ភ្នំពេញ
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងតំបន់
រដ្ឋបាលពិសេសហុងកុង
កំពុងស្គាល់ភាពប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំខណៈដែល
ការភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនទាំងពីរក៏កាន់តែមានភាពល្អឡើង
ជាងមុន។
នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញផ្នែកពាណិជ្ជកម្មហុងកុងនិង
តំបន់អាស៊ាន។
លោក Fong Ngai អគ្គនាយកការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង
ដែលមានការិយាល័យនៅក្នុងប្រទេសសិង្ហបុរីបានប្រាប់ភ្នំពេញប៉ុស្តិ៍
កាលពីម្សិលមិញថា
ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងទីក្រុងហុងកុងកំពុងតែ
បន្តនៅក្នុងស្ថានភាពល្អឡើងជាលំដាប់ហើយទំនាក់ទំនងផ្នែក
ពាណិជ្ជកម្មក៏នៅបន្តមានកំណើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយ
ឆ្នាំ។
លោកបានឲ្យដឹងថា៖
«យើងសង្កេតឃើញថាទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជានិង
ហុងកុងមានកំណើនជារៀងរាល់ឆ្នាំក្នុងអត្រាកំណើនជាមធ្យម៩
ភាគរយគិតចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២»។
លោកបានបន្ថែមទៀតថាការប្រកាសរបស់ហុងកុងក្នុងការលើកលែង
ទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត
ពីកម្ពុជាក៏ជាការវិវឌ្ឍថ្មីមួយទៀតដើម្បីពង្រឹងទំនាក់ទំនងរវាង
ហុងកុង និង កម្ពុជាឲ្យបានកាន់តែល្អជាងមុន។លោកបានបន្តថា
ទីក្រុងហុងកុង គឺជាដៃគូពាណិជ្ជកម្មនិងជាទីផ្សារធំជាងគេទី៦
សម្រាប់លក់ផលិតផលរបស់ប្រទេសកម្ពុជា។លើសពីនេះ
ក្នុងចំណោមប្រទេសធំៗដែលកម្ពុជាបាននាំចូលផលិតផលដើម្បីប្រើប្រាស់
និងសម្រាប់ទ្រទ្រង់កំណើនខាងវិស័យកម្មន្តសាលហុងកុងក៏ជាប្រទេសធំ
ជាងគេទីប្រាំដែលកម្ពុជាបានទិញទំនិញ។
គិតមកត្រឹមដំណាច់ឆ្នាំ២០១២ក្រុមហ៊ុនហុងកុងប្រមាណ៥៦
ក្រុមហ៊ុនបានកំពុងវិនិយោគនៅកម្ពុជាលើរោងចក្រកាត់ដេរ និង
វាយនភ័ណ្ឌហើយក្រុមហ៊ុនទាំងនោះបានផ្តល់ការងារប្រមាណជា៣៥ ០០០
កន្លែងដល់ប្រជាជនកម្ពុជា។
ទិន្នន័យពាណិជ្ជកម្មពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង
បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិង
ហុងកុងសម្រេចបាន៨៧៩ លានដុល្លារកាលពីឆ្នាំមុន
ដែលមានការកើនឡើងប្រមាណ១៨ ភាគរយប្រៀបធៀបនឹងឆ្នាំ២០១១។
ក្នុងនោះផលិតផលដែលកម្ពុជាបាននាំចេញទៅហុងកុងមានដូចជា
ផលិតផលកាត់ដេរនិង វាយនភ័ណ្ឌ ដែលតំណាងប្រមាណ៨០
ភាគរយនៃការនាំចេញសរុប។
ផលិតផលបន្ទាប់បន្សំដែលបាននាំចេញមានដូចជាអង្ករ ថ្នាំជក់
និងផលិតផលមួយចំនួនទៀត។
ចំណែកផលិតផលនាំចូលដែលកម្ពុជាទិញពីហុងកុង មានដូចជា
គ្រឿងម៉ាស៊ីនផលិតផលបង្គុំសម្រាប់គ្រឿងម៉ាស៊ីន គ្រឿងអលង្ការ
គ្រឿងអេឡិចត្រូនិក ជាដើម។គួររំឭកថា គិតចាប់ពីថ្ងៃទី១ ខែ
មិថុនាឆ្នាំនេះតទៅហុងកុងបានយល់ព្រមជាឯកតោភាគីក្នុងការលើកលែង
ទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត
ពីកម្ពុជាគិតចាប់ពីដើមខែមិថុនាតទៅដើម្បីឲ្យមន្រ្តីនិង
អ្នកការទូតពីកម្ពុជាអាចចេញចូលទីក្រុងពាណិជ្ជកម្មមួយនេះកាន់តែ
ងាយស្រួលជាងមុន។
លោក កុយ គួង
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា៖«ការលើកលែង
ទិដ្ឋាការនេះនឹងរួមចំណែកធ្វើឲ្យការពង្រឹងកិច្ចសហការផ្នែក
អភិវឌ្ឍន៍ និង
សេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុងកាន់តែមានភាពងាយស្រួល»។
លោក ហូ វណ្ឌី
សហប្រធានក្រុមការងារឯកជនវិស័យទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាល
ពីសប្តាហ៍មុនថារហូតមកទល់ពេលនេះចំនួនភ្ញៀវទេសចរពីទីក្រុង
ហុងកុងមកទស្សនាកម្ពុជាមានចំនួនតិចតួចនៅឡើយ។តែសម្រាប់ប្រជាជន
កម្ពុជាពិសេសគ្រួសារមានចំណូលខ្ពស់ទីក្រុងហុងកុងជាគោលដៅទេសចរណ៍
ដ៏មានប្រជាប្រិយភាពមួយដែលពួកគេប្រាថ្នាចង់ទស្សនា
ពិសេសពេលបុណ្យជាតិធំៗដែលមានការឈប់សម្រាករយៈពេលយូរ។
លោកអះអាងថា ការលើកលែងលិខិតឆ្លងដែនផ្លូវការ និងការទូត
នាពេលនេះជាការវិវឌ្ឍក្នុងជំហានបឋមមួយដើម្បីឈានដល់អនុញ្ញាតឲ្យ
ពលរដ្ឋកម្ពុជាទូទៅដែលកាន់លិខិតឆ្លងដែនធម្មតាអាចចេញចូល និង
ស្នាក់នៅក្នុងទីក្រុងហុងកុងកាន់តែងាយស្រួល។លោកបន្តថា៖«ពេល
អ្នកទេសចរមានមធ្យោបាយងាយស្រួលជាងមុនក្នុងការចេញចូលទស្សនាប្រទេស
ណាមួយគេនឹងអាចសម្លឹងឃើញឱកាសវិនិយោគ»៕
http://postkhmer.com/index.php/business/business/99486-2013-06-18-05-05-30
Tuesday, June 18, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment