ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី
បានអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Prasad
Subedi) ជួបពិភាក្សាការងារនៅថ្ងៃទី២១ ខែឧសភា។
ការជួបពិភាក្សានេះ
ធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សប្រឆាំងបានដាក់ញត្តិជូនលោក
ស៊ូប៊ែឌី ទាមទារឲ្យលោកជួយដាក់សម្ពាធដល់ គ.ជ.ប
កែទម្រង់សមាសភាពក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប
និងសុំឲ្យអនុវត្តតាមអនុសាសន៍សង្គមស៊ីវិល។
តើលោក ស៊ូប៊ែឌី មានឥទ្ធិពលអាចជំរុញឲ្យ គ.ជ.ប ធ្វើកំណែទម្រង់បានដែរឬទេ?
មន្ត្រី
ជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា លោក
សុរិយា ស៊ូប៊ែឌី មិនមានឥទ្ធិពល ឬអាចដាក់សម្ពាធមកលើ គ.ជ.ប
ឲ្យអនុវត្តនូវអ្វីដែលជាការទាមទាររបស់អង្គការសង្គមស៊ីវិល
និងគណបក្សប្រឆាំងបានឡើយ។
គណបក្សប្រឆាំង និងពលរដ្ឋជាង
៥ពាន់នាក់ បានដាក់លិខិតជូនលោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃទី២០
ខែឧសភា។ ញត្តិនោះបានស្នើឲ្យលោក ស៊ូប៊ែឌី ជួយជំរុញឲ្យ គ.ជ.ប
សើរើឡើងវិញនូវបញ្ជីអ្នកបោះឆ្នោតដែលមានភាពមិនប្រក្រតីតាមការរក
ឃើញរបស់អង្គការ អ៊ីន.ឌី.អាយ (NDI) របស់សហរដ្ឋអាមេរិក
និងរបស់អង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក ខុមហ្វ្រែល
(Comfrel)។ ញត្តិក៏បានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ វិលត្រឡប់មកចូលរួមការបោះឆ្នោត
ស្នើឲ្យរដ្ឋាភិបាល និងគណបក្សកាន់អំណាច បញ្ឈប់ការប្រើប្រាស់តួនាទី
និងមធ្យោបាយផ្សព្វផ្សាយរបស់រដ្ឋ
ដើម្បីវាយប្រហារលើគណបក្សប្រជែងជាដើម។
អគ្គលេខាធិការ គ.ជ.ប លោក
ទេព នីថា ពន្យល់ថា ការស្នើសុំនោះមិនមានអ្វីប្លែកនោះទេ។
លោកបញ្ជាក់ថា គ.ជ.ប នៅតែបន្តជំហរអនុវត្តតាមច្បាប់ដដែល
ហើយថាគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មិនអាចយកសម្ពាធពីលោក
ស៊ូប៊ែឌី មកដាក់ឲ្យ គ.ជ.ប អនុវត្តនូវអ្វីដែលពួកគេចង់បានឡើយ៖
«ខ្ញុំគ្រាន់តែរំលឹកឡើងវិញ គ.ជ.ប
នៅតែរក្សាជំហររបស់ខ្លួនដដែលក្នុងការអនុវត្តតាមច្បាប់។
អ្វីដែលដាក់បន្ទុក ឬដាក់សម្ពាធមកលើ គ.ជ.ប ដែលមិនមែនជាសមត្ថកិច្ច
គ.ជ.ប គឺ គ.ជ.ប មិនអាចធ្វើបានទេ ព្រោះត្រូវអនុវត្តតាមច្បាប់»។
ការ
ប្រកាន់ជំហរនឹងរបស់ គ.ជ.ប
ក្នុងកាលៈទេសៈជិតបោះឆ្នោតនោះត្រូវបាននាយកប្រតិបត្តិគណៈកម្មាធិការ
អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី
និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ថា
ការចាប់ផ្ដើមប្រកួតប្រជែង ផ្ដើមដោយការមិនទុកចិត្តគ្នារវាង គ.ជ.ប
ជាមួយគណបក្សនយោបាយមុនការបោះឆ្នោត
នាំឲ្យមានការច្រានចោលនូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។
មួយវិញទៀត ម្ចាស់ឆ្នោតអាចនឹងបាត់ជំនឿទៅលើ គ.ជ.ប
និងអាចលះបង់សិទ្ធិទៅបោះឆ្នោតបាន៖ «អ្វីដែលបារម្ភនោះត្រង់ថា
ការចាប់ផ្ដើមប្រកួតប្រជែងនោះ
ផ្ដើមចេញពីការមិនទុកចិត្តគ្នាទៅហើយ
អ៊ីចឹងការប្រកាសលទ្ធផលអាចនឹងប្រកាសថាមិនទទួលយក
ឬគ្មានន័យស្អីសម្រាប់អ្នកចូលរួមការបោះឆ្នោតនេះ
ក៏អាចធ្វើឲ្យសភាពការណ៍តានតឹងអាចនឹងកើតមានឡើង»។
មិនខុស
គ្នាដែរ អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត មានមតិថា
លទ្ធផលបោះឆ្នោតនាពេលខាងមុខអាចនិយាយបានថា
នឹងមានការបដិសេធមិនទទួលស្គាល់
បើទោះបីជាគណបក្សណាមួយជាអ្នកឈ្នះក៏ដោយ។ អ្នកស្រីបញ្ជាក់ថា លោក
ស៊ូប៊ែឌី មានឱកាសជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងបេសកកម្មលើកនេះ
ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដែលជាបញ្ជាការរបស់ គ.ជ.ប
ឲ្យធ្វើការផ្លាស់ប្ដូរ និងកែទម្រង់ គ.ជ.ប
តាមការទទូចសុំពីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង៖
«យើងអាចទាយដឹងថា នឹងគ្មានការទទួលស្គាល់ទៅហើយនរណាឈ្នះក៏ដោយ
នរណាចាញ់ក៏ដោយ។ ប៉ុន្តែ អ្នកបញ្ជាលើបញ្ជាការនោះ គឺនាយករដ្ឋមន្ត្រី
មិនមែន គ.ជ.ប ហ្នឹងអាចដោះដូរបានស្រេចតែចិត្ត។ ត្រង់ថា
កែមិនកែស្អីនៅលើប្រមុខរដ្ឋាភិបាល មិនមែននៅត្រឹម គ.ជ.ប ទេ»។
ទោះ
យ៉ាងណា មន្ត្រី គ.ជ.ប លោក ទេព នីថា បញ្ជាក់ថា
ការទស្សន៍ទាយលទ្ធផលទុកមុន
និងការប៉ាន់ថាលទ្ធផលបោះឆ្នោតនោះអាចនឹងត្រូវបដិសេធមិនទទួល
ស្គាល់ផ្លូវការនោះ គ្រាន់ជាទស្សនៈបែបនយោបាយប៉ុណ្ណោះ។ លោកពន្យល់ថា
គណបក្សទាំងអស់ដែលបានឈរឈ្មោះចូលប្រកួតប្រជែងការបោះឆ្នោតសកលនាខែ
កក្កដា ខាងមុខ បានចុះកិច្ចសន្យាជាមុនជាមួយ គ.ជ.ប
ថានឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនៅពេលដែលការបោះឆ្នោតប្រព្រឹត្ត
ទៅសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ម្យ៉ាង
ការបដិសេធលទ្ធផលបោះឆ្នោតនោះសោត
ក៏មិនអាចស្ទះដំណើរការបង្កើតរដ្ឋាភិបាលថ្មីនោះដែរ
ប្រសិនបើគណបក្សណាមួយរកសំឡេងអាសនៈសភាបានលើសពី ៥០ បូក ១ នោះ។
អ្នក
សិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី យល់ថា ការដែលរដ្ឋាភិបាល និង
គ.ជ.ប មិនទទួលនូវការស្នើសុំរបស់លោក ស៊ូប៊ែឌី ជាការខាតបង់
និងធ្វើឲ្យកម្ពុជា
ស្ថិតនៅឯកោពីប្រទេសដែលមានលិខិតបទដ្ឋានក្នុងតំបន់ និងអន្តរជាតិ។
លោក កែម ឡី ពន្យល់ថា
អង្គការសហប្រជាជាតិមានតួនាទីសំខាន់ក្នុងការតាមដាន
និងត្រួតពិនិត្យអនុវត្តកិច្ចការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
និងការបោះឆ្នោតជាដើម។
លោក កែម ឡី៖ «វាមិនជាបញ្ហាទេ
ប្រទេសយើងមានឯករាជ្យភាព
ប៉ុន្តែតម្លៃរបស់វាយើងចង់បានតម្លៃឲ្យប្រទេសយើងខិតមកប្រទេសឯកោ
ឬក៏តម្លៃរបស់យើងស្ថិតក្នុងប្រទេសគោរពនូវលិខិតបទដ្ឋានគតិយុត្តិ
ជាលក្ខណៈតំបន់ ឬលក្ខណៈអន្តរជាតិ។ ឧទាហរណ៍
ដូចជាយើងព្រមយកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
យើងត្រូវតែគោរពអនុសាសន៍របស់គេ បើទោះបីជាអនុសាសន៍នោះល្អ
ឬមិនល្អក៏ដោយ ក៏យើងយកមកសិក្សា ហើយត្រូវយកមកកែប្រែ»។
ដំណើរ
បេសកកម្មលើកទី៩ រយៈពេល ១សប្ដាហ៍នៅកម្ពុជា
របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី
នឹងស្វែងយល់ពីភាពរីកចម្រើនក្នុងការអនុវត្តអនុសាសន៍ទាំងឡាយ
ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ កំណែទម្រង់សភា កំណែប្រព័ន្ធបោះឆ្នោត
និងសម្បទានដីសេដ្ឋកិច្ច
ដែលលោកបានធ្វើបន្ទាប់ពីបេសកកម្មកាលពីខែធ្នូ ឆ្នាំ២០១២។
បេសកកម្មរបស់លោកលើកនេះ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង
រំពឹងទុកថា
នឹងអាចជួយបង្កើនបរិយាកាសងាយស្រួលសម្រាប់ការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នាខែកក្កដា ខាងមុខ។
អង្គការឃ្លាំមើលការ
បោះឆ្នោតនៅកម្ពុជា យល់ថា បើទោះជា គ.ជ.ប
មិនអនុវត្តតាមអនុសាសន៍របស់អង្គការសង្គមស៊ីវិល ឬអនុសាសន៍របស់លោក
សុរិយា ស៊ូប៊ែឌី ក៏ដោយ ក៏ចំណុចមួយដែល គ.ជ.ប
អាចធ្វើទៅបានដើម្បីឲ្យមានការសុខចិត្តទាំងអស់គ្នានោះ
គឺការបង្កើតនូវគណៈកម្មការជ្រើសរើសគណៈកម្មការឃុំសង្កាត់រៀបចំការ
បោះឆ្នោត និងមន្ត្រីការិយាល័យរៀបចំការបោះឆ្នោត។
ការបង្កើតគណៈកម្មការជ្រើសរើសនោះ អាចធ្វើទាន់ពេលវេលា
និងមិនខុសច្បាប់នោះទេ។ ម្យ៉ាង
អាចលាងជម្រះការចោទប្រកាន់មួយចំនួនដែលលើកឡើងថា គ.ជ.ប
តែងជ្រើសរើសមន្ត្រីបោះឆ្នោតតែបក្ខពួករបស់ខ្លួន
និងនាំឲ្យខ្វះទំនុកចិត្តពីគណបក្សដទៃ
ចំពោះការជឿជាក់ថាមន្ត្រីទាំងនោះអាចអនុវត្តន៍ជាអាជ្ញាកណ្ដាល
ក្នុងការបោះឆ្នោតបានដែរ ឬយ៉ាងណា៕ ប្រភព៖ RFA
Wednesday, May 22, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment