Monday, June 3, 2013

វិទ្យុ​បារាំង RFI បើក​ការិយាល័យ និង​បង្កើន​ម៉ោង​ផ្សាយនៅ​កម្ពុជា

0 comments
ភ្នំពេញៈ វិទ្យុ​បារាំង​អន្តរជាតិ RFI ( Radio France Internationale ) បាន​បង្កើត​ការិយាល័យ នៅ​រាជធានី​ភ្នំពេញ នៅ​ជាន់​ទី​២១ នៃ​វិមាន​កាណាឌីយ៉ា​។ វិទ្យុ​បារាំង RFI ក៏​បាន​បង្កើន​ម៉ោង​ផ្សាយ​ជា​ភាសា​ខ្មែរ រហូតដល់ ១៤ ម៉ោង ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៩ យប់​ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣។ ពីមុន​វិទ្យុ​បារាំង​អន្តរជាតិ RFI ផ្សាយ​ព័ត៌មាន ជា​ខេមរភាសា តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ៨ យប់ ផ្សាយ​ចេញពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​
​អត្ថបទ ក្នុង​គេហទំព័រ​វិទ្យុ​បារាំង RFI បង្ហាញាថា ចាប់ពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៣ តទៅ វិទ្យុ​បារាំង RFI នឹង​ធ្វើ​ការផ្សាយ​ជា​ភាសា​ខ្មែរ រយៈពេល ១៤ ម៉ោង ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៩​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ( ត្រូវ​នឹង​ម៉ោង ១២ អធ្រាត្រ ដល់​ម៉ោង ២ រសៀល ម៉ោង​សកល )​។

​រលកធាតុអាកាស​៖
​ នៅ​ប្រទេស​កម្ពុជា លោកអ្នក​នាង​អាច​ស្តាប់​ការផ្សាយ​របស់​វិទ្យុ​បារាំង RFI តាម​រលកធាតុអាកាស FM នៅតាម​រាជធានី​-​ខេត្ត​ចំនួន ៥ រួមមាន​៖ FM 92 MHz នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ចំណែក FM 94.5 MHz នៅ​ខេត្ត​បាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ចាម​។​

​លោក​-​ អ្នកនាង ក៏​អាច​ស្តាប់ និង​អាន​ការផ្សាយ​របស់​វិទ្យុ​បារាំង RFI តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រណែត តាមរយៈ​វិប​សៃ​ត៍ www.khmer.rfi.fr​។​

កម្មវិធី​ផ្សាយ​៖
​លោក​អ្នកនាង អាច​ស្តាប់​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​បារាំង RFI ចំនួន ៣ លើក ក្នុង​មួយ​ថ្ងៃ គឺ​៖

-​ពេលព្រឹក ម៉ោង ៧ ដល់​ម៉ោង ៨
-​ពេល​ថ្ងៃរសៀល ម៉ោង ១ ដល់​ម៉ោង ២  
-​ពេលយប់ ម៉ោង ៧ ដល់​ម៉ោង ៨

​ ក្រៅ​ពី​កម្មវិធី​ផ្សាយ​ព័ត៌មាន ទាំង ៣ លើក​នេះ លោក​អ្នកនាង អាច​ស្តាប់​ព័ត៌មាន​សង្ខេប​ជា​ភាសា​ខ្មែរ និង​ព័ត៌មាន​ជា​ភាសា​បារាំង រៀង​រាល់​មួយ​ម៉ោង​ម្តង ចាប់ពី​ម៉ោង ៨ និង ៣០ នាទី ព្រឹក ព្រម​ទាំង​កម្មវិធី​បទ​ភ្លេង និង​ចម្រៀង​ចម្រុះ ដែល​ផ្សាយ​ជាប់​ជាប្រចាំ ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩ យប់ ត្រូវ​នឹង​ម៉ោង ១២ អធ្រាត្រ ដល់​ម៉ោង ២​រសៀល​ម៉ោង​សកល​។​

​ដោយឡែក ចាប់ពី​ម៉ោង ៩ យប់​តទៅ គឺ​ជា​កម្មវិធី​ផ្សាយ របស់​វិទ្យុ​បារាំង RFI ជា​ភាសា​បារាំង​។

វិទ្យុបារាំង RFI គឺជា​វិទ្យុ​រដ្ឋ របស់រដ្ឋាភិបាលបារាំង ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាជន ឬ​សហគមន៍​នានា​ នៅទូទាំងពិភពលោក។ RFI គឺ​ជា​វិទ្យុ​ធំជាងគេ ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​អន្តរជាតិ ២៤ម៉ោង លើ​២៤​ម៉ោង។ RFI ផ្សាយជា​ភាសាបារាំង និង​ជា​ភាសា​បរទេស។ RFI មាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាច្រើន និង​មាន​ការិយាល័យ​អចិន្រ្តៃយ៍​​ចំនួន ១០ នៅទូទាំងប្រទេស។

ឯកសារ បង្ហាញថា វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​បង្កើតឡើង កាលពី​ឆ្នាំ​១៩៧៥ ក្រោម​ការគ្រប់គ្រង និង​ជំនួយ​ថវិកា​ពី​ក្រសួងការបរទេស​បារាំង​។ វិទ្យុ​បារាំង RFI ផ្សព្វផ្សាយ​សំខាន់​ជាង​គេ​លើ​ភាសា​បារាំង ក្នុងនោះ ក៏​មាន​ជា​ភាសា English, Kiswahili, Hausa, Spanish, Portuguese, Romanian, Russian, Persian, Chinese, Vietnamese និង​ភាសា​ខ្មែរ​៕ ប្រភព៖ CEN

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន