Thursday, June 20, 2013
អាជីវកម្មជោគជ័យអាចផ្តើមចេញពីភាពបរាជ័យ
ភ្នំពេញៈ កាលពីសប្តាហ៍មុនកម្ពុជាបានរៀបចំពិព័រណ៍ត្បូង និងគ្រឿងអលង្ការលើកទី៥ ដើម្បីបង្កើនការលើកកម្ពស់ឧស្សាហកម្មគ្រឿងអលង្ការ។ នៅក្នុងព្រឹត្តិការណ៍នេះមានពាណិជ្ជករ ក្នុងស្រុកជាច្រើនបាននាំយកផលិតផលរបស់ខ្លួនដាក់តាំងបង្ហាញ។
ភ្នំពេញ ប៉ុស្តិ៍ បានជួបជាមួយសិប្បករច្នៃត្បូងម្នាក់មកពីខេត្តប៉ៃលិន ដែលធ្លាប់បរាជ័យក្នុងមុខរបរប៉ុន្តែបានស្រោចស្រង់វិញដោយសារការ តាំងចិត្តខ្ពស់។
ទស្សនៈដែលថា បរាជ័យជាមេរៀនដើម្បីចាប់ផ្តើមការងារសាជាថ្មីប្រកបដោយស្មារតី ប្រុងប្រយ័ត្ន និងភាពវៃឆ្លាតជាងមុនត្រូវបានមនុស្សជាច្រើនចងចាំឬឲ្យយោបល់ដល់ មិត្តភក្តិផ្សេងទៀតនៅពេលជួបរឿងមិនសមបំណង។
តែមានមនុស្សមិនច្រើនទេដែលអាចយកទ្រឹស្តីដ៏ល្អនេះ មកអនុវត្តក្នុងការរស់នៅជាក់ស្តែងបាន។
យ៉ាងណាមិញ លោក ឌី លី ដែលបច្ចុប្បន្នជាម្ចាស់សិប្បកម្មច្នៃត្បូងដ៏ធំមួយនៅក្រុង ប៉ៃលិន ជាអ្នកមានឆន្ទៈពិតប្រាកដមួយរូបក្នុងការរៀនសូត្រកំហុសពី អតីតកាលដើម្បីឲ្យអាជីវកម្មកាន់តែប្រសើរឡើង។
ផ្តើមចេញពីក្តីស្រឡាញ់ លោក ឌី លី បានចូលប្រឡូកក្នុងអាជីវកម្មត្បូងនៅដើមទសវត្សរ៍១៩៩០ ជាមួយដើមទុនច្រើនបង្គួរគឺ២០ តម្លឹងមាស។ ប៉ុន្តែដោយសារភាពក្មេងខ្ចីក្នុងរបរមួយដែលទាមទារបទពិសោធ ជ្រៅជ្រះ លោក លី ក៏បានជួបបរាជ័យក្នុងរបរនេះហើយខាតបង់ដើមទុនស្ទើរតែទាំងស្រុង ដោយសារការទិញត្បូងមិនមានគុណភាពដូចតម្លៃដែលបានចំណាយ។
ក្នុងសម្តីមួយៗហាក់បង្ហាញពីចរិតម៉ឺងម៉ាត់ បុរសវ័យ៥៤ ឆ្នាំម្នាក់នេះ បានឲ្យដឹងថា៖ «នៅពេលយើងចាញ់ កុំបន្ទោសអ្នកឈ្នះ ព្រោះវាដោយសារសមត្ថភាពយើង។ក្តីស្រឡាញ់តែម៉្យាងមិនគ្រប់គ្រាន់ ឡើយ ចំណេះដឹង និងបទពិសោធជាមូលដ្ឋានស្នូលឈានទៅរកភាពជោគជ័យ»។
ទន្ទឹមនឹងការដើរដល់ចំណុចបញ្ចប់ដោយភាពបរាជ័យលោក ឌី លី ក៏តាំងចិត្តចាប់ផ្តើមសាជាថ្មីក្នុងរបរដដែលតែមិនមែនជា ពាណិជ្ជករដូចមុនឡើយ គឺជាអ្នកជីកត្បូងដោយផ្ទាល់។
លោក ឌី លី បានបញ្ជាក់ថា៖« ខ្ញុំបានចាប់ផ្តើមសាជាថ្មីតែជាអ្នកជីកត្បូងដូចជាកម្មករ អ៊ីចឹង ហើយចំណាយពេលច្រើនឆ្នាំដែរ។ បន្ទាប់មកក៏ចាប់ផ្តើមមានគំនិត ទិញលក់ និងកែច្នៃត្បូងសាជាថ្មីទៀត»។
ក្នុងអំឡុងឆ្នាំ ១៩៩៧ លោក ឌី លី បានសន្សំ និងនៅសល់ប្រាក់កាសខ្លះពីរបរជីកត្បូង លោកក៏ចាប់ផ្តើមក្លាយជាកម្មករផង និង ជាថៅកែផងដោយចាប់ផ្តើមទិញ លក់ ត្បូងសាជាថ្មីម្តងទៀត។
ប្រហែលជាពីរឆ្នាំក្រោយមក គឺនៅពេលដែលដំណើរការអាជីវកម្មកាន់តែល្អឡើង សិប្បកម្មច្នៃត្បូងខ្នាតតូចជាលក្ខណៈគ្រួសាររបស់លោក ឌី លី ក៏ចេញជារូបរាងឡើងនៅទីក្រុងប៉ៃលិនដោយមានបុគ្គលិកបម្រើការ៤ នាក់។
បទពិសោធដ៏ជូរចត់ពីអតីតកាលបានរំឭកលោក ឌី លី ស្ទើរគ្រប់ពេលឲ្យពង្រឹងចំណេះដឹងលើមុខរបរ និងត្រូវរក្សាការប្រុងប្រយ័ត្នក្នុងមុខរបរឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការបរាជ័យដូចកាលពីលើកដំបូង។
លោក ឌី លី មានប្រសាសន៍ថា នៅពេលផ្តើមធ្វើជាម្ចាស់អាជីវកម្មសាជាថ្មី ពោលគឺពេលដំណើរការសិប្បកម្មដំបូង លោកតែងគិតស្ទើរគ្រប់ជំហាន។ ការទិញត្បូងឆៅពីអ្នកជីកត្បូងយកមកកែច្នៃ ត្រូវតែប្រុងប្រយ័ត្នកម្រិតខ្ពស់ដើម្បីចៀសវាងការខាតបង់។ លោកបានរំឭកថា៖ «ស្ទើររាល់យប់ខ្ញុំតែងយកត្បូងដែលទិញពីគេយកពិនិត្យម្តងហើយ ម្តងទៀតស្ទើរពេញ មួយយប់ដើម្បីឲ្យប្រាកដថាវាពិតជាមានគុណភាព។ បន្ទាប់មកត្រូវគិតថាតើគួរយកត្បូងនោះទៅច្នៃយ៉ាងដូចម្តេច ដើម្បីឲ្យសមនឹងតម្លៃដែលទិញមក»។
ស្ថានភាពនៃការរស់នៅរបស់ប្រជាជនមិនទាន់រឹងមាំបញ្ហាស្ថិរភាព នយោបាយ និងការមិនសូវពេញនិយមផលិតផលត្បូងក្នុងចំណោមប្រជាជនកម្ពុជាកាល ពីសម័យនោះ គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងដើម្បីលក់ផលិតផលត្បូងកែច្នៃនៅលើ ទីផ្សារ។
លោក លី ឲ្យដឹងថា កាលពីពេលនោះជីវភាពរបស់ប្រជាជននៅមានកម្រិតនៅឡើយ ហើយការចំណាយលើការតែងលម្អគឺជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ។ លើសពីនេះអ្នកខ្លះដែលធូរធារ តែងឲ្យតម្លៃលើផលិតផលបរទេសដើម្បីតែងលម្អខ្លួនជាជាងការពេញ និយមផលិតផលខ្មែរ។
«ទើបតែក្នុងរយៈពេលប្រាំ ទៅប្រាំមួយឆ្នាំចុងក្រោយនេះ ការយល់ដឹងនិងការឲ្យតម្លៃលើផលិតផលត្បូងកែច្នៃពីសំណាក់ប្រជាជន កម្ពុជាក៏កាន់តែមានភាពល្អជាងមុន»។ នេះជាការលើកឡើងរបស់លោក ឌី លី។
ឧស្សាហកម្មគ្រឿងអលង្ការត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកថា ជាផ្នែកមួយក្នុងវិស័យនាំចេញរបស់កម្ពុជាផងដែរ។ ដូច្នេះហើយបានជាមានការរៀបចំពិព័រណ៍គ្រឿងអលង្ការជារៀងរាល់ ឆ្នាំ។
លោក លី អះអាងថា ការរួមចំណែកពីក្រសួងពាក់ព័ន្ធតាមរយៈការបង្កើនការផ្សព្វផ្សាយ ពីផលិតផលត្បូងកម្ពុជាទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ បានធ្វើឲ្យអាជីវកម្មរបស់លោកទទួលបានប្រយោជន៍ផងដែរ។
បច្ចុប្បន្នផលិតផលត្បូងរបស់លោក លី មិនត្រឹមតែមានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានការបញ្ជាទិញពីក្រៅប្រទេសផងដែរ។ លោកបានឲ្យដឹងថា៖ «ប្រទេសចិនជាទីផ្សារធំជាងគេ។ យើងមានភ្ញៀវពីចិនមកទិញជាច្រើន ហើយយើងក៏ធ្លាប់ធ្វើដំណើរទៅចិនញឹកញាប់ផងដែរ»។
ជាមួយនឹងបទពិសោធជាង១០ ឆ្នាំក្នុងរបរជួញដូរ និងកែច្នៃត្បូង រហូតមកទល់ពេលនេះ លោក លី បានកសាងគ្រួសារមួយមានកូន៣នាក់ ដែលបច្ចុប្បន្នកូនៗរបស់លោកសុទ្ធតែមានគ្រួសារផ្ទាល់ខ្លួន និងមានមុខរបរផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ភរិយារបស់លោកតែងរួមចំណែកជួយពង្រឹងមុខរបរដែលលោកស្រឡាញ់យ៉ាងយក ចិត្តទុកដាក់ដើម្បីឲ្យមុខរបររក្សាបានតុល្យភាព។
ភាពជោគជ័យនេះបានធ្វើឲ្យជីវភាពរបស់លោកកាន់តែរីកចម្រើន។ ប៉ុន្តែសម្រាប់លោក ឌី លី បញ្ជាក់ថា៖ «ភាពមានបានមិនត្រូវចាកឆ្ងាយពីភាពស្មោះត្រង់ និងមុខរបរសុចរិតឡើយ។ ការកសាងទំនុកចិត្ត និងការរាប់អានដោយស្មោះជាមួយដៃគូជំនួញបានធ្វើឲ្យអាជីវកម្ម ខ្ញុំរីកចម្រើនដល់សព្វថ្ងៃ»៕
ប្រភពពី Postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment