ប្រភពពីអតីតសកម្មជន
គណបក្ស សម រង្ស៊ី បានឱ្យដឹងថា សកម្មជនគណបក្ស សម រង្ស៊ី
និងគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប
និងនៅតាមបណ្ដាស្រុកខ្លះទៀតចំនួនប្រមាណជាង ៦០០នាក់
ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
មន្ត្រីគណបក្សប្រជាជនកម្ពុជា
បានរៀបចំកម្មវិធីទទួលយកសកម្មជនគណបក្សប្រឆាំងទាំងនោះកាលពីថ្ងៃ
ទី២៤ ខែមិថុនា នៅឯស្រុកស្វាយលើ ចម្ងាយប្រមាណជាង
៧០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។
មេចលនាអូសទាញមនុស្សចេញពីគណបក្ស
ប្រឆាំងមួយក្រុម ហើយទៅចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា
បានរិះគន់ថា ពួកគេមិនអាចទ្រាំនៅបានទៀតទេ
ដោយសារតែមន្ត្រីធំៗក្នុងជួរគណបក្សប្រឆាំងគិតតែពីពង្រឹងអំណាច
ផ្ទាល់ខ្លួន ដោយមិនគិតផលប្រយោជន៍គណបក្ស។
ការលើកឡើងបែបនេះ
បន្ទាប់ពីអតីតសមាជិកក្រុមប្រឹក្សាខេត្តម្នាក់
និងអតីតក្រុមការងារគណបក្ស សម រង្ស៊ី ខ្លះទៀតនៅខេត្តសៀមរាប
បានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតអនុប្រធានរដ្ឋបាលរបស់គណបក្ស សម
រង្ស៊ី ខេត្តសៀមរាប គឺលោក ឆាន ប៉ូឡូ។ លោកបានមានប្រសាសន៍ថា
លោកបានដឹកនាំសកម្មជនថ្នាក់ខេត្ត ស្រុក និងឃុំខ្លះរបស់គណបក្ស សម
រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ចំនួន ៦២៣នាក់
ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗ៖ «មូលហេតុ
ចម្បងដែលពួកយើងខ្ញុំទាំងអស់គ្នាចាកចេញពីគណបក្ស សម រង្ស៊ី
និងគណបក្សសង្គ្រោះជាតិ ដោយសារតែថ្នាក់ដឹកនាំកំពូលៗ
គឺគិតតែពីប្រយោជន៍លាភសក្ការៈ និងបក្ខពួកនិយម
ហើយជាមនុស្សដែលមិនសូវគិតធ្វើម៉េចឱ្យបក្សខ្លាំងទេ
គិតតែពីធ្វើយ៉ាងម៉េចឱ្យតែក្រុម
ឬក៏បក្ខពួករបស់គាត់ហ្នឹងខ្លាំង
ទោះបីជាធ្វើឱ្យបក្សហ្នឹងខ្សោយទន់ក៏ដោយ»។
អភិបាលស្រុក
និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្វាយលើ លោក សិ
ប៊ុនស៊ិន បានមានប្រសាសន៍ថា សកម្មជន
និងអ្នកគាំទ្រគណបក្សប្រឆាំងទាំងនោះមកពីច្រើនកន្លែង
ហើយស្រុករបស់លោកបានរៀបចំធ្វើពិធីទទួលយកពួកគេ។
នេះមិនមែនជារឿងថ្មីទេដែលសកម្មជន
ឬសមាជិកគណបក្សប្រឆាំង
និងគណបក្សផ្សេងៗបានផ្តាច់ខ្លួនចេញពីគណបក្សរបស់គេទៅចូលរួមជាមួយ
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ស្ទើរតែរាល់ពេលនៃការបោះឆ្នោតជិតមកដល់ បញ្ហាចាកចេញពីគណបក្សមួយ
ចូលទៅគណបក្សមួយទៀត គឺតែងកើតមានជាច្រើនលើកមកហើយ។
ទោះយ៉ាងណា
អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក សុខ គឹមសេង
បានឱ្យដឹងថា
មេខ្យល់ដែលដឹកនាំមនុស្សមួយចំនួនទៅចុះចូលជាមួយគណបក្សប្រជាជន
កម្ពុជា នោះ គឺជាអតីតសកម្មជនគណបក្ស សម រង្ស៊ី
ដែលគណបក្សបានដកហូតតួនាទីកាលពីជាង ៦ខែមុន
ហើយមិនមានចំនួនមនុស្សរាប់រយនាក់ទៅចុះចូលដូចគេអះអាងនោះឡើយ។
លោក សុខ គឹមសេង៖ «ជាការពិត
ពួកគាត់ហ្នឹងជាអតីតគណបក្ស សម រង្ស៊ី
ដែលត្រូវបានគណបក្សដកចេញពីតួនាទី និងដកចេញពីសមាជិកភាព
ដោយសារតែគាត់ប្រព្រឹត្តនូវទោសកំហុសជាច្រើន តាំងពីខែធ្នូ
ឆ្នាំ២០១២។ គាត់មិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិ ទេ។ ព័ត៌មាន
គឺគណបក្សប្រជាជនកម្ពុជា ចូលចិត្តតែបំផ្លើសអីចឹង ប៉ុន្តែតាមការពិត
យើងឃើញហើយតែគ្នាគាត់ប៉ុន្មាននាក់ ដែលគណបក្ស សម រង្ស៊ី
ដកហូតតំណែង
ដោយសារតែគាត់មានកំហុសខុសឆ្គងមិនគោរពបទបញ្ជាផ្ទៃក្នុងតែ
ប៉ុណ្ណឹង។ ក៏ប៉ុន្តែ សកម្មជនដទៃទៀតអត់មានការចុះចូលទេ»។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការ
បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់
បញ្ញា បានមានប្រសាសន៍ថា
ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសគណបក្ស
ដែលខ្លួនស្រឡាញ់
ក៏ប៉ុន្តែការចាកចេញរបស់សមាជិកនៃគណបក្សនយោបាយមួយទៅចុះចូលជាមួយ
គណបក្សនយោបាយមួយទៀត បើទោះបីជាមិនប៉ះពាល់ធំដុំ
ក៏វាអាចនឹងប៉ះពាល់ទៅដល់អារម្មណ៍អ្នកបោះឆ្នោតខ្លះៗ។
មិនមែនតែខេត្តសៀមរាប ទេ
ដែលមានការអះអាងថា
សមាជិកគណបក្សប្រឆាំងបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
គឺនៅខេត្តកំពត ខេត្តកណ្ដាល និងតំបន់មួយចំនួនទៀត
ក៏មានសេចក្តីរាយការណ៍ពីការចុះចូលដូចគ្នានេះដែរ។
ទោះយ៉ាងណា
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខេត្តកណ្ដាល លោក
ធួង សុខា បានអះអាងថា ពុំមានសមាជិកគណបក្សសង្គ្រោះជាតិ
ណាមួយបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
ដូចព័ត៌មានផ្សព្វផ្សាយនោះទេ។ លោក ធួង សុខា បញ្ជាក់ថា
បុរសម្នាក់ឈ្មោះ ហ៊ល សំនៀង ដែលទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
នោះ មិនមែនជាប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ
នៅខេត្តកណ្ដាល ឡើយ គឺគ្រាន់តែជាអតីតសកម្មជនគណបក្ស សិទ្ធិមនុស្ស
ដែលបានដកហូតពីតួនាទីជាយូរមកហើយ៕ ប្រភពព័ត៌មាន ៖ RFA
No comments:
Post a Comment