Monday, May 13, 2013

គ.ជ.ប​ ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥

0 comments
រហូតមកទល់​ថ្ងៃអាទិត្យ​នេះ​ ពោលគឺ​មួយ​ថ្ងៃមុន​ការបិទ​បញ្ចប់​កាលបរិច្ឆេទ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​​​ គណបក្សន​យោបាយ​សម្រាប់​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន ៥ ជា​ផ្លូវការ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្រោយ​គេ​កំពុង​ទទួល​ ការត្រួតពិនិត្យ​ពី គ.ជ.ប មុននឹង​ចុះបញ្ជី។ គ្មាន​គណបក្ស​ណា​ផ្សេងទៀត​ដាក់ពាក្យ​សុំ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត ​ទេ។ រហូតមកទល់​ចុង​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​​​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន៥ក្នុងចំណោម​គណបក្ស​ចំនួន ៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ តំណាងរាស្ត្រ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ កក្កដា​ខាងមុខនេះ។

គណបក្ស ទាំង៥ដែល គ.ជ.ប ទទួលស្គាល់​ជា​ផ្លូវការ​នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ស​ញ្ញាតិ​កម្ពុជា គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​សម្ព​ន្ធ័​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ។

លោកទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​វិទ្យុ​ បារាំង​​អន្តរជាតិ​នៅថ្ងៃនេះ​ថា រហូតមកទល់​រសៀល​ថ្ងៃអាទិត្យ​នេះ ក្រៅពី​គណបក្ស​ចំនួន៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះបញ្ជី​រួចហើយនោះ គ្មាន​គណបក្ស​ថ្មី​ណា​ផ្សេងទៀត​បានដាក់​ពាក្យ​ទៅ គ.ជ.ប នោះទេ ខណៈដែល​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ដើម្បី​ចូលរួម​ ការបោះឆ្នោត​នឹង​ផុតកំណត់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

ចំណែកឯ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​បានដាក់​សំណុំ​ឯកសារ​ទៅ គ.ជ.ប ក្រោយ​គេ​កាលពី​ថ្ងៃ​សុក្រ កំពុង​ទទួល​ការត្រួតពិនិត្យ​ពី គ.ជ.ប នៅឡើយ។ បើ​យោងតាម​លោក ទេព នីថា គ.ជ.ប មាន​រយៈពេល៧ថ្ងៃ​ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្សនីមួយៗបន្ទាប់ពី​ ការដាក់​ពាក្យសុំ​ចុះបញ្ជី។ គេ​នៅ​មិនទាន់​ដឹងថា តើ​សំណុំ​ឯកសារ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​បញ្ហា​អ្វី​ឫ​ក៏​អត់​ នោះទេ។

ប៉ុន្តែអ្វីដែល​គេ​បានដឹង​គឺ លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនិង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គ ​ណ​បក្ស​នេះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទេ​ដោយ​សារ​ តែ បញ្ហា​ផ្លូវច្បាប់។

សូមបញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​នៅឯ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន ៤២ គណបក្ស។ ​ប៉ុន្តែ ទំនង​ជាមាន​គណបក្ស​មិន​លើសពី៦នេះ​ទេ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុងការ​ បោះឆ្នោត​សភា​អាណត្តិទី៥នៅ​ខែកក្កដា​ខាងមុខនេះ។ ចំនួន​នេះ​តិច​ជាង​​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៤ កាលពី​ឆ្នាំ ២០០៨ ដែលមាន​គណបក្ស​រហូត​ដល់ ១១ គណបក្ស​៕ ប្រភព៖ RFI

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន