វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់គឺលោកសម
រង្ស៉ីទទូចឲ្យមានអន្តរាគមន៍ពីស.រ.អា.និងសហគមន៍អន្តរជាតិបន្ថែម
ទៀតដើម្បីធ្វើឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ។
នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអាមេរិកាំង
និងអ្នកចូលរួមជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក សម រង្ស៉ី
បានព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនធ្វើអន្តរាគមន៍ទេ
នោះសហគមន៍អន្តរជាតិនឹងបាត់បង់កេរ្តិ៍ឈ្មោះក្នុងការជួយដោះស្រាយ
បញ្ហានយោបាយក្នុងប្រទេសដទៃទៀត។
នៅក្នុងកិច្ចព្យាយាមស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ
បន្ថែមទៀត រយៈពេលជាង២ខែមុនការបោះឆ្នោតនោះ
មេដឹកនាំក្រុមជំទាស់គឺលោកសម រង្ស៉ីបង្កើនការទទូចរបស់លោកថា
ស.រ.អា.និងសហគមន៍អន្តរជាតិត្រូវតែបន្ថែម
សម្ពាធរបស់ខ្លួនក្នុងការស្តារដំណើរការប្រជាធិតេយ្យក្នុងប្រទេស
កម្ពុជាជាមួយ នឹងការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត
រៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ
មានការចូលរួមពីរូបលោកក្នុងការបោះឆ្នោតនិងធ្វើតាមការ
ទាមទាររបស់សហគមន៍អន្តរជាតិ។
ដោយត្រូវបានអញ្ជើញជាវាគ្មិនរបស់អង្គការតាក់តែងគោលនយោបាយរបស់
ស.រ.អា.មួយឈ្មោះមជ្ឈមណ្ឌល Wilson Center
ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ លោកសម
រង្ស៉ីបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់ មកពីរដ្ឋាភិបាល
និងអង្គការធំៗរបស់ស.រ.អា.បានអះអាងថា
ជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិចំពោះប្រទេសកម្ពុជាដែល
កំពុងដើរថយក្រោយផ្នែកប្រជាធិបតេយ្យ ជាពិសេសនៅពេលតិចតួច
មិនដល់៣ខែផងការបោះឆ្នោតនឹងមកដល់។
«តែដំណើការប្រជាធិបតេយ្យបានធ្លាក់ចេញពីផ្លូវ។
វាជារឿងចាំបាច់ក្នុងការធ្វើឲ្យ
ដំណើរការនេះដើរតាមផ្លូវប្រជាធិបតេយ្យវិញ។ វាមិនមែនជាសិទ្ធិទេ
តែជាតួនាទីរបស់សហគមន៍អន្តរជាតិក្នុងការធ្វើឲ្យដំណើរការ
ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដើរតាមផ្លូវត្រូវវិញ»។
លោក សម រង្ស៉ី គឺជាប្រធានគណបក្សសង្រ្គោះជាតិ ហើយជាបេក្ខជនតែមួយ
គត់ដែលមានកម្លាំងប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន។ តែលោកសម រង្ស៉ីបានចោទប្រកាន់ថា
គណបក្សគ្រប់គ្រងប្រទេសបានយកប្រព័ន្ធ
តុលាការមកប្រើដើម្បីបំបាត់សំឡេងលោក
និងរារាំងលោកមិនឲ្យចូលរួមក្នុង
ការបោះឆ្នោតដោយសាររឿងដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមកាលពី
ឆ្នាំ២០០៩។
លោកថ្លែងថា
សហគមន៍អន្តរជាតិមិនអាចនៅស្ងៀមទេ
តែត្រូវអន្តរាគមន៍ដ៏ខ្លាំងកា្លមុនការបោះឆ្នោតនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣
ឲ្យស្របទៅនឹងការធានាក្នុងកិច្ចព្រមព្រៀងទីក្រុងបារីស។
«ប្រសិនបើពិភពលោកទាំងមូលនៅតែបិទភ្នែក ហើយគ្មានប្រតិកម្ម
ខ្ញុំគិតថា កេរ្តិ៍ឈ្មោះរបស់ពិភពលោក
និងសហគមន៍អន្តរជាតិនឹងធ្លាក់ចុះដល់កម្រិត
សូន្យក្នុងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ប្រទេសដទៃទៀត»។
សហគមន៍អន្តរជាតិ រួមទាំងស.រ.អា.
បានជំរុញឲ្យកម្ពុជាកែប្រែប្រព័ន្ធបោះឆ្នោត អនុញ្ញាតឲ្យលោកសម
រង្ស៉ីបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បើពុំ ដូច្នោះទេ
រដ្ឋាភិបាលថ្មីនឹងជួបប្រទះនឹងវិបត្តិគ្មានការទទួលស្គាល់ពីភាព
ស្រប ច្បាប់ដែលអាចនាំទៅដល់ការកាត់ជំនួយផ្សេងៗ។
លោកចច
ហ្គមែន (George Gorman) អ្នកវិភាគនយោបាយក្នុងតំបន់អាស៊ីនៃ
អង្គការ Cascade Asia បានហៅការដាក់សម្ពាធ
ឬការគម្រាមរបស់សហគមន៍
អន្តរជាតិជាច្រើនឆ្នាំក្នុងការរៀបចំការបោះឆ្នោតឲ្យមានលក្ខណៈ
សេរី និងយុត្តិ ធម៌នោះថា គ្មានបានការ
ដែលកាន់តែធ្វើឲ្យលោកហ៊ុន សែនមានទំនុកចិត្តថែម ទៀត។
«ដូច្នេះសហគមន៍អន្តរជាតិពុំបានចាត់វិធានការជាជំហានស្ថាបនាទេ
ដើម្បីពង្រឹងការគម្រាមរបស់ខ្លួន
ដែលចង់ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជានោះ»។
លោកស្រី Shihoko
Goto អ្នកសម្របសម្រួលកម្មវិធី និងជាអ្នកស្រាវជ្រាវអំពី
នយោបាយតំបន់អាស៊ីនៃមជ្ឈមណ្ឌល Wilson Center បានអះអាងថា ការ
អនុញ្ញាតឲ្យលោកសម រង្ស៉ីមកបង្ហាញទស្សនៈរបស់លោកនិងឲ្យមានការ
ពិភាក្សាគឺដើម្បីធ្វើឲ្យមានការយល់ដឹងអំពីស្ថានការណ៍នយោបាយ
បច្ចុប្បន្នក្នុង
ប្រទេសកម្ពុជាជាមួយមន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«ប្រទេសកម្ពុជាសព្វថ្ងៃគឺជាប្រទេសដែលមិនអនុញ្ញាតឲ្យមានការ
ពិភាក្សាគ្នាដ៏ ស៊ីជម្រៅទេ។ បើគេនិយាយពីសិទ្ធិបញ្ចេញមតិ
ប្រទេសកម្ពុជាគឺជាប្រទេសនៅខ្វះខាតច្រើន។
យើងចង់ផ្តល់វេទិកាដល់លោកសម
រង្ស៉ីដើម្បីថ្លែងការណ៍នៅទីនេះនិងបញ្ចេញមតិយោបល់របស់គាត់
ពីព្រោះឱកាសទាំងនេះគ្មានទេនៅប្រទេសរបស់គាត់»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃ២៨ កក្កដា
ឆ្នាំ២០១៣ខាងមុខ។ គណ បក្សជំទាស់និងសហគមន៍អន្តរជាតិបានរិះគន់ថា
គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតមានភាពលំអៀងទៅរកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។ លោកសម រង្ស៉ីបានជួប
ជាមួយក្រុមសមាជិកសភាស.រ.អា.ជាច្រើន រួមទាំងលោក Ed Royce ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសជាដើម។
លោកសង្ឃឹមថា
សភាស.រ.អា.ទាំងមូលនឹងបង្កើនសម្ពាធរបស់ខ្លួនលើរដ្ឋាភិបាលលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតក្នុងប្រទេសកម្ពុជា
និងឲ្យមានការវិលត្រឡប់របស់លោកទៅចូលរួមក្នុងបោះឆ្នោតជាតិ។
«ប្រសិនបើគ្មានអ្វីកើតឡើងតាមការទាមទាររបស់សហគមន៍អន្តរជាតិ
និងស.រ.អា.ទេ ស.រ.អា.ត្រូវតែមានប្រតិកម្ម។
ប្រតិកម្មដ៏ខ្លាំងក្លាពីស.រ.អា.នឹងជួយជំរុញឲ្យលោកហ៊ុន
សែនទទួលយកការទាមទាររបស់អន្តរជាតិពេលនេះ គឺមិនមែន
ក្រោយការបោះឆ្នោតទេ»។
លោកសម រង្ស៉ីបានអះអាងថា
លោកអាចទទួលយកបានចំពោះការពន្យារពេល
បោះឆ្នោតដើម្បីរៀបចំប្រព័ន្ធបោះឆ្នោត
និងការបោះឆ្នោតឲ្យបានត្រឹមត្រូវ
មិនមែនជាការបោះឆ្នោតកេងបន្លំ។ លោកថ្លែងថា
ការធ្វើដូច្នោះអាចជៀសវាងបញ្ហា អំពើហិង្សាដ៏ធ្ងន់ធ្ងរ
ដូចដែលអ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិ
មនុស្សប្រចាំកម្ពុជាគឺលោកសូរីយ៉ា
ស៊ូប៊ែឌីបានបង្ហាញឲ្យដឹងក្នុងរបាយការណ៍មួយកាលពីឆ្នាំទៅ។
លោក សម រង្ស៉ី
ក៏បានផ្តល់ជម្រើសដល់មន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នផងដែរ។
នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត
គណបក្សនឹងធានាដល់សុវត្ថិភាពក្នុងការរស់នៅក្នុង និងក្រៅប្រទេស
ប្រសិនបើពួកគេលាលែង ឬដើរចេញពីអំណាច៕ ប្រភព៖ VOA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment