ប្រទេសកម្ពុជា
ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៤ដងទៅហើយ។
នៅសល់រយៈពេលជាង១ខែទៀត
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងចូលមកដល់។
អ្នកនយោបាយគណបក្សធំពីរ គឺប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ក៏ចាប់ផ្ដើមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតពី
សំណាក់ប្រជាពលរដ្ឋ។
តើមធ្យោបាយប្រជែងគ្នារបស់គណបក្សទាំងពីរមានផលប្រយោជន៍ឬទេចំពោះប្រជាពលរដ្ឋខ្មែរ?
មិនខុសពីការបោះឆ្នោតមុនៗទេ
គណបក្សកាន់អំណាចនៅតែប្រើយុទ្ធសាស្ត្រដដែលៗដើម្បីស្រូបទាញ
ប្រជាប្រិយភាពរបស់ខ្លួន។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាប់ផ្ដើមប្រារព្ធសមាជរួមបញ្ចូលគ្នា
ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ រួចមក
គណបក្សប្រជាជនកម្ពុជា ក៏ប្រើប្រាស់អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នរដ្ឋ
ទៅវាយប្រហារគណបក្សប្រឆាំង។
អង្គភាពនេះបានផ្សព្វផ្សាយខ្សែអាត់
សំឡេងដែលជាការទិតៀនគ្នាទៅ វិញទៅមករបស់លោក សម រង្ស៉ី និងលោក កឹម
សុខា កាលពីមិនទាន់ជាគ្នា ព្រមទាំងដាក់ឈ្មោះខ្សែអាត់នោះថា
អាយ៉ៃឆ្លើយឆ្លង
និងត្រូវបានមន្ត្រីបក្សកាន់អំណាចយកទៅប្រាប់ពលរដ្ឋថា
មេបក្សប្រឆាំងទាំង២ មិនអាចរួបរួមគ្នាបានទេ។
មុខរបួសគណបក្សប្រឆាំងប៉ង់សឺម៉ង់
(រុំរបួស) មិនទាន់ជិតស្រួលបួលផង
ត្រូវគណបក្សកាន់អំណាចយកឈើចាក់បន្ថែមទៀ
ក្រោយការចាក់ផ្សាយអំពីការធ្លាប់បែកបាក់គ្នារវាងមេបក្សទាំងពីរ
មិនបានប៉ុន្មានផង លោក កឹម សុខុន ដែលជាប្អូនប្រុសបង្កើតរបស់លោក
កឹម សុខា ចាប់ផ្ដើមវាយប្រហារទៅលើបងរបស់ខ្លួន
ដោយមានខ្លឹមសារសំខាន់
គឺធ្វើយ៉ាងម៉េចកុំឲ្យពលរដ្ឋជឿលើគោលនយោបាយគណបក្សសង្គ្រោះជាតិ។
សំដីរបស់លោក កឹម សុខុន
បានត្រូវគេយកទៅផ្សព្វផ្សាយស្ទើរគ្រប់កញ្ចក់ទូរទស្សន៍ក្នុង
ប្រទេស។
ល្បិចនេះត្រូវបានគណបក្សប្រជាជនប្រើប្រាស់ម្ដងរួចទៅហើយកាលទសវត្ស
១៩៩០ ដែលគណបក្សនេះយកព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់
ទៅបង្អាប់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក កឹម សុខុន
ក៏ត្រូវបានគណបក្សកាន់អំណាចផ្ដល់រង្វាន់ជាអនុប្រធាននាយកដ្ឋាន
កណ្ដាល សន្តិសុខក្រសួងមហាផ្ទៃ ពាក់ផ្កាយពីរ។
បន្ទាប់ពីប្អូនប្រុសលោក កឹម សុខា
បានតំណែងរួចមក
គណបក្សកាន់អំណាចនៅតែយកទឹកអាស៊ីដទៅលាងមុខរបួសបក្សប្រឆាំងដែល
កំពុងរីកនោះ។ គណបក្សប្រជាជនលាតត្រដាងខ្សែអាត់សំឡេងរបស់លោក កឹម
សុខា ដែលមានពាក្យនិយាយថា
គុកទួលស្លែងជាឆាកដែលវៀតណាមបង្កើត។គ្រាន់តែលឺពាក្យនេះភ្លាម លោក
ជុំ ម៉ី ដែលជាអ្នកមិនគាំទ្រគណបក្សប្រឆាំងស្រាប់ផងនោះ
ក៏បានប្រកាសតិះដៀលលោក កឹម សុខា ថាជាអ្នកបំភ្លៃប្រវត្តិសាស្ត្រ
និងទាមទារឲ្យអ្នកនយោបាយបក្សប្រឆាំងមួយនេះ សូមអភ័យទោសជាសាធារណៈ។
បន្ទាប់ពីគ្មានការសូមអភ័យទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បង្ហើបមុនលោក ជុំ ម៉ី
ដោយទំនងជាដឹងមុនថា អាចនឹងមានបាតុកម្មប្រឆាំងលោក កឹម សុខា។
ភ្លាមៗនោះ លោក ជុំ ម៉ី
ក៏បានចេញលិខិតមួយស្នើឲ្យពលរដ្ឋទូទាំងប្រទេសក្រោកឈរឡើង
ធ្វើបាតុកម្មអហិង្សាប្រឆាំងលោក កឹម សុខា។ មនុស្សជាង ៣ម៉ឺននាក់់
សុទ្ធជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស
ចេញធ្វើបាតុកម្មព្រមៗគ្នា
យកញត្តិដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
ស្របគ្នានោះ លោក ហ៊ុន សែន
បញ្ជាឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច
អនុម័តច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបប្រល័យ
ពូជសាសន៍ខ្មែរក្រហមយ៉ាងឆាប់រហ័ស
ទោះបីជារងការរិះគន់ពីសង្គមស៊ីវិលថា
មិនបានសិក្សាឲ្យគ្រប់ជ្រុងជ្រោយក៏ដោយ។
ឃើញមុខរបួសគណបក្សប្រឆាំងកាន់តែ
ដុនដាបទៅៗ លោក ហ៊ុន សែន ក៏បានជួយអង្អែលលេងបន្តិចៗ
ដោយអំពាវនាវកុំឲ្យពលរដ្ឋធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា តទៅទៀត។
តែធាតុពិតគណបក្សប្រឆាំងមិនបានធូរស្រាលប៉ុន្មានទេ។
ផ្អាកបាតុកម្មមែន តែលោក កឹម សុខា
បែរជាត្រូវដើរជាន់បន្លាបន្ថែមទៀត។ បណ្ដឹងចំនួន ២
បានទៅដល់ដៃតុលាការខេត្តស្វាយរៀង និងតុលាការរាជធានីភ្នំពេញ។
ករណីទី១ ជាបណ្ដឹងរបស់ស្ត្រីម្នាក់ ឈ្មោះ សំ ផល្លា
ជាម្ដាយរបស់ស្ត្រីដែលអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា
កាលពីជាង ១០ឆ្នាំមុន
ដែលប្ដឹងពីបទប្រើប្រាស់អំពើហិង្សាក្នុងអំឡុងពេលលោក កឹម សុខា
ចុះទៅជួបសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង
កាលពីថ្ងៃទី១២ ខែមិថុនា។ ករណីទី២ ជាបណ្ដឹងលោក ជុំ ម៉ី
ប្ដឹងប្រឆាំងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍
ទៅសាលាដំបូងរាជធានីភ្នំពេញ នូវពាក្យដែលលោក កឹម សុខា
ទំនងជាបាននិយាយថា គុកទួលស្លែងជាឆាកដែលវៀតណាម បង្កើត។
ចំណែកឯគណបក្សប្រឆាំងវិញ
ចាប់ពីបង្រួបបង្រួមគ្នាជាផ្លូវការមក
គណបក្សនេះផ្តើមដោយគោលនយោបាយដូចការបាញ់គ្រាប់កាំភ្លើង
ដែលគណបក្សកាន់អំណាចមិនធ្លាប់ហ៊ានបាញ់ទាល់តែសោះ។
គោលនយោបាយ ៧ចំណុចរបស់គណបក្សប្រឆាំង
មានផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សមានអាយុចាប់ពី ៦៤ ឡើងទៅចំនួន
៤ម៉ឺនរៀលក្នុងមួយខែ ដំឡើងប្រាក់ខែមន្ត្រីរាជការ កម្មករ
ផ្ដល់សេវាសុខភាពមិនបង់ប្រាក់ចំពោះជនក្រីក្រ ផ្ដល់ការអប់រំ
និងបញ្ចុះតម្លៃប្រេងសាំង ជីកសិកម្ម អគ្គីសនី ជាដើម។
ពេលបាញ់កាំភ្លើងតូចបើកផ្លូវហើយ
គណបក្សប្រឆាំងបាញ់កាំភ្លើងធំតែម្ដង
គឺប្រកាសធ្វើមហាបាតុកម្មដើម្បីកែទម្រង់គណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត (គ.ជ.ប) តាមអនុសាសន៍សង្គមស៊ីវិល
និងអនុសាសន៍របស់តំណាងពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់
អង្គការសហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi)។
បាតុកម្មទី១នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា
ដើម្បីយកញត្តិទៅដាក់ជូន គ.ជ.ប។ កងកម្លាំងសន្តិសុខរាប់ពាន់នាក់
បានដាក់ពង្រាយដើម្បីទប់ស្កាត់និងបង្រ្កាប
ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបានហែក្បួនឡើយ
ដោយគ្រាន់តែរង់ចាំប្រគល់ញត្តិឲ្យ គ.ជ.ប
នៅនឹងទីលានសេរីភាពប៉ុណ្ណោះ។
បាតុកម្មនេះត្រូវបានអ្នកវិភាគចាត់
ទុកថា ជាការសាកល្បងពីសន្ទស្សន៍នៃការគាំទ្រ
និងវាស់ស្ទង់ពីទំហំទប់ទល់ និងបង្ក្រាបពីសំណាក់អាជ្ញាធរប៉ុណ្ណោះ។
ពេលនោះមន្ត្រី គ.ជ.ប
បានបដិសេធមិនធ្វើការផ្លាស់ប្ដូរអ្វីបន្តិចឡើយ ហើយចាត់ទុកថា
ញត្តិគណបក្សប្រឆាំងមិនមានតម្លៃ។
គណបក្សជំទាស់ប្រកាសធ្វើបាតុកម្មទី២
នៅថ្ងៃទី២០ ខែឧសភា ស្របពេលដែលតំណាងពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ការជួបជុំនោះមានមនុស្សជាង ៥ពាន់នាក់ចូលរួម
ដើម្បីដាក់ញត្តិទៅកាន់ស្ថានទូតសហគមន៍អឺរ៉ុប
និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំ
នៅកម្ពុជា។ ហើយមានតែសកម្មជនបក្សប្រឆាំង ១០០នាក់ប៉ុណ្ណោះ
ដែលអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យហែក្បួន។
ប៉ុន្តែដល់ពេលហែក្បួនពិតប្រាកដ សកម្មជនគណបក្សប្រឆាំងជាង
៥ពាន់នាក់បានទម្លុះរនាំងសមត្ថកិច្ចដើរហែក្បួនដាក់ញត្តិតាម
បំណង។
មន្ត្រីបក្សប្រឆាំងចូលជួបមន្ត្រី
អង្គការសហប្រជាជាតិ និងមន្ត្រីសហគមន៍អឺរ៉ុប
សុំឲ្យភាគីអន្តរជាតិទាំងពីរដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
ឲ្យធ្វើកំណែទម្រង់ គ.ជ.ប និងអន្តរាគមន៍យកលោក សម រង្ស៉ី
ចូលស្រុកវិញ។ រីឯលោក សម រង្ស៉ី គេមិនរំពឹងថា
នឹងបានចូលស្រុកវិញនោះ
ក៏បានដើរប្រកូកប្រកាសប្រាប់អន្តរជាតិឲ្យជួយ។ រហូតដល់រដ្ឋាភិបាលថៃ
ដឹកនាំដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra)
ដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន មិនឲ្យចូលស្រុកថៃ ទៀត
ក្រោមហេតុផលរក្សាទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្រៅពីប្រើកាំភ្លើងធំៗ
បាញ់លើគណបក្សប្រជាជន
គណបក្សប្រឆាំងថែមទាំងប្រើគ្រាប់បែកបោកបន្តកន្ទុយគ្នាទៀត។
បក្សកាន់អំណាចត្រូវបានគណបក្សប្រឆាំងលាតត្រដាងនៅឆាកអន្តរជាតិលើ
បញ្ហាមួយចំនួន ដូចជាការរំលោភសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី
និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ការគាបសង្កត់ផ្នែកនយោបាយជាដើម។
ចំណែកឯនៅក្នុងប្រទេស
គណបក្សប្រឆាំងបានរិះគន់ពីអសមត្ថភាពក្នុងការអនុវត្តច្បាប់
អន្តោប្រវេសន៍ ដែលផ្ដោតសំខាន់លើអន្តោប្រវេសន៍ពីប្រទេសវៀតណាម។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះ
ជាតិ កាលពីចុងសប្ដាហ៍មុន ថែមទាំងដាក់ពាក្យប្ដឹងលោក ហ៊ុន សែន
ពីបទក្លែងឯកសារសាធារណៈទៅសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងបណ្ដឹងនេះ ចោទលោក ហ៊ុន សែន ថា
បានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម ជាង ៤ម៉ឺននាក់
រស់នៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់។
សកម្មភាពរបស់គណបក្សធំៗពីរមុនការបោះ
ឆ្នោតនេះ ទំនងជាចេតនាក្នុងការយកឈ្នះគ្នាម្ខាងៗ
ដោយវាយប្រហារចំជីពចររសើបៗរបស់គូប្រជែងប៉ុណ្ណោះ។
ព្រឹត្តិការណ៍ទាំងនោះហាក់ដូចជាធ្វើឲ្យពលរដ្ឋជក់ចិត្ត
ប៉ុន្តែមិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាតិនោះ
ឡើយ។ ប្រជាពលរដ្ឋចាំបាច់ត្រូវប្រើប្រាស់ចំណេះដឹងជាមុនសិន
មុននឹងសម្រេចចិត្តថាតើគួរបោះឆ្នោតឲ្យគណបក្សណាមួយនោះ?
ប្រភពព័ត៌មាន ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment