Tuesday, June 18, 2013

កម្តៅ​បាយ​កក

0 comments
«ពង​មាន់ ដែល​ស្ងោរ​ជិត​ឆ្អិន​ទៅ​ហើយ បែរ​ជា​ដុះ​ស្លាប​ហើរ​ទៅ​បាត់! ឈឺ​ចិត្ត​ណាស់! ឈឺ​ចិត្ត​ណាស់...» នេះ​ជា​ពាក្យ​សម្ដី ឆាវ ឆាវ ក្នុង​ពេល​ដេញ​សម្លាប់ លាវ​ប៉ី ធ្វើ​ដំណើរ​ដឹក​នាំ​ប្រជារាស្រ្ត គ្រាហ៍​ចាស់ៗ ដឹក​ដៃ​ក្មេងៗ ចេញ​ពី​ជិញចូវ​ទៅ​ស៊ីយាគ​។ គឺ​ដូច​រាស្រ្ត​ខ្មែរ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​គេ​យក​បាយ​មក​បញ្ចុក​ដល់​មាត់​ទៅ​ហើយ​បែរ​ជា​គេ​មក​ឆក់​យក​ចេញ​ទៅ​បាត់​ ។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល​? តើ​ឈឺ​ចិត្ត​ប៉ុន​ណា ពេល​ហ្នឹង​? បើ​ចំណី​មក​ដល់​មាត់​ទៅ​ហើយ បែរ​ជា​មក​ខ្វេះ​យក​ទៅ​បាត់​អ៊ីចឹង។
កាល​ពី​ឆ្នាំ​១៩៩៣ ប្រជារាស្រ្ត​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ទទួល​បាន​ពន្លឺ​លទ្ធិ​ប្រជាធិបតេយ្យ អាច​ជ្រើស​រើស​តំណាង​ដឹក​នាំ​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​បោះឆ្នោត​ចប់​សព្វ​គ្រប់ ក៏​មាន​រឿង​រកាំ​រកូស រហូត​ដល់​មាន​នាយក​រដ្ឋ​មន្រ្តី​២ ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ឆ្នាំ ១៩៩៧ ក៏​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​បែង​ចែក ស​និង​ខ្មៅ ខ្លា​ខាំ​គ្នា ធ្លាក់​ពី​លើ​ភ្នំ រហូត​ដល់​បោះឆ្នោត​ឆ្នាំ​១៩៩៨ ខ្លា​ស ចាញ់ ទន់​ដៃ​ទន់​ជើង ហើយ នៅ​ឆ្នាំ​២០០៣ ក៏​បោះឆ្នោត​ម្តង​ទៀត ក៏​កាន់​តែ​ទន់​ដៃ​ទន់​ជើង ប្រជារាស្រ្ត​ក៏​លែង​មាន​ទឹក​ចិត្ត​លែង​ចង់​ទៅ​បោះឆ្នោត ចង់​អ្នក​ណា​ឡើង​កាន់​អំណាច ក៏​មិន​ខ្ចី​ខ្វល់​ចាប់​ផ្តើម​យក​ប្រាស​អាយ៉ូស​រៀងៗ​ខ្លួន ប្រែ​ក្លាយ​សង្គម​មួយ​ដែល​ពី​ដូន​តា​មក ខ្មែរ​ធ្លាប់​តែ​ជា​សង្គម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចេះ​អត់​ឱន ចេះ​ចែក​គ្នា​រស់ អ្នក​មាន​ជួយ​អ្នក​ក្រ អ្នក​ល្អ​ជួយ​អ្នក​អាក្រក់ អ្នក​ចេះ​បង្រៀន​អ្នក​ល្ងង់ អ្នក​ខ្លាំង​ជួយ​អ្នក​ខ្សោយ រហូត​កសាង​អង្គរវត្ត​ទុក​ជា​កេរ​ដំណែល ដែល​មាន​តម្លៃ​មហាសាល មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ជា​សង្គម​មួយ ដែល​ដណ្តើម​គ្នា​រស់ អ្នក​មាន​ប្លន់​អ្នក​ក្រ អ្នក​ល្អ​បម្រើ​អ្នក​អាក្រក់ អ្នក​ខ្លាំង ជាន់​អ្នក​ខ្សោយ​អ្នក​ចេះ​កៀប​អ្នក​ល្ងង់ សង្គម​ច្របូក​ច្របល់ ស​ទៅ​ជា​ខ្មៅ ល្អ​ទៅ​ជា​អាក្រក់​ចិត្ត​រាស្រ្ត​អាណោច​អាធ័ម ហួស​នឹង​ធ្វើ​ការ​ពណ៌នា។
នៅ​ឆ្នាំ ២០០៨ មាន​គណបក្ស​ប្រឆាំង​ដល់​ទៅ ២។ គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​(ហ៊្វុន​ស៊ិន​ប៉ិច​)​ក៏​បែក​ខ្ញែក ចេញ​ជា​ពីរ ទ័ព​អស់​កម្លាំង អស់​ស្បៀង អាវុធ​ច្រែះ​ចាប់ អ្នក​ប្រាជ្ញ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​ទៅ​ចិញ្ចឹម​មាន់​ទា នៅ​ព្រៃ​ភ្នំ អស់​សង្ឃឹម ដេក​ចាំ​ឲ្យ​ព្រហ្មលិខិត​ចាត់​ចែង​ជោគ​វាសនា​ជីវិត​របស់​ខ្លួន​។ ប្រជារាស្រ្ត​ស្រេក​ឃ្លាន បាយ​មួយ​ឆ្នាំង​នេះ តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម​បាន​ត្រូវ​ផ្តួល​រលំ នៅ​ឆ្នាំ​១៩៧០ មក ឆ្លង​កាត់​សង្រ្គាម​បង្ហូរ​ឈាម វាល​ពិឃាត រាស្រ្ត​រង​ទុក្ខ ស្លាប់​ជិត​ផុត​ពូជ​ហើយ​សង្ឃឹម​ថា បាន​ភ្លក្ស​បាន​ឆ្ងាញ់​មាត់​ឆ្នាំង​ថ្មី នៅ​ឆ្នាំ ១៩៩៣​នេះ​។ ពេល​នោះ​បាយ​មួយ​ឆ្នាំង ដែល​ដាំ​មិន​ទាន់​ទាំង​បាន​ហូប​ស្រួល​បួល​ផង គេ​ក៏​ប្លន់​យក​ទៅ​វិញ​បាត់ អស់​ទាំង​អង្ករ អស់​ទាំង​ឆ្នាំង អស់​ទាំង​ជង្រុក​។
តាំង​ពី​ពេល​នោះ​មក បាយ​ក្តៅ​ក៏​ក្លាយ​ជា​បាយ​កក ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាយ​កក ក៏​សឹង​ក្លាយ​ជា​បាយ​ផ្អូម​ទៅ​ហើយ​។ ប្រជារាស្រ្ត អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ទឹក​ភ្នែក​ទឹក​សំបោរ អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ អ្នក​ល្អ​កាន់​តែ​ខ្សោះ អ្នក​អាក្រក់​កាន់​តែ​កើន។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​នយោបាយ​តាំង​ពី​បាយ​ក្តៅ​រហូត​ក្លាយ​ជា​បាយ​កក ចង់​ក្លាយ​ជា​បាយ​ផ្អូម បក្ស​ប្រឆាំង​នៅ​តែ​ប្រឆាំង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្មាន​បាន​ការ ចេះ​តែ​ស្រែក គ្មាន​ដំណោះស្រាយ រាស្រ្ត​នៅ​តែ រង​ទុក្ខ​។ ដឹង​ថា គេ​លេង​ល្បិច ដឹង​ថា​គេ​បោក ដឹង​ថា​គេ​បន្លំ តែ​គ្មាន​វិធី​ទប់​ទល់ គ្មាន​វិធី​ពន្យល់​រាស្រ្ត រស់​នៅ​តែ​ទីក្រុង ពេល​ជិត​បោះឆ្នោត បាន​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​។ បើ​ធ្វើ​តែ​យ៉ាង​នេះ​ប្រឆាំង​ដល់​គាស់​ដូន​តា​មក​ទៀត ក៏​នៅ​គ្មាន​បាន​ការ​អី​ដែរ។
មិត្ត​យល់​ចិត្ត​ម្នាក់​នៅ​លើ Facebook បាន​និយាយ​ថា «សមុទ្រ​ប្រៃ តែ​ចង់​ផឹក​ទឹក​សាប​? អ៊ីចឹង​ត្រូវ​មើល​ថា អ្នក​ឯង​មាន​សមត្ថភាព ធ្វើ​ទឹក​ប្រៃ​ឲ្យ​ទៅ​ជា​ទឹក​សាប​បាន​ដោយ​របៀប​ម៉េច? មិន​មែន​បន្ទោស​ថា មក​ពី​សមុទ្រ​ប្រៃ​នោះ​ទេ​? អង្គុយ​បន្ទោស​ដល់​គាស់​ដូន​តា​អស់​លោក​មក​ទៀត ក៏​សមុទ្រ​មិន​ខ្ចី​ឈឺ​ក្បាល វា​នៅ​តែ​ប្រៃ​ដដែល​។ មាន​តែ​មនុស្ស​នៅលើ​ទូក​ដែល​ស្រេក​ទឹក​ស្លាប់​បណ្តើរៗ»
ឆ្នាំ ២០១៣​នេះ​គ្រាន់​តែ​ឃើញ គណបក្ស​ប្រឆាំង​ពីរ រួប​រួម​គ្នា​មក​តែ​មួយ អ្នក​ដឹក​នាំ​ទាំង​ពីរ​ព្រម​សហការ​គ្នា ចែក​មុខ​ងារ​គ្នា ម្នាក់​កាន់​ដាវ ម្នាក់​កាន់​លំពែង រាស្រ្ត​លើក​ដៃ​គាំទ្រ ទូង​ស្គរ​ទាំង​ក្នុង​ទាំង​ក្រៅ ទាំង​ចាស់​ទាំង​ក្មេង សង្ឃឹម​បាន​បាយ​ឆ្ងាញ់ ក្នុង​ឆ្នាំ ២០១៣​នេះ ទោះ​បី​មិន​ឆ្អែត ក៏​បំបាត់​ការ​ស្រេក​ឃ្លាន​ខ្លះ​ដែល​មាន​តាំង​ពី ឆ្នាំ ១៩៩៣​មក​ដែរ​។ ធ្វើ​នយោបាយ​ត្រូវ​តែ​យក​ចិត្ត​រាស្រ្ត លេង​អុក​ត្រូវ​តែ​ប្រើ​ល្បិច​។ តែ​ក្រឡា​អស់​លោក​ដើរ​នេះ គឺ​គេ​ហៅ​ថា ក្រឡា​រួញ​។ កូន​អុក​ពេញ​ក្តារ​ដើរ​តែ​កូន​ត្រី​ពីរ​បី។ វិធីសាស្រ្ត​ដដែលៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន វ៉ៃ​បក មិន​អាច​ត​ដៃ​បាន​។ ដឹង​ខ្លួន​ហើយ ថា​យើង​គ្មាន​ចំណុច​ខ្សោយ​អី ក្រៅ​ពី​រឿង​បុគ្គល​ទេ នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ទៀត​។ មើល​ចុះ គោល សេះ នាង ទូក​នៅ​ពេញ​ក្តារ​អុក ប្រើ​តែ​ត្រី​បក​ពីរ​បី បញ្ឆោត​ចុះ​ឡើង​គេ​ស៊ី​បាត់​ដូច​ជា​ករណី​រឿង​គុក​ទួលស្លែង​អ៊ីចឹង​។ ចង់​មិន​ចង់​ចំណេញ​អស់​ត្រី​បក​មួយ។
ក្នុង​ល្បែង​អុក គឺ​ត្រូវ​តែ​ដើរ​មិន​អាច​ទុក​យូរ​ទេ​។ តែ​ត្រង់​ថា តើ​ត្រូវ​ដើរ​ទៅ​មុខ ឬ ថយ​ក្រោយ​? វាយ​លុក ឬ​ការពារ? កូន​ណា​វាយ​លុក កូន​ណា​បញ្ឆោត កូន​ណា​ការពារ សុទ្ធ​តែ​ត្រូវ​គិត​គ្រប់​ជំហាន។
អស់​លោក​ដឹង​ទេ​ថា រាស្រ្ត​ប្រហោង​ពោះ​ខ្លាំង​ណាស់ បើ​ដើរ​ដូច​អស់​លោក​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​តែ​វាយ​រុល​ទៅ​មុខ ទុក​ប្រហោង​ខាង​ក្នុង​យ៉ាង​នេះ​បាយ​មួយ​ឆ្នាំង​ដែល​រាស្រ្ត​ទាំង​នគរ កំពុង​រង់​ចាំ​ច្បាស់​ជា​ផ្អូម​គ្មាន​រសជាតិ​មិន​ខាន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​តាំង​ពី​ចង​សម្ព័ន្ធភាព​មក​ចំណុច​ខ្សោយ​មាន​កាន់​តែ ​ច្រើន​តាំង​ពី​ថ្នាក់​កំពូល​(ថ្នាក់​ជាតិ)​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ថ្វី​ ដ្បិត​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​យុទ្ធសាស្រ្ត​ជា​ច្រើន​មែន​ ជា​ពិសេស គឺ​ភាព​ផុយ​ស្រួយ​លើ​សម្ព័ន្ធភាព និង​ការ​បញ្ជា​ទ័ព​។ ជាក់​ស្តែង​ឯក​ឧត្តម កឹម សុខា ស្រវា​តែ​ប្រជាប្រិយ​ភាព​ខ្លួន​ឯង ពេល​ចុះ​ជួប​ប្រជារាស្រ្ត​មិន​សូវ​ដែល​លើក​និយាយ​ពី​ឯកឧត្តម​សម រង្ស៊ី​ប៉ុន្មាន​ទេ​។​ចង់​មិន​ចង់ ខ្សែ​ខាង​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មិន​ខាន ទោះ​តិច ឬ ច្រើន​ក្តី​។ ដូច្នេះ​ហើយ គឺ​ខាង​កូន​ចៅ ឯកឧត្តម សម រង្ស៊ី ខំ​រក​វិធី​យ៉ាង​ណា ឲ្យ​មេ​របស់​ពួក​គេ​បាន​ចូល​ស្រុក ដើម្បី​កុំ​ឲ្យ​ឯកឧត្តម កឹម សុខា អួត​ក្អេង​ក្អាង​ពេក។ បើ​សិន ជា​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក ក្នុង​ពេល​មុន​បោះឆ្នោត​នេះ គឺ​ល្បិច សប់​ប៉េង​ប៉ោង​ឲ្យ​តឹង​ហើយ​ចាក់​បំបែក​ពិត​ជា​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង ចង់​ឈ្នះ តែ​មិន​ចង់​ទន់​ភ្លន់​។ និយាយ​ស្តី បង្កើត​ចំណុច​ខ្សោយ​ឲ្យ​គេ​ចាប់​បាន​។ ហ៊ាន​ស៊ី​តែ​មិន​ហ៊ាន​សង។ រឿង​ដែល​ត្រូវ​និយាយ​មិន​និយាយ បែរ​ជា​ទៅ​និយាយ​រឿង​ចង​ក្រឡា​ខ្លួន​ឯង។ ដូច​ជា​ករណី​គុក​ទួលស្លែង​។ តើ​វា​ចំណេញ​អី​ទៅ ដែល​និយាយ​រឿង​ហ្នឹង​? ជា​ល្បិច​ជន​ណា​មួយ​មិន​សំខាន់​ទេ តែ​ការ​កាប់​សម្លាប់​ពិត​ជា​មាន​មែន​ហើយ​ប្រជារាស្រ្ត ក៏​មិន​បាន​ផ្តោត​អារម្មណ៍​រឿង​ហ្នឹង​ខ្លាំង​ដែរ​។ មួយ​ថ្ងៃៗ គ្នា​គិត​តែ​ធ្វើ​ម៉េច ឲ្យ​បាន​បាយ​ហូប កូន​បាន​រៀន​សូត្រ បាន​ការងារ​ធ្វើ បារម្មណ៍​ខ្លាច​គេ​មក​យក​ដីធ្លី​ផ្ទះ​សម្បែង​ខ្លាច​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ ដែល​សុទ្ធ​តែ​មាន​ចែង​ក្នុង​គោល​នយោបាយ​គណបក្ស ហើយ​ជា​រឿង​ដែល​ត្រូវ​និយាយ​ប្រាប់​ប្រជារាស្រ្ត​ឲ្យ​ដឹង​។ បើ​ដឹង​ថា ចំណុច​ខ្លាំង របស់​គណបក្ស​ប្រជាជន គឺ​ថ្ងៃ ៧ មករា ដែល​ជា​ចម្រៀង រត់​មាត់​របស់​ប្រជាជន​ទៅ​ហើយ នៅ​តែ​លើក​មក​និយាយ​ទៀត។
ឆាវ ឆាវ ក្នុង​រឿង​សាមកុក​និយាយ​ថា «កើត​មក​ជា​មនុស្ស គឺ​ច្បាស់​ជា​ត្រូវ​គេ​ជេរ ហើយ​ក៏​ត្រូវ​ចេះ​ជេរ​គេ​វិញ​ដែរ តែ​សំខាន់ គឺ​ថា អ្នក​ណា​ជេរ​ពីរោះ​ជាង អ្នក​ណា​ជេរ​សម​ជាង​នរណា​»។ ខាង​គណបក្ស​ប្រជាជន គេ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​គេ​មាន​តួ​អង្គ​សម្រាប់​ជេរ​តាម​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃ​។ តែ​ការ​ជេរ​នេះ គឺ​មិន​ចំណេញ​ទេ ព្រោះ​ជេរ​មិន​មែន​សម្រាប់​ប្រជារាស្រ្ត​។ បើ​ជេរ​ដើម្បី​រាស្រ្ត គឺ​រាស្រ្ត​ច្បាស់​ជា​គាំទ្រ ទេវតា ក៏​ជួយ​ជេរ​ដែរ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​គោល​នយោបាយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ តែ​ពេល​ផ្តើម​ធ្វើ ពឹង​លើ​ប្រជាប្រិយ​ភាព​របស់​បុគ្គល ដែល​មិន​ខុស​ពី​គណបក្ស​ប្រជាជន​ឡើយ​។ គ្រប់​ទីកន្លែង គឺ​លើក​សរសើរ​តែ​បុគ្គល គឺ​ឯកឧត្តម កឹម សុខា ដែល​គួរ​តែ​បង្ហាញ​សមាសភាព​ថ្នាក់​ដឹក​នាំ និង​សមត្ថភាព​បេក្ខជន​តំណាង​រាស្រ្ត និង រដ្ឋ​មន្រ្តី​ឲ្យ​គេ​ចុះ​ជួប​ប្រជា​ពលរដ្ឋ បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង ឧត្តមគតិ។ ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បុគ្គល អ្នក​តំណាង​រាស្រ្ត​ដែល​គេ​ពេញ​ចិត្ត ជា​ជាង​បោះឆ្នោត​ឲ្យ​គណបក្ស​។ នេះ​គេ​ហៅ​ថា «បើ​ចង់​ឈរ​រឹង​មាំ គឺ​ត្រូវ​បណ្តុះ​ឈើ​មួយ​ដើម ឲ្យ​ទៅ​ជា​ព្រៃ ទើប​អាច​ទប់​ទល់​ខ្យល់​ព្យុះ​គ្រប់​ទិស​ទី​បាន​»។ ខ្វះ​អី​អ្នក​មាន​សមត្ថភាព ដូច​ជា​ឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ លោក​តា វណ្ណ ម៉ូលីវណ្ណ​។ល។​និង ។ល។ ហើយ ក៏​ត្រូវ​ប្រាប់​ប្រជារាស្រ្ត​ដែរ​ថា តើ​អ្នក​ណា​កាន់​ក្រសួង​ណា មាន​សមត្ថភាព​អី ហើយ​មាន​វិធីសាស្រ្ត​អី​ដែរ ប្រើ​រយៈ​ពេល​ប៉ុន្មាន​។ គោល​នយោបាយ គឺ​សំខាន់ សម្រាប់​គណបក្ស តែ​អ្នក​អនុវត្ត​គោល​នយោបាយ​គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ មិន​ខុស​អី​ពី​គណបក្ស​ប្រជាជន ដែល​មាន​គោល​នយោបាយ​ល្អ តែ​មិន​អនុវត្ត? ឬ​អនុវត្ត​ដែរ តែ​មាន​ប្រសិទ្ធភាព​តិច​តួច​នោះ​?
មិត្ត​យល់​ចិត្ត​នៅ​លើ Facebook ម្នាក់​ទៀត នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​កម្ដៅ​បាយ​កក​មួយ​ឆ្នាំង​នេះ​យ៉ាង​ម៉េច គាត់​ឲ្យ​យោបល់​ថា «....ត្រូវ​យក​បាយ​មួយ​កូន​ចាន​ចង្កិះ​នោះ​រក​ចុងភៅ​ពូកែ​ម្នាក់ ចម្អិន​បាយ​កក​ឲ្យ​ក្លាយ​ជា​បាយ​ឆ្ងាញ់​មួយ​ចាន... តែ​បាយ​ឆ្ងាញ់​មួយ​ចាន​នេះ​មិន​ឲ្យ​ធ្វើ​ហើយ​ចែក​អ្នក​ក្រ​ទេ ត្រូវ​ចែក​សេដ្ឋី​ណា​ម្នាក់ ដើម្បី​ដូរ​យក​ស្បៀង​មួយ​ជង្រុក​។ បើ​គាត់​សាញ​ថា បាយ​មួយ​ចាន​នោះ​តិច​ពេក អ៊ីចឹង​លោក​ប្អូន ត្រូវ​ប្រាប់​គាត់​ថា វា​គ្រាន់​តែ​ជា​អំណោយ​បើក​ផ្លូវ នៅ​មាន​អំណោយ​ធំៗ​បន្ត​ទៀត​»។ ដូច្នេះ គណបក្ស​ប្រឆាំង ត្រូវ​ឆ្លុះ​បញ្ចាំង ពី​សមត្ថភាព​ខ្លួន​ឯង​មើល ថា​មាន​សមត្ថភាព ចម្អិន​ម្ហូប​អាហារ​មួយ​ចាន​ចង្កឹះ ក្នុង​ចំណោម បាយ​កក​ដែល​ស្ទើរ​តែ​ផ្អូម មួយ​ឆ្នាំង​នេះ ដែល​សល់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ដោយ​របៀប​ណា​? ហើយ​មាន​សមត្ថភាព រក​ឃើញ​អ្នក​មាន​ម្នាក់​ដើម្បី​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ ដើម្បី​ចិញ្ចឹម​រាស្រ្ត​បាន​ដោយ​របៀប​ម៉េច? តាម​គំនិត​គាត់ គឺ​បាយ​មួយ​ឆ្នាំង​នេះ គឺ​ហូប​មិន​ឆ្អែត​ទេ គឺ​ត្រូវ​រក​ជង្រុក​ស្រូវ​ធំ​មួយ ដើម្បី​ដាំ​បាយ​មួយ​ឆ្នាំង​ធំ សម្រាប់​ប្រជារាស្រ្ត​ទាំង​មូល​នៅ​ឆ្នាំ ២០១៨ ហើយ អ្នក​មាន​ម្នាក់​នេះ​អ្នក​ខ្លះ កំពុង​លាក់​ឈ្មោះ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល អ្នក​ខ្លះ នៅ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​កំពុង​អង្គុយ​លេង​អុក​នៅ​តៀម​កាហ្វេ​ដែរ​។ បើ​មិន​អាច​ប្រមូល អ្នក​មាន​សមត្ថភាព​(អ្នក​មាន ក្នុង​ឧទាហរណ៍​នេះ​)​ដើម្បី​ដូរ​យក​ជម្រុក​ស្រូវ​(យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​នៃ​ការ​ដឹក​នាំ​ប្រទេស​)បាន​ទេ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​ដោយ​ក៏​រាស្រ្ត​នៅ​តែ​ហូប​មិន​ឆ្អែត​ដែរ។
ល្បែង​អុក​មួយ​ក្តារ​នេះ គឺ​ដើម្បី​ឈាន​ជើង​មួយ​ជំហាន​ទៅ​មុខ ហើយ​ក៏​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ឆ្នាំ​២០១៨ គឺ​ដូច​ជា​ធ្វើ​ម្ហូប​មួយ​ចាន​ចង្កឹះ​ដើម្បី ផ្គាប់​ចិត្ត​អ្នក​មាន​ម្នាក់​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​សម្រាប់​ រាស្រ្ត​ទូទាំង​នគរ​។ ដូច្នេះ​មិន​អាច​លេង​សើច​បាន​ទេ​។ បើ​ដើរ​ខុស​តែ​បន្តិច គឺ​ប្រជារាស្រ្ត ទាំង​នគរ​ច្បាស់​ជា​អត់​បាយ​ស្លាប់​មិន​ខាន ពិបាក​នឹង​ស្រោច​ស្រង់​ណាស់​។ មិន​ថា​តែ​អ្នក​ទស្សនា​ទេ​ដែល​ដឹង​ថា គណបក្ស​ប្រជាជន​វាយ​លុក​ចំណុច​ណា បញ្ឆោត​ចំណុច​ណា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ជាង​អ្នក​ទស្សនា​ទៅ​ទៀត។ ជាក់​ស្តែង​ណាស់ បើ​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង (សម រង្ស៊ី និង សិទ្ធិ​មនុស្ស) រួប​រួម​គ្នា គឺ​ងាយ​ស្រួល ដូច​ជា​បក​ចេក​អ៊ីចឹង​។ គឺ​គ្រាន់​តែ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​ចូល​ស្រុក កាល​ពី​ឆ្នាំ​ទៅ នោះ គឺ​គណបក្ស​ទាំង​ពីរ​មិន​អាច​រួប​រួម​គ្នា​បាន​ទៅ​ហើយ​។ ល្បិច​មួយ​នេះ​ហៅ​ថា សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​ទម្លុះ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​។ ចង់​និយាយ​ថា រុញ​ឲ្យ​ការ​រួប​រួម​នេះ​បាន​សម្រេច ហើយ​ចាំ​បំបែក​ជា​ក្រោយ។ បើ​បែក​លើក​នេះ គឺ​រាស្រ្ត​ពិត​ដាច់​បាយ​ស្លាប់​មិន​ខាន​។ ពេល​នោះ បាយ​កក​ដែល​សល់​ពី​ឆ្នាំ​១៩៩៣ ពិត​ជា​ផ្អូម​មែន​ទែន​ហើយ គ្មាន​ទេវតា​ណា​មក​ជួយ​បាន​ទេ​។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​បើក​ឲ្យ​ស៊ី​ត្រី​ទឹម​(ការ​រួប​រួម​គ្នា​)នេះ​ទៅ​ហើយ​គឺ​ មិន​អាច​មាន​ការ​ថ្លោះ​ធ្លោយ​ទេ​។ មិន​អាច​ឲ្យ​ល្បិច​សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​បំបែក​បាន​សម្រេច​ជា​ដាច់​ខាត​។ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ ទ័ព​គ្មាន​វិន័យ ជា​ទ័ព​បរាជ័យ។ អ្នក​ប្រឆាំង​និង​បញ្ជា​គឺ​ត្រូវ​តែ​កាត់​ក្បាល​។ ក្នុង​ជំរំ​ទ័ព គឺ​គ្មាន​សាច់​ញាតិ​អ្នក​ធំ គ្មាន​សែ​រាជវង្ស​ទេ គឺ​មាន​តែ​មេ​ទ័ព និង​កូន​ទាហាន ទើប​ជា​ទ័ព​មាន​វិន័យ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ជូន​រាស្រ្ត​។ កូន​អុក​ទាំង​អស់​ត្រូវ​តែ​ដើរ​ស្រប​គ្នា​។ បោះ​ឆ្វេង​ឡើង​ស្តាំ ឡើង​ទៅ​មុខ ការពារ​ខាង​ក្រោយ​។ ត្រូវ​តែ​បែង​ចែក មុខ​នាទី​រៀងៗ​ខ្លួន ឲ្យ​ច្បាស់​លាស់​។ អ្នក​ណា​ខ្លាំង​ខាង​ការពារ ឲ្យ​ការពារ​។ អ្នក​ខ្លាំង​ខាង​វាយ​លុយ ឲ្យ​វាយ​លុយ អ្នក​ខ្លាំង​ខាង​ទូង​ស្គរ​ឲ្យ​ទូង​ស្គរ អ្នក​ខ្លាំង​ខាង​បញ្ឆោត​ឲ្យ​បញ្ឆោត អ្នក​ខ្លាំង​ខាង​កាន់​ស្បៀង​ឲ្យ​កាន់​ស្បៀង មិន​អាច​ធ្វេសប្រហែស សូម្បី​តែ​បន្តិច។ ពេល​ថ្ងៃ​ត្រូវ​តែ​វាយ​លុក ពេល​យប់​ឈប់​សម្រាក​ត្រូវ​តែ​យាម មិន​អាច​ធូរ​លុង​ជា​ដាច់​ខាត។
បាយ​មួយ​ឆ្នាំង​ដែល​សល់ ពី​ឆ្នាំ ១៩៩៣​នោះ​គឺ​ពឹង​លើ​ក្តា​អុក​មួយ​ក្តា​នេះ​ហើយ​។
ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង ស្តួច​ស្តើង​៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន