Wednesday, June 26, 2013

កាត់​ទោស ដេវិដ ឆាណាយវា រឿង​វ៉ៃ​អ្នក​កាសែត

0 comments
ភ្នំពេញៈ សមាជិក​មេធាវី​ដែល​ត្រូវ​បណ្តេញ​ចេញ​លោក ដេវិដ ឆាណាយវា ត្រូវ​សាលា​ដំបូង​រាជធានី​បើក​ជំនុំ​ជម្រះ​ទោស​កាល​ពី​ម្សិលមិញ​ជាមួយ​នឹង​ ក្មួយ​ប្រុស​ម្នាក់ និង​មិត្តភក្តិ​ដែល​គេច​ខ្លួន​ម្នាក់​ទៀត ពី​បទ​វាយ​អ្នក​កាសែត​មួយ​ក្រុម​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​ផ្តល់​ការ​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា ជន​នេះ​គួរ​លើក​លែង​ការ​ចោទ​ប្រកាន់។
លោក ដេវិដ ឆាណាយវា វ័យ​៤១​ឆ្នាំ អតីត​មេធាវី និង​ទីប្រឹក្សា​របស់​ព្រឹទ្ធសភា លោក យាន ស៊ីណា វ័យ​៤៤​ឆ្នាំ អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក ប្រាក់ អ៊ូហ្វី វ័យ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​ត្រូវ​ជា​ក្មួយ​លោក ឆាណាយវា បាន​រង​ការ​ចោទ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​មីនា។
ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​ស្រី ចាំង ស៊ីណាត បាន​ថ្លែង​ថា ឈ្មោះ ដេវិដ ឆាណាយវា និង​ក្មួយ​គាត់​ឈ្មោះ អ៊ូហ្វី ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា បន្ទាប់​ពី​អ្នក​កាសែត​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​ថា អ្នក​ទាំង​បី​វាយ​ពួក​គេ​បន្ទាប់​ពី​ទៅ​ព្យាយាម​ថត​រូប​គ្រោះថ្នាក់​ចរាចរណ៍ ​បង្ក​ដោយ​ឈ្មោះ អ៊ូហ្វី។ ឈ្មោះ យាន ស៊ីណា បាន​គេច​ខ្លួន​បណ្តោះ​អាសន្ន​ពី​ការ​ចាប់​ខ្លួន។
ឈ្មោះ ឆាណាយវា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា គាត់​គ្រាន់​តែ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដើម្បី​ជួយ​ក្មួយ​គាត់​ ប៉ុណ្ណោះ​ខណៈ​ដែល​រថយន្ត​របស់​គាត់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។
សាក្សី​ម្នាក់ ឈ្មោះ ពីន គង់ មេ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​បឹងរាំង បាន​ថ្លែង​ថា លោក​មិន​បាន​ឃើញ​លោក ឆាណាយវា ឬ​លោក ស៊ីណា ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​ក្នុង​អំឡុង​ពេល​នោះ​ទេ។
លោក ពិន គង់ បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ឃើញ​លោក ដេវិដ ឆាណាយវា និង​លោក យាន ស៊ីណា ត្រូវ​ក្រុម​អ្នក​កាសែត​និង​ក្រុម​មនុស្ស​ចោម​រោម​គាត់​។ ខ្ញុំ​មិន​ឃើញ​ពួក​គេ​វាយ​អ្នក​កាសែត​ទេ​។ ភ្លាមៗ​នោះ​ខ្ញុំ បាន​ជួយ​ពួក​គេ ដោយ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សាក​សួរ​»។
អ្នក​កាសែត​ទាំង​៥​នាក់​នោះ បាន​ដក​ពាក្យ​បណ្តឹង ហើយ​ក៏​មិន​បង្ហាញ​មុខ​នៅ​ក្នុង​សវនាការ​ដែរ កាល​ពី​ម្សិលមិញ។
លោក សុវណ្ណ រិទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន និយាយ​ក្នុង​អំឡុង​ជម្លោះ​នោះ​ថា លោក​ត្រូវ​មនុស្ស​លោក ឆាណាយវា វាយ។ លោក​បាន​ទារ​ជំងឺ​ចិត្ត​១ ម៉ឺន​ដុល្លារ​ពី​ពួក​គេ។
លោក​និយាយ​ថា ៖ «ខ្ញុំ​បាន​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង​បី ព្រោះ​ខ្ញុំ​រវល់​ការងារ​ហើយ​គ្មាន​ពេល​តាម​ដាន​រឿង​ក្តី​នៅ​តុលាការ​ទេ​។ ខ្ញុំ​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​គ្រួសារ​ជន​ជាប់​ចោទ​ហើយ​ខ្ញុំ ក៏​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ពី​ពួក​គេ​ផង​ដែរ​»។
ក្នុង​សវនាការ​កាល​ពី​ម្សិលមិញ តុលាការ​បាន​ចាក់​វីដេអូ​ឃ្លីប អំពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ តែ​ទោះ​ជា​យ៉ាង​ណា​គេ​មិន​ឃើញ​មាន​នរណា​ម្នាក់​ប្រើ​អំពើ​ហិង្សា​ទេ​នៅ​ ក្នុង​ខ្សែ​វីដេអូ​នោះ។
នៅ​ពេល​បិទ​សវនាការ ព្រះ​រាជអាជ្ញា​រង​លោក ជេត ខេមរ៉ា បាន​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ។ លោក​ថ្លែង​ថា ៖ «​មិន​មាន​ភ័ស្តុតាង​ណា​បង្ហាញ​ថា ពួក​គេ​វាយ​ជន​រងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ ដោយ​សារ​តែ​ជន​រងគ្រោះ​ទាំង​៥នាក់ បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​ពួក​គេ ខ្ញុំ​ស្នើ​លោក​ចៅក្រម​សម្រេច​លើ​រឿង​ក្តី​នេះ​ទៅ​តាម​ច្បាប់​»។
សាលក្រម​រឿង​ក្តី​នេះ​ចៅក្រម​គ្រោង​ប្រកាស​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា​នេះ៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន