Wednesday, June 19, 2013

អូស្ត្រាលី​ប្រកាស​ផ្ដល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

0 comments
 បញ្ហា​អស់​ថវិកា​ខាង​ភាគី​ ជាតិ​សម្រាប់​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ ក្រហម ដែល​ត្រូវ​បាន​ដោះស្រាយ​រួច​បាន​មួយ​រយៈ​កាល​ពី​ដើម​ឆ្នាំ ឥឡូវ​បញ្ហា​ដដែល​នេះ​កំពុង​ចោទ​ឡើង​ជា​ថ្មី​ទៀត​ហើយ​នៅ​ក្នុង​ខែ​មិថុនា នេះ។ ក៏ប៉ុន្តែ ទន្ទឹម​គ្នា​នឹង​បញ្ហា​ប្រឈម​នេះ រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​ផ្ដល់​ជំនួយ​ថវិកា​ចំនួន​ជាង ៣​លាន​ដុល្លារ​ដល់​សាលា​ក្ដី​មួយ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី លោក បប់ ខារ (Bob Carr) បាន​ប្រកាស​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៣​លាន ២​សែន ៥​ម៉ឺន​ដុល្លារ (៣.២៥០.០០០​ដុល្លារ) ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម។
តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៣ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី លោក បប់ ខារ សរសេរ​ថា ការ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដល់​សាលា​ក្ដី​កូន​កាត់​ខ្មែរ​អន្តរជាតិ​មួយ​នេះ គឺ​ដើម្បី​គាំទ្រ​ដំណើរ​ការ​ជំនុំ​ជម្រះ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ ក្រហម ដែល​កំពុង​ជាប់​ចោទ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ពលរដ្ឋ ​កម្ពុជា ជិត ២​លាន​នាក់​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។
ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​របស់​ អូស្ត្រាលី អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ខាង​ភាគី​កម្ពុជា នៅ​មិន​ទាន់​ទទួល​បាន​ការ​សន្យា​ផ្ដល់​ជំនួយ​ពី​ប្រទេស​ណា​មួយ​នៅ​ឡើយ​ទេ។
លោក​បន្ត​ថា ខាង​ភាគី​កម្ពុជា ជួប​ប្រទះ​បញ្ហា​អស់​សាច់​ប្រាក់​សម្រាប់​ដំណើរ​ការ​សាលា​ក្ដី និង​បើក​ប្រាក់​ខែ​សម្រាប់​បុគ្គលិក ចាប់​ពី​ខែ​មិថុនា នេះ​ទៅ​ហើយ។ លោក​ថ្លែង​ទៀត​ថា ដោយសារ​ខ្វះ​សាច់​ប្រាក់ ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ខាង​ភាគី​កម្ពុជា នៅ​ខែ​មិថុនា នេះ គឺ​បុគ្គលិក​ខ្លះ​បាន​ទទួល​ពេញ​លេញ និង​ខ្លះ​ទៀត​បាន​ទទួល​ត្រឹម​តែ ៦៥% ទេ។ ដោយ​ឡែក​ខាង​ភាគី​អន្តរជាតិ មាន​ថវិកា​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៣។ លោក​ថា សាលា​ក្ដី​នឹង​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ទេ ប្រសិន​បើ​ភាគី​មួយ​មិន​មាន​ថវិកា។
សាលា​ក្ដី​ខ្មែរ​ក្រហម​ត្រូវ​ការ​ថវិកា​ ចំនួន​ជាង ៣៥​លាន​ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១៣ គឺ​ភាគី​កម្ពុជា ត្រូវ​ការ​ចំនួន​ជាង ៩​លាន ៣​សែន​ដុល្លារ (៩.៣៧០.៣០០​លាន​ដុល្លារ) និង​ភាគី​សហប្រជាជាតិ​ចំនួន ២៦​លាន​ដុល្លារ (២៦.០០៥.១០០​លាន​ដុល្លារ)។
សាលា​ក្ដី​នេះ​កំពុង​ជំនុំ​ជម្រះ​អតីត​មេ​ ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ក្នុង​រឿង​ដែល​ពលរដ្ឋ​កម្ពុជា គ្រប់​ជនជាតិ​ជិត ២​លាន​នាក់ បាន​ស្លាប់​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គាត់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ ក៏​មាន​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​ដែរ។ បច្ចុប្បន្ន ជន​រងគ្រោះ​ជា​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​រូប កំពុង​ធ្វើ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​តតាំង​ជាមួយ​អតីត​មេ​ដឹកនាំ​ខ្មែរ​ ក្រហម​ទាំង​នេះ។
នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ជនជាតិ​ ភាគ​តិច លោក អាង ចាន់រិទ្ធិ ថ្លែង​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២៥​រូប មក​ពី​ខេត្ត​តាកែវ នឹង​ចូលរួម​ស្ដាប់​សវនាការ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៣។
បន្ទាប់​ពី​ការ​ឈប់​សម្រាក​បុណ្យ​ជាតិ សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​របស់​ខ្លួន​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ពុធ ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣៕ ប្រភពព័ត៌មាន ៖ RFA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន