ភ្នំពេញៈ បក្សប្រឆាំងអះអាងកាលពីម្សិលមិញថា សេចក្តីសម្រេចដកតំណែងនិងកាត់ប្រាក់បៀវត្សរ៍របស់សមាជិកសភា ២៧រូប ដោយសារតែចូលជាសមាជិកគណបក្សសង្គ្រោះជាតិនោះ គឺជាទង្វើអធម្មនុញ្ញភាព ដែលនាំឲ្យរដ្ឋសភាត្រូវរលាយមុនអាណត្តិ។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្សដែលទើបតែបង្រួបបង្រួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភា កាលពីថ្ងៃពុធ ដែលហាមឃាត់តំណាងរាស្រ្តរបស់បក្សប្រឆាំង២៧រូបនោះ បានធ្វើឲ្យរដ្ឋសភាអស់សុពលភាព។
សេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា៖ «បើយោងតាមមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវតែមានសមាជិកយ៉ាងហោច ១២០ រូបហើយប្រសិនបើចំនួនតំណាងរាស្រ្តតិចជាងចំនួនរដ្ឋធម្មនុញ្ញបានកំណត់បែបនេះ នោះនឹងនាំឲ្យរដ្ឋសភាត្រូវរលាយមុនផុតអាណតិ្តរបស់ខ្លួន»។.អ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនបានចំអកឲ្យអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស កាលពីខែមុនក្នុងរដ្ឋសភាថា វត្តមានអស់លោកគឺខុសច្បាប់ ព្រោះតែការលាលែងពីគណបក្សទាំងពីរដើម្បីទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ។
គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា មានសមាជិកពីគណបក្សប្រជាជន១២រូប បានសម្រេចបែបនេះកាលពីថ្ងៃពុធ ដោយហាមឃាត់សមាជិកគណបក្សសមរង្ស៊ី ២៤រូប និងតំណាងរាស្រ្តគណបក្សសិទិ្ធមនុស្ស៣រូបមិនឲ្យជជែកពិភាក្សារាប់ទាំងការពិភាក្សាអំពីច្បាប់ស្តីពីការនិយាយថាគ្មានការប្រល័យពូជសាសន៍ និងបានបង្កកប្រាក់បៀវត្សរ៍ផង។
លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងពីម្សិលមិញថា៖ «យើងមិនបានបញ្ឈប់ពួកគេទេ គឺពួកគេបញ្ឈប់ខ្លួនឯង។ ពួកគេត្រូវពិនិត្យមើលរដ្ឋធម្មនុញ្ញហើយច្បាប់ស្តីពីគណបក្សនយោបាយដែលចែងថា តំណាងរាស្រ្តជាសមាជិកគណបក្សនយោបាយថ្មី នឹងលែងជាសមាជិករដ្ឋសភា ដោយស្វ័យប្រវតិ្ត។ វាគឺអំពីច្បាប់»។
ប៉ុន្តែ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវហាមឃាត់បានថ្លែងថា ច្បាប់នេះគ្មានមានទេ។លោកបានសរសេរលិខិតជូនលោក ហេង សំរិន ប្រធានរដ្ឋសភាដើម្បីពន្យល់បញ្ហានេះបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទាមទារកាត់ប្រាក់បៀវត្សរ៍ពួកគេកាលពីខែមុន។
លោកថ្លែងថា៖ «រដ្ឋសភានឹងបាត់បង់សុពលភាពរបស់ខ្លួន។ ប្រទេសនឹងស្ថិតក្នុងវិបតិ្តរដ្ឋធម្មនុញ្ញ»។ អ្នកជំនាញច្បាប់ក៏មានការបារម្ភពីកម្រិតដែលសេចក្តីសម្រេចហាមឃាត់តំណាងរាស្រ្តនេះបានរំលោភរដ្ឋធម្មនុញ្ញ។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត បានថ្លែងថា មានបញ្ញតិ្តផ្ទុយគ្នារវាងច្បាប់ស្តីពីគណបក្សនយោបាយនិង រដ្ឋធម្មនុញ្ញ។ លោកថា៖ «ពេលមានការប្តូរគណបក្សបែបនេះ វាមិនគួរប៉ះពាល់ទេ។ ស្មារតីរដ្ឋធម្មនុញ្ញគឺមិនអាចបញ្ឈប់តំណាងរាស្រ្តងាយស្រួលបែបនេះទេ»។
លោកថ្លែងថា ច្បាប់ស្តីពីគណបក្សនយោបាយអនុញ្ញាតបែបនេះ ប៉ុន្តែលោកសុំសួរថា តើមូលហេតុអ្វីមានច្បាប់ផ្ទុយនឹងរដ្ឋធម្មនុញ្ញបែបនេះ។ លោកថា៖ «គណបក្សប្រជាជន គួរយកចិត្តទុកដាក់ការពារស្មារតីនៃរដ្ឋធម្មនុញ្ញ»។
លោក យ៉េង វីរៈ នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា៖« ក្នុងចំណោមបញ្ញតិ្តផ្ទុយនេះជារឿងចម្រូងចម្រាសនៅពេលជិតដល់ការបោះឆ្នោត មុនច្បាប់ប្រឆាំងការនិយាយថា គ្មានអំពើប្រល័យពូជសាសន៍»។ លោកថា៖ «ជាពលរដ្ឋម្នាក់ ភាពស្របច្បាប់មានសារៈសំខាន់ច្រើនជាងគឺយើងចាំបាច់ត្រូវមានច្បាប់ តែការសន្មតនោះគឺថា អត្ថបទច្បាប់នោះត្រឹមត្រូវ។ តែចំពោះខ្ញុំសេចក្តីសម្រេចនេះពុំស្របតាមច្បាប់ទេ»។
អ្នកវិភាគមានក្តីបារម្ភប្រហាក់ប្រហែលគ្នាលើភាពស្របច្បាប់នៃច្បាប់ដែលបានអនុម័តតែដោយគណបក្សកាន់អំណាចដែលច្បាប់ទី១ អាចអនុម័តនៅថ្ងៃនេះ ពេលតំណាងរាស្រ្តពិចារណាលើច្បាប់ប្រឆាំងការនិយាយថា គ្មានអំពើប្រល័យពូជសាសន៍ ដែលបានព្រាងឡើងដោយប្រញាប់ប្រញាល់នោះ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា សេចក្តីសម្រេចដែលធ្វើឡើងដោយរដ្ឋសភា ក្នុងបរិយាកាសបច្ចុប្បន្ននេះមានភាពចុះខ្សោយខាងសីលធម៌។
លោកបញ្ជាក់ថា៖ «ដោយគ្មានការចូលរួមពីសំណាក់គណបក្សទាំងអស់ វាកាន់តែចុះខ្សោយ។ តាមពិតច្បាប់ដែលបានអនុម័តនឹងខុសខ្លាំងពីអនុក្រឹត្យ។ រដ្ឋសភានឹងមិនមែនជាអ្នកធ្វើច្បាប់ទេ គឺគ្រាន់តែជារដ្ឋសភារបស់រដ្ឋាភិបាលតែប៉ុណ្ណោះ»។
តំណាងរាស្រ្តគណបក្សសម រង្ស៊ី ៧ នាក់ ក៏បានផ្ញើលិខិតបើកចំហមួយទៅលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីម្សិលមិញ ដោយស្នើសុំលោកផ្អាកការបោះឆ្នោតលើច្បាប់ប្រឆាំងការនិយាយថា គ្មានអំពើប្រល័យពូជសាសន៍ រហូតដល់ការបោះឆ្នោតរួច។
ដោយមិនគិតថា ស្របច្បាប់ឬយ៉ាងណានោះ? ការដកតំណែងជាតំណាងរាស្រ្តបានធ្វើឲ្យមានចម្ងល់ខ្លាំងអំពីភាពស្របច្បាប់នៃស្ថាប័នកម្ពុជា ដែលបានរិះគន់ជាយូរមកហើយថាស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
លោក គល់ បញ្ញា នៃអង្គការ ខុមហ្វ្រែល បានថ្លែងថា ៖ «យើងពុំមានក្រុមប្រឹក្សាធម្មនុញ្ញឯករាជ្យ ដែលអាចជួយកាត់បន្ថយការបកស្រាយខុសឡើយ»។
«ក្រុមប្រឹក្សាធម្មនុញ្ញមិនមានឯករាជភាពទេ។ ចាប់ពីតុលាការរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ យើងគួរមានអ្នកឯករាជ្យដើម្បីបកស្រាយស្មារតីនៃច្បាប់ទាំងនេះ។ ប្រសិនបើប្រជាជនមិនអាចជឿជាក់លើការបកស្រាយនោះ តើនឹងមានអ្វីកើតឡើង?»។
ម្ចាស់ជំនួយអាចមានការបារម្ភដោយសារការវិវត្តរយៈពេល ២ ថ្ងៃកន្លងមកនេះ។ ស្ថានទូតអាមេរិកបានថ្លែងថា ខ្លួនកំពុងពិនិត្យបញ្ហានេះ ខណៈដែលស្ថានទូតដទៃទៀតបានបដិសេធមិនធ្វើការអត្ថាធិប្បាយលើបញ្ហានេះ កាលពីម្សិលមិញ។
បុគ្គលសំខាន់នៃគណបក្សសង្គ្រោះជាតិស្ថិតនៅប្រទេសសិង្ហបុរីកាលពីម្សិលមិញ ដើម្បីជួបជាមួយលោកសម រង្ស៊ី មេដឹកនាំកំពុងនិរទេសខ្លួន។
លោក សុន ឆ័យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទថា បក្សប្រឆាំងនឹងមិនបញ្ជូនអ្នកណាម្នាក់ទៅរដ្ឋសភាទេថ្ងៃនេះ ដើម្បីអង្កេតការណ៍បោះឆ្នោត ឬក៏ធ្វើការជំទាស់ឡើយ។
លោកបានបន្តថា ៖ «យើងនឹងមិនធ្វើអ្វីទេរហូតទាល់តែយើងវិលត្រឡប់មកវិញ នៅថ្ងៃចន្ទ»។
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែអាចព្យាករលទ្ធផលបាន ពីព្រោះស្ថាប័ននេះគ្រប់គ្រងដោយរដ្ឋាភិបាល។
រឿងមួយគឺច្បាប់ ការបោះឆ្នោតថ្ងៃនេះ នឹងធ្វើទៅយ៉ាងរលូនដោយគ្មានក្រុមប្រឆាំងមានវត្តមាន ហើយគណបក្សហ៊្វុនស៊ិនប៉ិច ជាដៃគូសម្ព័ន្ធភាពបានថ្លែងថា ខ្លួនមិនប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាឡើយ។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងកាលពីម្សិលមិញថា សមាជិកនៅសល់នឹងមានវត្តមានក្នុងរដ្ឋសភាដូចធម្មតា។
លោកថ្លែងថា៖ «ខ្ញុំបាត់បង់អាសនៈពីរ ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? នេះគឺជាច្បាប់»។
ពេលសួរថាតើច្បាប់មួយណាលោក ទេព នន្ទរី តំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិចមិនអាចពន្យល់បានទេ។ លោកបន្តថា៖ «ខ្ញុំមិនច្បាស់ទេថាតើវាជារដ្ឋធម្មនុញ្ញឬច្បាប់បោះឆ្នោត ដែលចែងអំពីចំណុចនេះ៕ TK ប្រភពពី Postkhmer.com
No comments:
Post a Comment