Rotha Company
 
Showing posts with label ទេសចរណ៍. Show all posts
Showing posts with label ទេសចរណ៍. Show all posts

Friday, May 10, 2013

បទ​វិភាគ៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន

0 comments
គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​សម្លាប់​មនុស្ស​លេខ​១ នៅ​ស្រុក​ខ្មែរ។ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូចជា បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ពេល​ស្រវឹង ការ​ផ្ទុក​លើស​ទម្ងន់ បើក​ជែង​គ្នា ឬ​បើកបរ​ធ្វេសប្រហែស​ជាដើម។ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​អនុសាសន៍​ថា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​អនុវត្ត​ពាក្យ​ស្លោក “ថ្ងៃ​នេះ ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍”។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ផ្សព្វផ្សាយ​ពាក្យ​ស្លោក​នេះ​ឲ្យ​បាន​ ទូលំទូលាយ​ទៀត​ផង។

តើ​កម្ពុជា​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ​ឬ​ទេ?

បើ ​គេ​សង្កេត​មើល​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំៗ។

តួលេខ ​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​មុន​មាន​ជិត ២​ពាន់​នាក់។ ចំណែក​ឆ្នាំ​នេះ​វិញ គ្រាន់​តែ​រយៈពេល​ចូល​ឆ្នាំ​ថ្មី ៥​ថ្ងៃ គ្រោះ​កាច​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៦៦​នាក់ លើស​ឆ្នាំ​មុន​ចំនួន ១៨​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​ច្រើន​តែ​សម្លាប់​មនុស្ស​ជា​ក្រុម ដូច​ជា​ករណី ស្ត្រី​និស្សិត​ពេទ្យ​ជា​កូន​អ្នក​មាន​បើក​ឡាន​បុក​ក្មេង​ស្លាប់​ម្ដង ៣​នាក់ និង​របួស​មនុស្ស ៧​នាក់ ជិត​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​មីនា។ ករណី​គ្រោះថ្នាក់​រថយន្ត​តូច​បុក​រថយន្ត​ដឹក​សាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្លាប់​យុវជន ៤​នាក់ កាល​ពី​ចូល​ឆ្នាំ​ចិន។ ករណីរ​ថយន្ត​តារា​ចម្រៀង ខេមរៈ សេរីមន្ត បើក​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស្រាបៀ​អង្គរ នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ជាដើម។

ម្យ៉ាង​វិញ​ទៀត សញ្ញា​នៃ​ការ​ចាត់​វិធានការ​ដើម្បី​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នោះ ប្រៀប​ដូច​ជា​បង់​អំបិល​ក្នុង​ទឹក​ទន្លេ​អ៊ីចឹង​ដែរ។ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់ៗ​កើត​ឡើង​ម្តងៗ គេ​ឃើញ​មាន​ការ​ចាត់ចែង​សូត្រ​ធម៌​រំដោះ​គ្រោះ​តាម​ផ្លូវ ដើម្បី​ដេញ​ឧបទ្រពចង្រៃ។តែ​សូត្រ​ធម៌​មិន​អាច​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ ចរាចរណ៍​មិន​ឲ្យ​កើត​ឡើង​បាន​ទេ។ ជា​ការ​ពិត បើ​សិន​ជា​អ្នក​បើកបរ​គោរព​ច្បាប់ គ្រោះថ្នាក់​ចរាចរណ៍​អាច​កាត់​បន្ថយ​បាន។ និយាយ​ដល់​ត្រង់​នេះ មាន​សំណួរ​ជា​ច្រើន​សួរ​ថា ច្បាប់​ចរាចរណ៍​ថ្មី​ទៅ​ដល់​ណា​ហើយ? ចម្លើយ​គឺ​នៅ​គាំង​ត្រឹម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហ្នឹង​ឯង។ មន្ត្រី​ទីស្ដីការ​ប្រាប់​ថា ច្បាប់​នេះ​ចេញ​មិន​ទាន់​រួច ព្រោះ​មាន​ចំណុច​ត្រូវ​ពិភាក្សា​លើ​តម្លៃ និង​បែបបទ​នៃ​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់។

ច្បាប់​ថ្មី​មិន​ ទាន់​ចេញ​ជា​រឿង​មួយ តែ​ភាព​មិន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ជា​រឿង​ធំ​មួយ​ទៀត​ដែល​ជួយ​ឲ្យ​ គ្រោះថ្នាក់​កើន​ឡើង​ដែរ។ អ្នក​ដែល​បើក​បរ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ពេល​ត្រូវ​ប៉ូលិស​ឃាត់ ពួក​គាត់​ចាប់​លើក​ទូរស័ព្ទ​ហៅ​រក​សែស្រឡាយ​ជា​មុន​សិន។ បើ​សិន​ជា​មាន​សែ​ធំ គឺ​អាច​ជួយ​ឲ្យ​រួច​ខ្លួន​ដោយ​ធូរ។តែ​បើ​អ្នក​ខោ​មិន​ខោ អាវ​មិន​អាវ នគរបាល​ចាប់​ផ្ដើម​សូត្រ​ច្បាប់​ជា​ច្រើន​មាត្រា និង​ទារ​ពិន័យ​ដ៏​តឹងតែង។ ទម្លាប់​នេះ​គេ​ឃើញ​រាល់​ថ្ងៃ​ស៊ាំ​ភ្នែក​អស់​ទៅ​ហើយ។

ចំពោះ​អ្នក​ បើកបរ​បង្ក​របួស​ស្នាម​វិញ អ្នក​បង្ក និង​អ្នក​រង​គ្រោះ​តែង​ដោះស្រាយ​បញ្ចប់​រឿង​រ៉ាវ​ដោយ​បង់​លុយ​ទូទាត់​សំណង។ លុយ​ត្រូវ​ចែក​ជា​ពីរ ឬ​បី​ចំណែក។ លុយ​មួយ​ចំនួន​ឲ្យ​អ្នក​រង​គ្រោះ និង​មួយ​ចំណែក​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច។ គេ​មិន​និយម​ទៅ​ដល់​តុលាការ​ទេ ព្រោះ​ថា ត្រូវ​ចំណាយ​លុយ​ច្រើន និង​ពេល​វេលា​យូរ។

មិន​តែ​ប៉ុណ្ណោះ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ក៏​សម្បូរ​អ្នក​បញ្ចប់​រឿង ​ដោយ​បង់​លុយ​ដែរ។ ដូច​ជា​ក្នុង​សំណុំ​រឿង​កូន​ស្រី​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល ជា​និស្សិត​ពេទ្យ​ដែល​បើក​ឡាន​បុក​មនុស្ស​នៅ​ជិត​ក្រសួង​មហាផ្ទៃ ឲ្យ​ស្លាប់ និង​របួស ១០​នាក់​នោះ បច្ចុប្បន្ន​មិន​មាន​បណ្ដឹង​ពី​ភាគី​គ្រួសារ​រង​គ្រោះ​ទៅ​ដល់​ដៃ​តុលាការ​ទេ ដោយសារ​ឪពុក​ម្ដាយ​ជន​បង្ក​បាន​បង់​លុយ​សំណង​រួច​រាល់។ បើ​ទោះ​ជា​ស្ត្រី​ម្នាក់​នោះ​នៅ​ជាប់​ក្នុង​គុក​ព្រៃ​ស​ក៏ដោយ។

សំណុំ ​រឿង​អតីត​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ យាន ស៊ីណា និង​អតីត​មេធាវី ដេវីត ឆាណាវ៉ា ស្រវឹង​បើក​ឡាន​ប្រដេញ​គ្នា​នោះ​ជាដើម។ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​កាសែត​ទៅ​យក​ព័ត៌មាន​ជន​បង្ក​ក៏​ប្រើ​កណ្ដាប់​ដៃ​វាយ​អ្នក​កាសែត​ តែម្ដង។

ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​បង្ហើប​ថា អ្នក​បើកបរ​នៅ​លើ​ដង​ផ្លូវ​មួយ​ចំនួន​មិន​ធ្លាប់​បាន​រៀន​ច្បាប់​ចរាចរណ៍ ហើយ​ថែម​ទាំង​ទិញ​ប័ណ្ណ​បើកបរ​ទៀត​ផង។ អ្នក​ខ្លះ អាច​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ដោយ​មិន​ចាំបាច់​យក​យានយន្ត​ឡើង​ ជញ្ជីង​ឡើយ ដោយ​ពួក​គេ​គ្រាន់​តែ​យក​ប្រាក់​ទៅ​បង់​ឆៀក​ជា​ការ​ស្រេច។ ប៉ូលិស​ចរាចរណ៍​តាម​ដង​ផ្លូវ​ក៏​នៅ​តែ​ត្រូវ​ពលរដ្ឋ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ឡាន​ផ្ទុក​លើស​ទម្ងន់​ជា ​ថ្នូរ​នឹង​លុយ​សគុណ​ផាក​ពិន័យ​ដោយ​មិន​ចេញ​វិក្កយបត្រ ឬ​ពិន័យ​លើស​ចំនួន​កំណត់។ បន្ថែម​ពី​នេះ ស្ថានភាព​ផ្លូវ​នៅ​មាន​ភាព​រញ៉េរញ៉ៃ អ្នក​លក់​ដូរ លក់​លើ​ចិញ្ចើម​ផ្លូវ ចត​យានយន្ត​លើ​ផ្លូវ​ស្អេកស្កះ ដោយ​មិន​មាន​សមត្ថកិច្ច​រារាំង។ អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ទាំង​អស់​ត្រូវ​បង់​លុយ​ថ្លៃ​សណ្ដាប់ធ្នាប់​ឲ្យ​ ប៉ូលិស​មូលដ្ឋាន​ជា​រៀងរាល់​ខែ។

ជាង​នេះ​ទៅ​ទៀត របាយការណ៍​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា យ៉ាង​តិច​ណាស់​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ ស្រវឹង​ចំនួន​ជាង ២០% នៃ​អ្នក​ស្លាប់​សរុប ឬ​ប្រហែល​ជាង ៤០០​នាក់​ក្នុង​១​ឆ្នាំ​២០១២ កន្លង​ទៅ។ ប៉ុន្តែ​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ ហាក់​ដូច​មិន​សូវ​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ នោះ​ឡើយ។ តាម​ទី​សារធារណៈ សួន​កម្សាន្ត តាម​ដង​ផ្លូវ​នៅ​ទី​ប្រជុំ​ជន​នានា រូប​សញ្ញា​បន្ថយ​ល្បឿន ឬ​ប្រយ័ត្ន​គ្រោះថ្នាក់ មាន​ចំនួន​តិចតួច​បំផុត បើ​ធៀប​នឹង​ផ្ទាំង​ប៉ាណូ​ធំៗ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា ឬ​ស្រាបៀ។

នៅ​ តាម​កញ្ចក់​ទូរទស្សន៍​ទៀតសោត ក្រុមហ៊ុន​ស្រា ឬ​ស្រាបៀ​ជា​ច្រើន​ប្រភេទ ផ្សាយ​ពាណិជ្ជកម្ម  ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជា​ច្រើន ដោយ​ប្រាប់​ថា ផឹក​បាន​ឡាន បាន​ម៉ូតូ ខ្សែ​ក​មាស ទូរស័ព្ទ​ទំនើបៗ ដោយ​សំដៅ​អូស​ទាញ​ក្រុម​យុវជន។

បញ្ហា​ទាំង​អស់​នេះ មិន​មែន​រាជរដ្ឋាភិបាល​មិន​ដឹង​ឡើយ។ ភាគី​រដ្ឋ​បាន​ចាត់​វិធានការ​មួយ​ចំនួន​ទប់ទល់​ដែរ ដូចជា​បង្កើត​ក្រុម​យុវជន​អប់រំ​ច្បាប់​ចរាចរណ៍​តាម​ដង​ផ្លូវ និង​បង្កើត​ឲ្យ​មាន​សកម្មភាព​សង្គម ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍។ ពាក្យ​ស្លោក​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ថា “ថ្ងៃ​នេះ ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍” ក៏​លោក​សំដៅ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​នេះ​ដែរ។ គ្រាន់​តែ​លោក​ប្រកាស​ភ្លាម អាជ្ញាធរ​ថ្នាក់​ក្រោម​ចាប់​ផ្ដើម​ដើរ​បិទ​ពាក្យ​ស្លោក​នេះ​ព្រោងព្រាត​តាម​ ឡាន ម៉ូតូ និង​ទី​សាធារណៈ​នានា នៅ​ស្ទើរ​ទូទាំង​ប្រទេស។ កាសែត​ផ្សាយ​មិន​លុះ​ថ្ងៃ​ឡើយ​ពី​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

យ៉ាងណាម៉ិញ បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​ទៅ រឿង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បែប​នេះ បណ្តាល​មក​ពី​ប្រព័ន្ធ​សង្គម​ទាំង​មូល​តែម្តង ដែល​អំណោយ​ផល​ដល់​ការ​មិន​គោរព​ច្បាប់ និង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​មនុស្ស។  លោក ហ៊ុន សែន ជា​មនុស្ស​មាន​មាត់​ទិព្វ​នៅ​ស្រុក​ខ្មែរ ឥទ្ធិពល​ប្រសាសន៍​របស់​លោក ទំនង​ជា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ចំនួន​អ្នក​ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នោះ​ឡើយ៕ ប្រភព៖ RFA
Read more...

Friday, May 3, 2013

ទេសចរណ៍ទៅកាន់ រមណីយដ្ឋានជាតិ ភ្នំសំពៅ

0 comments
ក្រុងបាត់ដំបង គឺជារាជធានីនៃ ខេត្តបាត់ដំបង ដែលមានទីតាំងស្ថិត នៅខាងជើង ឆៀងខាងលិច នៃប្រទេសកម្ពុជា ។ ទីក្រុងបាត់ដំបង គឺជាទីក្រុងដែលធំជាងគេ ទីពីរនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងមាន ចំនួនប្រជាជនចំនួន ២៥០ ០០០នាក់។ ហើយទីក្រុងមួយនេះ ត្រូវបានកសាងឡើង ដោយអាណាចក្រ ខ្មែរ នៅសតវត្សទី១១។
ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមាន ដំណាំស្រូវច្រើនជាងគេ នៅក្នុងប្រទេស។ ដោយសង្កេតឃើញថា ខេត្តបាត់ដំបងគឺជាខេត្ត មួយដែលសម្បូរ ទៅដោយរមណីដ្ឋាន ស្រស់ស្អាតតាមបែប ធម្មជាតិជាច្រើននោះ គេហទំព័រសុខភាព កម្ពុជា សូមនាំអារម្មណ៍របស់លោក អ្នកទៅកាន់រមណីយដ្ឋានជាតិ ភ្នំសំពៅ ។
រមណីយដ្ឋាន ភ្នំសំពៅ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ ភ្នំសំពៅ គឺជាភ្នំមួយដែលមាន កម្ពស់ ១០០ម៉ែត្រ និងជាទីរមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត លំហែនៅចុងសប្តាហ៍ និងពេលមានពិធីបុណ្យទាន ម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ។ រមណីដ្ឋាននេះមានទីតាំងស្ថិត នៅតាមដងផ្លូវជាតិលេខ ៥ ដែលមានចម្ងាយ ២៩១ម៉ែត្រ ពីទីក្រុងភ្នំពេញ។ ភ្នំនេះមានទ្រង់ទ្រាយ ដូចជាសំពៅមានកម្ពស់ប្រហែល ១០០ម៉ែត្រ និងមានកាំជណ្តើរ ១០៣កាំ។ ក្នុងទួលភ្នំ ទាំងមូល មានល្អាងជាច្រើន ប៉ុន្តែល្អាងដែលប្រជាពលរដ្ឋខ្មែរ និយមទៅទស្សនា មានដូចជាល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំខាងក្រោយ មានវត្តមួយឈ្មោះថា វត្តគីរីរម្យ ដែលដើមឡើយវត្តនេះ គ្រាន់តែជាអាស្រម សម្រាប់សំណាក់ ធម៌តែប៉ុណ្ណោះ។
ពេលមកដល់ជើងភ្នំសំពៅ គេអាចធ្វើដំណើរឡើង ទៅលើកំពូលភ្នំ ដោយផ្លូវពីរកន្លែង ។ ផ្លូវទីមូយគឺធ្វើដំណើរ ថ្មើរជើង ឡើងតាមជណ្តើរថ្ម បត់បែនចុះឡើង ដូចពស់លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវឡើងទីពីរ ដែល ទើបកសាងថ្មីៗ ដោយមានចាក់បេតុងបាន ប្រមាណ៨០ភាគរយ អាចឲ្យម៉ូតូ ឬរថយន្ត ឡើងទៅជិតដល់ កំពូលភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្តទៅទៀត។ នៅទីនោះ មានរូបសំណាក ព្រះពុទ្ធបដិមាធំ ដែលមាន ទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល។
ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកម្សាន្តលើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរ ជើងភ្នំ តែងទាមទារឲ្យបង់ប្រាក់ មុននឹងឡើងទៅចំនួន ពីរដុល្លាទៅ៥ដុល្លា ដោយមានម៉ូតូឌុប នាំឡើងទៅ ដល់ កំពូល ទាំងទៅទាំងមក។
ចំណែកឯការដើរទស្សនា តាមល្អាង មានកុមារអ្នកស្រុកតូចៗ ដែលមានអាយុចាប់ពី ៨ទៅ១៥ឆ្នាំ តែងសុំភ្ញៀវ ជូនដើរមើលតាមល្អាង នានានៅលើភ្នំសំពៅ ។ អ្នកនាំផ្លូវភ្ញៀវ និយាយរៀបរាប់ អំពីប្រវត្តិខ្លះៗ ដែលទាក់ទង នឹងភ្នំសំពៅ ប្រៀបដូចជាអត្ថបទមួយ ដែលពួកគេរៀនចាំមាត់ដូចមេសូត្រ ។ ពួកគេធ្វើដូច្នេះ ដោយសង្ឃឹមថា ពួកអ្នកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗដើម្បីលៀងជីវិត។ នៅលើភ្នំសំពៅនេះ មានល្អាងរូងភ្នំ ទាំងតូចទាំងធំ ចំនួន១២ល្អាង ដូចជា ១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣- ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥- ល្អាងល្ខោន ៦- ល្អាងជ្រៃ ៧- ល្អាងពេជ្រ ៨- ល្អាងខ្វែង ៩- ល្អាងប្រេង ១០- ល្អាងស្ថានីយ ឬល្អាងធំ ១១- ល្អាងខ្យល់ និង ១២- ល្អាងក្បាលខ្មោច ។
ល្អាងផ្កាស្លា មានប្រវត្តិព្រេងនិទាន ទាក់ទងនឹងរឿង ព្រះចៅរាជកុល នាំភស្តុភារ បណ្ណាការ រួមទាំងផ្កាស្លា ដើម្បី ទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុនចូលទៅល្អាងផ្កាស្លា មានថ្ម១ផ្ទាំង មានរូបរាងដូចជាផ្កាស្លាក្រពុំ។ ដោយសារ ល្អាងនោះ មានសភាពចង្អៀតងងឹត ទើបមានគេចាប់ភ្លើងអគ្គីសនី ដោយប្រើអាគុយសម្រាប់ បំភ្លឺផ្លូវ ហើយមានអ្នកបញ្ចាំងពិលជួនភ្ញៀវ ដើម្បីសុំកម្រៃពីភ្ញៀវបន្តិចបន្តួច សម្រាប់បញ្ចូលអាគុយវិញ ។ ពេលចុះទៅ ដល់ល្អាងគក់ទ្រូង គេឃើញមានរូបបដិមាសំរឹទ្ធពណ៌ខ្មៅមួយអង្គ ។ ពេលចង់សាកល្បងគក់ទ្រូង ទេសចរណ៍ម្នាក់ត្រូវឡើងឈរលើ ផ្ទាំងស៊ីម៉ងត៍ បួនជ្រុងទ្រវែង ហើយយកដៃគក់ដើមទ្រូង នោះគេនឹងឮ សំឡេងខ្ទ័រ តបត្រឡប់មកវិញ ។ ពេលឡើងពីល្អាងគក់ទ្រូង មកវិញ គេនឹងបានជួប ព្រះពុទ្ធបដិមារចូល និពាន្ត១អង្គធំ មានបណ្តោយ១២ម៉ែត្រ ទទឹង៣ម៉ែត្រ ដែលកសាងដោយសប្បុរសជន នៅក្រៅប្រទេស ។
មុនចូលល្អាងខ្យល់ គេឃើញមានដើមស្វាយកល្ប មួយដើមដែលសង់អំពីស៊ីម៉ងត៍ មានរួបរាងដូចដើមស្វាយ។ ដើមស្វាយកល្បនេះមានប្រវត្តិនិទានតៗគ្នា មកថា បើអ្នកណាបានហូប ស្វាយកល្បនេះហើយ មនុស្សចាស់នឹង ក្លាយជាក្មេង ហើយមានជីវិតអមតៈ។ ពេលភ្ញៀវឈានចូលល្អាងខ្យល់ គេនឹងមានទទួលអារម្មណ៍ថា មានខ្យល់ បក់ មកត្រជាក់ស្រេបមកលើពួកអ្នកទេសចរណ៍។ តែពេលចេញផុត គឺគ្មានខ្យល់បក់ល្ហើយអញ្ចឹងទៀតទេ ហើយ មានផ្លូវតូចចង្អៀតងងឹតសម្រាប់ឡើងទៅវិញ ។ ក្រៅពីល្អាងទាំងបីនេះ នៅមានល្អាងតែងខ្លួន ល្អាង ល្ខោន ដែលមានរឿងនិទានទាក់ទង ទៅនឹងសំពៅរបស់ ព្រះចៅរាជកុល ដែលមានកន្លែងសម្រាប់ ពួកក្រុម ល្ខោន ស្នាក់នៅ។ នៅតាមជញ្ជាំងភ្នំ មានទឹកហូរជ្រាប ដូចជាប្រេងសម្រាប់ចាក់សំពៅ មានល្អាង ស្ថានីយ ឬល្អាងធំ ដែលមានទីធ្លាធំទូលាយ។ ក្រៅពីនោះ មានល្អាងខ្វែង ដែលមានរាងដូចសញ្ញាលេខបូក ល្អាងជ្រៃ មានដើមជ្រៃមួយដើមធំ ល្អាងពេជ្រ មានជណ្តើរចុះទៅក្រោម រាងចោទ ។ បើធ្វើដំណើរពេលមានភ្លៀង អាច បណ្តាលឱ្យមានគ្រោះថ្នាក់បាន។ នៅមានល្អាងក្បាលខ្មោច ដែលមានដាក់តាំង លលាដ៏ក្នុងទូកញ្ចក់មួយ ជាធាតុ របស់ជនរងគ្រោះដែលត្រូវពួកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។
ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទស្សនានៅរមណីយដ្ឋាន ធម្មជាតិភ្នំសំពៅ តែងតែចង់ឃើញ ល្អាង សំខាន់ៗទាំង១២កន្លែងនោះ ។ នៅខេត្តបាត់ដំបង មានភ្នំជាច្រើនទៀត ជុំវិញភ្នំសំពៅ ដែលមាន រឿងនិទាន ដំណាលជាប់ទាក់ទងនិងរឿងភ្នំសំពៅ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និង ភ្នំអណ្តើក ។ល៕
តើលោកអ្នកបានគិតត្រៀមរៀបចំ ដំណើរទៅកាន់ទីកម្សាន្តណាមួយហើយឬនៅ? បើសិនជានៅ កុំភ្លេចណាទៅ លេងរមណីដ្ឋានជាតិភ្នំសំពៅទាំងអស់គ្នា៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន