Wednesday, May 8, 2013

កម្ពុជា​ចុះឈ្មោះ​គុនល្បុកតោ​ចូល​បញ្ជី​បេតិភណ្ឌអរូបិយ​របស់​មនុស្សលោក

0 comments
កម្ពុជា​បាន​បញ្ជូន​សំណុំឯកសារ​ចុះ​ឈ្មោះ​ក្បាច់គុនល្បុកតោ​ទៅ​ស្ថាប័ន​ បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការយូណេស្កូ​ហើយ ដើម្បី​ស្នើ​ចុះឈ្មោះ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ចូល​ក្នុង​បញ្ជី​ បេតិកភណ្ឌ​អរូបិយ​របស់​មនុស្សជាតិ។ ព័ត៌មាន​នេះ​ត្រូវបាន​អះអាងដោយ​លោក​វ៉ាត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។ ថ្នាក់​ដឹកនាំ​របស់​កីឡា​កម្ពុជា​រូបនេះ​បន្ត​ថា កម្ពុជា​នៅ​រង់ចាំ​ការ​ឆ្លើយតប​ពី​គណៈកម្មាធិការ​បេតិភណ្ឌ​ដែល​នឹង​ប្រាប់​ មក​កម្ពុជាវិញ​អំពី​ការ​ខ្វះខាត ឬ​ភាព​ពេញលេញ​នៃ​សំណុំឯកសារ។ កម្ពុជា​បាន​បញ្ជូន​សំណើរ​សុំ​ចុះ​ឈ្មោះ​ក្បាច់គុន​ល្បុកតោ​ខ្មែរ​ទៅ​ អង្គការ​យូណេស្កូ​ហើយ​កាល​ពីពេល​មុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​ចុះឈ្មោះ​ក្បាច់គុន​ខ្មែរ​ចំណាស់ជាង​២០០០​ឆ្នាំ​នេះ​ចូលទៅក្នុង​ បញ្ជី​បេតិកភណ្ឌ​អរូបិយ​របស់​អង្គការ​យូណេស្កូ។ នេះ​បើ​តាម​ការ​អះអាង​របស់​​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក ​កម្ពុជា លោក​វ៉ាត់ ចំរើន។ លោក​វ៉ាត់ ចំរើន​បាន​បន្ត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ក្នុងអំឡុង​ពេល​៣​ខែ គណៈកម្មការ​ជំនាញ​របស់​អង្គការ​យូណេស្កូ​នឹង​ឆ្លើយ​តប​ចំពោះ​សំណើរ​សុំ​ចុះ​ ឈ្មោះ​នេះ។ គួរ​បញ្ជាក់ថា កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៃ​ គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោកនៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។

បើតាម ​ការ​ពន្យល់​របស់​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រសិន​បើ​ក្បាច់គុន​ល្បុកតោ​នឹង​ត្រូវ​ទទួល​ស្គាល់​ជា​សម្បត្តិបេតិកភណ្ឌ​ អរូបិយ​របស់​ពិភពលោក​មែន នោះ​កម្ពុជា​នឹង​រឹត​តែ​មាន​លទ្ធភាព​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរមួយ​នេះ។ សម្រាប់​លោក​សាន គឹមសៀន​ដែល​ជា​ប្រធាន​បណ្ឌិត​សភា​ល្បុកតោ​កម្ពុជា លោក​បាន​ហ៊ាន​អះអាង​ទៀត​ថា ប្រសិន​បើ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ទទួលចុះ​ឈ្មោះ​ល្បុកតោ​ចូល​ទៅ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មែន​នោះ​ ល្បុកតោ​នឹង​មាន​ជីវិត​អមតៈ​ទាំង​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស។

លោក ​សាន គឹមសៀន​ដែល​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​ល្បុកតោ​កម្ពុជា​ក៏​បាន​ចូលរួម​ ក្នុង​ការ​ចងក្រង​ឯកសារ​ដើម្បី​ផ្ញើ​ទៅ​អង្គការ​យូណេស្កូ​ដែរ។ ល្បុកតោ​បាន​លេច​រូបរាង​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០០១​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តួចផ្តើម​បង្កើត​សហព័ន្ធ​ល្បុកតោ។ បន្ទាប់​មក ក្លឹប​ហាត់​គុនល្បុក​តោ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​តាម​ បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​វ៉ាត់ ចំរើន​បាន​ថ្លែង​អោយ​ដឹង​ថា សព្វថ្ងៃ​នេះ មាន​អ្នក​ចេះ​ និង​អ្នកហាត់​គុន​ល្បុកតោ​នេះ​ប្រមាណ​១៧០​នាក់​នៅ​ទូទាំង​ប្រទេស។ ក្នុង​ចំណោម​នោះ​មាន​គ្រូ​ធំ​ប្រមាណ​២០​នាក់។ ក្រៅពី​ល្បុកតោ កម្ពុជា​មាន​គម្រោង​ស្នើ​ចុះ​ឈ្មោះ​ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើនទៀត​ចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ឧទាហរណ៍​ប្រសាទ​សម្បូរព្រៃគុហ៍​៕ ប្រភព៖ RFI

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន