Monday, May 13, 2013
ឈិន សុធារី ស្រែករកយុត្តិធម៌ចំពោះការចោទប្រកាន់
ភ្នំពេញៈតារាចម្រៀងតូចច្រឡឹងនាង ឈិន សុធារី បានជួបនូវជម្លោះប្រទូសរាយគ្នាដ៏ភ្ញាក់ផ្អើលនិងគួរឲ្យភ័យខ្លាច មួយកាលពីរាត្រីថ្ងៃទី៩ ឧសភា ដោយភាគីម្ខាងបានចោទ ឈិន សុធារី ថា មានការប្រើកាំភ្លើងគំរាមពួកគេទៀតផង ប៉ុន្តែឈិន សុធារី បានចាត់ទុកថានោះជារឿងអយុត្តិធម៌សម្រាប់រូបនាង តែនាងបានបញ្ជាក់ថា នាងសុខចិត្តបញ្ចប់រឿងនោះដោយគ្មានការប្តឹងប្តល់ ដោយនាងបានចាត់ទុកថាជារឿងស៊យសម្រាប់រូបនាងទៅចុះ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០និង១៥ នាទីយប់ថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៣នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្ដុបពេទ្យចិន) តាមបណ្ដោយផ្លូវព្រះសីហនុកែងផ្លូវព្រះមុនីវង្ស បន្ទាប់ពីអតីតពិធីការិនីប៉ុស្តិ៍លេខ៥ នាង ឈិន សុធារី បានផ្ទុះឈ្លោះគ្នាជាមួយនឹងស្ដ្រីនិងបុរសជាប្តីប្រពន្ធដោយ គ្រាន់តែរឿងចូលបន្ទប់ទឹកនៅការ៉ាស់សាំងនោះ។ភាគីម្ខាងបានចោទ ឈិន សុធារី ថាបានហៅបក្ខពួកឲ្យយកកាំភ្លើងខ្លីមកភ្ជង់គំរាមខ្លួនចំណែកឯនាង ឈិន សុធារី បានបដិសេធ ហើយបានចោទភាគីម្ខាងនោះវិញថា បានប្រើហិង្សាលើរូបនាង។
ឈិន សុធារី បាននិយាយថា៖«និយាយទៅខ្ញុំមិនចង់និយាយរំឭកទៀតទេ ខ្ញុំគ្រាន់តែចង់ប្រាប់ថា វាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ ត្រូវគេជេរប្រមាថហើយ គេចោទថា យើងមានកាំភ្លើង និងបក្ខពួកមកគំរាមគេទៀត តែនៅក្នុងហេតុការណ៍ហ្នឹង ខ្ញុំទេដែលជាជនរងគ្រោះ គេមានបក្ខពួកពីរម៉ូតូ គេគប់ខ្ញុំនឹងដបទឹកសុទ្ធ ខ្ញុំគេចឲ្យតែរួចខ្លួនទេ តែបែរជាគេថា ខ្ញុំអ្នកគំរាមគេ»។
នាងបានបន្តថា៖«នៅពេលពួកគេរករឿងប្អូនខ្ញុំហ្នឹង ខ្ញុំចូលទៅជួយ គេបានវាយ និងគប់ពួកខ្ញុំទាំងពីរ ហើយនៅពេលនោះមានបុរសម្នាក់ ខ្ញុំអត់ស្គាល់ទេ គាត់បានចេញមកស្រែកកំឡាជួយ ព្រោះឃើញពួកអ្នកជិះម៉ូតូមានគ្នាច្រើន ហើយបង្កបញ្ហា តែនៅពេលក្រោយមកគាត់ក៏ចេញបាត់ទៅហើយអ្នកមានជម្លោះជាមួយខ្ញុំ នោះ និយាយរៀបរាប់ប្រាប់គេឯងនិងសមត្ថកិច្ចថា ខ្ញុំមានកាំភ្លើងមានបក្ខពួកជួយ»។
ជម្លោះនោះក៏ត្រូវបានដោះស្រាយភ្លាមៗដែរ ដោយខាងសមត្ថកិច្ចបានហៅភាគីទាំងពីរទៅដោះស្រាយ។ ឈិន សុធារី បាននិយាយថា៖«រឿងនេះចប់យូរហើយ គឺភាគីម្ខាងនោះគេបាននិយាយសុំទោសខ្ញុំ ដោយគេប្រាប់ថា ប្រពន្ធរបស់គេស្រវឹងព្រោះគេខ្លាចខ្ញុំប្តឹង តែខ្ញុំក៏មិនបានប្តឹងអីដែរ។ ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយ អ៊ីចឹងហើយគិតថា នោះជារឿងស៊យរបស់ខ្ញុំទៅចុះ»។
គួរបញ្ជាក់ថា ឈិន សុធារី មានឈ្មោះដើម ឈិន ច័ន្ទសុធារី នាងធ្លាប់ជាសិស្សរៀននៅសាលាបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យបាក់ទូក កាលពីនាងនៅរៀនថ្នាក់ចំណេះទូទៅ។ នាងបានបញ្ចប់ថ្នាក់បាក់ឌុប កាលពីឆ្នាំ២០០១ ហើយបានចូលរៀនកម្រិតមហាវិទ្យាល័យផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង(NUM)។ ប៉ុន្តែដោយសារនៅក្នុងអំឡុងពេលនោះនាងមមាញឹកខ្លាំងផ្នែកសិល្បៈ នាងក៏រៀនបានត្រឹមតែឆ្នាំទី២ក៏សម្រេចព្យួរការសិក្សារហូតដល់ បច្ចុប្បន្ន។.បើនិយាយពីការហក់ចូលវិស័យសិល្បៈវិញ នៅក្នុងអំឡុងពេលនោះដោយសម្អាងលើកេរ្តិ៍ឈ្មោះរបស់លោក ឈិន កុសល ជាបងប្រុសបង្កើតរបស់នាង ដែលជាតារាចម្រៀងល្បីល្បាញឈរលំដាប់កាលពីអំឡុង១៩៩៦ ទើបនាងឈិន សុធារី បានក្លាយជាតារាសិល្បៈ ដោយមិនបាច់ឆ្លងកាត់ការប្រឡង ចាប់តាំងពីចុងឆ្នាំ១៩៩៩។ តារារូបនេះធ្លាប់និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា៖«និយាយរួម ទៅខ្ញុំមិនសូវចូលចិត្តច្រៀងទេ ប៉ុន្តែដោយសារខ្ញុំចង់ប្រឡូកសិល្បៈ ទើបបងកុសល ជ្រោមជ្រែង ឲ្យខ្ញុំបានឡើងប៉ុស្តិ៍ លើកដំបូងកាលពីឆ្នាំ១៩៩៩!»។
ក្នុងរយៈពេលមួយដ៏ខ្លី នៅក្នុងឆ្នាំ២០០០ តារាស្រីរូបនេះ ស្រាប់តែមានអ្នករៀបចំកម្មវិធីហៅឡើងឆាក ស្ទើរគ្រប់ប៉ុស្តិ៍ទូរទស្សន៍ ហើយធ្វើឲ្យមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់នាង មានអ្នកទទួលស្គាល់ទូទាំងប្រទេស។ ស្របពេលដែលនាងមានរូបសម្រស់ស្រស់ស្អាត និងមានរាងតូចច្រឡឹងគួរឲ្យទាក់ទាញនិងក្នក់ក្នាញ់ផងនោះ ទើបនាងត្រូវបានម្ចាស់ផលិតកម្មក្រៅស្រុក កាន់តែច្រើនហៅឲ្យសម្ដែងក្នុងឈុតខារ៉ាអូខេ និងថតMTV ហើយបានឈរជើងជាតារាសម្ដែងម្នាក់បន្ថែមពីលើឱកាសបានឡើងច្រៀង។ ក្នុងឆ្នាំ២០០២ នាងត្រូវបានទូរទស្សន៍ប៉ុស្តិ៍លេខ៥ ផ្ដល់ឱកាសឲ្យធ្វើជាពិធីការិនីកម្មវិធី «Top Teen Concert» ជាមួយលោកលាន អាព្រិលគីនីន ជំនួសនាងស្រីតូចចំណាន។
ជាមួយនឹងភាពល្បីល្បាញ នាងក៏បានឡើងកូដដល់កប់ពពកហើយទទួលបានឱកាសក្លាយជាតួឯកក្នុង ភាពយន្តខ្នាតធំជាច្រើនផងដែរ ដូចជារឿង «ផ្កាដុះលើថ្ម» «ជ័យនាងគ្រត» «ខ្មោចព្យាបាទ» «នៅកំលោះដល់ណាខ្ញុំ» «ទឹកចិត្តម្ដាយ» និងរឿង «មមាចប្រឡែងភ្លើង»ជាដើម។
ប៉ុន្តែខណៈដែលកំពុងល្បីនាងក៏ប្រកាសឈប់ពីសិល្បៈ ដោយសារនាងមានគម្រោងបង្កើតគ្រួសារដ៏មានសុភមង្គលមួយ តែមកទល់នឹងពេលនេះ នាងនៅតែរស់នៅក្រៅរង្វង់អាពាហ៍ពិពាហ៍ដដែល។ នៅមុនពេលលាឈប់ពីសិល្បៈ នៅឆ្នាំ២០១០ នាងបានហក់មកកាន់កម្មវិធី «តារាមាសតន្ត្រី» ដែលផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍ ដែលកម្មវិធីនេះ ឈិន សុធារី បាននិយាយថា ជាកម្មវិធីដែលធ្វើឲ្យរូបនាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាង ពេលណាទាំងអស់៕ ប្រភពពី postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment