Friday, May 3, 2013

ទេសចរណ៍ទៅកាន់ រមណីយដ្ឋានជាតិ ភ្នំសំពៅ

0 comments
ក្រុងបាត់ដំបង គឺជារាជធានីនៃ ខេត្តបាត់ដំបង ដែលមានទីតាំងស្ថិត នៅខាងជើង ឆៀងខាងលិច នៃប្រទេសកម្ពុជា ។ ទីក្រុងបាត់ដំបង គឺជាទីក្រុងដែលធំជាងគេ ទីពីរនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងមាន ចំនួនប្រជាជនចំនួន ២៥០ ០០០នាក់។ ហើយទីក្រុងមួយនេះ ត្រូវបានកសាងឡើង ដោយអាណាចក្រ ខ្មែរ នៅសតវត្សទី១១។
ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមាន ដំណាំស្រូវច្រើនជាងគេ នៅក្នុងប្រទេស។ ដោយសង្កេតឃើញថា ខេត្តបាត់ដំបងគឺជាខេត្ត មួយដែលសម្បូរ ទៅដោយរមណីដ្ឋាន ស្រស់ស្អាតតាមបែប ធម្មជាតិជាច្រើននោះ គេហទំព័រសុខភាព កម្ពុជា សូមនាំអារម្មណ៍របស់លោក អ្នកទៅកាន់រមណីយដ្ឋានជាតិ ភ្នំសំពៅ ។
រមណីយដ្ឋាន ភ្នំសំពៅ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ ភ្នំសំពៅ គឺជាភ្នំមួយដែលមាន កម្ពស់ ១០០ម៉ែត្រ និងជាទីរមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត លំហែនៅចុងសប្តាហ៍ និងពេលមានពិធីបុណ្យទាន ម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ។ រមណីដ្ឋាននេះមានទីតាំងស្ថិត នៅតាមដងផ្លូវជាតិលេខ ៥ ដែលមានចម្ងាយ ២៩១ម៉ែត្រ ពីទីក្រុងភ្នំពេញ។ ភ្នំនេះមានទ្រង់ទ្រាយ ដូចជាសំពៅមានកម្ពស់ប្រហែល ១០០ម៉ែត្រ និងមានកាំជណ្តើរ ១០៣កាំ។ ក្នុងទួលភ្នំ ទាំងមូល មានល្អាងជាច្រើន ប៉ុន្តែល្អាងដែលប្រជាពលរដ្ឋខ្មែរ និយមទៅទស្សនា មានដូចជាល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំខាងក្រោយ មានវត្តមួយឈ្មោះថា វត្តគីរីរម្យ ដែលដើមឡើយវត្តនេះ គ្រាន់តែជាអាស្រម សម្រាប់សំណាក់ ធម៌តែប៉ុណ្ណោះ។
ពេលមកដល់ជើងភ្នំសំពៅ គេអាចធ្វើដំណើរឡើង ទៅលើកំពូលភ្នំ ដោយផ្លូវពីរកន្លែង ។ ផ្លូវទីមូយគឺធ្វើដំណើរ ថ្មើរជើង ឡើងតាមជណ្តើរថ្ម បត់បែនចុះឡើង ដូចពស់លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវឡើងទីពីរ ដែល ទើបកសាងថ្មីៗ ដោយមានចាក់បេតុងបាន ប្រមាណ៨០ភាគរយ អាចឲ្យម៉ូតូ ឬរថយន្ត ឡើងទៅជិតដល់ កំពូលភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្តទៅទៀត។ នៅទីនោះ មានរូបសំណាក ព្រះពុទ្ធបដិមាធំ ដែលមាន ទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល។
ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកម្សាន្តលើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរ ជើងភ្នំ តែងទាមទារឲ្យបង់ប្រាក់ មុននឹងឡើងទៅចំនួន ពីរដុល្លាទៅ៥ដុល្លា ដោយមានម៉ូតូឌុប នាំឡើងទៅ ដល់ កំពូល ទាំងទៅទាំងមក។
ចំណែកឯការដើរទស្សនា តាមល្អាង មានកុមារអ្នកស្រុកតូចៗ ដែលមានអាយុចាប់ពី ៨ទៅ១៥ឆ្នាំ តែងសុំភ្ញៀវ ជូនដើរមើលតាមល្អាង នានានៅលើភ្នំសំពៅ ។ អ្នកនាំផ្លូវភ្ញៀវ និយាយរៀបរាប់ អំពីប្រវត្តិខ្លះៗ ដែលទាក់ទង នឹងភ្នំសំពៅ ប្រៀបដូចជាអត្ថបទមួយ ដែលពួកគេរៀនចាំមាត់ដូចមេសូត្រ ។ ពួកគេធ្វើដូច្នេះ ដោយសង្ឃឹមថា ពួកអ្នកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗដើម្បីលៀងជីវិត។ នៅលើភ្នំសំពៅនេះ មានល្អាងរូងភ្នំ ទាំងតូចទាំងធំ ចំនួន១២ល្អាង ដូចជា ១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣- ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥- ល្អាងល្ខោន ៦- ល្អាងជ្រៃ ៧- ល្អាងពេជ្រ ៨- ល្អាងខ្វែង ៩- ល្អាងប្រេង ១០- ល្អាងស្ថានីយ ឬល្អាងធំ ១១- ល្អាងខ្យល់ និង ១២- ល្អាងក្បាលខ្មោច ។
ល្អាងផ្កាស្លា មានប្រវត្តិព្រេងនិទាន ទាក់ទងនឹងរឿង ព្រះចៅរាជកុល នាំភស្តុភារ បណ្ណាការ រួមទាំងផ្កាស្លា ដើម្បី ទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុនចូលទៅល្អាងផ្កាស្លា មានថ្ម១ផ្ទាំង មានរូបរាងដូចជាផ្កាស្លាក្រពុំ។ ដោយសារ ល្អាងនោះ មានសភាពចង្អៀតងងឹត ទើបមានគេចាប់ភ្លើងអគ្គីសនី ដោយប្រើអាគុយសម្រាប់ បំភ្លឺផ្លូវ ហើយមានអ្នកបញ្ចាំងពិលជួនភ្ញៀវ ដើម្បីសុំកម្រៃពីភ្ញៀវបន្តិចបន្តួច សម្រាប់បញ្ចូលអាគុយវិញ ។ ពេលចុះទៅ ដល់ល្អាងគក់ទ្រូង គេឃើញមានរូបបដិមាសំរឹទ្ធពណ៌ខ្មៅមួយអង្គ ។ ពេលចង់សាកល្បងគក់ទ្រូង ទេសចរណ៍ម្នាក់ត្រូវឡើងឈរលើ ផ្ទាំងស៊ីម៉ងត៍ បួនជ្រុងទ្រវែង ហើយយកដៃគក់ដើមទ្រូង នោះគេនឹងឮ សំឡេងខ្ទ័រ តបត្រឡប់មកវិញ ។ ពេលឡើងពីល្អាងគក់ទ្រូង មកវិញ គេនឹងបានជួប ព្រះពុទ្ធបដិមារចូល និពាន្ត១អង្គធំ មានបណ្តោយ១២ម៉ែត្រ ទទឹង៣ម៉ែត្រ ដែលកសាងដោយសប្បុរសជន នៅក្រៅប្រទេស ។
មុនចូលល្អាងខ្យល់ គេឃើញមានដើមស្វាយកល្ប មួយដើមដែលសង់អំពីស៊ីម៉ងត៍ មានរួបរាងដូចដើមស្វាយ។ ដើមស្វាយកល្បនេះមានប្រវត្តិនិទានតៗគ្នា មកថា បើអ្នកណាបានហូប ស្វាយកល្បនេះហើយ មនុស្សចាស់នឹង ក្លាយជាក្មេង ហើយមានជីវិតអមតៈ។ ពេលភ្ញៀវឈានចូលល្អាងខ្យល់ គេនឹងមានទទួលអារម្មណ៍ថា មានខ្យល់ បក់ មកត្រជាក់ស្រេបមកលើពួកអ្នកទេសចរណ៍។ តែពេលចេញផុត គឺគ្មានខ្យល់បក់ល្ហើយអញ្ចឹងទៀតទេ ហើយ មានផ្លូវតូចចង្អៀតងងឹតសម្រាប់ឡើងទៅវិញ ។ ក្រៅពីល្អាងទាំងបីនេះ នៅមានល្អាងតែងខ្លួន ល្អាង ល្ខោន ដែលមានរឿងនិទានទាក់ទង ទៅនឹងសំពៅរបស់ ព្រះចៅរាជកុល ដែលមានកន្លែងសម្រាប់ ពួកក្រុម ល្ខោន ស្នាក់នៅ។ នៅតាមជញ្ជាំងភ្នំ មានទឹកហូរជ្រាប ដូចជាប្រេងសម្រាប់ចាក់សំពៅ មានល្អាង ស្ថានីយ ឬល្អាងធំ ដែលមានទីធ្លាធំទូលាយ។ ក្រៅពីនោះ មានល្អាងខ្វែង ដែលមានរាងដូចសញ្ញាលេខបូក ល្អាងជ្រៃ មានដើមជ្រៃមួយដើមធំ ល្អាងពេជ្រ មានជណ្តើរចុះទៅក្រោម រាងចោទ ។ បើធ្វើដំណើរពេលមានភ្លៀង អាច បណ្តាលឱ្យមានគ្រោះថ្នាក់បាន។ នៅមានល្អាងក្បាលខ្មោច ដែលមានដាក់តាំង លលាដ៏ក្នុងទូកញ្ចក់មួយ ជាធាតុ របស់ជនរងគ្រោះដែលត្រូវពួកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។
ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទស្សនានៅរមណីយដ្ឋាន ធម្មជាតិភ្នំសំពៅ តែងតែចង់ឃើញ ល្អាង សំខាន់ៗទាំង១២កន្លែងនោះ ។ នៅខេត្តបាត់ដំបង មានភ្នំជាច្រើនទៀត ជុំវិញភ្នំសំពៅ ដែលមាន រឿងនិទាន ដំណាលជាប់ទាក់ទងនិងរឿងភ្នំសំពៅ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និង ភ្នំអណ្តើក ។ល៕
តើលោកអ្នកបានគិតត្រៀមរៀបចំ ដំណើរទៅកាន់ទីកម្សាន្តណាមួយហើយឬនៅ? បើសិនជានៅ កុំភ្លេចណាទៅ លេងរមណីដ្ឋានជាតិភ្នំសំពៅទាំងអស់គ្នា៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន