Thursday, May 30, 2013

នយោបាយ​ចាក់​ចោល​អង្ករ​យក​អង្កាម​គួរ​ណាស់​តែ​បញ្ចប់

0 comments
តើ​អនុសាសន៍​ប្រភេទ​ណា​ដែល​មាន​ សារ​ប្រយោជន៍​បំផុត​នោះ ? ចម្លើយ​ដែល​ខ្លី​និង​ងាយ​ចង​ចាំ គឺ​អនុសាសន៍​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​អំពី​ការ​ចង់​បាន​និង​ទង្វើ​របស់​ យើង។ មូលហេតុ​ដែល​យើង​ហ៊ាន​អះ​អាង​ដូច្នេះ​ព្រោះ​ថា​អ្វី​ដែល​ផ្ទុយ​អំពី​បំណង​ និង​ទង្វើ​របស់​យើង គឺជា​សច្ចភាព​មួយ​ដែល​ចង្អុល​បង្ហាញ​នូវ​គុណវិបត្តិ និង​ចំណុច​អវិជ្ជមាន​នានា​ដែល​ជា​បច្ច័យ​នាំ​ទៅ​រក​ការ​បរាជ័យ។
ប្រទេសជា​ច្រើន​នៅ​ក្នុង​ពិភពលោក​យើង​នេះ (រាប់​បញ្ចូល​ទាំង​ប្រទេស​ខ្មែរ​ផង) បាន​នាំ​គ្នា​បង្កើត​នូវ​ស្ថាប័ន​មួយ​ដែល​គេ​ដាក់​ឈ្មោះ​ថា បណ្ឌិត្យ​សភា​ជាតិ (National Academy) ។ តួនាទី​នៃ​ស្ថាប័ន​បណ្ឌិត្យ​សភា​ជាតិ​ទាំង​នោះ​ជា​ទូទៅ​គឺ​ផ្តល់​អនុសាសន៍​ ដល់​រដ្ឋាភិបាល ដើម្បី​លើក​តម្កើង​ការ​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​ វិស័យ។

នៅ​សហរដ្ឋ​អាមេរិក​លោក​អតីត​ប្រធានា​ធិបតី អាប្រាហាំ លីងកុន បាន​បង្កើត​បណ្ឌិត្យ​សភា​ជាតិ​នៅ​ឆ្នាំ​១៨៦៣ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ជួយ​ផ្តល់​អនុសាសន៍ ដល់​ក្រសួង​មន្ទីរ​នានា នៅ​ក្នុង​រដ្ឋាភិបាល​នៃ​សហរដ្ឋ​អាមេរិក​។ បើ​តាម​ស្ថិតិ​ដែល​យើង​ទទួល​បាន បណ្ឌិត្យ​សភា​អាមេរិក ផ្តល់​អនុសាសន៍ ដែល​មាន​រូបភាព​ជា​សៀវភៅ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ក្នុង ១ ថ្ងៃ ១​ក្បាល​(គិត​ជា​អត្រា​មធ្យម​)។ ចំណុច​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​នោះ​គឺ​ថា អនុសាសន៍​របស់​បណ្ឌិត្យ​សភា​ជាតិ​អាមេរិកាំង​ស្ទើរ​តែ​ទាំង​អស់ មាន​លក្ខណៈ​ជា​ការ​ទិតៀន​រដ្ឋាភិបាល​អាមេរិកាំង​ចាប់​តាំង​ពី​សេតវិមាន​រហូត ​ដល់​ក្រសួង​តូច​តាច។ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល ហួស​ពី​ការ​ស្មាន​នោះ គឺ​ស្ថិត​នៅ​លើ​ចំណុច​ដែល​ថា ថវិកា​មួយ​ចំនួន​ធំ​របស់​បណ្ឌិត្យ​សភា​ជាតិ​អាមេរិកាំង មាន​ប្រភព​ចេញ​មក​ពី​រដ្ឋាភិបាល។

តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ថវិកា​ឲ្យ​ស្ថាប័ន​មួយ​ដែល​ចេញ​របាយ​ការណ៍​រិះ​គន់​ទិតៀន​ខ្លួន​ជា​ប្រចាំ​នោះ?

យើង ​បាន​ផ្តល់​ចម្លើយ​នៅ​ខាង​ដើម​អត្ថបទ​រួច​ហើយ។ តែ​យើង​សូម​សង្កត់​បន្ថែម​ថា អនុសាសន៍​ដែល​យើង​មិន​ចូល​ចិត្ត គឺជា​អនុសាសន៍​ដែល​ល្អ​បំផុត ព្រោះ​វា​បាន​លាត​ត្រដាង​អំពី​កំហុស​របស់​យើង។ នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​សង្កេត​ឃើញ​មាន​ទំនាស់​ដ៏​ស្រួច​ស្រាល់​មួយ រវាង​អ្នក​ធ្វើ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ។ កត្តា​ចម្បង​នៅ​ក្នុង​ទំនាស់​នេះ គឺ​ការ​លាត​ត្រដាង​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ សំណាក់​អាជ្ញាធរ និង​ពួក​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​ដែល​គេ​ហៅ​ថា​ពួក «ឧកញ៉ា»​។ ដើម្បី​កែ​តម្រូវ កំហុស​របស់​មេ​ដឹក​នាំ​ខ្មែរ ដែល​តែង​តែ​ប្រកាន់​យក​នូវ​ជម្រើស​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជា​ពលរដ្ឋ​ របស់​ខ្លួន​នោះ​តំណាង​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ល្អៗ​យ៉ាង​ ច្រើន​ដល់​ថ្នាក់​ដឹក​នាំ​ខ្មែរ។ ប៉ុន្តែ ថ្នាក់​ដឹក​នាំ​ខ្មែរ​មិន​ត្រឹម​តែ​មិន​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ អនុសាសន៍​ទាំង​នោះ​ដើម្បី​កែ​តម្រូវ​រាល់​កំហុស​នានា​ទេ ពួក​គេ​ថែម​ទាំង​ព្យាយាម​ដេញ​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​ព្យាយាម​បិទ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ទៀត។ ទង្វើ​នេះ​គឺ​មិន​ខុស​អ្វី​ពី​ពាក្យ​ស្លោក​មួយ​ឃ្លា​ដែល​ពោល​ថា​៖«ចាក់​ចោល​ អង្ករ យក​អង្កាម»នោះ​ទេ។ យើង​ស្តាយ​ណាស់ ដែល​ថ្នាក់​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន មើល​មិន​យល់​អំពី អ្វី​ដែល​មាន​ប្រយោជន៍​និង​អ្វី​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ការ​កសាង​ជាតិ​ ឲ្យ​បាន​រឹត​តែ​រុង​រឿង។

ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​សហរដ្ឋ​អាមេរិក និង​ការ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ (របាយ​ការណ៍​អនុសាសន៍​របស់​បណ្ឌិត្យ​សភា​ជាតិ​អាមេរិកាំង​ក្នុង ១ លេខ ត្រូវ​ចំណាយ​ពេល​សិក្សា​ប្រមាណ​២​ឆ្នាំ និង​ថវិកា​ប្រមាណ​១​លាន​ដុល្លារ) វា​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ណាស់​ថា អនុសាសន៍​ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ជា​អនុសាសន៍​ដែល​ល្អ​បំផុត។

វា​ផ្ទុយ​ស្រឡះ​ពី​ថ្នាក់​ដឹក​នាំ​ ខ្មែរ ដែល​មិន​ត្រឹម​តែ​មើល​មិន​យល់ ថា​អនុសាសន៍​របស់​អ្នក​តំណាង​អង្គការ​សហ​ប្រជាជាតិ​គឺជា​អង្ករ​សម្រិត​ដែល​ គេ​សម្រាំង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​យក​មក​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ ពួក​គេ​បែរ​ជា​យល់​ថា អង្ករ​សម្រិត​នោះ​ស៊ី​មិន​កើត​ទៅ​វិញ។ អ្វី​ដែល​ល្អ​សម្រាប់​ថ្នាក់​ដឹក​នាំ​ខ្មែរ គឺ​អនុសាសន៍​ណា​ដែល​អួត​សរសើរ​អំពី​ភាព​ភ្លឺ​ស្វាង​នៃ​ការ​ដឹក​នាំ​ប្រទេស បើ​ទោះ​បី​ជា​ការ​ដឹក​នាំ​នោះ​កំពុង​តែ​នាំ​ជាតិ​ឆ្ពោះ​ទៅ​រក​គ្រោះ​ មហន្តរាយ​ក៏​ដោយ។

នយោបាយ«ចាក់​ចោល​អង្ករ យក​អង្កាម»នេះ គួរ​ណាស់​តែ​ត្រូវ​បញ្ចប់​ត្រឹម​នេះ​ហើយ ប្រសិន​បើ​យើង​មិន​ចង់​ឃើញ​ប្រទេស​ខ្មែរ នៅ​តែ​ស្ថិត​ក្នុង​យុគ​ងងឹត​បែប​នេះ​ត​ទៅ​ទៀត៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន