Friday, May 17, 2013
ការទិញបង់រំលស់កើនជាង៧០០ភាគរយ
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីអន ជាផ្នែកមួយរបស់ក្រុមហ៊ុនAEON Group នៅជប៉ុនបានឲ្យដឹងថា ការលក់ឧបករណ៍អេឡិចត្រូនិក និងម៉ូតូតាមរយៈការបង់រំលស់ក្នុងត្រីមាសទី១ឆ្នាំនេះបានកើនឡើង ជាង៧០០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ និន្នាការនេះ ត្រូវបានអ្នកជំនាញក្នុងឧស្សាហកម្មនេះបាននិយាយថានឹងកើនឡើង បន្ថែមទៀតជាមួយនឹងកំណើនតម្រូវការលើគ្រឿងអេឡិច ត្រូនិក។
លោក Daisuke Maeda នាយកគ្រប់គ្រង អ៊ីអន បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថាគ្រឹះស្ថាននេះបានចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ២០១១។ លោកបន្តថា អ៊ីអន បានផ្តល់កម្ចី២,៥លានដុល្លារដោយមានអតិថិជនថ្មី៥ ០០០នាក់នៅត្រីមាសទី១ ឆ្នាំនេះ បើធៀប៣៤៣ ០០០ដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១២។ លោកបន្តថា៖ «ស្មាតហ្វូននិងកុំព្យូទ័រគឺពេញនិយមបំផុតបន្ទាប់ពីម៉ូតូ»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអន កម្ពុជាផ្ដល់សេវាទិញបង់រំលស់ ដោយមិនផ្តល់កម្ចីផ្ទាល់ដល់អតិថិជនទេ។ អតិថិជនអាចទៅទិញទំនិញ នៅតាមហាងលក់គ្រឿងអេឡិចត្រូនិកឬហាងម៉ូតូណា ដែលបានសហការជាមួយអ៊ីអន នឹងបើរំលស់ប្រចាំខែទៅគ្រឹះស្ថានអ៊ីអន ដោយគិតអត្រាការប្រាក់ប្រហែល១,៩ភាគរយក្នុងមួយខែ។
បច្ចុប្បន្ននេះអ៊ីអនគឺជាគ្រឹះស្ថានមួយដែលផ្ដល់ផលិតផលប្រភេទថ្មីនេះនៅទីផ្សារ MFI ដ៏ចង្អៀតនៅកម្ពុជា។
លោក Daisuke Maeda បាននិយាយថា៖ «យើងសង្ឃឹមថា ក្រុមហ៊ុនប្រកួតប្រជែងកាន់តែច្រើននឹងចូលមកនៅឆ្នាំនេះហើយវានឹង ល្អសម្រាប់អ្នកប្រើប្រាស់ដែលគ្រឹះស្ថានហិរញ្ញវត្ថុព្យាយាមផ្ដល់ សេវាកាន់តែប្រសើរជាងមុនតាមរយៈការប្រកួតប្រជែងបែបនេះ»។
អ្នករកស៊ីក្នុងឧស្សាហកម្មនេះស្វាគមន៍ការកើនឡើងនេះ។
លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA និងជាប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីតបាន និយាយថាកំណើនសេវាទិញបង់រំលស់ឆ្លុះបញ្ចាំងពីភាពអនុគ្រោះក្នុង ទីផ្សារនេះ។ លោកបន្តថា វាជួយដល់សេចក្ដីត្រូវការរបស់ប្រជាជន។ លោកបន្តថា តម្រូវការរបស់អតិថិជនដែលចេះតែកើនឡើងនឹងនាំទៅដល់កំណើនផលិតផល ទាំងនេះតាមរយៈការធ្វើពិពិធកម្មលើផលិតផលរបស់ពួកគេក្នុងវិស័យ MFI បច្ចុប្បន្ន ឬ MFIថ្មី ដោយផ្ដោតលើការចូលក្នុងទីផ្សារនេះ។
លោក តាំង សុធារិទ្ធ នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ដែលជាឈ្មួញទទួលបានសិទ្ធិសម្រាប់យីហោរួមមាន សូនី អាគៀរ៉ា និងប៉ាណាសូនិក ដែលសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអន ក្នុងការផ្ដល់សេវាទិញបង់រំលស់បានឲ្យដឹងថា តម្រូវការកំពុងកើនឡើងចាប់តាំងពីពួកគេបានចាប់ផ្ដើមកាលពីឆ្នាំ ២០១១។ លោកបន្តថា៖ «អតិថិជនភាគច្រើនចង់ធ្វើអាជីវកម្មហើយពួកគេចង់ទិញអ្វីដែលពួកគេ ចង់បានសម្រាប់គេហដ្ឋានរបស់ពួកគេសម្រាប់ពាណិជ្ជកម្មរបស់ពួកគេ ពួកគេចង់ចាយប្រាក់»។
ការផ្តល់កម្ចីរបស់ MFI គិតត្រឹមរយៈពេលបីខែឆ្នាំនេះបានកើនឡើងដល់១ពាន់លានដុល្លារ បើធៀបរយៈបេលដូចគ្នាកាលពីឆ្នាំទៅ។ តួលេខថ្មីៗបានពី CMA បានបង្ហាញថា ប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ ៣៤៦លានដុល្លារកើនឡើង១៤៥ភាគរយ។
លោក Daisuke Maeda បាននិយាយថា ផលបត្រសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអនកម្ពុជានៅចុង ត្រីមាសទី១ឆ្នាំនេះមានប្រមាណ៤លានដុល្លារដោយមានអតិថិជន៦ ៥០០នាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអន គឺជាផ្នែកនៃក្រុមហ៊ុន AEON Group មកពីប្រទេសជប៉ុន ដែលកំពុងសាងសង់ផ្សារទំនើបតម្លៃ២០៥លានដុល្លារអាមេរិកលើផ្ទៃដី សរុប៦៨ ០០០ម៉ែត្រការ៉េនៅភ្នំពេញ៕ PBប្រភពពី Postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment