ភ្នំពេញៈគណបក្សសង្គ្រោះជាតិ
ដែលបានហៅការវាយប្រហារផ្ទួនៗឥតឈប់ឈរ របស់គណបក្សប្រជាជន ថាជា
«ល្បិចកលថោកទាប» ហើយបក្សនេះបានធ្វើការអំពាវនាវឲ្យរដ្ឋសភា
ធ្វើច្បាប់ថ្មីប្រឆាំងទៅនឹងជនណាក៏ដោយ
ដែលនិយាយថា«នឹងមានសង្គ្រាមប្រសិនបើខ្លួនចាញ់ឆ្នោត»និងត្រូវចែង
កំណត់ក្នុងច្បាប់
ដោយធ្វើការហាមឃាត់ជនណាក៏ដោយដែលធ្លាប់មានបាតដៃប្រឡាក់ឈាម
នៅក្នុងរបបខ្មែរក្រហមកុំឲ្យកាន់តំណែងកំពូលរបស់រដ្ឋ។
ការអំពាវនាវរបស់គណបក្សប្រឆាំងនេះត្រូវបានគេមើលឃើញថា
គឺជាការវាយបកទៅកាន់គណបក្សប្រជាជនដែលជាគូប្រជែងដ៏ស្រួចស្រាល់
របស់ខ្លួនបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានថ្លែងជាសាធារណៈម្តងហើយម្តងទៀតថា
ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោត
នៅក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខ ប្រទេសកម្ពុជា
នឹងកើតមានសង្គ្រាមនិងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី
បានស្នើឲ្យរដ្ឋសភាបង្កើតច្បាប់សម្រាប់ផ្តន្ទាទោសទៅលើជនណាដែល
និយាយថា មិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញនៅទីស្នាក់ការគណបក្សសង្គ្រោះ
ជាតិ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក គង់ គាំ
ប្រធានគណបក្ស សម រង្ស៊ី បានគូសបញ្ជាក់ថា
ជំហររបស់គណបក្សប្រឆាំងគឺគាំទ្រឲ្យមានច្បាប់ផ្តន្ទាទោសបុគ្គល
ណាដែលនិយាយថា គ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែថា
រដ្ឋសភាក៏ត្រូវធ្វើច្បាប់ផ្តន្ទាទោសជនណាក៏ដោយដែលនិយាយថា
នឹងមានសង្គ្រាម ប្រសិនបើខ្លួនចាញ់ឆ្នោត។ លើសពីនេះទៀត
គណបក្សប្រឆាំងបានគូសបញ្ជាក់ទៀតថាដើម្បីធានាឲ្យបានប្រាកដថា
របបប្រល័យពូជសាសន៍ខ្មែរក្រហមនឹងមិនអាចវិលត្រឡប់មកវិញម្តងទៀត
គេត្រូវតែកំណត់នៅក្នុងច្បាប់ថា ជនណា
ដែលធ្លាប់មានបាតដៃប្រឡាក់ឈាមនៅក្នុងរបបខ្មែរក្រហម
គឺត្រូវហាមឃាត់កុំឲ្យកាន់តំណែងកំពូលរបស់ជាតិ។
លោក កឹម សុខា បានថ្លែងថា៖ «យើងដឹងឮទាំងអស់គ្នាហើយ ថ្មីៗនេះ
មានអ្នកដើរនិយាយថា ប្រសិនបើគេចាញ់ឆ្នោត នឹងមានសង្គ្រាម។ ដូច្នេះ
យើងគួរធ្វើច្បាប់ផ្តន្ទាទោសអ្នកដែលនិយាយថា
បើចាញ់ឆ្នោតនឹងមានសង្គ្រាម។
យើងគួរធ្វើច្បាប់ហាមឃាត់ជនណាដែលធ្លាប់មានបាតដៃប្រឡាក់ឈាម
ក្នុងរបបខ្មែរក្រហម កុំឲ្យកាន់តំណែងជាប្រធានរដ្ឋសភា
ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី ប៉ុន្តែតំណែងក្រោមៗ
គាត់អាចកាន់បាន»។
សន្និសីទកាសែតរបស់គណបក្សប្រឆាំងកាលពីម្សិលមិញ
គឺធ្វើឡើងដើម្បីធ្វើការបកស្រាយ ទៅនឹងការផ្សព្វផ្សាយថ្មីៗនេះ
របស់គណបក្សប្រជាជន ដែលបានស្រង់សម្តីរបស់លោកកឹម សុខា
ដែលត្រូវបានគេអះអាងថា
បានថ្លែងនៅក្នុងវេទិកាមួយនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា
ថា «គុកទួលស្លែង គឺជាគុកសិប្បនិម្មិត»
ហើយជនរងគ្រោះដែលរួចរស់ជីវិតពីគុកទួលស្លែង បានទាមទារឲ្យលោកកឹម
សុខា ធ្វើការសុំទោស។
ប៉ុន្តែលោក កឹម សុខា បានបដិសេធយ៉ាងដាច់អហង្ការថា
លោកមិនដែលនិយាយថា ទួលស្លែងជាគុកសិប្បនិមិ្មតនោះឡើយ
ប៉ុន្តែលោកធ្លាប់លើកឡើងថា ជនរងគ្រោះដែលទទួលរងទារុណកម្ម
និងសម្លាប់នៅ ស‑២១ គឺត្រូវបានទម្លាក់កំហុសដោយខ្មែរក្រហម
តាមរយៈការរៀបចំភ័ស្តុតាងក្លែងធ្វើការចោទប្រកាន់និងធ្វើ
ទារុណកម្ម។ លោកគូសបញ្ជាក់ថា៖«ខ្មែរក្រហមបានសម្លាប់ឪពុករបស់ខ្ញុំ
តាំងពីមេដឹកនាំខ្មែរបច្ចុប្បន្នមួយចំនួន
មិនទាន់ចាកចេញពីខ្មែរក្រហមម៉្លេះ រឿងអីដែលខ្ញុំនិយាយថា
មិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា?»។ លោក សុខា បានបន្ថែមថា៖
«ក្នុងករណីខ្ញុំឥឡូវនេះ
ខ្ញុំត្រូវបានគេចោទប្រកាន់មួលបង្កាច់ដោយខុសឆ្គងថា
ខ្ញុំធ្វើការអត្ថាធិប្បាយអំពីមន្ទីរស‑២១ កាលពីថ្ងៃទី១៨ ខែឧសភា
ឆ្នាំ ២០១៣ ក្នុងខេត្តព្រៃវែង។ ប៉ុន្តែ តាមពិត នៅថ្ងៃទី១៨ ខែឧសភា
ឆ្នាំ ២០១៣
ខ្ញុំបានសំណេះសំណាលជាមួយប្រជាជនរាប់ពាន់នាក់ក្នុងខេត្តកំពង់ចាម
ដោយពុំបានលើកឡើងអំពីមន្ទីរស‑២១ ឬរបបខ្មែរក្រហមទេ»។ លោកបន្តថា
សំឡេងរបស់លោក ដែលត្រូវបានគេផ្សព្វផ្សាយគឺត្រូវបានគេកាត់ត
គឺជាល្បិចកលដ៏អាក្រក់ដើម្បីផលនយោបាយ។ លោក សុខា បានលើកឡើងថា៖
«ការចោទប្រកាន់ប្រឆាំងខ្ញុំនេះ គឺជាករណីអយុតិ្តធម៌ខ្លាំងណាស់។
វាជាទង្វើនយោបាយ ដើម្បីគំរាមកំហែងខ្ញុំ
ដោយសារតែការគាំទ្រកាន់តែច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំបានទទួលពី
ប្រជាជនកម្ពុជា នៅពេលជិតដល់ថ្ងៃបោះឆ្នោត»។ លោក កឹម សុខា សង្ឃឹមថា
ជនរងគ្រោះដែលរួចរស់ជីវិតពីគុកទួលស្លែង
នឹងអាចយល់ចំពោះអ្វីដែលបានកើតឡើងហើយនឹងទទួលយកនូវអ្វីដែលលោក
បានថ្លែងនៅក្នុងសន្និសីទកាសែតនេះ។
លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា
បានឲ្យដឹងថា សំណើច្បាប់ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានស្នើឲ្យធ្វើដើម្បីកាត់ទោសជនណាក៏ដោយដែលថា
គ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជានឹងចេញក្នុងពេលឆាប់ៗនេះ
ប៉ុន្តែលោកអះអាងថា ចំពោះច្បាប់ដែលលោក កឹម សុខា
ស្នើដើម្បីផ្តន្ទាទោសជនណាដែលនិយាយថានឹងមានសង្គ្រាមប្រសិនបើចាញ់
ឆ្នោតនោះ
ឬច្បាប់ហាមឃាត់ជនមួយចំនួនកុំឲ្យកាន់តំណែងរដ្ឋថ្នាក់ខ្ពស់
ដោយសារតែពួកគេធ្លាប់កាន់តំណែងក្នុងរបបខ្មែរក្រហមនោះមិនអាចចេញ
បានទេ។
លោក ឈាង វុន បានបញ្ជាក់ថា៖
«សមាជិកជាន់ខ្ពស់បានចុះហត្ថលេខាលើសំណើច្បាប់
ដាក់ជូនប្រធានរដ្ឋសភា
ដើម្បីកោះអង្គប្រជុំអនុម័តច្បាប់ដែលព្រាងដោយសម្តេចតេជោ ហ៊ុន
សែន»។
លោកបានឲ្យដឹងទៀតថា ច្បាប់ថ្មីដែលនឹងចេញក្នុងពេលឆាប់ៗ
អាចមានប្រតិសកម្មដើម្បីកាត់ទោសលោក កឹម សុខា
ប្រសិនបើពិចារណានិងឃើញថា ការអត្ថាធិប្បាយរបស់លោក កឹម
សុខាមានលក្ខណៈធ្ងន់ធ្ងរនោះ។
ចំពោះការបដិសេធរបស់លោក កឹម សុខា ដែលថា
សំឡេងរបស់គាត់ត្រូវបានគេកាត់ត លោក ឈាង វុនចាត់ទុកលោក កឹម សុខា
ជាអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវ ហើយថា ការបដិសេធរបស់លោក
កឹម សុខា អាចឲ្យខ្មែរក្រហមវិលត្រឡប់មកវិញ។
លោក ប៊ូ ម៉េង ជនរស់រានមានជីវិតម្នាក់ពីគុកទួលស្លែង
បានចាត់ទុកការវាយបកទៅវិញទៅមករវាងគណបក្សកាន់អំណាច
និងគណបក្សប្រឆាំងពាក់ព័ន្ធទៅនឹងបញ្ហាខ្មែរក្រហមនេះ
ថាជារឿងនយោបាយ ហើយលោកមិនចង់ធ្វើការអត្ថាធិប្បាយលើបញ្ហានេះទេ។
លោកគូសបញ្ជាក់ថា លោកមិនខ្វល់ទេ ថាតើលោក កឹម សុខា សុំទោស
ឬមិនសុំទោសនោះ។ លោក ប៊ូ ម៉េង បានបន្តថា៖ «ខ្ញុំប្តេជ្ញាថា
ខ្ញុំជាអ្នកអព្យាក្រឹត។ ខ្ញុំមិនចូលខាងគណបក្សណាទេ។ បញ្ហានយោបាយ
ខ្ញុំមិនចង់ជ្រៀតជ្រែកទេ ទុកឲ្យគេធ្វើទៅ។
អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា»។ លោក កឹម សុខា
បានគូសបញ្ជាក់ទៅនឹងសំណួររបស់អ្នកកាសែត
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា មិនមែនរូបលោក
ត្រូវទៅសុំទោសជនរងគ្រោះនៅគុកទួលស្លែងនោះទេ
គឺអ្នកដែលយកសំឡេងរបស់លោកទៅកាត់តទៅវិញទេ
ដែលត្រូវទៅសុំទោសជនរងគ្រោះនៅគុកទួលស្លែង
និងត្រូវមកសុំទោសរូបលោក៕ TK ប្រភពពី Postkhmer.com
Thursday, May 30, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment