Tuesday, June 4, 2013

ពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

0 comments
រដ្ឋាភិបាល ឡាវ កម្ពុជា វៀតណាម និង ថៃ មាន​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ធំៗ ១១ នៅ​ទន្លេ​មេគង្គ​ក្រោម។ បើ​សិន​ជា​ទំនប់​ទាំង​អស់​នោះ​ត្រូវ​បាន​សង់​មែន វា​នឹង​មាន​ការ​បំផ្លាញ​ជីវចម្រុះ​ដ៏​សំបូរ​បែប​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​រាប់​លាន​នាក់ ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ច្រើន​ប្រទេស ដោយសារ​វិបត្តិ​ទឹក​ឆ្លង​កាត់​ទំនប់​វារីអគ្គិសនី​មេគង្គ​ក្រោម។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជួប​ជុំ​គ្នា ២​ថ្ងៃ នៅ​ប្រទេស​កម្ពុជា ស្វែង​រក​អនុសាសន៍​លើ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នោះ។
ប្រជាពលរដ្ឋ​ច្រើន​ជាតិ​សាសន៍​ជាង ១០០​នាក់ ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ មាន ចិន ថៃ ឡាវ កម្ពុជា វៀតណាម ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​បាន​ថ្លែង​នៅ​ថ្ងៃ​៣ ខែ​មិថុនា ឆ្នាំ​២០១៣ ថា ពង្រីក​វិស័យ​ឧស្សាហកម្ម​ប៉ះពាល់​បរិស្ថាន និង​ជីវភាព​រស់​នៅ។ ពួកគេ​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​តំបន់​ស្ដីពី​ ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ ស៣ (3S) ក្រោម​ប្រធានបទ​សំឡេង​ប្រជាជន​អន្តរប្រទេស ស្ដីពី​វិបត្តិ​តាម​ដង​ទន្លេ និង​យន្តការ​បន្ទាប់។

ពលរដ្ឋ​មក​ពី​ប្រទេស​ថៃ លោក ឧត្តម សែងពង្ស (Udom Saengpong) បង្ហាញ​ពី​ទំនប់​វារីអគ្គិសនី បានគួម (Ban Koum) សង់​នៅ​ទន្លេ​មួន បាន​ធ្វើ​ឲ្យ​ជីវចម្រុះ​ក្នុង​ទឹក​បាត់បង់​អស់​របត់​ទឹក​ធម្មជាតិ​ ផ្លាស់ប្ដូរ​មិន​ទៀងទាត់ ត្រី​បាត់​បង់ ឬ​វង្វេង​កន្លែង​ដែល​ធ្លាប់​បម្លាស់ទី​បង្កាត់​ពូជ មនុស្ស​កើត​ជំងឺ​សើស្បែក និង​ផល​នេសាទ​ប្រចាំ​ថ្ងៃ​ថយ​ចុះ។ នៅ​ពេល​ទំនប់​សង់​រួច អ្នក​នេសាទ​ប្ដូរ​ការ​ចាប់​ត្រី​បែប​បុរាណ និង​យោគយល់​គ្នា  ក្លាយ​ជា​ការ​ដណ្ដើម​ចាប់​ត្រី​ដោយ​ឧបករណ៍​ទំនើប ហើយ​បែកបាក់​សាមគ្គីភាព និង​ចំណាក​ស្រុក​កើន​ឡើង៖ «បើ​សិន​ជា​យើង​សង​លុយ​សំណង​នោះ គឺ​សុំ​ទុក​អា​លុយ​សំណង​ហ្នឹង​ប្រើ​បាន​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​អស់? ដូច្នេះ​អា​អ្វី​ក៏ដោយ គឺ​ឲ្យ​បើក​ទ្វារ​ទំនប់​ទឹក»។

ចំណែក​ជនជាតិ​ ព្រៅ មក​ពី​ខេត្ត​រតនគិរី តំណាង​ឲ្យ​សហគមន៍ ស៣ លោក ត្រាំង ថាំ ថ្លែង​ថា ទឹក​ហូរ​ពី​ទំនប់​យ៉ាលី (Yali) បាន​ជន់​បោក​យក​ផ្ទះ និង​សត្វ​ពាហនៈ​បាត់ នៅ​ឆ្នាំ​១៩៩៦ និង​ឆ្នាំ​២០០៩ ដោយសារ​ទំនប់​វារីអគ្គិសនី​យ៉ាលី​ដែរ៖ «ពីព្រោះ​ថា គេ​សាងសង់​ទំនប់​យ៉ាលី គឺ​មិន​មាន​ផល​ប្រយោជន៍​ដល់​យើង​ទេ ចុះ​បើ​ការ​សាងសង់​ទំនប់​នៅ​លើ​ផ្ទៃ​ទឹក​នេះ​មួយ​ទៀត វា​នឹង​បង្ក​ឲ្យ​យើង​មាន​ការ​ឈឺថ្កាត់ និង​ត្រូវ​ជម្លៀស​ចេញ​ពី​ភូមិឋាន ពីព្រោះ​ថា ការ​សាងសង់​ទំនប់​យ៉ាលី យើង​មាន​ការ​បាត់បង់​ត្រី​ពូជ​សត្វ នាំ​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​កើន​ជាង»។

របាយការណ៍​វេទិកា​សាធារណៈ​ ថ្នាក់​តំបន់​នោះ ឲ្យ​ដឹង​ថា ទំនប់​អគ្គិសនី​បាន​សង់​រួច និង​គម្រោង​សង់​កាត់​តាម​ទន្លេ​មេគង្គ ពី​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា និង វៀតណាម នេះ មាន​សរុប​ជាង ៣០​វារីអគ្គិសនី។ គម្រោង​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ​ក្រោម ចាប់​តាំង​ពី​ឆ្នាំ​១៩៥០ ប៉ុន្តែ​ដោយសារ​តែ​មាន​សង្គ្រាម និង​អស្ថិរភាព​នៅ​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​សំណើ​សង់​ទំនប់​វារីអគ្គិសនី​ជាប់​គាំង​ច្រើន​ទសវត្ស។ នៅ​ឆ្នាំ​១៩៩០ រដ្ឋាភិបាល​ចិន បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ធំៗ​កាត់​ទន្លេ​មេគង្គ​ជា​បន្ត​ បន្ទាប់។ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០០០ ក្រុមហ៊ុន​ចិន ថៃ វៀតណាម និង ម៉ាឡេស៊ី បាន​ផ្លាស់ប្ដូរ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ធំៗ ចំនួន ១១ កាត់​ទន្លេ​មេគង្គ​ក្រោម គឺ​ប្រទេស​ឡាវ មាន ៩ និង​កម្ពុជា មាន ២ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​ចរន្ត​អគ្គិសនី​ នឹង​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។

បទ​បង្ហាញ​របស់​ អ្នកស្រី អ៊ុំបូន ទិបស៊ូណា (Omboun Tipsuna) តំណាង​សហគមន៍​ទន្លេ​មេគង្គ​នៅ​ខេត្ត​ចំនួន ៧ នៃ​ភាគ​ឦសាន្ត ប្រទេស​ថៃ ថ្លែង​ថា ពលរដ្ឋ​ថៃ ទាមទារ​បើក​ទ្វារ​ទឹក​របស់​ទំនប់​វារីអគ្គិសនី​បានគួម នៅ​ទន្លេ​មួន ដែល​សង់​រួច​នោះ រហូត​ទំនប់​មិន​អាច​ផលិត​អគ្គិសនី​បាន។

បទ ​បង្ហាញ​របស់​អ្នកស្រី សងគៀវ យ៉ាវ (Songqiao Yao) តំណាង​ទន្លេ​អន្តរជាតិ​ចិន បាន​ឲ្យ​ដឹង​ថា គម្រោង​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ការ​សង់ ដូចជា​ទំនប់​ម៉េងសុង (Mengson) ទំនប់​ហ្គុងហ្គូគ័វ (Gongguoquiao) ទំនប់​ហ្ស័រវ៉ាន (Xaiaowan) ជាដើម។

វេជ្ជបណ្ឌិត​ សាកលវិទ្យាល័យ ខានធូ (Can Tho) ប្រទេស​វៀតណាម លោក លី អានទួន (Le An Tuan) ថ្លែង​ថា វៀតណាម កំពុង​សិក្សា​ពី​ផល​ប៉ះពាល់​ពី​ទំនប់​មួយ​ចំនួន​ដែល​បាន​ប៉ះពាល់​ជីវចម្រុះ និង​ការ​រស់​នៅ​របស់​ប្រទេស​ជិត​ខាង។

នាយក​ប្រតិបត្តិ​រង​អង្គការ​ មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខ្សែ​ទឹក​ខាង​លើ​នៃ​តំបន់​ទន្លេ​ សេសាន សេកុង និង​ស្រែពក នៅ​ពេល​កន្លង​មក គឺ​មិន​ទាន់​ផ្ដល់​នូវ​ដំណោះស្រាយ​សម​ហេតុផល​ជូន​ពលរដ្ឋ​កម្ពុជា​ទេ។ ហើយ​ថ្មីៗ​នេះ​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ប្រទេស​កម្ពុជា គ្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ស្ថិត​នៅ​ខេត្ត​ស្ទឹងត្រែង។ ឯ​ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​ផ្នែក​ក្រោម​ទំនប់​វារីអគ្គិសនី​យ៉ាលី របស់​វៀតណាម ក៏​មិន​មាន​ដំណោះស្រាយ​ពី​សំណង​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ។ ហេតុ​នេះ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​គ្រប់គ្រង​ធនធាន​ទឹក អភិបាលកិច្ច​ទឹក​គ្រប់គ្រង​អាង​ទន្លេ ជា​ពិសេស​ផ្ដោត​លើ​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំ ដែល​សង់​តាម​ដង​ទន្លេ​សេសាន​សេកុង និង​ស្រែ​ពក ឬ​ហៅ​ថា ស៣ និង​ទន្លេ​មេគង្គ​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ទន្លេ​មេគង្គ បង្ហាញ​ពី​សំឡេង បទពិសោធន៍ និង​ទស្សនៈ​របស់​គេ​ទៅ​កាន់​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ និង​សាធារណៈ​ជន​ទូទៅ​បាន​ដឹង៕ ប្រភព៖ RFA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន