Monday, June 17, 2013

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​អតីត​រាជវាំង​បុរាណ​នៅ​ភ្នំ​គូលែន

0 comments
 
រណ្ដៅ​កំណាយ​ដែល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ ​បូរាណ​វិទ្យា (ADF) បាន​ជីក​ដើម្បី​ស្រាវជ្រាវ នៅ​ជិត​ភូមិ​អន្លង់ធំ លើ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។ RFA/Hang Savyouth  

 
មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​ បន្ទុក​ការពារ​ប្រាសាទ​បូរាណ និង​ក្រុម​អ្នក​ធ្វើ​កំណាយ​បូរាណ​វិទ្យា​បាន​អះអាង​ស្រប​គ្នា​ថា គេ​ទើប​តែ​រក​ឃើញ​ទីតាំង​អតីត​ព្រះបរម​រាជវាំង​សម័យ​បូរាណ​នៃ​រាជធានី មហិន្ទ្របព៌ត ដែល​មាន​អាយុកាល​ជាង ១២០០​ឆ្នាំ​ហើយ។ ទីតាំង​អតីត​​​​​រាជវាំង​បូរាណ​នោះ នៅ​កប់​ក្រោម​ដី ដោយ​មាន​ព្រៃ​ក្រាស់​​ដុះ​គ្រប​នៅ​លើ​​ខ្នង​ភ្នំគូលែន។
អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​នៅ​​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ថា កាល​ពី ៤-​៥​ខែ​មុន ក្រុម​អ្នក​បូរាណវិទ្យា​មក​ពី​ស្ថាប័ន​ប្រមាណ ៧-៨ ដែល​ធ្លាប់​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ បាន​សហការ​គ្នា​ចូល​វិភាគទាន​ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​​ដែល​មាន​ជំនាញ​ខាង​ថត​ពី​លើ​អាកាស ​ឱ្យ​ធ្វើ​ការ​ថត​យក​ទិន្នន័យ​នៅ​ក្រោម​ដី​ទៅ​លើ​តំបន់​ប្រាសាទ​បូរាណ​ចំនួន ៣​កន្លែង ​គឺ​នៅ​តំបន់​អង្គរ​មួយ​កន្លែង នៅ​ប្រាសាទ​កោះកែ មួយ​កន្លែង និង​នៅ​លើ​ខ្នង​ភ្នំ​គូលែន មួយ​កន្លែង។ ការ​ថត​នោះ គឺ​នៅ​តំបន់​ខ្នង​ភ្នំ​គូលែន ​បាន​រក​ឃើញ​ទីតាំង​មួយ​កន្លែង ដែល​គេសង្ស័យ​ថា ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​រាជធានី​មហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេ​បញ្ជូន​ ទិន្នន័យ​ហ្នឹង​មក​ខាង​អាជ្ញាធរ​ អប្សរា​ហើយ ដូច្នេះ​វា​ត្រូវ​ការ​បកស្រាយ​ត​ទៅ​ទៀត។ ទិន្នន័យ​ហ្នឹង គេ​ថត​រូប​ពី​លើ​អាកាស​មក។ អា​ហ្នឹង​ការ​យល់​ឃើញ​របស់​គេ​ថា ច្បាស់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ការ​តាម​ដាន​ត​ទៅ​ទៀត​ពី​អ្វីៗ ការ​បកស្រាយ​វា​មិនមែន​យើង​ទាន់​ជឿ​ថា ១០០% ទេ»
មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ទៅ​ ធ្វើការ​នៅ​ទី​នោះ ដើម្បី​ការពារ​ព្រៃ​ឈើ និង​ប្រាសាទ​បូរាណ​មួយ​ចំនួន​ដែល​គេ​រុក​រក​ឃើញ​ជា​បន្តបន្ទាប់។
​អ្នក​ស្រាវជ្រាវ​បូរាណ​វិទ្យា​មួយ​ក្រុម​ របស់​អង្គការ​​​ឈ្មោះ មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេឌីអេហ្វ (ADF) បាន​ឱ្យ​ដឹង​ថា គេ​មាន​អំណះអំណាង​មួយ​ចំនួន ដើម្បី​បញ្ជាក់​ថា ទីតាំង​ក្រោម​ដី​ដែល​គេ​បាន​រក​ឃើញ​នោះ ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​សម័យ​បុព្វកាល។
​អ្នក​គ្រប់គ្រង​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​ វិទ្យា លោក សឿ ពេជ្រ ​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​តែង​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូលែន នោះ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ មក ហើយ​កាល​ពី​ឆ្នាំ​២០១០​ គឺ​ក្រុម​របស់​លោក​បាន​ចូល​ទៅ​ដល់​កន្លែង​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​នោះ ក៏​មាន​ការ​សង្ស័យ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្រុម​របស់​លោក​ពុំ​មាន​អំណះអំណាង​គ្រប់គ្រាន់​​ ដើម្បី​បញ្ជាក់​​ថា ទី​នោះ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​ទេ។ ទើបតែ​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ គឺ​​ក្រុម​របស់​លោក​បាន​យក​ម៉ាស៊ីន​ថត សេស ទៅ​ថត​ទិន្នន័យ​ក្រោម​ដី ហើយ​អាច​បញ្ជាក់​ថា ទី​នោះ​គឺ​ពិត​ជា​អតីត​រាជធានី​មែន។
លោក សឿ ពេជ្រ៖ «យើង​រក​ឃើញ​ផ្លូវ​ ហៃវេយ៍ (High Way) ២ ដែល​ខ្វែង​គ្នា ហើយ​ចំ​កណ្ដាល​មុខ​រាជធានី ហើយ​មួយ​ទៀត អំណះអំណាង​ពី​ខាង​បូរាណ​វិទូ ​រក​ឃើញ​កំណាយ​ទាំង​អស់​ គឺ​ជា​វត្ថុ​ប្រើប្រាស់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ យើង​រក​ឃើញ​ដែរ កម្រាល​ប្រហែល​ជា ១​ម៉ែត្រ កប់​ទៅ​ក្រោម​ដី គឺ​ក្រាល​ដោយ​ឥដ្ឋ​ទាំង​អស់។ ពួក​ខ្ញុំ​មាន​ឯកសារ មាន​ទាំង​រូបថត​ពេល​ដែល​យើង​កំណាយ​ហើយ»
​ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ ឱ្យ​ដឹង​ថា នៅ​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​បូរាណ​នោះ បច្ចុប្បន្ន​គឺ​ជា​តំបន់​ព្រៃ​ក្រាស និង​មាន​គ្រាប់​មីន​ខ្លះៗ​ផង។
​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក សឺន គង់ បាន​មាន​ប្រសាសន៍​ថា អតីត​រាជធានី​មហិន្ទ្រ​បព៌ត នៅ​លើ​ខ្នង​ភ្នំ​គូលែន​នោះ បាន​កសាង​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅ​​ក្នុង​អំឡុង​ឆ្នាំ​​៨០២ នៃ​គ្រិស្ត​សករាជ៕ ប្រភពព័ត៌មាន ៖ RFA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន