សកម្មភាពកាប់រានព្រៃឈើ
យកដីអនាធិបតេយ្យនៅខេត្តមណ្ឌលគិរី
កើតមានកាន់តែច្រើនតាមរយៈការប្រើប្រាស់ឈ្មោះមន្ត្រីបរិស្ថានជួល
កម្មករស៊ីឈ្នួលកាប់រានព្រៃ ដើម្បីយកដីជាសម្បទានសង្គមកិច្ច។
ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នងនៅ
តំបន់នោះអះអាងថា ការកាប់រានព្រៃនេះ កំពុងបំពានទៅលើព្រៃស្រោង
ព្រៃតំណម និងព្រៃកប់សពប្រពៃណីជនជាតិជាតិដើមភាគតិច។
តំណាងសហគមន៍ជនជាតិដើមព្នងនៅភូមិ
ពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា
ឆ្នាំ២០១៣ អះអាងថា
នឹងដាក់ពាក្យប្ដឹងតាមផ្លូវតុលាការដើម្បីចាត់វិធានការស៊ើបអង្កេត
ពីសកម្មភាពកាប់ព្រៃឈើខុសច្បាប់នេះ។
ចាប់ពីខែមេសា រហូតបច្ចុប្បន្ន
សហគមន៍ភូមិពូលុ ឲ្យដឹងថា
ប្រជាពលរដ្ឋមានខ្មែរនិងចាមមកពីខេត្តកំពង់ចាម
បានចូលទៅកាប់រានព្រៃចាប់ពីចុងភូមិពូលុ រហូតដល់តំបន់វារយោង
ដើម្បីចាប់យកដីអនាធិបតេយ្យ។
ក្រុមសហគមន៍បានចុះទប់ស្កាត់ចំនួនបីលើក និងចាប់បានម៉ាស៊ីនកាត់ឈើ
៥គ្រឿង
ប៉ុន្តែសកម្មភាពកាប់ព្រៃអនាធិបតេយ្យនេះនៅតែបន្តកាន់តែច្រើនឡើង។
បច្ចុប្បន្នព្រៃឈើប្រមាណជាង ១០០ហិកតារហើយត្រូវគេកាប់រាន
ហើយហ៊ុមព័ទ្ធយកដីជាកម្មសិទ្ធិ។
ប្រធានសហគមន៍ភូមិពូលុ លោក ឃុត ចាន់រ៉ា
មានប្រសាសន៍បញ្ជាក់ថា ក្រុមកម្មករស៊ីឈ្នួលជាច្រើនអះអាងថា
បុរសម្នាក់ជាមន្ត្រីបរិស្ថានឈ្មោះ សុះ ម៉ាឡែន
ជាអ្នកជួលពួកគេឲ្យកាប់ព្រៃនេះដើម្បីយកដីជាសម្បទានសង្គមកិច្ច
និងមានផ្លាកតូចៗ មានសរសេរអក្សរដាក់ថា ដីលំនៅឋានប្រមាណ
២០០ផ្លាកត្រូវបានគេបោះនៅលើក្បាលដីដែលបានកាប់រាននោះ។
លោកបន្តថា មន្ត្រីអាជ្ញាធរមូលដ្ឋាន
និងមន្ត្រីជំនាញបរិស្ថាន មិនបានចាត់វិធានការទប់ស្កាត់ករណីនោះទេ
ហេតុនេះទើបសហគមន៍សម្រេចថា
នឹងរៀបចំពាក្យប្ដឹងតាមផ្លូវតុលាការវិញ៖ «តំបន់ដែលគេកាប់
បំផ្លាញហ្នឹងច្រើនតែបងប្អូនចាម
ហើយមួយចំនួនបើយើងសួរនាំទៅគេថាខ្មែរ មកពីខេត្តកំពង់ចាម
មកស៊ីឈ្នួល។ យើងមើលឃើញថា
នេះជាផលប្រយោជន៍សម្រាប់សហគមន៍ក៏ជាផលប្រយោជន៍សម្រាប់ពិភពលោក»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១៦
ខែមិថុនា មិនអាចស្វែងរកអាសយដ្ឋានទាក់ទងបុរសឈ្មោះ ម៉ាឡែន
ដើម្បីសុំបំភ្លឺពីករណីនេះបានទេ។
ក៏ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល បដិសេធថា
បុរសឈ្មោះ សុះ ម៉ាឡែន មិនមែនជាមន្ត្រីបរិស្ថាននោះទេ។
លោកបន្តថា ព្រៃតំបន់នោះមិនឋិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានទៀតទេ៖ «អា
ហ្នឹងការសម្រេចរបស់ខេត្តពីមុនមក ខ្ញុំមិនដឹងដែរ
ព្រោះដីហ្នឹងវាលែងឋិតក្រោមការគ្រប់គ្រងរបស់បរិស្ថានហើយតែកាត់
ចេញទៅជាសម្បទានសង្គមកិច្ចទៅ មិនឋិតក្នុងតំបន់អភិរក្សទៀតទេ»។
អភិបាលរងស្រុកពេជ្រាដា លោក ខាំ ដារ៉ា
មានប្រសាសន៍បញ្ជាក់ថា អ្នកដែលចូលទៅកាប់រានព្រៃនោះ
គឺដឹកនាំដោយឈ្មោះ សុះ ម៉ាឡែន
ជាតំណាងប្រជាពលរដ្ឋអ្នកស្នើសុំដីសម្បទានសង្គមកិច្ចនៅឃុំប៊ូស្រា។
អតីតអភិបាលខេត្តមណ្ឌលគិរី លោក ចាន់ យឿន
បានចុះហត្ថលេខាឯកភាពឲ្យកាប់ឆ្ការព្រៃ សំអាតដីតាំងពីខែធ្នូ
ឆ្នាំ២០១២ តាមសំណើរបស់តំណាងប្រជាពលរដ្ឋនោះ។
លោកបន្តថា
អាជ្ញាធរស្រុកបានចុះទប់ស្កាត់មិនឲ្យកាប់រានតទៅទៀតទេ
ពីព្រោះលិខិតអនុញ្ញាតដែលចុះហត្ថលេខាដោយអតីតអភិបាលខេត្តមិនស្រប
តាមនីតិវិធីនៃការផ្ដល់ដីសម្បទានសង្គមកិច្ចឡើយ៖ «ឯកសារហ្នឹង
អត់ មានឆ្លងស្រុក ឃុំ ទេ គេមិនទាន់ចែកឲ្យទេ។
ដីហ្នឹងធ្វើអនុបយោគហើយ គាត់ថា ចាប់ឆ្នោត។
មិនទាន់បានចាប់ឆ្នោតវារុករានទន្ទ្រានកាប់»។
នាយរងខុទ្ទកាល័យសាលាខេត្តមណ្ឌលគិរី
លោក មឹង សុចាន់ថា មានប្រសាសន៍បញ្ជាក់ដែរថា
រាជរដ្ឋាភិបាលមានគោលការណ៍កាត់ដីព្រៃនៅតំបន់ពូលុ ប្រមាណជាង
២.៤០០ហិកតារ ជាដីសម្បទានសង្គមកិច្ច
ក៏ប៉ុន្តែមិនទាន់មានគោលការណ៍ចែកដីតំបន់នោះនៅឡើយ។
លោកបដិសេធថា មិនបានដឹងពីសកម្មភាពចុះកាប់ឆ្ការព្រៃយកដីមុនការបែងចែករបស់គណៈកម្មការផ្ដល់ដីសម្បទាននោះទេ៖ «យើង
កំពុងរៀបចំបង្កើតក្រុមការងារ
រៀបចំវាយតម្លៃផ្ដល់ឲ្យពួកគាត់ដែលគ្មានពិតប្រាកដ
មានលិខិតច្បាស់លាស់។ អាហ្នឹងយើងចង់ធ្វើម៉េចឲ្យវាចំ
និងដល់ដៃពលរដ្ឋពិតប្រាកដ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគម
អាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា
លោកបានចុះអង្កេតដល់កន្លែងមានទំនាស់នោះសង្កេតឃើញថា
សកម្មភាពកាប់រានព្រៃបានបំពានទៅលើសិទ្ធិជនជាតិដើមភាគតិចនៅ
តំបន់នោះ ដែលជាអ្នកថែរក្សាអាស្រ័យផលព្រៃឈើ
និងបំពានទៅលើវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច
ពិសេសកាប់រានព្រៃគោរពបូជា
និងព្រៃតំបន់កប់សពក្រុមសហគមន៍ជនជាតិដើមភាគតិច៕ ប្រភពព័ត៌មាន ៖ RFA
No comments:
Post a Comment