គ្រោះថ្នាក់ចរាចរណ៍ជាឃាតកសម្លាប់មនុស្សលេខ១ នៅស្រុកខ្មែរ។
គ្រោះថ្នាក់នេះបណ្ដាលមកពីកត្តាមួយចំនួន ដូចជា បើកបរលើសល្បឿនកំណត់
បើកបរពេលស្រវឹង ការផ្ទុកលើសទម្ងន់ បើកជែងគ្នា
ឬបើកបរធ្វេសប្រហែសជាដើម។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ផ្តល់អនុសាសន៍ថា មនុស្សគ្រប់រូបត្រូវតែអនុវត្តពាក្យស្លោក
“ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍”។ លោក ហ៊ុន សែន
ក៏បានបញ្ជាឲ្យគ្រប់ស្ថាប័នផ្សព្វផ្សាយពាក្យស្លោកនេះឲ្យបាន
ទូលំទូលាយទៀតផង។
តើកម្ពុជាអាចកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានដែរឬទេ?
បើ
គេសង្កេតមើលពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃ
គេសង្កេតឃើញថា មានចំនួនអ្នកស្លាប់រាប់ពាន់នាក់ក្នុង១ឆ្នាំៗ។
តួលេខ
របស់ក្រសួងមហាផ្ទៃ បង្ហាញថា
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំមុនមានជិត
២ពាន់នាក់។ ចំណែកឆ្នាំនេះវិញ គ្រាន់តែរយៈពេលចូលឆ្នាំថ្មី ៥ថ្ងៃ
គ្រោះកាចនេះបានសម្លាប់មនុស្សចំនួន ៦៦នាក់ លើសឆ្នាំមុនចំនួន
១៨នាក់។ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះច្រើនតែសម្លាប់មនុស្សជាក្រុម
ដូចជាករណី
ស្ត្រីនិស្សិតពេទ្យជាកូនអ្នកមានបើកឡានបុកក្មេងស្លាប់ម្ដង
៣នាក់ និងរបួសមនុស្ស ៧នាក់ ជិតក្រសួងមហាផ្ទៃ កាលពីខែមីនា។
ករណីគ្រោះថ្នាក់រថយន្តតូចបុករថយន្តដឹកសាំងនៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ សម្លាប់យុវជន ៤នាក់ កាលពីចូលឆ្នាំចិន។
ករណីរថយន្តតារាចម្រៀង ខេមរៈ សេរីមន្ត
បើកបុកគ្នាជាមួយរថយន្តដឹកស្រាបៀអង្គរ នៅខេត្តព្រះសីហនុ
ធ្វើឲ្យមនុស្សស្លាប់ ៤នាក់ជាដើម។
ម្យ៉ាងវិញទៀត
សញ្ញានៃការចាត់វិធានការដើម្បីឲ្យចំនួនអ្នកស្លាប់ដោយសារ
គ្រោះថ្នាក់ចរាចរណ៍ថយចុះនោះ
ប្រៀបដូចជាបង់អំបិលក្នុងទឹកទន្លេអ៊ីចឹងដែរ។
ពេលមានគ្រោះថ្នាក់ចរាចរណ៍រន្ធត់ៗកើតឡើងម្តងៗ
គេឃើញមានការចាត់ចែងសូត្រធម៌រំដោះគ្រោះតាមផ្លូវ
ដើម្បីដេញឧបទ្រពចង្រៃ។តែសូត្រធម៌មិនអាចជួយទប់ស្កាត់គ្រោះថ្នាក់
ចរាចរណ៍មិនឲ្យកើតឡើងបានទេ។ ជាការពិត
បើសិនជាអ្នកបើកបរគោរពច្បាប់ គ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបាន។
និយាយដល់ត្រង់នេះ មានសំណួរជាច្រើនសួរថា
ច្បាប់ចរាចរណ៍ថ្មីទៅដល់ណាហើយ?
ចម្លើយគឺនៅគាំងត្រឹមទីស្ដីការគណៈរដ្ឋមន្ត្រីហ្នឹងឯង។
មន្ត្រីទីស្ដីការប្រាប់ថា ច្បាប់នេះចេញមិនទាន់រួច
ព្រោះមានចំណុចត្រូវពិភាក្សាលើតម្លៃ
និងបែបបទនៃការផាកពិន័យអ្នកល្មើសច្បាប់។
ច្បាប់ថ្មីមិន
ទាន់ចេញជារឿងមួយ
តែភាពមិនស្មើគ្នាចំពោះមុខច្បាប់ជារឿងធំមួយទៀតដែលជួយឲ្យ
គ្រោះថ្នាក់កើនឡើងដែរ។
អ្នកដែលបើកបរខុសច្បាប់តាមដងផ្លូវពេលត្រូវប៉ូលិសឃាត់
ពួកគាត់ចាប់លើកទូរស័ព្ទហៅរកសែស្រឡាយជាមុនសិន។
បើសិនជាមានសែធំ
គឺអាចជួយឲ្យរួចខ្លួនដោយធូរ។តែបើអ្នកខោមិនខោ អាវមិនអាវ
នគរបាលចាប់ផ្ដើមសូត្រច្បាប់ជាច្រើនមាត្រា និងទារពិន័យដ៏តឹងតែង។
ទម្លាប់នេះគេឃើញរាល់ថ្ងៃស៊ាំភ្នែកអស់ទៅហើយ។
ចំពោះអ្នក
បើកបរបង្ករបួសស្នាមវិញ អ្នកបង្ក
និងអ្នករងគ្រោះតែងដោះស្រាយបញ្ចប់រឿងរ៉ាវដោយបង់លុយទូទាត់សំណង។
លុយត្រូវចែកជាពីរ ឬបីចំណែក។ លុយមួយចំនួនឲ្យអ្នករងគ្រោះ
និងមួយចំណែកត្រូវបង់ឲ្យសមត្ថកិច្ច។ គេមិននិយមទៅដល់តុលាការទេ
ព្រោះថា ត្រូវចំណាយលុយច្រើន និងពេលវេលាយូរ។
មិនតែប៉ុណ្ណោះ
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្សស្លាប់ក៏សម្បូរអ្នកបញ្ចប់រឿង
ដោយបង់លុយដែរ។
ដូចជាក្នុងសំណុំរឿងកូនស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល
ជានិស្សិតពេទ្យដែលបើកឡានបុកមនុស្សនៅជិតក្រសួងមហាផ្ទៃ
ឲ្យស្លាប់ និងរបួស ១០នាក់នោះ
បច្ចុប្បន្នមិនមានបណ្ដឹងពីភាគីគ្រួសាររងគ្រោះទៅដល់ដៃតុលាការទេ
ដោយសារឪពុកម្ដាយជនបង្កបានបង់លុយសំណងរួចរាល់។
បើទោះជាស្ត្រីម្នាក់នោះនៅជាប់ក្នុងគុកព្រៃសក៏ដោយ។
សំណុំ
រឿងអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ យាន ស៊ីណា និងអតីតមេធាវី
ដេវីត ឆាណាវ៉ា ស្រវឹងបើកឡានប្រដេញគ្នានោះជាដើម។
ពេលមានគ្រោះថ្នាក់ចរាចរណ៍
អ្នកកាសែតទៅយកព័ត៌មានជនបង្កក៏ប្រើកណ្ដាប់ដៃវាយអ្នកកាសែត
តែម្ដង។
ទន្ទឹមនឹងនេះ សង្គមស៊ីវិលបង្ហើបថា
អ្នកបើកបរនៅលើដងផ្លូវមួយចំនួនមិនធ្លាប់បានរៀនច្បាប់ចរាចរណ៍
ហើយថែមទាំងទិញប័ណ្ណបើកបរទៀតផង។ អ្នកខ្លះ
អាចត្រួតពិនិត្យបច្ចេកទេសយានយន្តដោយមិនចាំបាច់យកយានយន្តឡើង
ជញ្ជីងឡើយ ដោយពួកគេគ្រាន់តែយកប្រាក់ទៅបង់ឆៀកជាការស្រេច។
ប៉ូលិសចរាចរណ៍តាមដងផ្លូវក៏នៅតែត្រូវពលរដ្ឋចោទថា
ប្រព្រឹត្តអំពើពុករលួយតាមរយៈការអនុញ្ញាតឲ្យឡានផ្ទុកលើសទម្ងន់ជា
ថ្នូរនឹងលុយសគុណផាកពិន័យដោយមិនចេញវិក្កយបត្រ
ឬពិន័យលើសចំនួនកំណត់។ បន្ថែមពីនេះ
ស្ថានភាពផ្លូវនៅមានភាពរញ៉េរញ៉ៃ អ្នកលក់ដូរ លក់លើចិញ្ចើមផ្លូវ
ចតយានយន្តលើផ្លូវស្អេកស្កះ ដោយមិនមានសមត្ថកិច្ចរារាំង។
អ្នកលក់ដូរតាមដងផ្លូវទាំងអស់ត្រូវបង់លុយថ្លៃសណ្ដាប់ធ្នាប់ឲ្យ
ប៉ូលិសមូលដ្ឋានជារៀងរាល់ខែ។
ជាងនេះទៅទៀត
របាយការណ៍ក្រសួងមហាផ្ទៃបញ្ជាក់ថា
យ៉ាងតិចណាស់មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពី
ស្រវឹងចំនួនជាង ២០% នៃអ្នកស្លាប់សរុប ឬប្រហែលជាង
៤០០នាក់ក្នុង១ឆ្នាំ២០១២ កន្លងទៅ។
ប៉ុន្តែការអប់រំផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់ចរាចរណ៍
ហាក់ដូចមិនសូវមានប្រសិទ្ធភាពស្មើនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង
នោះឡើយ។ តាមទីសារធារណៈ សួនកម្សាន្ត តាមដងផ្លូវនៅទីប្រជុំជននានា
រូបសញ្ញាបន្ថយល្បឿន ឬប្រយ័ត្នគ្រោះថ្នាក់ មានចំនួនតិចតួចបំផុត
បើធៀបនឹងផ្ទាំងប៉ាណូធំៗផ្សាយពាណិជ្ជកម្មស្រា ឬស្រាបៀ។
នៅ
តាមកញ្ចក់ទូរទស្សន៍ទៀតសោត ក្រុមហ៊ុនស្រា ឬស្រាបៀជាច្រើនប្រភេទ
ផ្សាយពាណិជ្ជកម្ម ផ្ដល់រង្វាន់ដល់អ្នកផឹកជាច្រើន ដោយប្រាប់ថា
ផឹកបានឡាន បានម៉ូតូ ខ្សែកមាស ទូរស័ព្ទទំនើបៗ
ដោយសំដៅអូសទាញក្រុមយុវជន។
បញ្ហាទាំងអស់នេះ
មិនមែនរាជរដ្ឋាភិបាលមិនដឹងឡើយ។
ភាគីរដ្ឋបានចាត់វិធានការមួយចំនួនទប់ទល់ដែរ
ដូចជាបង្កើតក្រុមយុវជនអប់រំច្បាប់ចរាចរណ៍តាមដងផ្លូវ
និងបង្កើតឲ្យមានសកម្មភាពសង្គម ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍។
ពាក្យស្លោកដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា “ថ្ងៃនេះ
ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍”
ក៏លោកសំដៅធ្វើឡើងដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍
និងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់នេះដែរ។
គ្រាន់តែលោកប្រកាសភ្លាម
អាជ្ញាធរថ្នាក់ក្រោមចាប់ផ្ដើមដើរបិទពាក្យស្លោកនេះព្រោងព្រាតតាម
ឡាន ម៉ូតូ និងទីសាធារណៈនានា នៅស្ទើរទូទាំងប្រទេស។
កាសែតផ្សាយមិនលុះថ្ងៃឡើយពីរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍នេះ។
យ៉ាងណាម៉ិញ
បើពិនិត្យឲ្យស៊ីជម្រៅទៅ
រឿងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានចំនួនអ្នកស្លាប់ច្រើនបែបនេះ
បណ្តាលមកពីប្រព័ន្ធសង្គមទាំងមូលតែម្តង
ដែលអំណោយផលដល់ការមិនគោរពច្បាប់
និងការមិនទទួលខុសត្រូវរបស់មនុស្ស។ លោក ហ៊ុន សែន
ជាមនុស្សមានមាត់ទិព្វនៅស្រុកខ្មែរ ឥទ្ធិពលប្រសាសន៍របស់លោក
ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឲ្យចំនួនអ្នក
ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះនោះឡើយ៕ ប្រភព៖ RFA
Friday, May 10, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment