បើ​គាត់​សាញ​ថា បាយ​មួយ​ចាន​នោះ​តិច​ពេក អ៊ីចឹង​លោក​ប្អូន ត្រូវ​ប្រាប់​គាត់​ថា វា​គ្រាន់​តែ​ជា​អំណោយ​បើក​ផ្លូវ នៅ​មាន​អំណោយ​ធំៗ​បន្ត​ទៀត​»។ ដូច្នេះ គណបក្ស​ប្រឆាំង ត្រូវ​ឆ្លុះ​បញ្ចាំង ពី​សមត្ថភាព​ខ្លួន​ឯង​មើល ថា​មាន​សមត្ថភាព ចម្អិន​ម្ហូប​អាហារ​មួយ​ចាន​ចង្កឹះ ក្នុង​ចំណោម បាយ​កក​ដែល​ស្ទើរ​តែ​ផ្អូម មួយ​ឆ្នាំង​នេះ ដែល​សល់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ដោយ​របៀប​ណា​? ហើយ​មាន​សមត្ថភាព រក​ឃើញ​អ្នក​មាន​ម្នាក់​ដើម្បី​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ ដើម្បី​ចិញ្ចឹម​រាស្រ្ត​បាន​ដោយ​របៀប​ម៉េច? តាម​គំនិត​គាត់ គឺ​បាយ​មួយ​ឆ្នាំង​នេះ គឺ​ហូប​មិន​ឆ្អែត​ទេ គឺ​ត្រូវ​រក​ជង្រុក​ស្រូវ​ធំ​មួយ ដើម្បី​ដាំ​បាយ​មួយ​ឆ្នាំង​ធំ សម្រាប់​ប្រជារាស្រ្ត​ទាំង​មូល​នៅ​ឆ្នាំ ២០១៨ ហើយ អ្នក​មាន​ម្នាក់​នេះ​អ្នក​ខ្លះ កំពុង​លាក់​ឈ្មោះ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល អ្នក​ខ្លះ នៅ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​កំពុង​អង្គុយ​លេង​អុក​នៅ​តៀម​កាហ្វេ​ដែរ​។ បើ​មិន​អាច​ប្រមូល អ្នក​មាន​សមត្ថភាព​(អ្នក​មាន ក្នុង​ឧទាហរណ៍​នេះ​)​ដើម្បី​ដូរ​យក​ជម្រុក​ស្រូវ​(យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​នៃ​ការ​ដឹក​នាំ​ប្រទេស​)បាន​ទេ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​ដោយ​ក៏​រាស្រ្ត​នៅ​តែ​ហូប​មិន​ឆ្អែត​ដែរ។
ល្បែង​អុក​មួយ​ក្តារ​នេះ គឺ​ដើម្បី​ឈាន​ជើង​មួយ​ជំហាន​ទៅ​មុខ ហើយ​ក៏​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ឆ្នាំ​២០១៨ គឺ​ដូច​ជា​ធ្វើ​ម្ហូប​មួយ​ចាន​ចង្កឹះ​ដើម្បី ផ្គាប់​ចិត្ត​អ្នក​មាន​ម្នាក់​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​សម្រាប់​ រាស្រ្ត​ទូទាំង​នគរ​។ ដូច្នេះ​មិន​អាច​លេង​សើច​បាន​ទេ​។ បើ​ដើរ​ខុស​តែ​បន្តិច គឺ​ប្រជារាស្រ្ត ទាំង​នគរ​ច្បាស់​ជា​អត់​បាយ​ស្លាប់​មិន​ខាន ពិបាក​នឹង​ស្រោច​ស្រង់​ណាស់​។ មិន​ថា​តែ​អ្នក​ទស្សនា​ទេ​ដែល​ដឹង​ថា គណបក្ស​ប្រជាជន​វាយ​លុក​ចំណុច​ណា បញ្ឆោត​ចំណុច​ណា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ជាង​អ្នក​ទស្សនា​ទៅ​ទៀត។ ជាក់​ស្តែង​ណាស់ បើ​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង (សម រង្ស៊ី និង សិទ្ធិ​មនុស្ស) រួប​រួម​គ្នា គឺ​ងាយ​ស្រួល ដូច​ជា​បក​ចេក​អ៊ីចឹង​។ គឺ​គ្រាន់​តែ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​ចូល​ស្រុក កាល​ពី​ឆ្នាំ​ទៅ នោះ គឺ​គណបក្ស​ទាំង​ពីរ​មិន​អាច​រួប​រួម​គ្នា​បាន​ទៅ​ហើយ​។ ល្បិច​មួយ​នេះ​ហៅ​ថា សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​ទម្លុះ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​។ ចង់​និយាយ​ថា រុញ​ឲ្យ​ការ​រួប​រួម​នេះ​បាន​សម្រេច ហើយ​ចាំ​បំបែក​ជា​ក្រោយ។ បើ​បែក​លើក​នេះ គឺ​រាស្រ្ត​ពិត​ដាច់​បាយ​ស្លាប់​មិន​ខាន​។ ពេល​នោះ បាយ​កក​ដែល​សល់​ពី​ឆ្នាំ​១៩៩៣ ពិត​ជា​ផ្អូម​មែន​ទែន​ហើយ គ្មាន​ទេវតា​ណា​មក​ជួយ​បាន​ទេ​។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​បើក​ឲ្យ​ស៊ី​ត្រី​ទឹម​(ការ​រួប​រួម​គ្នា​)នេះ​ទៅ​ហើយ​គឺ​ មិន​អាច​មាន​ការ​ថ្លោះ​ធ្លោយ​ទេ​។ មិន​អាច​ឲ្យ​ល្បិច​សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​បំបែក​បាន​សម្រេច​ជា​ដាច់​ខាត​។ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ ទ័ព​គ្មាន​វិន័យ ជា​ទ័ព​បរាជ័យ។ អ្នក​ប្រឆាំង​និង​បញ្ជា​គឺ​ត្រូវ​តែ​កាត់​ក្បាល​។ ក្នុង​ជំរំ​ទ័ព គឺ​គ្មាន​សាច់​ញាតិ​អ្នក​ធំ គ្មាន​សែ​រាជវង្ស​ទេ គឺ​មាន​តែ​មេ​ទ័ព និង​កូន​ទាហាន ទើប​ជា​ទ័ព​មាន​វិន័យ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ជូន​រាស្រ្ត​។ កូន​អុក​ទាំង​អស់​ត្រូវ​តែ​ដើរ​ស្រប​គ្នា​។ បោះ​ឆ្វេង​ឡើង​ស្តាំ ឡើង​ទៅ​មុខ ការពារ​ខាង​ក្រោយ​។ ត្រូវ​តែ​បែង​ចែក មុខ​នាទី​រៀងៗ​ខ្លួន ឲ្យ​ច្បាស់​លាស់​។ អ្នក​ណា​ខ្លាំង​ខាង​ការពារ ឲ្យ​ការពារ​។ អ្នក​ខ្លាំង​ខាង​វាយ​លុយ ឲ្យ​វាយ​លុយ អ្នក​ខ្លាំង​ខាង​ទូង​ស្គរ​ឲ្យ​ទូង​ស្គរ អ្នក​ខ្លាំង​ខាង​បញ្ឆោត​ឲ្យ​បញ្ឆោត អ្នក​ខ្លាំង​ខាង​កាន់​ស្បៀង​ឲ្យ​កាន់​ស្បៀង មិន​អាច​ធ្វេសប្រហែស សូម្បី​តែ​បន្តិច។ ពេល​ថ្ងៃ​ត្រូវ​តែ​វាយ​លុក ពេល​យប់​ឈប់​សម្រាក​ត្រូវ​តែ​យាម មិន​អាច​ធូរ​លុង​ជា​ដាច់​ខាត។
បាយ​មួយ​ឆ្នាំង​ដែល​សល់ ពី​ឆ្នាំ ១៩៩៣​នោះ​គឺ​ពឹង​លើ​ក្តា​អុក​មួយ​ក្តា​នេះ​ហើយ​។
ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង ស្តួច​ស្តើង​៕
Read more...

Thursday, June 6, 2013

ព្រឹកស្អែក​ គ.ជ.ប​ នឹងបើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធី​នៃយុទ្ឋនាការ​ឃោសនា​រកសំឡេង​បោះឆ្នោត

0 comments
នៅទីស្នាក់ការ​កណ្តាល​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ ការបោះឆ្នោត​ (គជប) ​ស្ថិតក្នុងបរិវេណ​ក្រសួង​មហាផ្ទៃ ​នាម៉ោង១០ព្រឹក​ថ្ងៃទី ០៧​ មិថុនា ​២០១៣​នេះ មានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធីនៃ​យុទ្ឋនាការ​ ឃោសនា​រកសំឡេងឆ្នោត​ ។
កិច្ចប្រជុំ​នេះ​ ក្រោមអធិបតី​ភាព​​លោក សោម ច័ន្ទ​ឌីណា​​ សមាជិក​ គ.ជ.ប​ ​ព្រមទំាងមានការចូលរួម​ពីតំណាង​គណបក្ស​នយោបាយ​ទំាង៨ ដែលនឹង​ចូលរួម​ប្រកួតប្រជែងក្នុង​ការបោះ​ឆ្នោត​​ជ្រើសតំាង​តំណាងរាស្រ្ត​ សំរាប់​នីតិកាល​ទី៥ អង្គការ​សង្គម​ស៊ីវិល​ និង អ្នកកាសែត​ជាច្រើននាក់ទៀត ៕
Read more...

Tuesday, June 4, 2013

គជប រំឭក​គណបក្ស​មិន​ឃោសនា​នយោបាយ​ដែលនាំ​ដល់​ជម្លោះ​សាសនា ឬ​ពូជសាសន៍

0 comments
ខណៈ​ដែល​ការ​ ឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​ប្រកាស​ប្រាប់​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​នាំ​ដល់​ជម្លោះ​សាសនា និង​ពូជ​សាសន៍។ ការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្រោម​ផ្លូវ​ច្បាប់ ហើយ​មិន​ត្រូវ​នាំ​ទៅ​ដល់​អំពើ​ហឹង្សា​ឡើយ។
នៅ​ថ្ងៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ ហៅ​កាត់ថា គជប បាន​រំឭក​ដល់​   គណបក្ស​នយោបាយ​ទាំង​អស់ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការឃោសនា​នយោបាយ​ណា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​ សាសន៍ ឬ​សាសនា។

លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​អ្វី​នោះ​ទេ។ បម្រាម​ទាំង​នេះ​សុទ្ធ​តែ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ។ សេចក្ដី​ក្រើន​រំឭក​របស់ ​គជប គ្រាន់​តែ​ធ្វើ​ឡើង​ខណៈ​ការឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិតជិត​ចូល​មក​ដល់។

លោក ​បាន​បន្ត​ទៀត​ថា ឥឡូវ​នេះ គជប គ្មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សារ​នយោបាយ​ផ្សេងៗ​របស់​គណបក្ស​ឡើយ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដែល​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត គជប នឹង​ឃ្លាំ​មើល​គ្រប់​ការឃោសនា​របស់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ទាំង​អស់។ ប្រសិន​បើ​មាន​ការ​ឃោសនា​ណា​មិន​ត្រឹមត្រូវ​តាម​ច្បាប់ គជប នឹង​មាន​វិធានការ​ក្រើន​រំឭក រួច​ព្រមាន។ បើ​នៅ​តែ​មិន​ស្ដាប់ គជប នឹង​ផាក​ពិន័យ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ បញ្ឈប់​ការឃោសនា​តែ​ម្ដង។

ពាក់ព័ន្ធ ​នឹង​ការឃោសនា​នយោបាយ​ដែល​នាំ​ដល់​ជម្លោះ​​ពូជសាសន៍​នេះ​ដែរ លោក​យឹម សុវណ្ណ មន្ដ្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ឃោសនា​ប្រឆាំង​នឹង​វត្តមាន​កុះករ​របស់​ ជនជាតិ​វៀតណាម​លើ​ទឹកដី​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI ​ថា គណបក្ស​លោក​មិន​បាន «ប្រឆាំង» នឹង​វត្តមាន​របស់​ជនជាតិ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ។ ប៉ុន្តែ​គណបក្ស​លោក​កំពុង «ទាមទារ» ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍​ស្រប​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​ទាំង​ នោះ។ លោក​បាន​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការឃោសនា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​សាសន៍ គណបក្ស​លោក​នឹង​គោរព​តាម​ច្បាប់៕ ប្រភព៖ RFI
Read more...

Thursday, May 30, 2013

គណបក្ស​ប្រឆាំង​វាយ​បក​លើ​គណបក្ស​ប្រជាជន

0 comments
 ភ្នំពេញៈគណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ហៅ​ការ​វាយ​ប្រហារ​ផ្ទួនៗ​ឥត​ឈប់​ឈរ របស់​គណបក្ស​ប្រជាជន ថា​ជា «ល្បិច​កល​ថោក​ទាប» ហើយ​បក្ស​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋសភា ធ្វើ​ច្បាប់​ថ្មី​ប្រឆាំង​ទៅ​នឹង​ជន​ណា​ក៏​ដោយ ដែល​និយាយ​ថា«នឹង​មាន​សង្គ្រាម​ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត​»​និង​ត្រូវ​ចែង ​កំណត់​ក្នុង​ច្បាប់ ដោយ​ធ្វើ​ការ​ហាម​ឃាត់​ជន​ណា​ក៏​ដោយ​ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កុំ​ឲ្យ​កាន់​តំណែង​កំពូល​របស់​រដ្ឋ។
ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​វាយ​បក​ទៅ​កាន់​គណបក្ស​ប្រជាជន​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់ ​របស់​ខ្លួន​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ប្រទេស​កម្ពុជា នឹង​កើត​មាន​សង្គ្រាម​និង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ស្នើ​ឲ្យ​រដ្ឋសភា​បង្កើត​ច្បាប់​សម្រាប់​ផ្តន្ទាទោស​ទៅ​លើ​ជន​ណា​ដែល​ និយាយ​ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ ​ជាតិ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ជំហរ​របស់​គណបក្ស​ប្រឆាំង​គឺ​គាំទ្រ​ឲ្យ​មាន​ច្បាប់​ផ្តន្ទាទោស​បុគ្គល ណា​ដែល​និយាយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ប៉ុន្តែ​ថា រដ្ឋសភា​ក៏​ត្រូវ​ធ្វើ​ច្បាប់​ផ្តន្ទាទោស​ជន​ណា​ក៏​ដោយ​ដែល​និយាយ​ថា នឹង​មាន​សង្គ្រាម ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត​។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់​ទៀត​ថា​ដើម្បី​ធានា​ឲ្យ​បាន​ប្រាកដ​ថា របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នឹង​មិន​អាច​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ គេ​ត្រូវ​តែ​កំណត់​នៅ​ក្នុង​ច្បាប់​ថា ជន​ណា ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​ត្រូវ​ហាម​ឃាត់​កុំ​ឲ្យ​កាន់​តំណែង​កំពូល​របស់​ជាតិ។
លោក កឹម សុខា បាន​ថ្លែង​ថា​៖ «យើង​ដឹង​ឮ​ទាំង​អស់​គ្នា​ហើយ ថ្មីៗ​នេះ មាន​អ្នក​ដើរ​និយាយ​ថា ប្រសិន​បើ​គេ​ចាញ់​ឆ្នោត នឹង​មាន​សង្គ្រាម។ ដូច្នេះ យើង​គួរ​ធ្វើ​ច្បាប់​ផ្តន្ទាទោស​អ្នក​ដែល​និយាយ​ថា បើ​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម​។ យើង​គួរ​ធ្វើ​ច្បាប់​ហាម​ឃាត់​ជន​ណា​ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ ក្នុង​របប​ខ្មែរ​ក្រហម កុំ​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​នាយក​រដ្ឋ​មន្រ្តី ប៉ុន្តែ​តំណែង​ក្រោមៗ គាត់​អាច​កាន់​បាន»។
សន្និសីទ​កាសែត​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ការ​បក​ស្រាយ ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​ថ្មីៗ​នេះ របស់​គណបក្ស​ប្រជាជន ដែល​បាន​ស្រង់​សម្តី​របស់​លោក​កឹម សុខា ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ថា «​គុក​ទួល​ស្លែង គឺ​ជា​គុក​សិប្បនិម្មិត» ហើយ​ជន​រងគ្រោះ​ដែល​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង បាន​ទាមទារ​ឲ្យ​លោក​កឹម សុខា ធ្វើ​ការ​សុំទោស។
ប៉ុន្តែ​លោក កឹម សុខា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា លោក​មិន​ដែល​និយាយ​ថា ទួលស្លែង​ជា​គុក​សិប្បនិមិ្មត​នោះ​ឡើយ ប៉ុន្តែ​លោក​ធ្លាប់​លើក​ឡើង​ថា ជន​រងគ្រោះ​ដែល​ទទួល​រង​ទារុណកម្ម និង​សម្លាប់​នៅ ស‑២១ គឺ​ត្រូវ​បាន​ទម្លាក់​កំហុស​ដោយ​ខ្មែរ​ក្រហម តាម​រយៈ​ការ​រៀប​ចំ​ភ័ស្តុតាង​ក្លែង​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ធ្វើ​ ទារុណកម្ម។ លោក​គូស​បញ្ជាក់​ថា​៖«​ខ្មែរ​ក្រហម​បាន​សម្លាប់​ឪពុក​របស់​ខ្ញុំ តាំង​ពី​មេ​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន​មួយ​ចំនួន មិន​ទាន់​ចាក​ចេញ​ពី​ខ្មែរ​ក្រហម​ម៉្លេះ រឿង​អី​ដែល​ខ្ញុំ​និយាយ​ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​?»។ លោក សុខា បាន​បន្ថែម​ថា៖ «​ក្នុង​ករណី​ខ្ញុំ​ឥឡូវ​នេះ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​មួល​បង្កាច់​ដោយ​ខុស​ឆ្គង​ថា ខ្ញុំ​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​មន្ទីរ​ស‑២១ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ ២០១៣ ក្នុង​ខេត្ត​ព្រៃវែង។ ប៉ុន្តែ តាម​ពិត នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ ២០១៣ ខ្ញុំ​បាន​សំណេះ​សំណាល​ជាមួយ​ប្រជាជន​រាប់​ពាន់​នាក់​ក្នុង​ខេត្ត​កំពង់ចាម ដោយ​ពុំ​បាន​លើក​ឡើង​អំពី​មន្ទីរ​ស‑២១ ឬ​របប​ខ្មែរ​ក្រហម​ទេ»។ លោក​បន្ត​ថា សំឡេង​របស់​លោក ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​គឺ​ត្រូវ​បាន​គេ​កាត់​ត គឺជា​ល្បិច​កល​ដ៏​អាក្រក់​ដើម្បី​ផល​នយោបាយ។ លោក សុខា បាន​លើក​ឡើង​ថា៖ «​ការ​ចោទ​ប្រកាន់​ប្រឆាំង​ខ្ញុំ​នេះ គឺជា​ករណី​អយុតិ្តធម៌​ខ្លាំង​ណាស់។ វា​ជា​ទង្វើ​នយោបាយ ដើម្បី​គំរាម​កំហែង​ខ្ញុំ ដោយ​សារ​តែ​ការ​គាំទ្រ​កាន់​តែ​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី ​ប្រជាជន​កម្ពុជា នៅ​ពេល​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​»។ លោក កឹម សុខា សង្ឃឹម​ថា ជន​រងគ្រោះ​ដែល​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង នឹង​អាច​យល់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ហើយ​នឹង​ទទួល​យក​នូវ​អ្វី​ដែល​លោក​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ។
លោក ឈាង វុន តំណាងរាស្រ្ត​គណបក្ស​ប្រជាជន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា សំណើ​ច្បាប់​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ធ្វើ​ដើម្បី​កាត់​ទោស​ជន​ណា​ក៏​ដោយ​ដែល​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា ចំពោះ​ច្បាប់​ដែល​លោក កឹម សុខា ស្នើ​ដើម្បី​ផ្តន្ទាទោស​ជន​ណា​ដែល​និយាយ​ថានឹង​មាន​សង្គ្រាម​ប្រសិន​បើ​ចាញ់ ​ឆ្នោត​នោះ ឬ​ច្បាប់​ហាម​ឃាត់​ជន​មួយ​ចំនួន​កុំ​ឲ្យ​កាន់​តំណែង​រដ្ឋ​ថ្នាក់​ខ្ពស់ ដោយ​សារ​តែ​ពួកគេ​ធ្លាប់​កាន់​តំណែង​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​មិន​អាច​ចេញ ​បាន​ទេ។
លោក ឈាង វុន បាន​បញ្ជាក់​ថា៖ «​សមាជិក​ជាន់​ខ្ពស់​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់ ដាក់​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​កោះ​អង្គ​ប្រជុំ​អនុម័ត​ច្បាប់​ដែល​ព្រាង​ដោយ​សម្តេច​តេជោ ហ៊ុន សែន»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​ថ្មី​ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ អាច​មាន​ប្រតិសកម្ម​ដើម្បី​កាត់​ទោស​លោក កឹម សុខា ប្រសិន​បើ​ពិចារណា​និង​ឃើញ​ថា ការ​អត្ថាធិប្បាយរ​បស់​លោក កឹម សុខា​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​នោះ។
ចំពោះ​ការ​បដិសេធ​របស់​លោក កឹម សុខា ដែល​ថា សំឡេង​របស់​គាត់​ត្រូវ​បាន​គេ​កាត់​ត លោក ឈាង វុន​ចាត់​ទុក​លោក កឹម សុខា ជា​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ថា ការ​បដិសេធ​របស់​លោក កឹម សុខា អាច​ឲ្យ​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​វិញ។
លោក ប៊ូ ម៉េង ជន​រស់​រាន​មាន​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង បាន​ចាត់​ទុក​ការ​វាយ​បក​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ខ្មែរ​ក្រហម​នេះ ថា​ជា​រឿង​នយោបាយ ហើយ​លោក​មិន​ចង់​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។
លោក​គូស​បញ្ជាក់​ថា លោក​មិន​ខ្វល់​ទេ ថា​តើ​លោក កឹម សុខា សុំទោស ឬ​មិន​សុំទោស​នោះ។ លោក ប៊ូ ម៉េង បាន​បន្ត​ថា៖ «​ខ្ញុំ​ប្តេជ្ញា​ថា ខ្ញុំ​ជា​អ្នក​អព្យាក្រឹត។ ខ្ញុំ​មិន​ចូល​ខាង​គណបក្ស​ណា​ទេ។ បញ្ហា​នយោបាយ ខ្ញុំ​មិន​ចង់​ជ្រៀត​ជ្រែក​ទេ ទុក​ឲ្យ​គេ​ធ្វើ​ទៅ។ អ្នក​នយោបាយ​តែង​តែ​ប្រកួត​ប្រជែង​គ្នា​»។ លោក កឹម សុខា បាន​គូស​បញ្ជាក់​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា មិន​មែន​រូប​លោក ត្រូវ​ទៅ​សុំទោស​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង​នោះ​ទេ គឺ​អ្នក​ដែល​យក​សំឡេង​របស់​លោក​ទៅ​កាត់​ត​ទៅ​វិញ​ទេ ដែល​ត្រូវ​ទៅ​សុំទោស​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​ត្រូវ​មក​សុំទោស​រូប​លោក​៕ TK ប្រភពពី Postkhmer.com
Read more...

Monday, May 13, 2013

គ.ជ.ប​ ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥

0 comments
រហូតមកទល់​ថ្ងៃអាទិត្យ​នេះ​ ពោលគឺ​មួយ​ថ្ងៃមុន​ការបិទ​បញ្ចប់​កាលបរិច្ឆេទ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​​​ គណបក្សន​យោបាយ​សម្រាប់​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន ៥ ជា​ផ្លូវការ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្រោយ​គេ​កំពុង​ទទួល​ ការត្រួតពិនិត្យ​ពី គ.ជ.ប មុននឹង​ចុះបញ្ជី។ គ្មាន​គណបក្ស​ណា​ផ្សេងទៀត​ដាក់ពាក្យ​សុំ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត ​ទេ។ រហូតមកទល់​ចុង​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​​​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន៥ក្នុងចំណោម​គណបក្ស​ចំនួន ៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ តំណាងរាស្ត្រ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ កក្កដា​ខាងមុខនេះ។

គណបក្ស ទាំង៥ដែល គ.ជ.ប ទទួលស្គាល់​ជា​ផ្លូវការ​នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ស​ញ្ញាតិ​កម្ពុជា គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​សម្ព​ន្ធ័​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ។

លោកទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​វិទ្យុ​ បារាំង​​អន្តរជាតិ​នៅថ្ងៃនេះ​ថា រហូតមកទល់​រសៀល​ថ្ងៃអាទិត្យ​នេះ ក្រៅពី​គណបក្ស​ចំនួន៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះបញ្ជី​រួចហើយនោះ គ្មាន​គណបក្ស​ថ្មី​ណា​ផ្សេងទៀត​បានដាក់​ពាក្យ​ទៅ គ.ជ.ប នោះទេ ខណៈដែល​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ដើម្បី​ចូលរួម​ ការបោះឆ្នោត​នឹង​ផុតកំណត់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

ចំណែកឯ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​បានដាក់​សំណុំ​ឯកសារ​ទៅ គ.ជ.ប ក្រោយ​គេ​កាលពី​ថ្ងៃ​សុក្រ កំពុង​ទទួល​ការត្រួតពិនិត្យ​ពី គ.ជ.ប នៅឡើយ។ បើ​យោងតាម​លោក ទេព នីថា គ.ជ.ប មាន​រយៈពេល៧ថ្ងៃ​ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្សនីមួយៗបន្ទាប់ពី​ ការដាក់​ពាក្យសុំ​ចុះបញ្ជី។ គេ​នៅ​មិនទាន់​ដឹងថា តើ​សំណុំ​ឯកសារ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​បញ្ហា​អ្វី​ឫ​ក៏​អត់​ នោះទេ។

ប៉ុន្តែអ្វីដែល​គេ​បានដឹង​គឺ លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនិង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គ ​ណ​បក្ស​នេះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទេ​ដោយ​សារ​ តែ បញ្ហា​ផ្លូវច្បាប់។

សូមបញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​នៅឯ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន ៤២ គណបក្ស។ ​ប៉ុន្តែ ទំនង​ជាមាន​គណបក្ស​មិន​លើសពី៦នេះ​ទេ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុងការ​ បោះឆ្នោត​សភា​អាណត្តិទី៥នៅ​ខែកក្កដា​ខាងមុខនេះ។ ចំនួន​នេះ​តិច​ជាង​​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៤ កាលពី​ឆ្នាំ ២០០៨ ដែលមាន​គណបក្ស​រហូត​ដល់ ១១ គណបក្ស​៕ ប្រភព៖ RFI
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន