Wednesday, May 8, 2013

កម្ពុជា​គ្រោង​បណ្ដេញ​ជន​សង្ស័យ​ចាប់​ជំរិត​ឆ្លង​ដែន​ជិត​៥០​នាក់

0 comments
កាល​ពី​ចុង​ខែ​មេសា សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ជន​សង្ស័យ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់ សរុប​ជិត ៥០​នាក់ ក្នុង​ករណី​ចាប់​ជំរិត​ឆ្លង​ដែន។ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​៧ ឧសភា បញ្ជាក់​ថា លោក​គ្រោង​នឹង​ចុះ​ហត្ថលេខា​បញ្ជូន​ជនសង្ស័យ​ចាប់​ជំរិត​ឆ្លង​ដែន​ទាំង​អស់​ ទៅ​កាន់​ប្រទេស​ចិន វិញ។ លោក​បន្ត​ថា កម្ពុជា​មិន​អាច​ផ្ដន្ទាទោស​ជន​សង្ស័យ​ជនជាតិ​ចិន និង​តៃវ៉ាន់ ក្នុង​ប្រទេស​បាន​ទេ ដោយសារ​ថា បើ​សិន​ជា​ពួក​គេ​ជាប់​ទោស​ក្នុង​ប្រទេស នោះ​រដ្ឋ​ត្រូវ​ចិញ្ចឹម​ពួកគេ​នៅ​ក្នុង​គុក​ស្រុក​ខ្មែរ ម្យ៉ាង​ទៀត ពន្ធនាគារ​នៅ​ក្នុង​ស្រុក​ក៏​ចង្អៀត​ស្រាប់​ទៅ​ហើយ។

លោក ស ខេង៖ «ខ្ញុំ​គិត​ថា មិន​យូរ​ទេ ព្រោះ​ថា យើង​ទុក​មិន​ដឹង​មាន​កន្លែង​ណា​ទុក ហើយ​ត្រូវ​ចំណាយ​ថវិកា​ដើម្បី​ថែទាំ​ទៀត ដូច្នេះ​វិធានការ​មួយ គឺ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បណ្ដេញ​ចេញ។ បើ​យើង​ត្រូវ​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​កម្ពុជា នោះ​យើង​ត្រូវ​ការ​សិក្សា​ស្រាវជ្រាវ»។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជន​បរទេស​យក​ប្រទេស​កម្ពុជា ជា​គោលដៅ​សម្រាប់​សំចត​ប្រព្រឹត្ត​បទល្មើស ដូចជា​ចាប់​ជំរិត​ឆ្លង​ដែន ទីតាំង​ផលិត​គ្រឿង​ញៀន ជាដើម។

លោក​បញ្ជាក់​ថា ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ ប្រសិទ្ធភាព​បំផុត ពិសេស​លើ​ជន​ជាតិ​ចិន និង វៀតណាម៖ «ឧក្រិដ្ឋជន​នៅ​ស្រុក​ខ្មែរ​ចេះ​តែ​កើន​ឡើង​នោះ គឺ​ដោយសារ​តែ​ក្រសួង និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ហើយ​ជា​ពិសេស​វប្បធម៌​គ្មាន​ទោសពៃរ៍​ដែល​បណ្ដាល​មក​ពី​កាត់​សេចក្ដី​មិន​ ត្រឹមត្រូវ ក៏​ដូច​ជា​យន្តការ​ត្រួត​ពិនិត្យ​បទឧក្រិដ្ឋ​មិន​មាន​ប្រសិទ្ធភាព។ ក្នុង​ប្រទេស​ខ្មែរ ជនអន្តោប្រវេសន៍​យួន ចូល​ស្រុក​ខ្មែរ​រាប់​លាន​នាក់​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​មិន​មាន​វិធានការ​អ្វី​ទាំង​អស់ វា​គ្រោះថ្នាក់​ដល់​ប្រទេស​យើង យើង​មិន​ប្រកាន់​ពូជ​សាសន៍​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក ស ខេង ឆ្លើយ​បំភ្លឺ​ថា ជនបរទេស​ជ្រើស​យក​កម្ពុជា ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស មិន​មែន​មក​ពី​កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ធូរ​រលុង​នោះ​ទេ។ ជនបរទេស​ទាំង​នោះ​ចូល​មក​កម្ពុជា ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ទេសចរណ៍​ប៉ុណ្ណោះ។

របាយការណ៍​ក្រសួង​ មហាផ្ទៃ ឲ្យ​ដឹង​ថា រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​កម្ពុជា បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន ទៅ​ប្រទេស​ចិន​វិញ ក្នុង​ករណី​ជំរិត​ឆ្លង​ដែន​នេះ ជាង ១​ពាន់​នាក់​ទៅ​ហើយ។ ជន​ជាតិ​ចិន ទាំង​នោះ ភាគ​ច្រើន​មក​កម្ពុជា ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ និង​ច្រើន​តែ​រស់​នៅ​ជួល​ផ្ទះ​ប្រមូល​ម្តុំ នៅ​រាជធានី​ភ្នំពេញ។

អាជ្ញាធរ ​ប៉ូលិស​ចារកម្ម កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា បាន​ឃាត់​ជនជាតិ​តៃវ៉ាន់​ចំនួន ៣៣​នាក់ នៅ​ខណ្ឌ​ទួលគោក ក្នុង​សំណុំ​រឿង​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ មេសា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ព័ត៌មាន និង​សន្តិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន ចំនួន ២៦​នាក់ នៅ​ខេត្ត​កំពង់ចាម ក្នុង​ករណី​លួច​ប្រព័ន្ធ​ទូរគមនាគមន៍។ អាជ្ញាធរ​បញ្ជាក់​ថា សព្វថ្ងៃ​នៅ​មាន​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​នេះ​មួយ​ចំនួន​ទៀត ដែល​សមត្ថកិច្ច​កំពុង​តែ​តាម​ដាន៕ ប្រភព៖ RFA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន