Wednesday, June 12, 2013

លោក កឹម សុខា ប្រឈម​នឹង​រឿងអាស្រូវ​ស្នេហា ​ ដូច​គ្លី​ន​តុ​ន​ និង​ឡេ​វីន​ស្គី​ នៅ​អាមេរិក​

0 comments
ភ្នំពេញ: ស្ថិតក្នុង​ទឹកមុខ​ក្រៀមក្រំ ស្លេកស្លាំង ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​បន្ទប់​ផ្ទះជួល​ដ៏​តូច​មួយ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានតែ​មួយ​គ្រែ គ្មាន​សម្ភារៈ​អ្វី​ជា​ដុំកំភួន សូម្បីតែ​កន្ទេល សម្រាប់​ក្រាល​ដេក ក៏​គ្មាន​ដែរ ដោយ​ក្នុង​បន្ទប់​នោះ មាន​​សមាជិកគ្រួសារ​ចំនួន ៤ នាក់​។
​លោកស្រី​បានប្រកាស​ខ្លួន ជា​ជនរងគ្រោះ​ម្នាក់ នៅក្នុង​រឿង​ស្នេហា​ត្រីកោណ របស់​មេដឹកនាំ​នយោបាយ​ប្រឆាំង​ម្នាក់​ គឺលោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​លោកស្រី​និយាយថា មាន​ទំនាក់ទំនង​ស្នេហា​រយ​:​ពេល​ ១៦​ឆ្នាំ មុនពេល​បែកបាក់​គ្នា​។​

​ អ្នកស្រី កែវ សុផាន់​ណា​រី ស្ថិតក្នុង​វ័យ ៣៨​ឆ្នាំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ក្នុងអំឡុង ឆ្នាំ​១៩៨៩ នៅផ្ទះ​មិត្ត​ភ័ក្តិ​របស់​នាង​ម្នាក់ ដែលមាន​គ្រួសារ​ជាម​ន្ត្រី (​ដែល​គេ​ហៅថា​ឯកឧត្តម​) មានកម្ម​វិធី​ជប់លៀង ហូបចុក​នៅផ្ទះ ហើយ​ពេលនោះ ក៏មាន​បុរស​ម្នាក់ ( កឹម សុខា ) ចេះតែ​លួច​សំឡឹងមើល​នាង តែ​នាង​ហាក់បីដូចជា មិន​ចាប់អារម្មណ៍ ហើយ​ម្យ៉ាងវិញទៀត ដោយ​នាង​មិន​ស្គាល់​ថា បុរស​ម្នាក់​នោះ ជា​អ្នកណា​ទេ​។​

​ស្ត្រី​នោះ បន្តថា ដោយ​រូបឆោម​លោម​ពណ៌ ស្រស់ស្អាត មួយ​សប្តាហ៍ កន្លងផុតទៅ បុរស​ម្នាក់​នោះបាន​ធ្វើដំណើរ​ទៅដល់ ផ្ទះ​នាង ដោយ​ជិះឡាន ពណ៌​ខ្មៅ​មួយគ្រឿង ជាមួយ​បុរស​ម្នាក់ទៀត ឈ្មោះ សុន ឆៃ ហើយក៏​ចេះតែ​ចុះឡើង​រហូត បាន​នាំ​នាង ទៅ​ញ៉ាំ​បាយ​នៅ​ខាងក្រៅ ហើយ​នាង​ក៏បាន​ប្រគល់​ខ្លួនប្រាណ ឲ្យ​ទៅ​បុរស​ម្នាក់​នោះ​ដោយ​ទើបតែ​ស្គាល់គ្នា បានតែ​ពីរ សប្តាហ៍​ប៉ុណ្ណោះ ព្រោះតែ​កាលនោះ បុរស​ម្នាក់ បាន​លួង​លោមនាង និង​មាន​ជូន​ជា​សម្ភារៈ​ទំនើប ព្រមទាំង​លុយកាក់ ដើម្បី​ជា​ធ្នាក់ ធ្វើ​ឲ្យ​នាង​លង់​ស្រឡាញ់​ដែរ​។​

​ កែវ សុផាន់​ណា​រី បាន​បន្តថា “​បើ​ពីដំបូង​ខ្ញុំ​ដឹងថា គាត់​មាន​ប្រពន្ធ និង​ជា​អ្នករាជការ អ្នកនយោបាយ ខ្ញុំ​ក៏​មិន​ទទួលយក គាត់​ដែរ​”​។ ក្រោយ​ជួបគ្នា និង​បានរស់នៅ​ជាមួយគ្នា​រយៈពេល ៦​ឆ្នាំ ទើប​បែកធ្លាយ​រឿងនេះ​ទៅដល់​ប្រពន្ធ​របស់លោក កឹម សុខា ដែល​រស់នៅ​សហរដ្ឋអាមេរិក ពេលនោះ​នាង​ត្រូវ​ប្រពន្ធ​របស់លោក កឹម សុខា ទូរស័ព្ទ​មក​ជេរ មួយថ្ងៃ​ពីរដង ព្រឹក​ម្តង ល្ងាច​ម្តង​។​

​នាង​ បន្តថា នៅ​ថ្ងៃមួយ លោក កឹម សុខា បាន​ឲ្យ​អង្គរក្ស ទៅយក​នាង​ចេញពី​ផ្ទះជួល​មួយកន្លែង​នៅ​ខណ្ឌទួលគោក ពេលនោះ​នាង​បាន​ប្រញាប់​ប្រ​ញ៉ា​ល់​ចេញ ដោយ​ខ្លាច​ប្រពន្ធ​របស់លោក កឹម សុខា មក​ទាន់ ព្រោះ​កន្លងមក លោក កឹម សុខា បាន​ប្រាប់​នាង​ថា ប្រពន្ធ​របស់គាត់ ដើរទៅ​ណា​មក​ណា តែង​ដាក់​កាំភ្លើង​តាម​ខ្លួន ដូច្នេះ​នាង ក៏​រួសរាន់​ចេញ​ដែរ​។ ចេញផុត​បាន​ប្រមាណ​តែ ៥​នាទី​ប៉ុណ្ណោះ ប្រពន្ធដើម​របស់លោក កឹម សុខា បាន​ទៅផ្ទះ​ជួល​នោះ តែ​រក​មិនឃើញ ព្រោះ​នាង បាន​ច​ញ​ទៅ​បាត់ទៅហើយ​។​

​នាង សុផាន់​ណា​រី បាន​បន្ត​ទាំង​ទឹកភ្នែក​ថា ពីដំបូង​លោក កឹម សុខា ស្រឡាញ់​នាង​ខ្លាំងណាស់ បាន​នាំ​នាង​ទៅ​ញ៉ាំ​បាយ​ជាច្រើន​កន្លែង​។ នៅក្នុង​ប្រទេស​ខ្មែរ នាង​បាន​ស្គាល់​ស្ទើរតែ​ទាំងអស់​ទៅហើយ ព្រោះ​រាល់​ពេលដែល​លោក កឹម សុខា ចុះទៅ​ធ្វើ​វេទិការ​សាធារណៈ គឺ​លោក​តែងតែ​នាំ​នាង​ទៅជា​និច្ច ហើយ​នាង​ធ្លាប់បាន​លោក កឹម សុខា នាំទៅដល់​ប្រទេស​ថៃ ដោយ​កាលនោះ លោក កឹម សុខា មាន​តួនាទី​ជូន​លោក ជា ប៉ូច ឡើង​យន្តហោះ និង​ឲ្យ​លោក កឹម សុខា ជួយ​បកប្រែ​ផង ព្រោះ​លោក ជា ប៉ូច មិនចេះ​និយាយ​ភាសារ​អង់គ្លេស​ទេ លោក​ចេះតែ​ហៅ​មី​ហូប​តែប៉ុណ្ណោះ​។​ដូច្នេះ វា បណ្តាល​ឲ្យ​លោក មាន​ជំងឺរាក​រហូត ទើប​ហៅ​លោក កឹម សុខា ឲ្យ​ជួយ​។​

​សុផាន់​ណា​រី បញ្ជាក់ទៀតថា ចាប់តាំងពី​ស្គាល់គ្នា និង​រស់នៅ​ជាមួយគ្នា ដោយ​មិនបាន​រៀបការ​នោះទេ គឺ​គ្រាន់តែ​បានរៀបចំ បាន​ម្ហូប​តែមួយ​ចាស់​ដាក់​សែន ដើម្បី​កុំ​ឲ្យ​មេបា​កាច់​តែប៉ុណ្ណោះ​។ ក្រោយមក​ពួកគេ​បានរស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ ចេញចូល ដោយមាន​ទាំង​អង្គរក្ស តាម​ជាប់ ស្ថិតក្នុង​ផ្ទះ​ឯ​ភូមិ​វាល​ស្បូវ ស្រុក​គៀនស្វាយ តែ​ពេលនេះ​ស្ថិតក្នុង ខណ្ឌមានជ័យ ដោយ​ភូមិ​អ្នកស្រុក អ្នកណា​ក៏​គេ​ស្គាល់ នាង​ជា​ប្រពន្ធ​របស់លោក កឹម សុខា ដែរ​។​

​ ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន​មួយរយៈ​មក លោក កឹម សុខា បាន​ឲ្យ​នាង​និង​ម្តាយ​នាង​លក់​ផ្ទះ​នោះ​ចោល​ទៅ ព្រោះ​លោក កឹម សុខា អះអាង​មាន​អ្នកការ​សែត​តាមដាន​លោក​។ ម្យ៉ាងទៀត ប្រពន្ធ​របស់លោក ក៏បាន​ដឹងថា លោក​មាន​ប្រពន្ធចុង​ដែរ​។ ក្រោយពី​នាង​លក់​ផ្ទះ​នេះហើយ លោក កឹម សុខា បាន​សន្យាថា ចាំ​ពេល​បោះឆ្នោត នៅ​ឆ្នាំ​២០០៨ ចប់​រួចរាល់ លោក​នឹង​រៀបចំ រក​ទិញ​ផ្ទះ​ឲ្យ​ធំ​ជាង​នេះ​។ ប៉ុន្តែ​ការសន្យា​នោះ ហាក់បីដូចជា​ស្ងប់ស្ងាត់​។ ពួកគេ​ក៏បាន បែកបាក់​គ្នា​មួយរយៈ​ទៅ​។​

​ នាង​បាន​រំលឹក​បន្ថែមថា  “​នៅពេល​មួយ​នោះ ខ្ញុំ​បានដឹងថា គាត់​ជាប់ពន្ធនាគារ​ព្រៃ​ស ខ្ញុំ​បាន​យក​បាយ​ម្ហូប​ទៅជូន​គាត់ ក្នុង​លក្ខណៈ​ជា​អ្នក​ធ្លាប់​ស្គាល់ នឹង​ធ្លាប់ជា​ប្តី​ប្រពន្ធ​។ ក្រោយមក ខ្ញុំ​ក៏បាន​ទទួល​សំបុត្រ​មួយច្បាប់​យ៉ាងខ្លី ពី​លោក កឹម សុខា ដោយ​លោក ស​សេ​រថា បង​មាន​ញ៉ាំ​គ្រប់គ្រាន់​ហើយ គិតគូរ​ទុក​ខ្លួនឯង​ចុះ​។ បង​មិន​អី​ទេ​”​។​

​កែវ សុផាន់​ណា​រី បាន​បន្តថា “​នៅ​ថ្ងៃមួយ ដោយ​មិន​ចាំ​ថ្ងៃខែ ក្រោយពី​លោក កឹម សុខា ចេញពី​គុក​ទៅហើយ លោក ចៅ ផល្លី បាន​បបួល​ខ្ញុំ ទៅ​ញ៉ាំ​បាយ នៅ​ហាង​មួយកន្លែង នៅ​ជិត​វត្ត​កោះ ខ្ញុំ​មិនដឹងថា លោក ចៅ ផល្លី នេះ បាន​រៀប​គម្រោង ឲ្យ​លោក កឹម សុខា មកជួប​ខ្ញុំ​ទេ​។ ពេល​កំពុង​អង្គុយ​ញ៉ាំ​បាយ​នោះ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ យកដៃ​ទាំងពីរ​បិទ​ភ្នែក​ខ្ញុំ ពេលដែល​ខ្ញុំ​ក្រឡេកឃើញ​គាត់ (​កឹម សុខា​) ខ្ញុំ​មាន​អារម្មណ៍​ខឹង​គាត់​ខ្លាំងណាស់ បាន​ស្ទុះ​រក​កាំបិត​បំរុង ទៅ​ចាក់​គាត់​។ តែ​ដោយមាន​ការសម្របសម្រួល ពី​លោក ចៅ ផល្លី និង​មានការ​សុំទោស​ពី​លោក កឹម សុខា ផង​នោះ ពួក​ខ្ញុំ​ក៏បាន​ស្រុះស្រួល​គ្នា នៅថ្ងៃនោះ និង​បាននាំគ្នា ឡើងទៅ​សម្រាក នៅ​សណ្ឋាគារ​នោះ ជាមួយគ្នា​ទៅ​”​។​

​ នាង​បាន​បញ្ជាក់ទៀតថា អ្វីដែល​ធ្វើ​ឲ្យ​នាង​អត់ទ្រាំ​មិនបាន ក៏​សម្រេច​ចេញមុខ​មក​បកស្រាយ នោះ​គឺ គាត់ (​កឹម សុខា​) ឲ្យ​ខ្ញុំ​ចេញទៅ​រស់នៅ​តាម​ខេត្ត រយៈពេល​ប្រហែល​ជាង ៤​ឆ្នាំ ព្រោះ​ខ្លាច​គេ​ដឹង ដោយ​គាត់ ទទួល​ចិញ្ចឹម ក្នុង​មួយខែ ១០០ ដុល្លារ​។ ពេលនោះ ខ្ញុំ​រស់នៅ​ទាំង​លំបាក​បំផុត​។ រឿង​មួយទៀត នោះ​គឺ​នៅពេលដែល​នាង​មាន​របួស​បាក់ដៃ នាង​បាន​ទូរស័ព្ទ​ទៅ​លោក កឹម សុខា ឲ្យ​ជួយឧបត្ថម្ភ​ខ្លះ តែ​គាត់​បាន​លួងលោម ឲ្យ​ខ្ញុំ​ទៅ​ខ្ចីលុយ​គេ​សិន​ទៅ ព្រោះ​ពេលនេះ គាត់ (​លោក កឹម សុខា​) មានការ​ជាប់រវល់​ខ្លាំងណាស់​។

​ បច្ចុប្បន្ន​ស្ត្រី ដែល​បាន​អះអាងថា ជា​ប្រពន្ធចុង​របស់លោក កឹម សុខា កំពុង​ជួប​ការលំបាក​ខ្លាំង ក្រោយពី​លោក កឹម សុខា លែង​ទទួលស្គាល់ ឈប់​ផ្គត់ផ្គង់​។ នាង​រស់នៅ​បន្ទប់​ជួល ដ៏​តូច​មួយ ខ្វះខាត​ការហូបចុក នឹង​គ្មាន​លុយ បង់ថ្លៃ​ផ្ទះជួល​ទៀត​ទេ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ឲ្យ​CEN​ដឹង នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​ ថា  ចំពោះ​ដំណឹង​ខាងលើនេះ លោក​សុំ​ធ្វើការ​បដិសេធ​ទាំងស្រុង។ លោក​ថា វា​ជាការ​បង្ខូច និង​រករឿង​លោក ពី​រឿង​មួយ​ទៅ​រឿង​មួយ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ អ្នកស្រី កែវ សុផាន់​ណា​រី បានផ្តល់​រឿង​យ៉ាង​លម្អិត ដែល​គេ​ពិបាក​នឹង​គិតថា ស្ត្រី​ដ៏​សាមញ្ញ​ម្នាក់ អាច​ធ្វើការ​ប្រឌិត​រឿង យ៉ាង​ប៉ិន​ប្រសប់​បែបនេះ​។ បើសិនជា​អ្វីៗ ដូចដែល​លោកស្រី បាន​និយាយ​មែន​នោះ លោក កឹម សុខា​ ពិតជា​បាន​ក្លាយជា​គ្លី​ន​តុ​ន ​នៅ​កម្ពុជា​៕​ ប្រភពព័ត៌មាន ៖ CEN

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន