Friday, June 21, 2013

កឹម សុខា កែប្រែជំហររបស់ សម រង្ស៊ី

0 comments
ភ្នំពេញ: ​ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹងមិន​បោះបង់​ចោល​អាសនៈ​របស់​ខ្លួន ដែល​ទទួលបាន​ពី​ការបោះឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឡើយ​។​
ជាមួយនឹង​ការប្រកាស​ដូច្នេះ លោក កឹម សុខា ក៏​បាន​បន្ថែមថា បើសិន​ជា​ស្ថានភាព នៅតែ​អាក្រក់ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការរារាំង និង​ពាក្យបណ្តឹង​ប្រឆាំង​រូបលោក​ជាដើម នោះ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា ថា​តើ​គណបក្សប្រឆាំង​នេះ នឹងចូលរួម​ការបោះ​ឆ្នោត​ឬ​ទេ​?​។

​ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ លោក កឹម សុខា អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ការបោះឆ្នោត​។ ចំណែក​ការប្រកាស​ទទួលស្គាល់ ឬ​ក៏​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺ​នឹង​ត្រូវ​គណបក្ស​ប្រឆាំង​រួបរួម​នេះ ប្រកាស​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​។
លោក កឹម សុខា ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបោះពុម្ព​សន្លឹកឆ្នោត លើស​ពី​ចំនួន​អ្នកបោះឆ្នោត​។ អ្នកបោះឆ្នោត ដែល​មាន​ត្រឹមតែ​ជាង ៩,៦ លាន​នាក់ តែ​សន្លឹក​វិញ ជាង ១២,៦ លាន​សន្លឹក​។ ដូច្នេះ​លោក​កឹម​សុខា បារម្ភ​ខ្លាច​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។​

​យ៉ាងណាក៏ដោយ គ​.​ជ​.​ប​. បានប្រកាសថា ការបោះពុម្ព​សន្លឹកឆ្នោត​លើស​ចំនួន​អ្នក​បោះឆ្នោត​នោះ គឺ​ដើម្បី​ទុក​សន្លឹកឆ្នោត​បម្រុង ក្រែងលោ​ខូច​ដោយ​ប្រកាស​ណាមួយ ហើយ​ត្រូវបាន​សន្លឹកឆ្នោត​ជំនួស​។ ក្នុងនោះ ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត នៅ​រោង​ពុម្ព ត្រូវបាន​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរឹង​បំផុត​៕ ប្រភពព័ត៌មាន ៖ CEN

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន