Wednesday, May 29, 2013

គំនរ​ឈើ​ហ៊ុប​ច្រើន​សម្បើម​ក្នុង​ដី​សម្បទាន​ព្រៃឡង់

0 comments

កំពង់ធំៈ គំនរ​ឈើ​ហ៊ុប​រាប់​ម៉ឺន​ដើម​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម CRCK និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កាប់​គរ នៅ​រាយ​ប៉ាយ​ពេញ​ព្រៃ ដែល​ឈើ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​កាប់​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន ហើយ​ដឹក​ចូល​ទៅ​ក្នុង​តំបន់​ដី​សម្បទាន​ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​ស្រប​ច្បាប់ មុន​នឹង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ ដែល​បាន​ដើរ​រុក​ល្បាត​ព្រៃ ហើយ​ដែល​បាន​ថត​ជា​ខ្សែ​វីដេអូ និង​រូបថត ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​សម្បើម​នេះ។
យោង​តាម​ខ្សែ​វីដេអូ និង​រូបភាព ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ថា ឈើ​ប្រភេទ​ដួង​ចែម ធ្នង់ ផ្ចឹក ត្រូវ​បាន​គេ​កាប់​គរ​ជា​គំនរ ដែល​ឈើ​ខ្លះ​ត្រូវ​បាន​គេ​អារ​ច្រៀក​រួច​ហើយ ខ្លះ​នៅ​ទាំង​មូល​ព្រម​ទាំង​មាន​ម៉ាស៊ីន​ស្ទូច ដើម្បី​ស្ទូច​យក​ទៅ​ដាក់​នៅ​ក្នុង​រថយន្ត​យ៉ីឌុប​ដែល​បាន​ដឹក​ចេញ​ពី​ឃុំ រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ របស់​ក្រុមហ៊ុន លោក​ឧកញ៉ា​ទ្រី ភាព និង​ក្រុមហ៊ុន CRCK ដឹក​តាម​ផ្លូវ​លំ ចូល​តាម​ឃុំ​ដង​កាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដែល​ជា​ចំណុច​ស្តុក​ឈើ​ហ៊ុប​មូល​និង​ជា​កន្លែង​រោង​ម៉ាស៊ីន​អារ​ឈើ ដែល​ធ្វើ​អាជីវកម្ម​ទាំង​ក្នុង​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន​យ៉ាង​ច្រើន​សម្បើម។
លោក ឈឹម សាវុធ អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​បាន​ថ្លែង​ថា ឈើ​មូល​គ្រប់​ប្រភេទ​រាប់​ម៉ឺន​ដើម​ទាំង​កាប់​ចាស់​និង​កាប់​ថ្មីៗ ត្រូវ​បាន​ស្តុក​ទុក​នៅ​ក្នុង​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន CRCK នៅ​ក្នុង​ឃុំ​ដង​កាំបិត ឃុំ​មាន​រិទ្ធ និង​កន្លែង​ស្តុក​ឈើ​ទី​ពីរ នៅ​ចំណុច​ក្បាល​អូរ​ក្រសាំង ដែល​មាន​ចម្ងាយ​ប្រមាណ​១៦ គីឡូម៉ែត្រ ពី​ទី​តាំង​ទី១ ហើយ​កម្មករ​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ បាន​អះ​អាង​ថា​ឈើ​ដ៏​ច្រើន​សម្បើម​ទាំង​នេះ បាន​ដឹក​ចេញ​ពី​ព្រៃឡង់ តាម​ផ្លូវ​ចំនួន​៣​ខ្សែ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «​ព្រៃឡង់​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​យ៉ាង​រង្គាល​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​វៀតណាម CRCK »។
លោក សាវុធ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​មាន​ពីរ​ក្រុម​គឺ​រថយន្ត​យីឌុប​កង់​១៦ និង​កង់​១៨ ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣០ ទៅ​៥០តោន ហើយ​ក្នុង ១ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ពី​១៥​ទៅ​២០ គ្រឿង បាន​បើក​ចូល​ទៅ​ដឹក​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​ដឹក​ចេញ​តាម​ច្រក​ទំរីង ឡើង​ទៅ​ផ្លូវ​ជាតិ ចេញ​តាម​កំពង់​ថ្ម រួច​ដឹក​បន្ត​កាត់​ខេត្ត​កំពង់ចាម​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​។ លោក​បញ្ជាក់​ថា​៖ «​ចំពោះ​ក្រុមហ៊ុន​ទី្រ ភាព វិញ​គឺ​ឲ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​ស្រុក​ជ័យ​សែន ស្រុក​រវៀង ដោយ​ដឹក​តាម​គោ​យន្ត​ក្នុង​មួយ​ថ្ងៃៗ​មាន​ពី​២០​ទៅ​៣០ គោយន្ត គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មក​ចាប់​នោះ​ទេ​។ ខ្ញុំ​សោក​ស្តាយ​ព្រៃ​ឈើ​រក​ពាក្យ​អ្វី​មក​ថ្លែង​មិន​បាន​នោះ​ទេ»។
លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​នៅ​ព្រៃឡង់​សព្វ​ថ្ងៃ​នេះ គឺ​កំពុង​តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​សារ​តែ​ក្រុមហ៊ុន CRCK របស់​វៀតណាម បាន​កាប់​បំផ្លាញ​ឈើ​ស្ទើរ​តែ​អស់​ទៅ​ហើយ​ដែល​យ៉ាង​យូរ​បំផុត ៣ ឆ្នាំ​ទៀត​ព្រៃឡង់ នឹង​ក្លាយ​ទៅ​ជា​វាល​ឡង់​ហើយ ប្រសិន​បើ​អាជ្ញាធរ​និង​រដ្ឋាភិបាល នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ចាត់​វិធានការ​ទប់​ស្កាត់​ទេ​នោះ។
លោក​បាន​ថ្លែង​ថា​៖«ពួក​យើង​សហគមន៍​បាន​ត្រឹម​តែ​ដើរ​ល្បាត​តែ​នៅ​ពេល​ដែល​យើង​ត្រឡប់​មក​វិញ​គេ​នៅ​តែ​កាប់​ដដែល​យើង​មិន​អាច​ទប់​ស្កាត់​ពួក​គេ​បាន​នោះ​ទេ​»។
ក្រុមហ៊ុន​ដាំ​កៅស៊ូ វៀតណាម CRCK បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១០ លើ​ផ្ទៃ​ដី​ចំនួន ៦១៥៥ ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​សណ្តាន់​។ រីឯ​ក្រុមហ៊ុន ទី្រ ភាព អ៊ីមផត​អ៊ិចផត បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក្នុង​ខែ ឧសភា ឆ្នាំ ២០១១ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ ស្ថិត​នៅ​ក្នុង​ស្រុក​រវៀង លើ​ផ្ទៃ​សរុប​ចំនួន ៩៩១៦ ហិកតា។ បើ​តាម​ប្រជា​សហគមន៍​ទី​តាំង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​ជា​ព្រៃ​ស្រោង។
លោក NGUYEN DUY LINH ប្រធាន​ក្រុមហ៊ុន CRCK និង​លោក ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទាក់​ទង សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក ឆេង គឹម ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ។
ប៉ុន្តែ លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ​បាន​ការពារ​ក្រុមហ៊ុន​វៀតណាម​ដោយ​ថ្លែង​ថា ក្រុមហ៊ុន​របស់​វៀតណាម ស៊ី.អ.ស៊ី.ខេ ពុំ​មែន​ជា​អ្នក​ប្រមូល​ឈើ​ដោយ​ផ្ទាល់​ទេ អ្នក​ដែល​កាប់​ឈើ គឺជា​ក្រុមហ៊ុន​របស់​ខ្មែរ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​វៀតណាម​ឡើយ។ លោក​បាន​ថ្លែង​ថា​៖«ក្រុមហ៊ុន​របស់​វៀតណាម គេ​យក​តែ​ដី​ទេ គឺ​មាន​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក គេ​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋ ដើម្បី​កាប់​ឈើ​មុន​នឹង​ក្រុមហ៊ុន​ចាប់​ផ្តើម​ដាំ​កៅស៊ូ ហើយ​ក្រុមហ៊ុន​នោះ​ក៏​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ»៕ ប្រភពពី http://postkhmer.com/index.php/national/1-national-news/98431-2013-05-28-03-32-13

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន